Human Rights Watch ស្នើ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រមូល​បំណុល​ពី​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សង

ដោយ សុជីវី
2020-07-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFAPhoto: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រក​ឃើញ​ថា វិធានការ​ដោះ​បំណុល​ដែល​ដាក់​ចេញ​ដោយ​អ្នក​ផ្ដល់​កម្ចី​ខ្នាត​តូច​ មិន​បាន​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​ដែល​ជំពាក់​បំណុល និង​ដែល​កំពុង​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ-១៩ ឡើយ។ អង្គការ​ដដែល​រក​ឃើញ​ទៀត​ថា គ្រួសារ​ដែល​ជំពាក់​បំណុល​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី និង​ផ្ទះ ដែល​ពួកគេ​ពឹង​អាស្រ័យ ដើម្បី​បាន​រស់រាន​បន្ត​ទៅ​ទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋាភិបាល​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​បំណុល​ និង​ការ​ប្រាក់​សម្រាប់​អ្នក​ខ្ចី​ប្រាក់​ខ្នាត​តូច ដែល​មិន​អាច​ទូទាត់​បំណុល​បាន​ដោយសារ​តែ​ជំងឺរាតត្បាត​កូវីដ-១៩។ អង្គការ​​អន្តរជាតិ​មួយ​នេះ​វាយ​តម្លៃ​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នក​ខ្ចី​ប្រាក់​ឡើយ ហើយ​បាន​រំលោភ​លើ​សិទ្ធិ​រស់​នៅ​ដោយ​ថ្លៃថ្នូរ ជាពិសេស​ការ​ទទួល​បាន​លំនៅឋាន​សមរម្យ។ ចំណែក អ្នក​ផ្ដល់​កម្ចី​ខ្នាត​តូច​វិញ ក៏​ដូច​គ្នា​នេះ​ដែរ គឺ​មិន​បាន​ទទួល​ខុស​ត្រូវ​ផ្នែក​សិទ្ធិ​មនុស្ស​ចំពោះ​អ្នក​ខ្ចី​ប្រាក់​នោះ​ទេ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៤ កក្កដា​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដីធ្លី ជាង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ព្រោះ​ពួក​គាត់​គ្មាន​លទ្ធភាព​សង​បំណុល ហើយ​រដ្ឋាភិបាល​បាន​ជួយ​ពួកគាត់​តិច​តួច​បំផុត។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចេញ​បទបញ្ជា​ឱ្យ​បង្កក​ការ​ប្រមូល​បំណុល​ និង​ការប្រាក់​ចំពោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវីដ-១៩ ហើយ​អនុវត្ត​តាម​ច្បាប់​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ណា​ដែល​មិន​អនុវត្ត​តាម​បទ​បញ្ជា​នេះ។

អង្គការ​ Human Rights Watch អះអាងថា ពលរដ្ឋ​ខ្មែរ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​មធ្យម​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក គឺ​សរុប​ដល់​ទៅ​ជិត ៤ ពាន់​ដុល្លារ (៣.៨០៤) ក្នុង​ពលរដ្ឋ​ម្នាក់។ អង្គការ​ដដែល​នេះ​បន្ត​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ផ្តល់​អាជ្ញាប័ណ្ណ និង​គ្រប់គ្រង​អ្នក​ផ្តល់​កម្ចី​ខ្នាត​តូច​ មិន​ដែល​បាន​ចេញ​បទ​បញ្ញត្តិ​តឹងរ៉ឹង​ណា​មួយ​ ដើម្បី​ការពារ​អ្នក​ខ្ចី​ប្រាក់​ពី​ការ​ផ្តល់​កម្ចី​ដែល​គ្មាន​ក្រមសីលធម៌​នោះ​ឡើយ។ ជាង​នេះ​ទៅទៀត លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថែម​ទាំង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន​បំណុល​ណា ដែល​ធ្វើ​តាម​ការ​អំពាវនាវ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី ដោយ​មិន​សង​បំណុល​ក្នុង​ពេល​ពួក​គេ​ធ្លាក់​ខ្លួន​ក្រ​នោះ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ Human Rights Watch នេះ​ថា ខ្វះ​ការពិត និង​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ជាតិ​បាន​រៀបចំ​គោល​នយោបាយ​បន្ធូរ​បន្ថយ​ដល់​ពលរដ្ឋ​ដែល​ជា​​កូន​បំណុល​រួច​ហើយ៖«យើង​បាន​ឱ្យ​ឯក​ឧត្ដម​អគ្គទេសាភិបាល​ធនាគារ​កណ្ដាល​ហ្នឹង បាន​រៀប​ចំ​គោល​នយោបាយ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូន​បំណុល​ហ្នឹង នេះ​ជា​ចំណុច​ទី​មួយ។ ចំណុច​ទីពីរ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គេ​ជួយ​ដោះស្រាយ​យ៉ាង​សស្រាក់​សស្រាំ។ ដូច្នេះ ការ​លើក​ឡើង​ហ្នឹង គឺ​ជា​គំនិត​របស់​មនុស្ស​តែម្នាក់​ទេ មិន​មែន​តំណាង​ការពិត​នៅ​កម្ពុជា​ទេ»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ អង្គការ​ Human Rights Watch ពិនិត្យ​ឃើញ​ថា សារាចរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្ដីពី​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ​នោះ គ្មាន​ការ​ចង្អុល​បង្ហាញ​​ឱ្យ​ជាក់​លាក់​ឡើយ ហើយ​ទុក​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​អ្នក​​កំណត់​ថា តើ​កូន​បំណុល​ណាខ្លះ ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញ​វត្ថុ។ ជា​លទ្ធផល​ គឺ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​សិទ្ធិ​អំណាច​តាម​ចិត្ត​ និង​មិន​ចាំបាច់​ផ្តល់​ការ​បន្ធូរ​បន្ថយ​បំណុល​នោះ​ឡើយ។

ទោះជាយ៉ាងណា ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លោក កាំង តុងងី អះអាង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​រៀបចំ​កម្ចី​ឡើង​វិញ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ តាំងពី​ខែ​មីនា​មក​ម៉្លេះ។ លោក​បញ្ជាក់​ថា អតិថិជន​ខ្លះ​ទទួល​បាន​ការ​ផ្អាក​សង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ហើយ​ខ្លះ​ទៀត​អាច​បង់​​ត្រឹម​តែ​ការប្រាក់​ក្នុង​រយៈ​ពេល ៣ ទៅ ៦ខែ។ លោក​បញ្ជាក់​ថា វិធានការ​នេះ​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​ចុង​ឆ្នាំ២០២០។ លោ​កថា ការ​ស្នើ​របស់​អង្គការ Human Rights Watch មិន​អាច​អនុវត្ត​បាន​ឡើយ៖«ទាក់ទង​នឹង​ការ​ផ្អាក​ការ​សង​ត្រឡប់​មក​វិញ​ពី​អតិថិជន​ រឿង​ហ្នឹង​គឺ​យើង​មិន​អាច​ធ្វើ​បាន​ទេ ដោយសារ​តែ​វា​ប៉ះពាល់​ទៅ​នឹង​ផ្លូវ​ច្បាប់​មួយ​ចំនួន ហើយ​ទន្ទឹម​នឹង​នេះ ក៏​យើង​ឃើញ​ជាក់​ស្ដែង​ថា មាន​អតិថិជន​មួយ​ចំនួន​ គាត់​នៅ​តែ​មាន​លទ្ធភាព​បង់​សង​ជា​ធម្មតា»

លោក កាំង តុងងី ឱ្យ​ដឹង​ទៀត​ថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​រៀប​ចំ​ឥណទាន​ឡើង​វិញ ជូន​ដល់​អតិថិជន​ជាង ២សែន ៣ម៉ឺន​នាក់ ក្នុង​ទំហំ​កម្ចី​សរុប​​ជាង​ ១ពាន់​ ១រយ​លាន​ដុល្លារ​អាមេរិក។ ថ្វីបើ​សំណើសុំ​ផ្អាក​ការ​សង​បំណុល​មិន​អាច​អនុវត្ត​បាន​ក៏ដោយ ក៏​លោក​ កាំង​ តុងងី បញ្ជាក់​ថា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​យក​ក្តី​បារម្ភ​របស់​អង្គការ Human Rights Watch ហើយ​ប្ដេជ្ញា​តាម​ដាន​ និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ទទួល​ស្គាល់​ថា ពលរដ្ឋ​មួយ​ចំនួន​ពិត​ជា​ទទួល​បាន​ការ​អនុគ្រោះ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​ម្ចាស់​បំណុល​មែន ក៏​ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​កាតព្វកិច្ច​សង​បំណុល​ជា​រៀង​រាល់​ខែ ដែល​ធ្វើ​ឱ្យ​ជីវភាព​​របស់​ពួក​គាត់​កាន់​តែ​យ៉ាប់យ៉ឺន។ លោក​យល់ថា ការ​ផ្អាក​សង​បំណុល​ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សង គឺ​ជា​រឿង​ចាំបាច់​ ហើយ​វិធានការ​នេះ​មិន​អាច​ធ្វើ​ឱ្យ​វិស័យ​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ដួល​រំលំ​នោះ​ទេ ព្រោះ​ពលរដ្ឋ​ខ្លះ​នៅ​តែ​មាន​លទ្ធភាព​សងបំណុល​ដដែល៖«ពីមុន​ គាត់​រក​បាន​ផ្គត់​ផ្គង់​មួយ​ពេលៗ ឥលូវ​នេះ​គាត់​មិន​អាច​មាន​លទ្ធភាព​រក​បាន​ផ្គត់ផ្គង់​មួយ​ពេល​ផង។ អ្នក​ខ្លះ​មាន​តែ​អង្ករ​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​ ស្ទើរ​​តែ​មិន​គ្រាន់​ទៅ​ទៀត។ អ៊ីចឹង យើង​ចង់​ឱ្យ​រដ្ឋាភិបាល ក៏​ដូចជា​មីក្រូ​ហិរញ្ញវត្ថុ ស្ថាប័ន​ពាក់​ព័ន្ធ​ហ្នឹង​មាន​យន្តការ​បន្ថែម​ទៀត​ដើម្បី​ពន្យារ​ពេល​សម្រាល​បន្ទុក​កាតព្វកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កម្ចី​ហ្នឹង។ មិន​មែនមាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​សង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​មាន​ការ​ពន្យារពេល​ក្នុង​លក្ខខណ្ឌ​ណា​មួយ ពេល​ណាមួយ​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ពួក​គាត់​អាច​មាន​ឱកាស​ស្វែង​រក​ថវិកា ឬ​ប្រាក់​ចំណូល ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ជីវភាព​ឱ្យ​បាន​សមស្រប​ ដើម្បី​គាត់​បន្ត​សន្សំ​សំចៃ​ ឬក៏​ស្វែង​រក​ថវិកា​ហ្នឹង​ ដើម្បី​បង់​សង​ត្រឡប់​នៅ​ពេល​ក្រោយ​ទៀត»

អង្គការ​ Human Rights Watch គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ស្រប​តាម​​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌ ដើម្បី​ការពារ​សិទ្ធិ​រស់នៅ​សមរម្យ​​​របស់​ពលរដ្ឋ​ម្នាក់ៗ​ រួម​ទាំង​សិទ្ធិ​ទទួល​បាន​លំនៅឋាន និង​អាហារ​សមរម្យ​ផង​ដែរ។ អំឡុង​ពេល​​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែបនេះ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្តល់​នូវ​កិច្ច​គាំពារ​ពិសេស​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ ហើយនិង​ធានា​ថា វិធានការ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​បំផុត។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន ជឿ​ថា បើ​គ្មាន​ការ​ផ្អាក​ប្រមូល​បំណុល​ទេ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​កំពុង​វ័ណ្ឌក​នឹង​រឿង​បំណុល​នោះ នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ខ្ចី​បំណុល​ខ្នាត​តូច​កាន់​តែ​ច្រើន​ថែម​ទៀត​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​ការ​អនុវត្ត​បែប​បង្ខិត​បង្ខំ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី និង​លំនៅឋាន​ ជាពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​គ្រប់​គ្រង​ការ​ផ្តល់​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ធ្វើ​សកម្មភាព ដើម្បី​ផល​ប្រយោជន៍​អតិថិជន​ ជាជាង​រុញ​ពួក​គាត់​ឱ្យ​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ​បំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "Human Rights Watch ស្នើ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រមូល​បំណុល​ពី​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សង"

  1. so socheath says:

    ចុមអាកូនមីកាដួយអាយះ​ ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ការពារចោរ នេះឡប់ដឹង ?
    ខ្ចីគេមិនបាច់សងមែនទេ អាពូជសំផឹង !

  2. Anonymous says:

    mr so socheat ‘ you are the veitcong germ who alway swearing to other people’ What wrong with your head?? In the world with the covid 19 like this all the bank suspend the interest and wait till this case over ‘ but you can’t understand ‘ where are people earning money from?? because all system get stuck no money around ‘no tourist ‘ no income so how can people pay the bank?? .So socheat support the beaast regime that capture people in their cage without mercy ‘ What a monster leader?? What a beast regime’ What a veitcong mafia dictator’ What a veitcong germs ‘