អេ​ស៊ី​​លីដា​​អំពាវ​នាវ​​ឱ្យ​​ចាត់​ការ​​លើ​​អ្នក​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​អ្នក​​ផ្ញើ​​លុយ​​នៅ​​ធនា​គារ​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ពៅ មេត្តា | ០៣ កក្កដា ២០២០ | ម៉ោង ០៨:៥២
VOD

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)


​អេ​ស៊ី​លីដា ប្រតិកម្ម​វាយបក​លើ​បណ្តុំ​អង្គការ​ដែល​បង្ហាញ របាយការណ៍ ​ថា ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​បំណុល ហើយ​ធនាគារ​នេះ​ក៏​អំពាវនាវ​ឱ្យ​មាន​វិធានការ​ច្បាប់​ករណី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នក​ដាក់លុយ​ផ្ញើ​នៅ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ។

ក្នុង​ សេចក្តី​ថ្លែងការណ៍​ធនាគារ​អេ​ស៊ី​លីដា​ចេញនៅ​ថ្ងៃទី២ ខែកក្កដា បាន​ហៅ​ សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង ​អង្គការ​លី​កាដូ  ថា​កំពុង​បំបិទ​សិទ្ធិ​សេរីភាព កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​បស់​ប្រជាពលរដ្ឋ។

ប្រតិកម្ម​នេះ​កើតឡើង​ក្រោយពេល​សហជីព និង​អង្គការ​ទាំងនេះ​ចេញផ្សាយ​របាយការណ៍​សិក្សា​មួយ​ឈ្មោះថា «ធ្វើការងារ​រហូត​ជំពាក់បំណុល​វ័ណ្ឌក»។ របាយការណ៍​នេះ លើកឡើង​ថា កម្មករ​-កម្មការិនីរាប់​ម៉ឺន​នាក់​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារតែ​បំណុល។

សេចក្តី​ថ្លែងការណ៍​របស់​អេ​ស៊ី​លីដា ហៅ​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដោយមាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ធនាគារ ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។ អេ​ស៊ី​លីដា ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់ ករណី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

អេ​ស៊ី​លីដា៖ «យើងខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច សូម​មេត្តា​ចាត់វិធានការ​ច្បាប់ ចំពោះ​ជន ឬក្រុម​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​មានការ​រង្គោះរង្គើ ជំរុញ​ឱ្យ​មានផល​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ ធ្វើ​ឱ្យ​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត សុវត្ថិភាព​ដល់​អ្នក​ដាក់​ប្រាក់បញ្ញើក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល»។

ជុំវិញ​បញ្ហា​បំណុល​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ផ្តល់​កម្ចី​ទាំងអស់ឱ្យ​មានការ​យោគយល់ និងបន្ធូរបន្ថយ​ដល់​កូនបំណុល ចៀសវាង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នកខ្ចី​លុយ​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។ 

តាម​របាយការណ៍​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​បានឱ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ជាង ២,៦លាន​នាក់​ជាប់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ជាង ១០ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​មុន។ របាយការណ៍​បញ្ជាក់​ថា កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា​គិតជា​មធ្យម​មាន​ចំនួន​ទឹកប្រាក់ ៣ ៨០៤ដុល្លារ ជា​ចំនួន​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles