លោក ហ៊ុន សែន ថា​អ្នក​មាន​​ប្រាក់​និង​​មាន​អំណាច​​ច្រើន​​ប្រើ​​អ្នក​តូច​​តាច​​ឱ្យ​​កាប់​​រាន​​ព្រៃ​​យក​ដី​​ឱ្យ​​ពួក​​គេ​​

បរិស្ថាន | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក សូត សុខប្រាថ្នា | ០៦ កក្កដា ២០២០ | ម៉ោង ១៨:១១
VOD

ទិដ្ឋភាពនៃការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ ស្ថិតនៅភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (Ministry of Environment)

ទិដ្ឋភាពនៃការកាប់រានដីក្នុងព្រៃសហគមន៍បឹងប្រិយ ស្ថិតនៅភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (Ministry of Environment)


ក្រៅពី​ព្រមាន​ដល់​មន្ត្រី​ទាំងឡាយ​ណា​ដែល​ឆ្លៀតយកឱកាស​ពី​ការបែងចែក និង​ទទួល​ដីធ្លី​ ដោយ​ថា​ នឹង​ត្រូវ​មានទោស​ហើយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទទួលស្គាល់​ថា មានតែ​អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន ប្រើ​អ្នកតូច​តាច​ឱ្យទៅ​កាប់​រុករាន​ទន្រ្ទាន​យក​ដី​ឱ្យ​ខ្លួន។

សារ​ព្រមាន​នេះធ្វើឡើងបន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ទាំង៣ គឺ​ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការ​ពារ​ផ្សេង​ៗរបស់​រដ្ឋ​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី។

លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី៥ ខែកក្កដា លោក ហ៊ុន សែន មានប្រសាសន៍​ថា វិធានការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិរក្ស ឬតំបន់​ការពារ​នេះ គឺ​ធ្វើឡើង​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ខាងលើ​ប៉ុណ្ណោះ ដោយ​ហាម​កាប់ឆ្ការ​ទន្រ្ទាន​វាទី​យក​ដី​បន្ថែម​ទៀត។ 

លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ដឹង​ថា កន្លងមក ​លោកបាន​សង្កេតឃើញ​មានតែ​អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ ប្រើ​អ្នកតូច​តាច​ឱ្យទៅ​កាប់​រុករាន​ទន្រ្ទាន​យក​ដី​ឱ្យ​ខ្លួន ហើយ​លោក​ក៏បាន​កំណត់​មុខសញ្ញា​ពួក​គេ​អស់ហើយ​ដែរ។​

ហ្វេសប៊ុក​លោក​ ហ៊ុន សែន សរសេរ​ថា៖ «រី​ឯចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្រ្ទាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើ​បាន​ខ្ទម​ពី ១០ ទៅ ២០ ក៏​សម្តេច​តេជោ​បានដឹង និង​កំណត់​អត្តសញ្ញាណ និង​មុខសញ្ញា​រួចអស់ហើយ​ដែរ។ បើ​រក​ឃើញថា អ្នក​ទាំងនោះ​បាន​ប្រព្រឹត្តមែន​នោះ គឺ​នឹង​ត្រូវ​ចាប់ខ្លួន។ ចំពោះ​ការបែងចែក​ដី​ជូន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​ធ្វើ​ឱ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេង​ចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដី​ជូន​ពលរដ្ឋ គឺ​នឹង​ត្រូវ​ទទួលទោស​ជាកំហិត»។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ លើកឡើង​ថា អ្នកមាន​ប្រាក់ ឬមានអំណាច​មិនមែន​ត្រឹមតែ​ប្រើ​ដៃ​ពលរដ្ឋ​តូចតាច​កាប់​រុករាន​ដី​ព្រៃ​យក​ដី​ឱ្យ​ពួក​គេ​នោះ​ទេ ប៉ុន្តែ ពួក​គេ​ក៏បាន​ប្រើ​ដៃ​ពលរដ្ឋ​ក្រីក្រ​ចូល​ទៅ​កាប់​ឈើ​ដើម្បី​យក​មក​លក់​ឱ្យ​ខ្លួន ឬក្រុមហ៊ុន​ខ្លួន​ផង​ដែរ។ 

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ អះអាង​ថា តំបន់​ព្រៃស្រោង​នៅ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​ដែល​រង​ការ​កាប់​ទន្រ្ទាន ឬកាប់​ឈើ​លក់​ឱ្យ​ឈ្មួញ​ដោយ​ប្រើ​ដៃ​ពលរដ្ឋ ដូចជា ​នៅ​ខេត្តមណ្ឌលគិរី តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ តំបន់​ភ្នំ​ឱរ៉ាល់ តំបន់​ព្រៃ​ជួរភ្នំ​ក្រ​វាញជាដើម។ 

លោក ហេង ស្រស់ ប្រាប់​ថា ដើម្បី​ឱ្យ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​មានប្រសិទ្ធភាព ​ទាល់តែ​មានការ​ដាក់ទោស​ទណ្ឌ​ទៅដល់​ក្រុម​ឧកញ៉ា​ ឬអ្នកមាន​អំណាច​ដែល​ធ្លាប់​រកស៊ី​ឈើ​កន្លងមក​ជាមុន​សិន។

លោក ហេង ស្រស់ បន្ត​ថា៖ «បើសិនជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​ចង់ឱ្យ​គ្រាន់តែ​និយាយ ហើយ​មានប្រសិទ្ធភាព​ល្អ គាត់​គួរតែ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ឧកញ៉ា​ទាំងអស់​ហ្នុង​ទៅ ព្រោះ​ក្រុម​ឧកញ៉ា​ទាំងនោះ​ហើយដែល​បាន​ខ្ចីដៃ​ខ្ចី​ជើង​ប្រជាពលរដ្ឋ​ដើម្បី​ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ការពារ។ បើសិនជា​រដ្ឋាភិបាល ឬលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ឧកញ៉ា​ទាំងអស់​នោះ​ទេ វា​ហាក់បីដូចជា​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ​ជា​ការ​សម្តែង​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា គាត់​បាន​ចូលរួម​ការពារ​ព្រៃឈើ និង​ចូលរួម​ទប់ស្កាត់»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមា​គម​អាដ​ហុក លោក ប៉ែន ប៊ុ​ណ្ណា​រ៍ យល់ឃើញ​ថា ឧក្រិដ្ឋ​កម្ម​ព្រៃឈើ និង​ការរុករាន​ដី​ព្រៃ​ដោយ​ប្រើ​ដៃ​ពលរដ្ឋ​តូចតាច​ពីសំណាក់​អ្នកមាន​ប្រាក់​មានអំណាច មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ។

លោក ប៊ុ​ណ្ណា​រ៍ ប្រាប់​ថា ការព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ជាថ្មី​ម្តង​ទៀត​នេះ នឹង​ធ្វើ​ឱ្យ​បញ្ជា​របស់​លោក​គ្មាន​ប្រសិទ្ធភាព ដោយធ្វើ​ឱ្យអំណាច​នីតិប្រតិបត្តិ​កាន់តែ​ចុះ​ខ្សោយ ហើយ​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​នៅតែ​កើតមាន​បន្ត​ទៀត ប្រសិនបើ​គ្មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​មានអំណាច ឬអ្នកមាន​ប្រាក់​ទាំងនោះ។

លោក ប៉ែន ប៊ុ​ណ្ណា​រ៍ ប្រាប់​ថា៖  «អ៊ីចឹង ប្រសិនបើជា​លោកនាយក​រដ្ឋមន្ត្រី​នៅតែ​ប្រើ​វិ​ធី​ដដែល​ៗគ្រាន់តែ​ព្រមាន នោះ​យើង​ឃើញថា ការ​ចុះ​ខ្សោយ​នៃ​ស្ថាប័នរដ្ឋ​កាន់តែ​ខ្សោយ​ទៅៗ។ អ៊ីចឹង​ធ្វើ​ឱ្យទៅ​ជា​អំពើ​អនា​ធិប​តេយ្យ​ លែង​មាន​ពីណា​ស្តាប់​ពីណា។ នរណា​ហ៊ាន ​អ្នកនោះនឹង​ទទួល​បានផល​ប្រយោជន៍»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វី​អូ​ឌីកា​លពី​ខែមុន​ថា កម្ពុជា​មាន​ព្រៃឈើ ៥០ភាគរយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស ដែល​ជា​អត្រា​មាន​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

អ្នកនាំពាក្យ​រូប​នេះ ប្រាប់​ថា មកទល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅ​ក្រោម​យុត្តាធិការ​របស់ក្រ​សួង​បរិស្ថាន​រហូតដល់​ប្រមាណ ៤១ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧លាន ២សែន​ហិ​កតា។

លោក ហ៊ុន សែន បាន​បញ្ជាក់​សារ​ជាថ្មី​ដល់​មន្រ្តី អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ឱ្យ​ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ដោយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles