ព្រះសង្ឃ និង​ក្រុម​យុវជន​គ្រោង​រៀបចំ​ពិធី​រំលឹក​ខួប​៤​ឆ្នាំ លោក​បណ្ឌិត កែម ឡី នៅ​ស្តុប​បូកគោ

ដោយ មាន ឫទ្ធិ
2020-07-06
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល រៀបចំ​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo LICADHO

ក្រុម​អង្គការ​សង្គម​ស៊ីវិល រៀបចំ​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo LICADHO

 Photo LICADHO


ក្រុម​បណ្ដាញ​យុវជន​ខ្មែរ​ថាវរៈ ក្រុម​បណ្តាញ​យុវជន ​N1M (Not One More) និង​ក្រុម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គ្រោង​ជួបជុំគ្នា​ធ្វើ​យុទ្ធនាការ ៣​ថ្ងៃ ដើម្បី​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ស្ដុប​បូកគោ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា។ ក្រុម​យុវជន​ក៏បាន​អញ្ជើញ​ឯកអគ្គរាជទូត និង​អង្គការ​មួយ​ចំនួន ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។

តំណាង​យុវជន​ខ្មែរ​ថាវរៈ ព្រះ​តេជគុណ កើត សារ៉ាយ ឱ្យ​អាស៊ីសេរី​ដឹង​ថា យុទ្ធនាការ ៣​ថ្ងៃ ដើម្បី​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត កែម ឡី នេះ ក្រុម​ព្រះសង្ឃ និង​ក្រុម​យុវជន​នឹង​រៀបចំ​ពិធី​ថ្លែងការណ៍ ដាក់​កម្រងផ្កា និង​បង្សុកូល គោរព​វិញ្ញាណក្ខន្ធ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ស្តារ​ម៉ា​ត (Star Mart) កាល់​តិច​(Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។ បន្ទាប់មក​ក្រុមព្រះ​សង្ឃ និង​ក្រុម​យុវជន នឹង​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កន្លែង​តម្កល់សព​បណ្ឌិត​កែម ឡី នៅ​ស្រុកកំណើត ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ប៉ុន្តែ​ស្នាក់​នៅ​ត្រឹម​ពាក់​កណ្តាល​ផ្លូវ​មួយ​យប់​។ លុះ​នៅ​ថ្ងៃ​ទី​៩ កក្កដា ក្រុម​ព្រះសង្ឃ និង​ក្រុម​យុវជន នឹង​បន្ត​ដំណើរ​ទៅ​ផ្នូរ​បណ្ឌិត​កែម ឡី ដោយ​នាំគ្នា​ពាក់​អាវយឺត​ដែល​មាន​រូប និង​កម្រង​ទស្សនៈ​របស់​បណ្ឌិត កែម ឡី​។ នៅ​ថ្ងៃ​ទី​១០ កក្កដា ក្រុម​អ្នកធ្វើ​យុទ្ធនាការ នឹង​ចូលរួម​ពិធី​រំលឹក​ខួប​នេះ​ជាមួយ​គ្រួសារ​លោក​បណ្ឌិត កែម នៅ​កន្លែង​តម្កល់សព​តែម្ដង។

ព្រះតេជព្រះគុណ បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃទី​៨ កក្កដា ក៏បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត​ប្រទេស​សេរី​ធំៗ​ប្រចាំ​កម្ពុជា​ចំនួន ៨​ប្រទេស ចូលរួម​ផង​ដែរ មាន​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី ជប៉ុន និង​ស៊ុយអ៊ែត​ជាដើម។

ព្រះតេជព្រះគុណ កើត សារ៉ាយ ឱ្យ​ដឹង​ទៀត​ថា ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​ថា ការស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​ស្លាប់​មួយ​ដែល​ទទួលរង​នូវ​ភាព​អយុត្តិធម៌​បំផុត​ដែល​មិន​អាច​ទទួល​យក​បាន​។ តំណាង​យុវជន​ខ្មែរ​ថាវរៈ​អង្គ​នេះ យល់ថា ការបាត់បង់​លោក​បណ្ឌិត គឺជា​ការបាត់បង់​ធនធាន​មួយ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​តែងតែ​គិតគូរ​ប្រយោជន៍​ជាតិ​ជាធំ ហ៊ាន​និយាយ​ការពិត តែ​ត្រូវ​បាន​ឃាតក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ដ៏​អាក្រក់​សម្រាប់​ច្បាប់​នៅ​ក្នុង​សង្គម​ខ្មែរ៖ «ជាក់ស្ដែង​យើង​មើល​ឃើញ​ថា វា​ជា​ការ​រំលឹក​ទៅដល់​វិញ្ញាណក្ខន្ធ ឬ​រំលឹក​ដល់​វីរភាព​នៃ​ការ​ហ៊ាន​និយាយ ហើយ​នឹង​ផ្ដល់​ចំណេះដឹង​ដល់​យុវជន​ឱ្យ​យល់​ដឹង​អំពី​ស្ថានភាព នៃ​បរិបទ​សង្គម​បច្ចុប្បន្ន​នោះ​ណា៎​! យើង​ចង់បាន​នូវ​យុត្តិធម៌​ចំពោះ​ការ​បាញ់​សម្លាប់​គាត់។ គួរតែ​រក​ឱ្យ​ឃើញ​នូវ​ហេតុផល​ពិតប្រាកដ​មួយ​ថា ឃាតក​នោះ គឺជា​នរណា​ឱ្យ​ប្រាកដ​។ ហើយ​ដូច​កន្លង​មក មាន​ការ​រក​ឃើញ​ហ្នឹង យើង​ទាំង​សាធារណជន ទាំង​អ្នក​ទូទៅ គឺ​គ្មាន​អ្នកណា​ជឿ​ថា គឺជា​ឃាតក​ពិតប្រាកដ​នោះ​ទេ​។ ដូច្នេះ យើង​នៅតែ​គិត​ថា មិន​ទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​គាត់​ទេ ហើយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​តថភាព​នៃ​សង្គម​ខ្មែរ​ឱ្យ​ឃើញ​ថា ខ្មែរ​យើង​ហ្នឹង គឺ​វា​គួរតែ​មាន​ច្បាប់​មួយ​ត្រឹមត្រូវ​ល្អ ដើម្បី​ឱ្យ​ប្រជាជាតិ​អាច​រស់នៅ​ដោយ​សុខ​ស្រួល កុំ​ដោយ​ភាព​ភិតភ័យ​នោះ។

ជាមួយគ្នា អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្មមុនី លើកឡើង​ថា លោក​ចូលរួម​ក្នុង​ពិធី​នេះ ព្រោះ​លោក​មិន​ចង់​ឱ្យ​បាត់បង់​នូវ​តម្លៃ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​លោក​បាន​លះបង់​គ្រប់​បែបយ៉ាង ដើម្បី​ជា​ប្រយោជន៍​ជាតិ ខិតខំ​ស្រាវជ្រាវ វិភាគ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ។ យុវជន​រូប​នេះ ចាត់​ទុក​បណ្ឌិត កែម ឡី ជា​បុគ្គល​គំរូ ដែល​ធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ហ៊ាន​និយាយ​ការពិត មិន​និយាយ​ការពារ​។ លោក​ក៏​ស្នើ​ឱ្យ​តុលាការ​រក​យុត្តិធម៌ និង​បង្ហាញ​ភស្តុតាង​ឱ្យ​ច្បាស់​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ៖ «ធ្វើ​ពិធី​នេះ​ឡើង​យើង​ចង់​បង្ហាញ​ថា ការដែល​អំពើ​ផ្ដាច់​ផ្តល់​ជីវិត អំពើ​សាហាវ ឃាតកម្ម សម្លាប់​នូវ​អ្នកតស៊ូ ដើម្បី​ប្រជាធិបតេយ្យ សេរីភាព ឬ​វីរជន​ទាំងអស់ ដែល​ធ្វើ​បុព្វហេតុ ដើម្បី​ជាតិ ហើយ​ស្លាប់ ដាច់ខាត​ត្រូវតែ​រក​យុត្តិធម៌​។ បើ​សិន​រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ ហើយ​មិន​នៅ​ពី​ក្រោយខ្នង​នៃ​ការ​សម្លាប់​នេះ​ទេ ត្រូវតែ​តុលាការ​ហ្នឹង​រក​យុត្តិធម៌ ស៊ើបអង្កេត ជំ​រះ​ក្តី​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ករណី​នេះ​។ ហើយ​ករណី​នេះ យើង​ដឹង​ទាំងអស់​គ្នា​ហើយ អង្គ​ចងចាំ ឬ​ម៉េម៉ូរី (Memory) ដែល​ជា​វីដេអូ​នៅ​ស្តារម៉ាត​នេះ​មិនទាន់​បង្ហាញ​ជា​សាធារណៈ​ឱ្យ​ឃើញ​ទេ​។ ហើយ​វីដេអូ​ដែល​បង្ហាញ​កន្លងមក វា​ខ្វះ​ការ​ជឿទុកចិត្ត​បាន​ណាស់»។

រីឯ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​មានប្រសាសន៍ថា ព្រះសង្ឃ និង​ក្រុម​យុវជន​ដែល​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​ឡើង គឺជា​ការ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា និង​ជា​ការ​រំលឹក​ពី​ការ​ចងចាំ​ដល់​លោក​បណ្ឌិត​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត និង​ជា​វីរបុរស​របស់​ពួកគេ​ជានិច្ច​។ លោក​បន្ត​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក​ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ ដោយសារ​រយៈពេល​៤​ឆ្នាំ​ហើយ អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី មិនទាន់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅឡើយ​នោះ​ទេ​។ លោក​យល់ថា នេះ​ជា​ការ​ជះឥទ្ធិពល​មួយ​មិនល្អ​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់ ដើម្បី​ស្ថាបនា​ដូច​លោក​បណ្ឌិត កែម ឡី ប្រសិនបើ​មិន​អាច​រក​យុត្តិធម៌ ឬ​វែកមុខ​ជន​ដៃដល់​បាន៖ «យើង​សង្គម​ស៊ីវិល យើង​នៅតែ​ទាមទារ​សុំ​ឱ្យ​មានការ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ចាប់​ជន​ដែល​ពាក់ព័ន្ធ ក៏ដូចជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ហ្នឹង យក​មក​ញត្តិបន្ទោស ដើម្បី​ទី​១ គឺជា​យុត្តិធម៌​របស់​ក្រុមគ្រួសារ ក៏ដូចជា​លោក កែម ឡី ទី​២ ជា​យុត្តិធម៌​ក្នុង​សង្គម និង​ទី​៣ គឺជា​ការ​បង្ហាញ​នូវ​ការអនុវត្ត​ច្បាប់ និង​ជំនឿ​ទុកចិត្ត»។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ​។ អំពើ​ឃាត​កម្ម​នេះ តុលាការ​បាន​ផ្ដន្ទាទោស អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ប៉ុន្តែ​សាធារណជន​នៅតែ​មិន​អស់ចិត្ត​នៅឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​ជឿថា ជា​បុរស​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​សៀមរាប​រូប​នេះ មិន​អាច​ធ្វើ​រឿង​នេះ​បានតែ​ម្នាក់ឯង​នោះ​ឡើយ​។ ទំនងជា​ដើម្បី​បញ្ចៀស​ការរិះគន់ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​កាត់​ទោស ក៏ប៉ុន្តែ​តុលាការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ព្រះសង្ឃ និង​ក្រុម​យុវជន​គ្រោង​រៀបចំ​ពិធី​រំលឹក​ខួប​៤​ឆ្នាំ លោក​បណ្ឌិត កែម ឡី នៅ​ស្តុប​បូកគោ"

  1. Anonymous says:

    Bravo’ brothers &sisters ‘ Show them we are khmer nationalists’ protect our mother land