តើវិបត្តិជំងឺកូវីដ-១៩ អាចពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA ឬទេ?

ដោយ មួង ណារ៉េត
2020-07-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធានគណកម្មការអឺរ៉ុបអ្នកស្រី អ៊ើស៊ូឡា វ៉ុនដឺឡេយ៉ិន ខែ មីនា ឆ្នាំ ២០១៩ (Ursula von der Leyen)

ប្រធានគណកម្មការអឺរ៉ុបអ្នកស្រី អ៊ើស៊ូឡា វ៉ុនដឺឡេយ៉ិន ខែ មីនា ឆ្នាំ ២០១៩ (Ursula von der Leyen)

 AP Photo


គិតមកត្រឹមថ្ងៃ អង្គារ​ទី ០៧ ខែ កក្កដា សល់ពេលតែ ៣៦ ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់​ ដែលសហភាពអឺរ៉ុប នឹង​ដកការអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាហើយ។

កាលពីចុងខែ មិថុនា សមាគមថៅកែរោងចក្រកាត់ដេរ បានសរសេរលិខិតលើកទី៣ សុំឲ្យ​សហភាពអឺរ៉ុប ពន្យារពេល ឬគិតឡើងវិញ រឿង​ដកការអនុគ្រោះពន្ធនេះ ដោយសារ​កម្ពុជា កំពុង​ជួប​វិបត្តិជំងឺកូវីដ-១៩។

តើសហភាពអឺរ៉ុប អាចពិចារណាឡើងវិញក្នុង​រឿងនេះដែរឬទេ?

ស្របពេលដែលថ្ងៃកំណត់ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិត​ជិត​ចូលមកដល់ សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ឬ​ហៅកាត់​ថា GMAC កាន់តែអន្ទះសា និង​សរសេរលិខិតយ៉ាង​រន្ថាន់ដែរ គឺ​សរសេរ​ទៅកាន់សហភាពអឺរ៉ុប ដើម្បី​អន្ទងចិត្តឲ្យ​សហគមន៍ដែលមាន ២៧ ប្រទេសនេះ ដូរចិត្ត។

នៅក្នុង​លិខិត​លើកទី ៣ របស់ខ្លួន ដែលសរសេរនៅថ្ងៃទី ៣០ ខែ​ មិថុនា ទៅប្រធានគណៈកម្ម​ការធិការពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភាសហភាពអឺរ៉ុប អគ្គលេខាធិការ នៃ​សមាគមថៅកែរោងចក្រកាត់ដេរលោក ខេន លូ (Ken Loo) ថា​ កាលពីគណៈកម្មការ​អឺរ៉ុបសម្រេច ពីខែ កុម្ភៈកន្លងទៅ ដែលថានឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នៅថ្ងៃទី ១២ ខែ សីហា ខាងមុខនេះនោះ គឺកាលណោះគណៈកម្មការនេះ មិនបាន​ដឹងអំពី​វិបត្តិដោយសារ​ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះទេ។

ដូច្នេះហើយ ទើបខាង​សមាគមថៅកែរោងចក្រ​កាត់​ដេរ ស្នើសុំឲ្យ​សហភាពអឺរ៉ុប វាយតម្លៃសារជា​ថ្មី​ ដោយ​ឈរលើផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះ ខាង​ថៅកែរោងចក្រ ក៏ស្នើឲ្យពន្យារពេលដកការអនុគ្រោះពន្ធនោះសិន គឺត្រូវ​រង់ចាំវាយតម្លៃសារថ្មីល្អិតល្អន់សិន។​

រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ដែលថា​ខាង​ថៅកែរោងចក្រកាត់ដេរ បានចម្លើយតបថ្មីណាមួយ ពីសហភាពអឺរ៉ុបនៅឡើយទេ។ ប៉ុន្តែ ក្រោយសមាគមថៅកែរោងចក្រ សរសេរលិខិត​ទី ១ ទៅសហភាព​អឺរ៉ុប កាលពីថ្ងៃទី ០២ ខែ មិថុនា ដែលសរសេរទៅបីនាក់ គឺមានប្រធានគណៈកម្មការ​អឺរ៉ុប ប្រធានសភាសហភាពអឺរ៉ុប និង​តំណាង​ជាន់ខ្ពស់ផ្នែកកិច្ចការ​បរទេស និង​​គោលនយោបាយ​សន្តិសុខនៃសហភាពអឺរ៉ុប មានតែខាង​សភា​សហភាពអឺរ៉ុបមួយ​ប៉ុណ្ណោះ ដែលសរសេរតប​ទៅវិញ។

អ្នកដែលសរសេរតបនោះ គឺប្រធានគណៈកម្ម​ការធិការពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភាសហភាពអឺរ៉ុបលោក ប៊ើន ឡាង (Bernd Lange)។ កាលណោះសមាគម​ថៅកែរោងចក្រ សុំឲ្យអឺរ៉ុបពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធនេះ ១២ ខែ។ តំណាង​សមាគមថៅកែរោងចក្រកាត់ដេរ មិនបញ្ចេញលិខិតឆ្លើយតប​នោះ ឲ្យ​សាធារណៈជន​បាន​ឃើញ ដូច​លិខិតទាំងអស់ដែលខ្លួន​បានសរសេរទៅសហភាពអឺរ៉ុបទេ។ ប៉ុន្តែលោក ខេន លូ ប្រាប់​អាស៊ីសេរី យ៉ាងខ្លីថា បើគេព្រមពន្យារពេល លោក​មិនចាំបាច់​សរសេរ​លិខិតពីរបីបន្ថែមទៀតនោះទេ។ លោកអះអាង នៅក្នុង​លិខិត​ទីបី កាលពីចុងខែ​ មិថុនានោះ ថាការបន្តសរសេរលិខិតបន្ថែមទៀតនេះ ដោយសារ​ខាង​សមាគមថៅកែរោងចក្រកាត់ដេរ នៅមិនទាន់ទទួលបានការ​ឆ្លើយតបពីគណៈកម្មការអឺរ៉ុប។

ទោះជាយ៉ាងនេះក្តី ខាងគណៈកម្មការអឺរ៉ុប បាន​បង្ហាញ​ជំហររបស់ខ្លួន[]  ​តបទៅនឹង​លិខិត​របស់​តំណាង​សមាគមថៅកែរោងចក្រកាត់ដេរ ចំនួនពីរលើក តាមបណ្តាញ​ផ្សព្វផ្សាយ។ លើកទី ១ គឺធ្វើតាមសារព័ត៌មានជប៉ុន Nikkei Asian Review កាលពីថ្ងៃទី ០៦ ខែ មិថុនា និង​លើកទី ២ តាម​រយៈវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៤ ខែ​ មិថុនា។ ចម្លើយតបទាំងពីរលើកនេះ គឺដូចគ្នា ដោយគណៈកម្មការអឺរ៉ុប បញ្ជាក់ច្បាស់ថា កូនសោរគឺស្ថិតនៅក្នុងដៃលោក ហ៊ុន សែន ឬ​ ទាល់តែរបប​ក្រុងភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យឡើងវិញ ទើបសហភាពអឺរ៉ុបពិចារណា​ឡើងវិញ អំពីការដកប្រព័ន្ធការអនុគ្រោះពន្ធនេះ។

ការស្តារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញនេះ គឺជាលក្ខខណ្ឌតម្រូវ​ ដែលមានចែងនៅក្នុងសេចក្តី​សម្រេចរបស់​សហភាពអឺរ៉ុប កាលពីថ្ងៃទី ១២ ខែ កុម្ភៈ។ សហភាពអឺរ៉ុប រកឃើញថារបបក្រុងភ្នំពេញ បាន​រំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និង​ប្រជាធិបតេយ្យធ្ងន់ធ្ងរ និង​ជាប្រព័ន្ធ ដែលរំលោភគោលការណ៍ផ្តល់ការអនុគ្រោះពន្ធ EBA។

ការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និង​ប្រជាធិបតេយ្យធ្ងន់ធ្ងរនោះ រួមមានការរឹតត្បិតសិទ្ធិសេរីភាពអង្គការ​សង្គមស៊ីវិល សហជីព ការរម្លាយគណបក្សសង្គ្រោះជាតិ ការដកហូត​តំណែង​ស្របច្បាប់​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់ឆ្នោត​របស់​គណបក្សសង្គ្រោះជាតិ និង​ការ​ធ្វើទុក្ខបុកម្នេញប្រធានគណបក្សនេះ រួមទាំងការហាមប្រាមមន្រ្តីជាន់ខ្ពស់ ដែលជាក្បាលម៉ាស៊ីនដឹកនាំ​របស់​គណបក្សប្រឆាំង មិនឲ្យធ្វើនយោបាយ ៥ ឆ្នាំជាដើម។

នៅក្នុ​ងសេចក្តី​សម្រេចរបស់​សហភាពអឺរ៉ុបនោះ គ្មាន​កថាខណ្ឌណាមួយ ដែល​ចែង​ថាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នេះ អាចនឹង​ត្រូវ​ពិចារណា​ឡើងវិញ ដោយ​ករណីប្រធានសក្តិ ឬវិបត្តិជំងឺរាតត្បាតណាមួយ ដូចជាជំងឺកូវីដ-១៩ នេះទេ។ សហភាពអឺរ៉ុប ផ្អែកការសម្រេចរបស់ខ្លួន ទៅលើតថភាពជាក់ស្ដែង ព្រោះមុននឹង​ចេញសេចក្តីសម្រេចនេះ សហភាពអឺរ៉ុប​បាន​បញ្ជូនគណៈប្រតិភូស្វែងរកការពិត ចុះទៅកម្ពុជា ដើម្បីសិក្សាលម្អិតអំពីស្ថានភាពពិតនៅទីនោះ។

ជាងនេះទៅទៀត សហភាពអឺរ៉ុបបានទុកពេលឲ្យ​របបក្រុងភ្នំពេញ​ជាច្រើនខែ មុននឹង​ចេញសេចក្តីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្រោយ​ការសម្រេចដកភ្លាម សហភាពអឺរ៉ុប ក៏ទុកពេលឲ្យរបបក្រុងភ្នំពេញ ៦ ខែ​ទៀត ដើម្បី​កែប្រែស្ថានភាព​អាក្រក់ ឲ្យ​ប្រសើរឡើងវិញ ដើម្បីសហភាពអាចដូចចិត្ត។

ឥឡូវរយៈពេល ៦ ខែចុងក្រោយនោះទៀតសោត​ នៅសល់តែជាង ៣០ ថ្ងៃទៀតប៉ុណ្ណោះ។  ក្នុង​រយៈពេលជិត ៥ ខែ​ចុងក្រោយនេះ របបក្រុងភ្នំពេញ​ បាន​ប្រឹងប្រែង​ពន្លឿនសំណុំរឿង​ព្រហទណ្ឌ ចំពោះមេសហជីពមួយចំនួនដែរ ទោះរឿងក្តី ជាច្រើននៅមិនទាន់បញ្ចប់នៅឡើយ។ របបក្រុងភ្នំពេញក៏ប្រឹងយកចិត្តកម្មកររោងចក្រយ៉ាងចម្លែកដែរ គឺថ្នមចិត្តខ្លាំង ដោយផ្តល់អត្ថប្រយោជន៍ជាច្រើន និង​ពេលមានកម្មករតវ៉ា លែងសូវហ៊ានបង្ក្រាបហិង្សាខ្លាំងៗដូចមុន។

ជាក់ស្តែង ពេលមានវិបត្តិកូវីដ១៩ កម្មករស្ទើរគ្រប់វិស័យ គ្មានបានជំនួយអ្វីពីរដ្ឋ មានតែកម្មកររោងចក្រ ត្រូវ​របបក្រុងភ្នំពេញ​ហាក់គិតគូបើកលុយព្យួររោងចក្រ ទោះបើកយឺតក៏ដោយ។ ជាងនេះទៅទៀត កាលពីថ្ងៃទី ០៦ ខែ កក្កដា របបនេះ​បានសុខចិត្ត​ព្រម​ទទួលសំណូមពរ និង​សំណើរបស់​អង្គការសង្គមស៊ីវិល ទៅពិចារណា គឺសំណើដែល​ស្នើឲ្យកែច្បាប់​អង្គការ ដែលរឹតត្បិតសង្គមស៊ីវិលខ្លាំងនោះ ទោះជាមិនដឹងពេលណា​ទើបរដ្ឋាភិបាល​ ព្រមធ្វើវិសោធនកម្មច្បាប់នោះក៏ដោយ។ ចំណែក​ឯ​ករណីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានការបន្ធូរបន្ថយ ឲ្យ​លោកអាចធ្វើដំណើរក្រៅផ្ទះបាន តែមិនឲ្យចេញក្រៅប្រទេស និង​គ្មានសិទ្ធិធ្វើនយោបាយ​ដដែល។

ជារួម មន្រ្តីអង្គការ​សង្គមស៊ីវិល មន្រ្តីសហជីព និង​អ្នកឃ្លាំមើលសង្គម យល់ឃើញថា របបក្រុងភ្នំពេញ មិនទាន់ធ្វើបានទៅតាមលក្ខខណ្ឌ ដែលសហភាពអឺរ៉ុបទាមទារនោះទេ។ ពួកគាត់​ថែមទាំង ស្នើឲ្យ​សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវ​មានភាពក្លាហាន ហ៊ាន​សរសេរទៅលោក ហ៊ុន សែន ប្រាប់​របបក្រុងភ្នំពេញថា អ្នកដែលធ្វើឲ្យបាត់ EBA មិនមែនសហភាពអឺរ៉ុបទេ គឺរបបក្រុងភ្នំពេញខ្លួន​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles