ជំនួយពីសប្បុរសជនប្រឆាំងកូវីដ១៩កើនជាង១០លានដុល្លារ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | អភិបាលកិច្ច
សាំ ឧត្ដម | ១២ កក្កដា ២០២០ | ម៉ោង ១៤:៥៦
VOD

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ប្រមុខរដ្ឋាភិបាល អះអាងថា គិតត្រឹមសប្តាហ៍ទីមួយដើមខែកក្កដានេះ សប្បុរសជន ជិត៨ម៉ឺននាក់បានចូលរួមបរិច្ចាគថវិកា​ផ្ទាល់ខ្លួនចំនួនជាង១០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងគាំពារសង្គមដល់ជនក្រីក្រ។

ក្នុងសារលិខិត ចុះថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ២០២០របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​​ សែនក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ លើកឡើងថា លោកមានមោទនភាពប្រជាជនកម្ពុជាសាមគ្គីគ្នាចូលរួមបរិច្ចាគថវិកាក្នុងគ្រាលំបាក។​

សារនាយករដ្ឋមន្ត្រី៖«កិច្ចខិតខំប្រឹងប្រែង និងវប្បធម៍ចែករំលែកគ្នាក្នុងគ្រាមានលំបាក តាមរយៈការចូលរួមមូលនិធិ ជាមួយគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងកូវីដ ១៩​ រដ្ឋាភិបាលបានទទួលថវិកាពីសប្បុរសជនកើនឡើងជិត៤២ពាន់លានរៀល ស្នើនឹងប្រមាណជិត១០លានដុល្លារ»។

លោកបញ្ជាក់ថា សប្បុរសជន ជិត៨ម៉ឺននាក់ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋធម្មតា។

សារលិខិតខាងលើ​ ប្រាប់បន្តថា ក្រៅពីទប់ស្កាត់ការរីករាលដាលកូវីដ ១៩​ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការណ៍គាំពារសង្គម( ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ ១៩) ស្តី្រនិងក្មេងស្រីដែលងាយរគ្រោះ​ ស្រី្តមានផ្ទៃពោះ និងកម្មកររងផលប៉ះពាល់ពីការព្យូរការងារ។

សារនាយករដ្ឋមន្ត្រី​៖ «ដើម្បីជួយកម្មករនិយោជិត ព្យូរការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនផ្អាកដំណើរ រដ្ឋាភិបាលបានបង្កើតជំនួយសង្គមពិសេសគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដោយគ្រាន់តែបង្ហាញប័ណ្ឌសមធម៍ក្រ១ និងក្រ២»។

ក្នុងឱកាសនៃទិវាប្រជាជនពិភពលោកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ កម្ពុជាបានដាក់ចេញវិធានការយ៉ាងម៉ឺនម៉ាត់ និងច្បាស់លាស់ដើម្បីការពារសុខមាលភាពប្រជាជន។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រាជរដ្ឋាភិបាលបានប្រកាសសាច់ប្រាក់ជូនពលរដ្ឋក្រីក្រចំនួនប្រមាណ៦០ម៉ឺនគ្រួសារ ក្នុងរង្វង់ទឹកប្រាក់ចំនួន២៥លានដុល្លារ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles