សមាគម​​មីក្រូ​ហិរញ្ញ​វត្ថុ​​ថា​​ការ​​ផ្តល់​​ប្រាក់​កម្ចី​​បាន​​រួម​ចំណែក​​កាត់​បន្ថយ​​ភាព​​ក្រីក្រ​​

ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ញឹម សុខន | ១៣ កក្កដា ២០២០ | ម៉ោង ១៦:១៥
VOD

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ២៩ ឧសភា ២០២០)

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ២៩ ឧសភា ២០២០)


សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ អះអាង​ថា ​ការ​ផ្តល់​ប្រាក់កម្ចី​របស់​ខ្លួន​ឱ្យទៅ​អតិថិជន ជា​ការចូលរួម​ចំណែក​យ៉ាងសកម្មដើម្បី​កាត់បន្ថយ​ភាព​ក្រី​ក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក្រោយ​ក្រុម​សង្គម​ស៊ីវិល​ចេញផ្សាយ​ករណី​សិក្សា​មួយ​រក​ឃើញថា​ កម្មករ​មួយចំនួន​ «ធ្វើការ​រហូត​ជាប់បំណុល​វ័ណ្ឌក»។ 

កាលពី​ថ្ងៃទី៣០ ខែមិថុនា​នេះ សម្ព័ន្ធ​សហជីព​កម្ពុជា ​(CATU​) មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ (CENTRAL​) និង​អង្គការ​លី​កាដូ បាន​ចេញផ្សាយ ​របាយការណ៍​ដាក់​ចំណងជើង​ថា​ «ធ្វើការងារ​រហូត​ជំពាក់បំណុល​វ័ណ្ឌក» ដោយធ្វើ​ការ​សម្ភាស​កម្មករ ១៦២នាក់​ក្នុង​រោងចក្រ ៣ ដែល​បាន​ព្យួរការងារ​ទាំងស្រុង ឬដោយ​ផ្នែក​ ចន្លោះ​ពី​ខែមីនា ដល់​ខែឧសភា ​ឆ្នាំ២០២០។

បើ​តាម​របាយការណ៍​ដដែល បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភសិទ្ធិ​មនុស្សជា​ច្រើន​ដែល​នាំ​ឱ្យ​កម្មករ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ធ្វើ​ឱ្យ​ការ​កាន់កាប់​ដីធ្លី​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១៣ ខែកក្កដានេះ​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចាត់ទុក​ការ​រក​ឃើញ​របស់​ក្រុម​អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ និង​សិទ្ធិ​កម្មករ​​ថា ខ្វះ​ភាព​ត្រឹមត្រូវ មាន​ភាព​លម្អៀង ខ្វះ​ការយល់​ដឹងពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ថា​ ការ​សម្ភាស​កម្មករ​តែ​ជាង ១០០នាក់ពី​រោងចក្រចំនួន ៣ មិន​ឆ្លុះបញ្ចាំង​ពី​រោងចក្រ​រាប់ពាន់ និង​កម្មករ​រាប់​សែន​នាក់​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែមទៀត​ថា៖ «វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិថា​ជា​គំរូ​ដ៏​ល្អ​មួយ និង​មាន​ភាពរឹងមាំ​ ដោយសារ​វិស័យ​នេះ​បាន​ចូល​រួម​យ៉ាងសកម្ម​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ បង្កើន​ប្រាក់ចំណូល​ប្រជាជន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​និរន្តរភាព»។

ប៉ុន្តែ​ លិខិត​ច្រានចោល​ការ​កឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​ មិនបាន​បញ្ជាក់​ថា​ មានកត្តា​អ្វីខ្លះ​បាន​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​ទេ។

អ្នកនាំពាក្យ​សមាគម​នេះ គឺ​លោក កាំង តុង​ងី  និយាយ​បន្ថែម​ដូចនេះ​ថា៖ «បើ​យើង​មើលទៅ​លើ​អតិថិជន​ដែល​គាត់​ទទួ​លប្រាក់កម្ចី​ហ្នឹង​ គឺ​ភាគច្រើន​គាត់​យក​ទៅ​ប្រកបមុខរបរ​អាជីវកម្ម ប្រកបរបរ​កសិកម្ម អ្នកខ្លះ​យក​ទៅ​ពង្រីក​មុខរបរ​ ដែល​កត្តា​ទាំងអស់​នេះ​វា​ជួយ​ឱ្យ​គាត់​មាន​ចំណូល​ដែលកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​គាត់​បាន»។

បើ​តាម​លោក កាំង តុង​ងី បើ​គ្មាន​មីក្រូហិរញ្ញវត្ថុ​ទេ ពលរដ្ឋ​នឹង​ត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ឯកជន​ទាំង​អត្រា​ការប្រាក់​ខ្ពស់ ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ។ លោក​ថា តាមរយៈ​ការប្រើ​ប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ជាង ៣០ឆ្នាំ​មកនេះ បន្ទាត់ភាព​ក្រីក្រ​របស់​កម្ពុជា​ធ្លាក់​ពី​ជាង ៤០ភាគរយ​ មក​នៅ​ត្រឹម​ជាង ១០ភាគរយ។

អ្នកជំនាញ​ផ្នែក​ខាង​ហិរញ្ញវត្ថុ​ លោក  ង៉ែត ជូ និយាយ​ថា ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កន្លងទៅ​មាន​អតិថិជន​មួយចំនួន​ធំ​ប្រើប្រាស់​ប្រាក់កម្ចី​ដែលបាន​ជួយ​លើកកម្ពស់​ជីវភាព តែថា ​ខ្លះទៀត​ក៏​កំពុង​ប្រឈម​នឹង​បំណុល​វ័ណ្ឌកអាស្រ័យ​ទៅ​នឹង​ចំណេះដឹង។

បើ​តាម​អ្នកជំនាញ​រូប​នេះ អ្នក​ដែល​ប្រឈម​នឹង​បំណុល​វ័ណ្ឌក គឺ​ការប្រើ​ប្រាស់​កម្ចី​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់ ​និង​ខ្ចី​ដើម្បី​ចំណាយ​លើសេ​វា​សុខភាព ឬព្យាបាល​សមាជិក​គ្រួសារ។

លោក​ថា៖  «បើ​យើង​ពិនិត្យមើល​ដើមហេតុ​ដែល​អតិថិជន​ខ្លះ​ស្ថិត​ក្នុង​បំណុល​វ័ណ្ឌក ឬស្ថិត​ក្នុង​វិបត្តិ​បំណុល​ហ្នឹង​ គឺថា ​គាត់​ភាគច្រើន​គាត់​អត់មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​បញ្ហា​នេះ​នៅ​មានកម្រិត​តិច​មែនទែន ត្រូវ​មានការ​អប់រំ​ជា​យុទ្ធនាការ​ថ្នាក់​ជាតិ​ឱ្យ​គាត់​យល់»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​លោក យង់ គិម​អេង បង្ហាញ​ការ​ព្រួយបារម្ភ​ថា ការប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំង​ខ្វះ​ចំណេះដឹង ​រួម​នឹង​វិបត្តិ​កូ​វីដ១៩ កំពុង​ជំរុញ​ឱ្យ​អ្នកប្រើ​ប្រាស់​កម្ចី​កាន់តែ​ច្រើន​ប្រឈម​នឹង​បំណុល​វ័ណ្ឌក បើ​ស្ថាប័ន​ពាក់ព័ន្ធ ​រួម​ទាំង​រដ្ឋាភិបាល​មិន​ជួយ​ដោះបន្ទុក។

លោក​ថា៖ «ប្រជាពលរដ្ឋ​ដែល​ជំពាក់បំណុល​គេ​ ជាទូទៅ ​កំពុងតែ​ប្រឈមមុខនឹង​ខ្វះ​លុយ​សង​ហ្នឹងហើយ មូលហេតុ​ដែល​សំខាន់​យើង​ឃើញ​ហើយ​បច្ចុប្បន្ន​នេះ ​ពាក់ព័ន្ធ​ទៅ​នឹង​មុខរបរ​រកស៊ី​របស់​ពួក​គាត់​វា​មិន​អាច​ដំណើ​រការបាន​ ដូចជា ​កន្លែង​ការងារ​ខ្លះ​ត្រូវ​បាន​គេ​បិទ គេ​ផ្អាក​សកម្មភាព​រោងចក្រ​សហគ្រាស​មួយចំនួន ​និង​វិ​ស័យ​ផ្សេង​ៗទៀត​ត្រូវ​បាន​គេ​បិទ​ ដូចនេះ​គ្មាន​មាន​លុយឯ​ណា​ទៅ​សង​ធនា​គារ»។

អង្គការ​សមាគម ១៣៥ មាន​ទាំង​អង្គការ​លី​កាដូ​ផង​ដែរ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បាន​ចេញផ្សាយ​របាយការណ៍​មួយ​ថា ពលរដ្ឋ​ជាប់បំណុល​ធនាគារជាង ២លាន ៦សែន​នាក់ គិត​ជា​មធ្យមម្នាក់​ជិត ៤ពាន់​ដុល្លារ ​(៣៨០០​) កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។

ទោះជាយ៉ាងណា ​សមាគម​មីក្រូហិរញ្ញវត្ថុ ហៅ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា បាន​មើល​រំលង​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន ដែល​បាន​ជួយ​ដល់អតិថិជន​ជាង ២សែន​នាក់ក្នុង​អំឡុង​កូ​វីដ១៩ តាមរយៈ​ការរៀបចំ​ប្រាក់កម្ចី​ឡើងវិញ ក្នុង​ទំហំ​ឥណទាន​ជាង ១ពាន់​លាន​ដុល្លារ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សមាគម​​មីក្រូ​ហិរញ្ញ​វត្ថុ​​ថា​​ការ​​ផ្តល់​​ប្រាក់​កម្ចី​​បាន​​រួម​ចំណែក​​កាត់​បន្ថយ​​ភាព​​ក្រីក្រ​​"

  1. Anonymous says:

    They are helping’ but at the end they take the whole lot”