សហជីពដាក់លិខិតទៅប្រមុខរដ្ឋាភិបាល ស្នើសុំកិច្ចអន្តរាគមន៍កុំពន្យាការបើកប្រាក់អតីតភាពការងារ

កម្ពុជា សង្គម
13/07/2020 – 08:26
ដោយ៖ ញឹម សុផល
RFI

ស្ថានភាពកម្មកររោងចក្រកាលពីឆ្នាំកន្លងទៅ (រូបភាពឯកសារ)
ស្ថានភាពកម្មកររោងចក្រកាលពីឆ្នាំកន្លងទៅ (រូបភាពឯកសារ) © សហការី

បន្ទាប់​ពី​មិន​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការងារ​ជុំវិញ​ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ឡើងវិញ​នូវ​ការ​បើក​ប្រាក់​អតីត​ភាព​ការងារ​ជូន​ដល់​កម្មករ​និយោជិត​ ក្រុម​សហជីព​ដែល​រួម​មាន​ជាង​១០​ស្ថាប័ន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បន្ត​ដាក់​ញ្ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​១​ឆ្នាំ​២​ដង​ដល់​កម្មករ​និយោជិត​ដូច​ដើម​វិញ​ ដោយ​មិន​ពន្យា​ពេល។ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ថ្លែង​ថា អ្នក​ស្រី​មាន​សុទិដ្ឋិ​និយម​ច្រើន​ថា​នឹង​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ​តាម​អ្នក​ស្រី យ៉ាង សោភ័ណ្ឌ ​សហជីព​នឹង​បន្ត​ធ្វើ​យុទ្ធនា​ការ​តាម​ប្រព័ន្ធ​អនឡាញ​បន្តទៀត ​ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​អ្វី​ទាំងអស់​។

សូមស្តាប់ប្រសាសន៍អ្នកស្រី យ៉ាង សោភ័ណ្ឌ៖

សូមរំលឹកថា កាលពីខែមិថុនាឆ្នាំ២០១៩ ក្រសួងការងារបានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមច្បាប់កម្ពុជា ឲ្យបើកប្រាក់អតីតភាពដល់កម្មករ និយោជិត ចំនួន២ដងក្នុងមួយឆ្នាំ ដោយគិតរយៈពេល៦ខែម្តង។ ក៏ប៉ុន្តែសេចក្តីសម្រេចរបស់ក្រសួងការងារត្រូវបានពន្យាពេលដោយក្រសួងខ្លួនឯងផ្ទាល់កាលពីខែមិថុនាឆ្នាំ២០២០ ​ដោយមានការ​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅ​ឆ្នាំ២០២១វិញ។ សេចក្តីសម្រេចនេះ បានធ្វើឲ្យក្រុមសហជីព ចំនួនជាង១០ស្ថាប័ន សម្តែងនូវការតវ៉ា ដោយស្នើឲ្យរដ្ឋាភិបាលអនុវត្តការបើកប្រាក់បំណាច់អតីតភាពជូនកម្មករ និយោជិតដូចដើមវិញ ដោយសារអំឡុងពេលនៃការរាត្បាតនៃមេរោគកូវីដ១៩នេះ កម្មករ និយោជិត មានស្ថានភាពជីវភាពលំបាកជាងនិយោជកច្រើន៕

What Next?

Recent Articles