លោក ស ខេង ថ្លែង​ថា អ្ន​ក​ធំ​ៗ​​នាំ​គ្នា​​សម្រុក​​ទៅ​​ចាប់​ដី​​នៅ​​ខេត្ត​មណ្ឌល​គិរី​​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា |៧ កក្កដា ២០២០ | ម៉ោង ១៧:២៧
VOD

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។(ជន ចាន់រ៉ែន)

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)


រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា អ្ន​កធំៗ​បាន​នាំគ្នា​សម្រុក​ទៅ​ចាប់ដី​នៅ​ខេត្តមណ្ឌលគិរី​ ខណៈ​សំណុំរឿង​ដីធ្លី​នៅក្នុង​ខេត្ត​នេះមិនទាន់​បាន​ដោះស្រាយ​ចប់។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆមាស​ទី២ នា​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លៃ​ងថា កន្លងមក មាន​អ្នកធំ​មួយចំនួន​បាន​យកឈ្មោះ​លោក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ដី​នៅ​ខេត្តមណ្ឌលគិរី។

លោក ស ខេង ថ្លែង​ថា៖ «តៃកុង​ឡាន​ខ្ញុំ​ គាត់​ទទួល​ព័ត៌មាន​ពីក្មេង​តៃ​កុង​ឡាន​ដូចគ្នា គេ​ថា ឯកឧត្តម​ឧប គាត់​អត់​មក​ធ្វើ​ផ្ទះ​ទេ​អី! ហើយ​តៃ​កុង​ឡាន​ខ្ញុំ​គាត់​ថា មក​ធ្វើ​ផ្ទះ​អី​! គាត់​មាន​ដី​មួយ​កន្លែង ហើយ​គាត់​មក​សួរ​ខ្ញុំ​! ខ្ញុំ​ថា ខ្ញុំ​មាន​ដី​មក​ពីណា ​តែមួយ​តឹក​គ្មាន​ផង តែ​កន្លះ​តឹក​ក៏​អត់មាន​ដែរ។ អ៊ីចឹង​មិនដឹង​ឧប​ណា វា​ចេះតែ​និយាយ​ឧប​អ៊ីចឹង​ទៅ ខ្ញុំ​ថា ឧបមាន​ច្រើន អញ​គ្មាន​ដី​មួយ​តឹក​ទេ ប៉ុន្តែ កាលនោះ​យូរហើយ។ តែ​ឥលូវ ក៏​ខ្ញុំ​គ្មាន​មួយ​តឹក​ដែរ ឥលូវទៅ​ប្រជែង​គ្នា​ចាប់ ខ្ញុំ​ជា​អ្នក​រង ​ដូច​ថា​រងកម្ម​ដោះ​រឿង​ដី​ហ្នឹង រងកម្ម​ចាំ​ដោះ​ឱ្យ​អាហ្នឹង ​មាន​បញ្ហា​ត្រង់​ហ្នឹង»។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុខ សារ៉ា មានប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុងធ្វើការ​ងារ​នេះ ហើយ​រក​ឃើញថា ករណី​មិន​ប្រក្រតី ខេត្ត​នឹង​ចាត់វិធានការ។

លោក សុខ សារ៉ា ប្រាប់​ថា៖ «ចាត់វិធានការ​យើង​មាន​ធ្វើការ​រាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល ឬក៏​ក្រសួងមហាផ្ទៃ ឬក្រសួង​ពាក់ព័ន្ធ​ដែល​មានអំណាច​លើ​ដីធ្លី។ កាលណា​យើង​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី យើង​ត្រូវ​ធ្វើ​របាយការណ៍​ជាក់លាក់​មួយ​ទៅ​រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ​ដែល​ជា​ក្រសួង​សា​ម៉ី»។

នៅពេល​សួរ​ថា តើ​មកដល់ពេលនេះ អាជ្ញាធរ​រក​ឃើញ​អ្នក​ដែល​ទៅ​ចាប់ដី​រដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី​ មាន​ប៉ុន្មាន​ករណី​ហើយ​? លោក សុខ សារ៉ា សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តមណ្ឌលគិរី លោក អ៊ា​ង ម៉េ​ងលី មានប្រសាសន៍​ថា បច្ចុប្បន្ន អុ្ន​កមានអំណាច​បាន​នាំគ្នា​ទៅ​ចាប់ដី​នៅ​ខេត្ត​នេះ​ពិតមែន ជាពិសេស​នៅក្នុង​ស្រុក​អូររាំង ដែល​ជា​តំបន់​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ព្រលា​នយន្តហោះ។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ចាត់វិធានការ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ដែល​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី។

លោក អ៊ា​ង ម៉េ​ងលី ប្រាប់​ថា៖  «យើង​ទទួល​ព័ត៌មាន​ផ្សេង​ៗទៀត​ពី​ប្រជាពលរដ្ឋ។ អ៊ីចឹង​ជា​រូបភាព​មួយ​ដែល​ឃុបឃិត​ជា​ប្រព័ន្ធ​ដើម្បី​រំលោភ​ដី​រដ្ឋ។ អ៊ីចឹង​បើ​រក​ឃើញ ទោះបីជា​ការ​ឃុបឃិត​ហ្នឹង ដើម្បី​លុបបំបាត់​ភាព​ខុស​ច្បាប់​យ៉ាងណាក៏ដោយ អាជ្ញាធរ​ថ្នាក់​ខេត្ត ក៏ដូចជាអាជ្ញាធរ​ថ្នាក់​ជាតិ ត្រូវតែ​ដកហូត​ដី និង​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​នោះ»។

កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា នៅ​ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១,០០០ហិ​កតា នៅ​ខេត្តមណ្ឌលគិរី។

លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ដកហូត​ពី​តំណែង​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី២៤ ខែសីហា ​ឆ្នាំ២០១៩។ នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​ប្ដូរ​លោក សេង សុវណ្ណារ៉ា ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី ដោយ​ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​ជំនួស​វិញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles