តុលាការ​​កំពូល​​សម្រេច​​ឱ្យ​​តុលាការ​​ថ្នាក់​ក្រោម​​ជម្រះ​​ឡើង​វិញ​​សំណុំ​រឿង​​អ្នក​បក​ប្រែ​​ទូរទស្សន៍​​រុស្ស៊ី​ RT

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ១៥ កក្កដា ២០២០ | ម៉ោង ១១:៤៤
VOD

លោក រ៉ាត់ រ័ត្នមុន្នី ដើរចេញពី​បន្ទប់សវនាការ​តុលាការកំពូលកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖បញ្ញា ឆព័ណ្ណ)

លោក រ៉ាត់ រ័ត្នមុន្នី ដើរចេញពី​បន្ទប់សវនាការ​តុលាការកំពូលកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖បញ្ញា ឆព័ណ្ណ)


តុលាការកំពូលសម្រេចបង្វិលសំណុំរឿងអតីតអ្នកបកប្រែបណ្ដាញព័ត៌មានរុស្ស៊ី Russia Today (RT) លោក  រ៉ាត់ រត្នមុនី ឱ្យទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ ដោយថា ការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ធ្វើឡើងមិនទាន់បានត្រឹមត្រូវ។

សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បានសម្រេច​ផ្ដន្ទាទោស​អតីត​អ្នកបកប្រែ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី RT លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់ពន្ធ​នា​គារ ២ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ក្រោម​ការចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​មានការ​រើសអើង»ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។ ដោយ​មិនសុខចិត្ត​នឹង​សេចក្ដីសម្រេចរបស់​តុលាការ​ថ្នាក់ក្រោម លោក ​រ៉ាត់ រត្ន​មុនី បាន​ប្ដឹង​សាទុក្ខ​មក​តុលាការ​កំពូល។

បន្ទាប់​បើកសវនាការ​កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី  គឹម សត្ថា​វី នៅ​ថ្ងៃនេះ បានសម្រេច​បដិសេធ​ការសម្រេច​ក្ដី​របស់​សាលាឧទ្ធរណ៍ ហើយ​បាន​បង្វិល​សំណុំរឿង​លោក រ៉ាត់ រត្ន​មុនី ទៅ​សាលាឧទ្ធរណ៍​ឱ្យ​ជំនុំជម្រះ​ឡើងវិញ ដោយ​ថា ការសម្រេច​សេចក្ដី​កន្លងមក​មិនបាន​ត្រឹមត្រូវ​នោះ​ទេ។

លោក គឹម សត្ថា​វី ប្រកាស​ថា៖  «បណ្ដឹង​សាទុក្ខ​របស់​ជនជាប់ចោទ​ លោក រ៉ាត់ រត្ន​មុនី ធ្វើឡើង​តាម​កំណត់​ច្បាប់។ តុលាការ​កំពូល​អាច​ជំនុំជម្រះ​រឿង​នេះ​ បានយល់ឃើញ​ថា សាលដីកា​ព្រហ្មទណ្ឌ​ក្នុង​ការសម្រេច​សេចក្ដី​កន្លងមក​នេះ មិន​ត្រឹមត្រូវ​ទេ។ ហេតុ​ដូចនេះ សម្រេច​ទទួល​បណ្ដឹង​សាទុក្ខ​ជនជាប់ចោទ លោក រ៉ាត់ រត្ន​មុនី បដិសេធ​សាលដីកា​សភា​ព្រហ្មទណ្ឌ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏ដូចជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ២៨៦ ចុះ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ របស់​តុលាការ​កំពូល​ទៅ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សារជាថ្មី»។

ប្រាប់​អ្នកសារព័ត៌មាន​នៅកន្លែង​រង់ចាំ មុន​ពេល​មន្ត្រី​នាំទៅ​ពន្ធនាគារ​វិញ លោក  រ៉ាត់ រត្ន​មុនី បង្ហាញ​ក្ដឹសង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​កំពូល​បាន​បង្វិល​សំណុំរឿង​របស់​លោក​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ។

លោក​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ពន្លឿ​នបើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​របស់​លោក​ឱ្យ​ឆាប់។

លោក រ៉ាត់ រត្ន​មុនី ប្រាប់​ថា៖  «បើសិនជា​តុលាការ​កំពូល​បង្វិល​ទៅ​សាលាឧទ្ធរណ៍​វិញ​ ខ្ញុំ​យល់ថា រឿងក្ដី​ខ្ញុំ​តុលាការ​នឹង​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ មានន័យថា តុលាការ​កំពូល​មើលឃើញ​ថា ការ​កាត់ក្ដី​ខ្ញុំ​នៅ​មាន​បញ្ហា អ៊ីចឹង​ហើយ​បាន​គាត់​សុំ​ឱ្យ​កាត់​ឡើងវិញ។ អ៊ីចឹង​ខ្ញុំ​មាន​ក្ដី​សង្ឃឹមថា ខ្ញុំ​គ្មាន​ទោស មិនបាន​ធ្វើអ្វី​ខុស​ទេ»។ 

លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក​កាលពី​ខែធ្នូ ឆ្នាំ២០១៨។ ​នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក​ត្រូវ​បានសាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ ២ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​មានការ​រើសអើង» តាម​ការចោទប្រកាន់​របស់​ដើម​បណ្តឹង​ចំនួន ៥នាក់ គឺ​លោក នាក់ សុទ្ធី  នាយក​សាលា​ឥន្ទ្រ​ទេវី កញ្ញា គៀង ស្រី​ម៉េច កញ្ញា លឹម ស្រី​ទី អ្នកស្រី ទេព សា​លីម និង​អ្នកស្រី កែវ ម៉ាឡៃ ដែល​សុទ្ធតែ​ជា​តួសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​រឿង ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​​កំពូល​​សម្រេច​​ឱ្យ​​តុលាការ​​ថ្នាក់​ក្រោម​​ជម្រះ​​ឡើង​វិញ​​សំណុំ​រឿង​​អ្នក​បក​ប្រែ​​ទូរទស្សន៍​​រុស្ស៊ី​ RT"

  1. Sosocheath says:

    កាត់ក្តីច្រេីនដង ចុះឡេីងៗ
    គុកកាន់តែយូរទេអាល្ងង់!
    ម៉េច បានអ្ហែងអរម្លេះ ?