តុលាការ​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​កាន់​កាប់​ដីជាង​៥​ពាន់ហិកតា​និង​អភិបាល​រងខេត្ត​បាត់ដំបង

នយោបាយ
07 កក្កដា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

លោក ​ស៊ូ អារ៉ាហ្វាត់ (ឆ្វេង) អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន (ស្តាំ) ដែលជាប់ពាក់ព័ន្ធនឹងករណីដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានតុលាការចោទប្រកាន់បទល្មើសមួយចំនួនរួមទាំង «បទសូកប៉ាន់»។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
លោក ​ស៊ូ អារ៉ាហ្វាត់ (ឆ្វេង) អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន (ស្តាំ) ដែលជាប់ពាក់ព័ន្ធនឹងករណីដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានតុលាការចោទប្រកាន់បទល្មើសមួយចំនួនរួមទាំង «បទសូកប៉ាន់»។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ចោទ​ប្រកាន់​ឧកញ៉ា​ម្នាក់​ឈ្មោះ ​សង ថន ​ដែល​កាន់​កាប់​ដី​ជាង ​៥​ពាន់​ហិកតា ​នៅ​ស្រុក​គាស់ក្រឡ ​និង​អភិបាល​រង​ខេត្ត​បាត់ដំបង​ លោក​ ស៊ូ អារ៉ាហ្វាត់​ ហើយ​សម្រេច​បញ្ជូន​ពួកគេ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​

ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នាំ​ខ្លួន​មក​សាកសួរ​ កាល​ពី​សប្តាហ៍​មុន​ ហើយ​អង្គភាព​នេះ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​លោក ​គុជ គឹមឡុង​ មាន​ប្រសាសន៍​ថា ​ព្រះ​រាជ​អាជ្ញា​រង​លោក​ សឿន មុនីរ័ត្ន បាន​សម្រេច​ចោទ​ប្រកាន់​លោក​ សង ថន​ ពី​បទ​ «ផ្តើម​គំនិត​ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា​និង​គៃ​បំបាត់​ដោយ​ទុច្ចរិត»​ និង​ «បទ​សូក​ប៉ាន់»។​

លោក​បន្ថែម​ថា​ ព្រះ​រាជ​អាជ្ញា​ក៏​បាន​ចោទ​ប្រកាន់​ដូច​គ្នា​ចំពោះ​លោក ​ស៊ូ អារ៉ាហ្វាត់​ ពី​«បទ​បំផ្លាញ​ដោយ​ចេតនា ​និង​គៃ​បំបាត់​ទុច្ចរិត» ​និង​ «បទ​ស៊ី​សំណូក»។​ លោក​ថា​ ចៅក្រម​ស៊ើប​សួរ​លោក ​អឹម វណ្ណៈ ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់។​

លោក​មាន​ប្រសាសន៍​ថា៖​ «ក្រោយ​ពី​បាន​សាកសួរ​តាម​នីតិវិធី​រួច​មក​ ចៅ​ក្រម​ស៊ើប​សួរ​លោក​ អឹម វណ្ណៈ បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ​ជា​បណ្តោះ​អាសន្ន​ តាម​នីតិវិធី»។​

បើ​តាម​មាត្រា​ ៦០១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ «បទ​បំផ្លាញ​ដោយ​ចេតនា​ និង​គៃ​បំបាត់​ដោយ​ទុច្ចរិត»​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ទៅ​១០​ឆ្នាំ។​ ចំណែក​មាត្រា​ ៦០៥​ បទ​សូក​ប៉ាន់ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ទៅ​១០​ឆ្នាំ ​ដូច​គ្នា។ ​ចំណែក​មាត្រា​ ៥៩៥ ​«បទ​ស៊ី​សំណូក»​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ទៅ​១៥​ឆ្នាំ​ អំពើ​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​ ឬ​ដោយ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ។​

សារ​ព័ត៌មាន​កោះ​សន្តិភាព​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ បាន​ចុះ​ផ្សាយ​ថា​ លោក ​សង ថន​ បាន​ប្តឹង​លោក​ ស៊ូ អារ៉ាហ្វាត់​ អភិបាល​រង​ខេត្ត​បាត់ដំបង​ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ ដោយ​ចោទ​អភិបាល​រង​ខេត្ត​រូប​នោះ​ថា​ បាន​ក្លែង​ឯកសារ​ដាក់​ទៅ​លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ក្នុង​ការ​សុំ​កាត់​ដី​រហូត​ដល់ ​២៥០០​ហិកតា​ មិន​មែន​ ៧០០​ហិកតា​ ដូច​ការ​ស្នើ​សុំ​របស់​លោក​នោះ​ទេ។​

សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្តី​របស់​លោក​ សង ថន​ ថា ​អភិបាល​រង​ខេត្ត​បាត់ដំបង​នោះ​បាន​យក​ប្រាក់​របស់​លោក​ចំនួន ​២៥០០០​ដុល្លារ​ ដោយ​សន្យា​ថា ​យក​ទៅ​រត់​ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​លោក ​ងួន រតនៈ​ អភិបាល​ខេត្ត​បាត់ដំបង​បាន​នៅ​ឡើយ​ទេ។​


លោក ​ប៉ិច ពិសី​ នាយក​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សង្ស័យ​ថា ​អ្នក​មាន​អំណាច​ប្រើ​ប្រាស់​វិធីសាស្រ្ត​ក្នុង​អំពើ​ពុក​រលួយ​ ដើម្បី​ទទួល​បាន​កម្មសិទ្ធិ​ដី​ ជាពិសេស​ដី​ធ្លី​មាន​ជម្លោះ​ជា​មួយ​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្នក​ដែល​មាន​លុយ​មាន​អំណាច​ មាន​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​គាត់​ គឺ​គាត់​មាន​ប្លង់។​ ប៉ុន្តែ​នីតិវិធី​នៃ​ការ​ទទួល​បាន​ប្លង់​របស់​គាត់​ គឺ​មាន​ការ​សង្ស័យ​ថា ​គាត់​ប្រើ​អំពើ​ពុក​រលួយ​ដើម្បី​បាន​ប្លង់​ទាំង​នោះ។ ​អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ជម្លោះ​មាន​ភាព​ស្មុគស្មាញ​ ព្រោះ​ការ​អនុវត្ត​ច្បាប់​ជា​ទូទៅ​គេ​មើល​ទៅ​លើ​កម្ម​សិទ្ធិ​ដី​ជា​នរណា»។​

លោក​ ប៉ិច ពិសី​ បន្ត​ទៀត​ថា​ នេះ​ជា​ភាព​មិន​ប្រក្រតី​មួយ​ដែល​បុគ្គល​ម្នាក់​កាន់​កាប់​ដី​រាប់​ពាន់​ហិកតា ហើយ​អាជ្ញាធរ​ត្រូវ​ពិនិត្យ​ថា​ តើ​មាន​សកម្មភាព​ផលិត​ ឬ​យ៉ាងណា ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ។​ លោក​ថា​ គួរ​តែ​មាន​ការ​ស្វែង​រក​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ ដែល​មាន​ការ​ឃុប​ឃិត​ជាមួយ​អ្នក​មាន​អំណាច​ដើម្បី​គ្រប់គ្រង​ដី។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​ជា​ប្រព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ហ្នឹង​ ហើយ​រក​យុត្តិធម៌​ដល់​សហគមន៍​ដែល​គាត់​រង​គ្រោះ​ហ្នឹង»។​

មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង​ លោក​ ហេង សាយហុង ​ដែល​ធ្លាប់​ចេញ​ចូល​តំបន់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ឧកញ៉ា​ សង ថន​ ដែល​ការ​កាន់​កាប់​ដី​របស់​លោក ​«ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង»។​

លោក​បន្ត​ថា ​គួរ​តែ​មាន​វិធានការ​បែប​នេះ​ចំពោះ​អ្នក​កាន់​កាប់​ដី​រដ្ឋ​ផ្សេងៗ​ទៀត​ ដោយសារ​ប្រជា​ពលរដ្ឋ​បាន​រង​គ្រោះ​ ហើយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​គេ ​ក្នុង​រឿង​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«រឿង​ហ្នឹង​យើង​មើល​ឃើញ​ថា ​មិន​មែន​ទើប​តែ​គ្រប់គ្រង​ដី​ពីរ​បី​ឆ្នាំ​នេះ​ទេ។រឿង​បញ្ហា​ហ្នឹង​ លោក​ឧកញ៉ា​ហ្នឹង​ គាត់​កាន់​កាប់​ដី​ហ្នឹង​យូរ​ហើយ​ជាង ​១០​ឆ្នាំ​ ២០​ឆ្នាំ​ហើយ។​ អ៊ីចឹង​មិន​មែន​ជា​រឿង​ថ្មី»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​កាលពី​ថ្ងៃ​សុក្រ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ដក​ហូត​ដី​ពី​លោក​ សង ថន ​ត្រឡប់​មក​វិញ​ ដោយ​បាន​ចោទ​ឧកញ៉ា​រូប​នោះ​ថា ​«បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុស​ច្បាប់»។​ លោក ​ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ គ្រប់​គ្រង​និង​រក្សា​ទុក​ដី​នេះ​ សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​គោល​ដៅ​សម្បទាន​សង្គម​កិច្ច។​

ពលរដ្ឋ​ម្នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ដែរ​គឺ​លោក​ យួម យឿប ​អាយុ​៤៩​ឆ្នាំ​ មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​សង្ស័យ​ថា​ មាន​អំពើ​ពុក​រលួយ​ក្នុង​រឿង​នេះ​ដែរ​ ហើយ​លោក​ចោទ​ថា អាជ្ញាធរ​មិន​ដោះ​ស្រាយ​ទំនាស់​នេះ​ជូន​ដល់​ប្រជា​ពលរដ្ឋ។​

កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៩​ លោក​ យឿប​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ តែ​មិន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​គំនិត​របស់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​នេះ ​គឺ​ពិត​ប្រាកដ​ថា​ អាជ្ញាធរ​ទាំង​៤​នេះ​ គាត់​អាច​ឃុប​ឃិត​ជាមួយ​ឧកញ៉ា​ សង ថន​ នេះ។​ គាត់​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ ដើម្បី​គាប​សង្កត់​ប្រជា​ពលរដ្ឋ»។​

អ្នក​ភូមិ​នៅ​តំបន់​មាន​ទំនាស់​ដីធ្លី​ នៅ​ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់ដំបង​ បាន​ប្រាប់​ VOA ​ថា ​ពួក​គេ​បាន​មក​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ស្រុក​នេះ​ តាំង​ពី​ជិត​ ១០​ឆ្នាំ​មុន​ ដើម្បី​រស់​នៅ ​ហើយ​ពួក​គេ​យល់​ថា​ នេះ​ជា​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ​ មិន​មែន​ជា​កម្ម​សិទ្ធិ​ឯក​ជន​ណា​នោះ​ទេ។​ ប៉ុន្តែ​ក្រោយ​មក​ក្នុង​ឆ្នាំ​ ២០១៥​ ជម្លោះ​ដី​ធ្លី​ក៏​កើត​ឡើង​ ហើយ​ពួកគេ​ត្រូវ​បាន​ឧកញ៉ា​ម្នាក់​ឈ្មោះ​ សង ថន​ ដែល​មាន​ទី​លំនៅ​ក្នុង​ខេត្ត​បាត់ដំបង​ ចោទ​ថា​ កាន់​កាប់​ដី​របស់​លោក​ដែល​មាន​នៅ​ក្នុង​តំបន់​នោះ​ ជាង​៥​ពាន់​ហិកតា។

ស្រុក​គាស់​ក្រឡ​គឺជា​អតីត​តំបន់​ផ្តាច់​ខ្លួន​ខ្មែរក្រហម ​ដែល​នៅ​ជាប់​នឹង​ស្រុក​សំឡូត។​ ក្រោយ​មាន​ការ​ផ្តាច់​ខ្លួន​របស់​ក្រុម​ខ្មែរ​ក្រហម​ ​ដី​តំបន់​នេះ​ត្រូវ​បាន​ចែក​ដល់​យោធា ​ដើម្បី​ពួកគេ​អាច​រស់​នៅ​បាន។​

នៅ​ក្នុង​ឯកសារ​មួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦​ ដែល​ពលរដ្ឋ​មាន​ជម្លោះ​បាន​ដឹង​ឮ​ ​លោក ​សង ថន ​បាន​សរសេរ​ទៅ​កាន់​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​ លោក​បាន​ទិញ​ដី​ចំនួន​ ៥១៤៤​ហិកតា​ ដែល​ស្ថិត​ក្នុង​ឃុំ​ព្រះ​ផុស​ឃុំ​ឆ្នាល់​មាន់ ​និង​ឃុំ​ដូនបា​ តាំង​ពី​ឆ្នាំ​២០០០ ​ដែល​ជា​ដី​គោល​នយោបាយ​របប​យោធា​អភិវឌ្ឍន៍​យោធា​ភូមិភាគ​ទី​៥។​ លោក​សរសេរ​បន្ត​ថា​ លោក​បាន​កាន់​កាប់​និង​អាស្រ័យ​ផល​ តាំង​ពី​ឆ្នាំ​២០០០​ តែ​មិន​ទាន់​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​មក​កាប់​ទន្រ្ទាន​លើ​ដី​របស់​លោក។​

ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ លោក​សម្រេច​ប្រគល់​ដី​របស់​លោក​ចំនួន​ ៧០០​ហិកតា​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ​ ដែល​ក្នុង​នោះ​ ២០០​ហិកតា​ សម្រាប់​ធ្វើ​សួន​ធម្មជាតិ​សម្តេច​ក្រឡា​ហោម​ ស ខេង​ នៅ​ស្រុក​គាស់​ក្រឡ​នេះ​ ៥០០​ហិកតា​ សម្រាប់​ដោះស្រាយ​ទំនាស់​ជាមួយ​ប្រជា​ពលរដ្ឋ។​ ឧកញ៉ា​រូប​នេះ​បន្ត​ថា​ ចំណែក​ដី​ ៣៧​ហិកតា​ ទៀត​ទុក​ឲ្យ​លោក ​ស ខេង ​ប្រើប្រាស់​តាម​តម្រូវ​ការ​ចាំបាច់។​

ឧកញ៉ា​រូប​នោះ​បញ្ជាក់​ថា ​ចំណែក​ដី​ដែល​នៅ​សល់​ជាង​ ៤ពាន់​ហិកតា​ លោក​ស្នើ​សុំ​រដ្ឋមន្រ្តី​មហា​ផ្ទៃ​ចេញ​ជា​គោល​ការណ៍​ដើម្បី​ធ្វើ​បណ្ណ​សម្គាល់​កាន់​កាប់។​

ប៉ុន្តែ​ក្រោយ​មក​ទៀត​ មាន​លិខិត​មួយ​ច្បាប់​ទៀត​ដែល​ចេញ​ដោយ​អតីត​អភិបាល​ខេត្ត​បាត់ដំបង ​គឺ​លោក ​ច័ន្ទ សុផល​ ចុះ​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ដែល​ក្នុង​នោះ​អតីត​អភិបាល​ខេត្ត​រូប​នោះ ​លើក​ឡើង​ទៅ​លោក​ ស ខេង ​ថា​ ស្នើ​សុំ​គោល​ការណ៍​កាត់​ដី​ពី​លោក​ សង ថន ​ចំនួន​ ២៥០០​ហិកតា ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ ៤៦៣​ហិកតា​ និង​ ២០០​ហិកតា​ ធ្វើ​ឧទ្យាន​ធម្មជាតិ​ ២៥​ហិកតា​ សម្រាប់​បុណ្យ​រុក្ខ​ដាំ​កូន​ឈើ​ និង​នៅ​សល់ ​១៨១២​ហិកតា​ ស្នើ​លោក​ ស ខេង ​រក្សា​ទុក​ជា​ដី ត្រៀម​បម្រុង​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​របស់​ខេត្ត។

បន្ទាប់​មក​លោក​ ស ខេង​ បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៧​ ឆ្លើយ​តប​ថា​ លោក​យល់​ព្រម​តាម​សំណើ​នេះ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា​ មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​នោះ​ទេ​ រហូត​ដល់​ថ្ងៃ​លោក​ សង ថន​ ត្រូវ​បាន​ចាប់​ខ្លួន៕

What Next?

Recent Articles