អ្នកធ្វើការសេវាកំសាន្តថាប្រឈមកាន់តែខ្លាំងបញ្ហាជីវភាព

ការងារ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ណាត សុភាព |០៥ កក្កដា ២០២០ | ម៉ោង ១១:០៤
VOD

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តំណាង​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត​ប្រហែល ១០០នាក់ បាន​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។ (ហ៊ី ឆាយ)

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តំណាង​ស្ត្រី​ផ្នែក​សេវា​កម្សាន្ត​ប្រហែល ១០០នាក់ បាន​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។ (ហ៊ី ឆាយ)


អតីតអ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្មកម្សាន្តអះអាងថា ជីវភាពរបស់ពួកគាត់កាន់តែលំបាកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រូវការលុយទាំងសម្រាប់អាហារ បន្ទប់ជួលស្នាក់នៅ និងត្រូវសងបំណុលទៀត ខណៈពួកគាត់ត្រូវបាត់បង់ការងារទាំងស្រុង។​

អ្នកនាងចាន់ ចរិយា ដែលអះអាងថា​ ធ្លាប់​បម្រើការងារនៅកន្លែងសេវាកម្សាន្ត (KTV) នៅម្តុំភ្នំពេញថ្មី និយាយថា រូបគាត់បាត់ចំណូលចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែរដ្ឋាភិបាលប្រកាសឲ្យបិទ KTV និងក្លិបកម្សាន្តមួយរយៈ ក្រោមហេតុផលជួយទប់ស្កាត់ជំងឺកូវីដ១៩។

អ្នកនាងបន្តថា ក្រោយពីបិទ KTV បានប្រហែលជាង១ខែ គាត់សម្រេចទៅរកការងារថ្មី ផ្នែកអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ  ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយបានប្រាក់ខែ៧០ដុល្លារក្នុងមួយខែ។ អ្នកនាងថា ប្រាក់ខែនេះ មិនអាចសងបំណុលធនាគារ និងថ្លៃឈ្នួលផ្ទះបាននោះទេ។

អ្នកនាងនិយាយថា៖ «ខ្ញុំជួលបន្ទប់នៅជាមួយមិត្តភ័ក្រក្នុងមួយខែ៧០ដុល្លារ រកប្រាក់មិនគ្រប់បង់ផ្ទះទេ ម្ចាស់ផ្ទះគេកំណត់ថា ដល់ថ្ងៃទី៧ រាល់ដើមខែ បើខ្ញុំអត់លុយបង់ទេ គេចាក់សោតែម្តង រាល់ថ្ងៃខ្ញុំពិបាកណាស់អត់លុយបង់ផ្ទះជួល ណាមួយជំពាក់ធនាគារទៀត ត្រូវបង់ឲ្យគេ[ធនាគារ]ជាង១០០ដុល្លារក្នុងមួយខែ ខ្ញុំខានបង់ធនាគារ៣ខែដែរហ្នឹង»។

អ្នកស្រី ពៅ ចំរ៉ុង ជាអ្នកលក់ស្រាបៀរនៅ KTV ម្តុំផ្លូវម៉ៃដា និយាយថា គាត់ក៏ជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារដែរ នៅពេលដែលរដ្ឋាភិបាលប្រកាសឲ្យបិទKTVមួយរយៈនោះ។ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលជួយឧបត្ថម្ភប្រាក់មួយផ្នែកដល់អ្នកដែលបំរើសេវាកំសាន្ត ឬរកការងារឲ្យពួកគេធ្វើ ដើម្បីបានប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។

អ្នកស្រីនិយាយថា៖ «ខ្ញុំក៏ចង់ឲ្យរដ្ឋាភិបាលបើក KTV វិញដែរ បើសិនជាគាត់មិនទាន់បើក សុំឲ្យរដ្ឋាភិបាលគាត់ជួយថវិកាតិចតួច[៤០ក្នុងមួយខែ]ដល់ពួកខ្ញុំរាល់ខែ ដើម្បីជួយដោះទាល់បានមួយពេលៗដែរ»។  

អ្នកនាង សុង ស្រីខួច ដែលអះអាងថា ជាអ្នកបម្រើសេវាកម្សាន្ត នៅម្តុំទួលគោក បង្ហាញក្តីបារម្ភថា បើរដ្ឋាភិបាលមិនបើក KTV ឬឧបត្ថម្ភប្រាក់ ឬរកការងារឲ្យពួកគាត់ធ្វើទេ នឹងបញ្ហាជីវភាពគ្រួសារខ្លាំង ហើយអាចធ្វើឲ្យគាត់បាត់បង់ប្លង់ដី ផ្ទះ ដោយសារតែជំពាក់បំណុលធនាគារ នៅពេលគ្មានប្រាក់សង។

អ្នកនាងនិយាយថា៖ «ខ្ញុំជំពាក់ធនាគារ៥ពាន់ដុល្លារ ប្លង់ដីខ្ញុំហ្នឹងម៉ែខ្ញុំដាក់បញ្ចាំធនាគារដែរ ខ្ញុំខានបង់លុយធនាគារបីខែទាំងខែ..មិនដឹងធ្វើម៉េច បើខ្ញុំរាល់ថ្ងៃ ការងារអត់មានធ្វើ ទៅមុខទៀតមិនដឹងថាម៉េចទេ ខ្លាចតែអត់លុយសងគេ[ធនាគារ]យួរៗទៅ គេយកដី យកផ្ទះអត់ហើយក៏មិនដឹង ចេះតែបារម្ភចឹង ព្រោះគេមិនទាន់បើក KTV វិញ ហើយខ្ញុំក៏មិនទៅរកការងារណាបានធ្វើ បើរៀនបានត្រឹមថ្ងៃទី៥ហ្នឹង»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ សុំមិនធ្វើការបកស្រាយលើបញ្ហានេះ ដោយលោកថា បានបកស្រាយបន្តបន្ទាប់ហើយ និងមិនទាន់មានអ្វីថ្មីទៀតទេ។​

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១៥ ខែមិថុនា របស់ក្រសួងការងារ​បាន​ឆ្លើយតប​ចំពោះ​ក្រុម​ស្ត្រី​បម្រើការ​ងារ​ផ្នែក​សេវា​កម្សាន្ត​ថា អំឡុង​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ១៩នេះ គឺ​រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ និង​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ ជាពិសេស​កម្មករ​សេដ្ឋ​កិច្ចក្រៅ​ប្រព័ន្ធ កម្មករ​រោងចក្រ និង​កម្មករ​ក្នុង​វិស្ស័​យផ្សេង​ៗ ដោយ​បាន​បញ្ចេញ​កញ្ចប់​ថវិកាជំនួយសង្គម​ប្រមាណ ១០០លាន​ដុល្លារ សំដៅ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​កម្មករ។​ ក្នុងលិខិតនេះ មិនបានបញ្ជាក់ច្បាស់ថា ត្រូវជួយអ្នកធ្វើការងារលើសេវាកម្សាន្តប៉ុណ្ណានោះទេ។​

 ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោកស្រី អ៊ូ ទេពផល្លីន ​មានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកបម្រើសេវាកម្សាន្តមិនទាន់មានការងារច្បាស់លាស់នៅឡើយ។ ករណីនេះ រដ្ឋាភិបាលត្រូវផ្តល់​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ និង​ស្នើ​ឱ្យ​ជួយ​សម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ជួលឱ្យ​បញ្ចុះតម្លៃ​ផ្ទះ​ជួល​ថែមទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពពួកគេ។

លោកស្រីអំពាវនាវថា៖ «រាជរដ្ឋាភិបាលគួរតែពិនិត្យមើលលើអ្នកបម្រើសេវាកម្សាន្តដែរ ថាតើអាចឧបត្ថម្ភថវិកាក្នុងកំរិត៤០ដុល្លារក្នុងប៉ុន្មានខែសិន ដើម្បីស្ទង់ស្ថានការណ៍ ដើម្បីឲ្យកម្មករមានប្រាក់ខែខ្លះ សងដោះបំណុល[ធនាគារ]»។

តួលេខ​ដែល​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុ​ភក្តិ បានឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​មាន​មណ្ឌល​កម្សាន្ត​សម្រាប់មនុស្ស​ពេញវ័យ​ចំនួន​ជិត ១ ៣០០ (១ ២៩៣​)កន្លែងនៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែមីនា​ឆ្នាំនេះ ក្នុង​នោះ​មាន​ខារ៉ាអូខេ (KTV​) ១ ០៨៤កន្លែង ក្លិប​ឌីស្កូ​តែក (Club Disco​) ១០៩កន្លែង អា​ជី​កម្ម​រង្គសាល (Night Club​) ១៦កន្លែង អាជីវកម្ម​បៀ​រហ្កា​ឌិន ៨៤កន្លែង ដែល​ផ្ដល់​ការងារ ១៨ ៣៨១កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា (CFSWF​) ប្រកាស​ថា បុគ្គលិក​កម្មករ​ដែល​ធ្វើការងារ​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​នេះ មាន​រហូតដល់​ជាង ៨ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​រាប់​ចាប់ពី​អ្នក​សម្អាត​រហូតដល់​បុគ្គលិក​គ្រប់គ្រង​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នកធ្វើការសេវាកំសាន្តថាប្រឈមកាន់តែខ្លាំងបញ្ហាជីវភាព"

  1. Anonymous says:

    your speak that word to the wrong person . this evil monster will never think as what you though. for this guy I knew the sadness of people and the nation is his haven