លោក ទៀ បាញ់ បញ្ជា​ឱ្យ កងរាជអាវុធហត្ថ បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ

ដោយ វ៉ែន សុមេធ
2020-07-14
RFA

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។

 រូប៖ ហ្វេសប៊ុក General TEA Banh


រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស​ធនធាន​ធម្មជាតិ​រួមមាន ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សាធារណ​របស់​រដ្ឋ និង បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង ពលរដ្ឋ ចាត់ទុក​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នេះ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែង​ថា កងរាជអាវុធហត្ថ មាន​តួនាទី​សំខាន់​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ។ ការ​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី២៧ នៃ​ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី ១៤ ខែកក្កដា ក្នុង​រាជធានី​ភ្នំពេញ។

ទោះជា​យ៉ាង​ណា ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ខេត្ត​ភាគ​ឦសាន​និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូប​នេះ ពុំ​មែន​ជា​ដំណោះស្រាយ​វិបត្តិ​ព្រៃឈើ មានប្រសិទ្ធភាព​នោះ​ទេ ព្រោះ​អ្នក​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ជាច្រើន​ហិកតារ និង​ជួញដូរ​ឈើ​ខុស​ច្បាប់ មាន​ជាប់ពាក់ព័ន្ធ មន្ត្រី​មានអំណាច មន្ត្រី​យោធា អាជ្ញាធរ នគរបាល និង ក្រុម​ឧកញ៉ា​គ្រា​ក់ៗ ជា​ដើម។ សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក គ្រើ​ង តុលា សង្កេតឃើញ​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ធ្វើ​ឡើង គឺ​ផ្អែក​តាម​បទបញ្ជា ធំជាង​ការ​អនុវត្ត​ច្បាប់។ លោក​ថា នៅ​ពេល​ដែល មន្ត្រី​កំពូលៗ រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ម្ដងម្កាល គេ​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​បង្ក្រាប​បាន​មួយ​ប្រាវ ហើយ​មួយ​រយៈ ខ្លី​ក្រោយមក ក៏​ស្ងាត់​ទៅវិញ៖ «យើង​ឃើញ​មានតែ​មួយ​ឆាវៗ វា​អត់មាន​ធ្វើ យុទ្ធនាការ​ហ្នឹង​ធ្វើ​រហូត​តាម​ផ្លូវ​ច្បាប់ ដូចជា​អត់​ឃើញ​ទេ។ អ៊ីចឹង​មានន័យថា រាល់ថ្ងៃ​បទបញ្ជា​របស់​សម្តេច ក៏​គ្មាន​ឥទ្ធិពល។ បទបញ្ជា​ពីណា​ក៏​អត់​ឥទ្ធិពល​ដែរ ដោយសារតែ គេ​កំណត់​រយៈពេល បទល្មើស​ព្រៃឈើ​នៅតែ​កើតឡើង»

ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បកស្រាយ​ថា កងរាជអាវុធហត្ថ​គ្រប់​ខេត្ត​/ក្រុង បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់រូប​ភាពជា​ហូរហែ ផ្អែក​តាម​តួនាទី និង​ភារកិច្ច ដែល​រដ្ឋាភិបាល​ផ្តល់​ជូន។ លោក​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ មាន​អាជ្ញាធរ​ដែនដី​អនុវត្ត​ច្បាប់​ជាប្រចាំ៖ «គាត់​ចង់ថា ភ្លើង​ចំបើង ជា​សិទ្ធិ​របស់​គាត់ តែ​អ្វី​ដែល​យើង​ធ្វើ ធ្វើជា​ប្រចាំ។ មិនមែន​គណៈកម្មការ​ជាតិ​ចុះទៅ​បាន​ធ្វើ​ទេ កម្លាំង​អាជ្ញាធរ​ដែនដី គេ​ធ្វើជា​ប្រចាំ។ សុំ​ឱ្យ​គាត់​ត្រួតពិនិត្យ​មើល។ អា​ហ្នឹង​សិទ្ធិ​សេរីភាព​របស់​គាត់ គាត់​និយាយ​អី​និយាយ​ទៅ ក៏ប៉ុន្តែ​ឱ្យ​សុំ​មើល ព័ត៌មាន​របស់​អាវុធហត្ថ​ដែល​បង្ក្រាប​រាល់ថ្ងៃ​ហ្នឹង​ក៏​មាន​ដែរ »

ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុ​ភក្ត្រ សង្កេតឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ទាំង ៤ខេត្ត កំពុង​កើតមាន​ពេញទំហឹង ដោយ​គ្មាន​ការអនុវត្ត​ច្បាប់ ហើយ​ក្នុង​នោះ​មាន​ជាប់ពាក់ព័ន្ធ កងកម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។ លោក​បញ្ជាក់​ថា គ្រាន់តែ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ មានការ​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​អស់​ជាង ២ពាន់​ហិកតារ ដោយ​គ្មាន​ការ​បង្ក្រាប​នៅឡើយ​ទេ៖ «ជាពិសេស​ធ្វើការ​បង្ក្រាប លោក​ឧកញ៉ា​ធំៗ ដែល​មាន​ដី​រាប់ពាន់​ហិកតារ រំលោភ​ចូល​ដល់​តំបន់​ការពារ​ជាដើម នៅ​កន្លែង​ផ្សេងៗ ទៀត​ដូចជា​វរជ័យ និង ក្នុង​ព្រៃ​ឡង់។ សូម្បីតែ​ចៅហ្វាយស្រុក​ក៏​មានការ​ទន្ទ្រានព្រៃ ដើម្បី​បង្ក្រាប​ឱ្យ​មាន​ជំនឿ​ទុកចិត្ត គួរតែ​ធ្វើ​ពួក​ហ្នឹង​មុន ចាំ​ធ្វើ​ពលរដ្ឋ​តាម​ក្រោយ។ ពលរដ្ឋ​ងាយ​បាក់ស្បាត​ណាស់ មានតែ​អ្នកមាន​អំណាច​ទេ ដែល​មិន​ងាយ​បាក់ស្បាត»

រី​ឯ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញ​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ ក៏​មាន​ជាប់ពាក់ព័ន្ធ មន្ត្រី​យោធា និង​កងកម្លាំង​ប្រដាប់​មួយ​ចំនួន​ដែរ។ លោក​យល់ថា បើ​លោក ទៀ បាញ់ ចង់​ការពារ​ព្រៃឈើ​មែន​នោះ គួរតែ​រួមគ្នា​ដា​ក់​បណ្តឹង​បរិហារ ទៅ​តុលាការ ជាមួយ​លោក ដើម្បី​ឱ្យ​តុលាការ ពន្លឿន​សំណុំរឿង​បទល្មើស​ព្រៃឈើ​ហើយ​វែកមុខ​ជនល្មើស​មក​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់៖ «គ្រប់​សមាសភាព មិន​ត្រឹមតែ​មន្ត្រី​យោធា​ជាន់ខ្ពស់​ទេ សូម្បីតែ​មន្ត្រី​តាម​ក្រ​សួង​មួយៗ មាន​អំណាច​សុទ្ធតែ​មន្ត្រី​ជាន់​ខ្ពស់ មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ច្រើន​ដែរ។ មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ជា​ពិសេស​កន្លែង​ណា ដី​ខ្លាញ់ៗ ហ្នឹង កន្លែង​មាន​តម្លៃ ដូច​នៅ​ខេត្ត​មណ្ឌលគិរី កន្លែង​ព្រៃ​ស សុទ្ធតែ​មាន​ឈ្មោះ តែម​ន្ត្រី​ជាន់ខ្ពស់ មាន​ទាំង​យោធា និង​មន្ត្រី​ស៊ីវិល ឡាយ​ឡំ​គ្នា។ បើ​នៅ​ព្រៃ​ផ្សេងៗ ទៀត សុទ្ធតែ​មាន​ពាក់ព័ន្ធ មន្ត្រី​ឧត្ដមសេនីយ៍ ពាក់ព័ន្ធ​ការ​កាប់​រាន​ដី​ព្រៃ​ទាំងអស់​ហ្នឹង»

កាលពី​ឆ្នាំ២០១៩ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ឃាត់ខ្លួន​ឧកញ៉ា ២រួប គឺ​ឧកញ៉ា គង់ ក្រឹ​ង និងឧកញ៉ា​ស៊ឹង សំ​អុល។ រីឯ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​កោះ​ហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​កង​រាជអាវុធហត្ថ ថៅកែ​ជនជាតិ​ចិន ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ប្រមាណ ២០នាក់​ទៀត ទាក់ទិន​សំណុំរឿង​ប្រមូល​ផល​និង​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត។ ចំណែក​នៅ​ក្នុង​សំណុំរឿង​ព្រៃឈើ​ដាច់​ដោយ​ឡែក​មួយ​ទៀត តុលាការ​បាន​ឃុំ​ខ្លួន​មនុស្ស ១១នាក់ ក្នុង​នោះ ៥នាក់​ជន​ជាតិ​ខ្មែរ ៣នាក់​ជា​ជន​ជាតិ​វៀតណាម និង ៣នាក់​ទៀត​ជា​ជន​ជាតិ​ចិន។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សំណុំរឿង​បទ​ល្មើស​ព្រៃឈើ​ទាំង​នេះ ហាក់​ស្ងាត់​ជ្រងំ និង​មិន​ឃើញ អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ណា​ម្នាក់​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ពួក​គេ​ឃុបឃិត ​និង​ទទួល​ប្រយោជន៍​ពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​យ៉ាង​ណា​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ទៀ បាញ់ បញ្ជា​ឱ្យ កងរាជអាវុធហត្ថ បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ"

  1. Anonymous says:

    The big job you must do is kicking veitname tenses out of cambodian land ‘ because your job to protect khmer land o k mr Tea bang

  2. Anonymous says:

    OH …YES ..the big job for this TEA SNGOR guy is to take care of the right land that they still from Cambodian. talking about how ugly this guy and HUN NAL both of them are so ugly not suitable to be the high official at all