តំណាង​​ពលរដ្ឋ​​ឡពាង​​ម្នាក់​​សម្រេច​​មិន​​ចូល​រួម​​សវនាការ ក្រោយ​​មិន​​សង្ឃឹម​​ទទួល​​បាន​​យុត្តិ​ធម៌​​

តុលាការ និងច្បាប់ | បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៤ កក្កដា ២០២០ | ម៉ោង ១៧:៣៥
VOD

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង លើកបង្ហាញដីកាតុលាការពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង (រូបពីហ្វេសប៊ុក សហគមន៍ ឡពាង)

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង លើកបង្ហាញដីកាតុលាការពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង (រូបពីហ្វេសប៊ុក សហគមន៍ ឡពាង)


តំណាង​សហគមន៍​ឡពាង​មួយ​រូប គឺ​អ្នកស្រី អ៊ុំ សុភី សម្រេច​មិន​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ ដោយ​ថា បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន និង​មិន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។

កាលពី​ថ្ងៃទី២៨ ខែមេសា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ចែ សុង បាន​បង្គាប់​ឱ្យ​តំណាង​ពលរដ្ឋ​ឡពាង​គឺ​អ្នកស្រី  អ៊ុំ សុភី ចូល​សវនាការ​នៅ​ថ្ងៃទី១៤ ខែ​កក្កដា​នេះ ទៅ​តាម​បណ្តឹ​ងរ​បស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី  ជា ខេង ដែល​ប្តឹង​កាលពី​ឆ្នាំ២០០៨ ដោយថា​អ្នកស្រី អ៊ុំ សុភី បាន​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ចូល​ធ្វើស្រែ​លើ​ដី​ក្រុមហ៊ុន។

តំណាង​សហគមន៍​ឡពាង​ ​អ្នកស្រី អ៊ុំ សុភី ប្រាប់​វី​អូ​ឌី​ថា អ្នកស្រី​មិនបាន​ចូល​សវនាការ​ទេ​នៅ​ថ្ងៃនេះ គឺ​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី​ចូល​ជំនួស។

អ្នកស្រី​អះអាង​ថា អ្នកស្រី​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ឡើយ ហើយ​ថា អ្នកស្រី​បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន​អ្នកស្រី ដោយ​ថា ការ​កាត់ក្តី​របស់​តុលាការ​ពេល​កន្លងមក មិនដែល​ផ្តល់​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រឡើយ។

អ្នកស្រី អ៊ុំ សុភី ប្រាប់​ថា៖  «ជាក់ស្តែង ខ្ញុំ​ប្តឹង​ក្រុមហ៊ុន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​មួយដែល​បាន​ឈូស​ឆាយ​ផ្ទះ​ពួក​ខ្ញុំ​កាល​ឆ្នាំ២០០៨ ប៉ុន្តែ តុលាការ​ទម្លាក់​បណ្តឹង​ពួក​ខ្ញុំ​ចោល ​អត់​ចាត់ការ។ ដោយសារតែ​ខ្ញុំ​ឃើញ​ភាព​មិន​ប្រក្រ​តី​អ៊ីចឹង​ហើយ តុលាការ​អត់​យុត្តិធម៌​ហ្នឹង​ដែល​ខ្ញុំ​មិន​ចូល ហើយ​ម្យ៉ាងទៀត ខ្ញុំ​មិនបាន​ញុះញង់​អ្នកណា​ដូច​ការចោទប្រកាន់​ទេ»។

មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី អ៊ុំ សុភី គឺ​លោក សំ សុ​គង់  ដែល​ចូល​ស្តាប់​សវនាការ ប្រាប់​ថា តុលាការ​បាន​កោះហៅ​អ្នកភូមិ​ឡពាង ៣នាក់ រួមមាន​ អ្នកស្រី អ៊ុំ សុភី អ្នកស្រី តូច លី និង​លោក សួស ស៊ី​ផៃ ឱ្យ​ចូល​ឆ្លើយ​ដោះបន្ទុក​ការចោទប្រកាន់​នៅ​ព្រឹក​ថ្ងៃនេះ។ លោក សុ​គង់ បន្ថែម​ថា អ្នកស្រី តូច លី បាន​ចូល​បំភ្លឺ ប៉ុន្តែ លោក សួស ស៊ី​ផៃ បាន​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ។

មេធាវី​រូប​នេះ​ឱ្យ​ដឹង​ថា ក្នុង​សវនាការ​នៅ​ព្រឹក​នេះ តុលាការ​បាន​សួរដេញដោល​ទៅ​ជន​ជាប់ចោទ​ម្នាក់ទៀតគឺអ្នកស្រី តូច លី និង​សាក្សី​ដើម​បណ្តឹង​ចំនួន ៣រូប ពាក់ព័ន្ធ​អង្គហេតុ​នៃ​បទ​ចោទ​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០០៨។

លោក សំ សុគង់ ប្រាប់​ថា៖  «យើង​ឃើញ​ភស្តុតាង​មួយចំនួន​ទៀតគឺ​មិន​ច្បាស់លាស់ ហើយ​វា​ជា​វិមតិសង្ស័យ។ បើ​និយាយ​ពី​គោល​ការណ៍​ច្បាប់ ជាពិសេស​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា៣៨ហ្នឹង កាលណា​មានវិមតិ​សង្ស័យ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ។ អ៊ីចឹង​ហើយ ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ទម្លាក់​បទ​ចោទ ឬឱ្យ​កូន​ក្តី​របស់ខ្ញុំ​រួចផុត​ពី​ការចោទប្រកាន់»។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក  អ៊ី រិន្ទ តាមបណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​នៅ​ថ្ងៃនេះ ប៉ុន្តែ គ្មាន​ការ​ឆ្លើយតប។

បើ​តាម​លោក​មេធាវី សំ សុ​គង់ គឺ​តុលាការ​បា​នព​ន្យា​រពេល​ប្រកាស​សាលក្រម​ដល់​ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០។

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​តាជេស​ ស្រុកកំពង់ត្រឡាច និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ដែល​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​អូស​បន្លាយ​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ ហើយ​ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់គុក និង​ប្រើ​ហិង្សា​បណ្ដាល​ឱ្យ​របួស​ជាច្រើន​នាក់។

កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ក្រុម​អ្នកភូមិ និង​កម្មករ​ស៊ីឈ្នួល​ធ្វើ​របង​ឱ្យ​ក្រុមហ៊ុន​នេះ បាន​ប៉ះទង្គិច​គ្នា​ដោយ​ចម្ពាមកៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឱ្យ​របួស​ទាំងសងខាង​ជាង ២០នាក់។ ក្រោយមក តុលាការខេត្ត​កំពង់ឆ្នាំង បាន​ចេញដីកា​តាម​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​តាម​បណ្ដឹង​របស់​ភាគី​កម្មករ​ក្រុមហ៊ុន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles