អ្នកឃ្លាំមើល​ថា អាជ្ញាធរ​រារាំង និង​គំរាម​បង្ក្រាប​អ្នក​តវ៉ា​ឲ្យ​ដោះលែង លោក រ៉ុង ឈុន

ដោយ យន់ សាមៀន
2020-08-01
RFA

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន ចូលរួម​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន ចូលរួម​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo Provided


ប៉ូលិស និង​អាជ្ញាធរ រារាំង​ពលរដ្ឋ មិន​ឲ្យ​ឈរ​តវ៉ា លើក​បដា ស្រែក​ទាមទារ សុំ​ដោះលែង លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ទេ នៅ​ថ្ងៃ​ទី​០១ សីហា នេះ​។ ក្រុម​អ្នក​តវ៉ា​ថ្កោលទោស ចំពោះ​ការរារាំង​នេះ និង​ទទូច​ឲ្យ​ដោះលែង លោក រ៉ុង ឈុន ដោយ​គ្មាន​លក្ខខណ្ឌ។ មន្ត្រី​តុលាការ​ឲ្យ​ដឹង​ថា តុលាការ​សម្រេច​ឃុំខ្លួន លោក រ៉ុង ឈុន ជា​បណ្តោះអាសន្ន​ហើយ នៅ​ពន្ធនាគារ​ព្រៃ​ស ម១ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ពលរដ្ឋ​ច្រើន​នាក់ នាំគ្នា​ស្រែក​តវ៉ា​ទាមទារ ឲ្យ​ដោះលែង លោក រ៉ុង ឈុន តាំង​ពី​ព្រឹក​ព្រលឹម រហូត ដល់​ព្រលប់ នៅ​ក្រុងភ្នំពេញ​។ យ៉ាងហោចណាស់​ក៏​មាន ពលរដ្ឋ និង​គ្រូបង្រៀន ប្រមាណ​៥០​នាក់ ជួបជុំគ្នា តាំងពី​ម៉ោង​៨​ព្រឹក នៅ​ម្ខាង​ផ្លូវ​មុខ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ផ្លូវ​ជាសុផារ៉ា ដោយសារ កងកម្លាំង​ប៉ូលិស​ច្រើន​លើសលប់ ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅមុខ​ស្នងការដ្ឋាន ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​អ្នក​តវ៉ា។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ប្រាប់​អាស៊ីសេរី​ថា ការ​តវ៉ា​នៅ​ម្ខាង​ផ្លូវ​មុខ​ស្នងការដ្ឋាន មិន​រង​ការ​បង្ក្រាប​ទេ តែ​នៅ​ម៉ោងជាង​១០​ព្រឹក ក្រុម​អ្នក​តវ៉ា​ទទួល​បាន​ព័ត៌មាន​ថា ប៉ូលិស​បញ្ជូន លោក រ៉ុង ឈុន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ក្រុម​អ្នក​តវ៉ា នាំគ្នា​មក​ទាមទារ​នៅមុខ​សាលាដំបូង​វិញ។ អ្នកស្រី​ប្រាប់​ថា នៅ​មុខ​សាលាដំបូង ក៏​មាន​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង​ពង្រាយ​នៅមុខ​តុលាការ​ដែរ ដូច្នេះ​ក្រុម​អ្នកតវ៉ា​អាច​ឈរ​បាន​ត្រឹម​នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​តុលាការ។អ្នកស្រី អះអាង​ថា ពលរដ្ឋ កម្មករ គ្រូបង្រៀន បាន​នាំ​គ្នា តវ៉ា​ទាំង​ភ្លៀង នៅមុខ​តុលាការ​ហើយ​ដំបូង​ឡើយ​អាជ្ញាធរ បាន​ឆក់​បដា ពី​យុវជន និង​ហាម​មិន​ឲ្យ​ស្រែក​តវ៉ា​ដោះលែង លោក រ៉ុង ឈុន ទេ។ប៉ុន្តែ​ក្រោយ​ពេល​កម្មករ និង​គ្រូបង្រៀន មក​តវ៉ា​កាន់តែ​ច្រើន រហូត​ជាង​មួយ​រយ (១០០)​នាក់ អាជ្ញាធរ ហាមឃាត់​លែង​បាន៖ «កាលពី​ព្រឹក​មិញ ដោយសារតែ មនុស្ស​យើង បួន ដប់ ម្ភៃ សាមសិប​នាក់ យើង​ឃើញ​ថា កូនក្មេង​ក៏​គេ​មក​ចាប់​ហែក​សារ ដាក់​ថា ដោះលែង លោក រ៉ុង ឈុន វិញ​ហ្នឹង មិន​ឲ្យ​យើង​លើក គេ​ខ្លាច​សូម្បី​ក្រដាស​ប៉ុន​បាតដៃ​។ ប៉ុន្តែ​ពេល​ឥឡូវនេះ មាន​កម្មករ មាន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ដែល​គាត់​រួចរាល់​ពី​ការងារ​ហ្នឹង ចូលរួម​កាន់តែ​ច្រើន​ឡើង ចូលរួម​ប្រហែលជា​១០០​នាក់​ហើយ ដូច្នេះ​ឃើញ​ថា មាន​ការ​លើក​បដា​វិញ»

ក្រៅពី​ពង្រាង​កងកម្លាំង​ប្រដាប់ ដោយ​អាវុធ​គ្រប់​ដៃ នៅ​ខាងមុខ​តុលាការ​ហើយ​នោះ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា ច្រើន​នាក់ ទប់​ទល់នឹង​ក្រុម​តវ៉ា​នៅ​ម្ខាង​ផ្លូវ ទល់មុខ​តុលាការ ហើយ​អាជ្ញាធរ បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ព្យាយាម​ឲ្យ​ក្រុម​អ្នក​តវ៉ា​បំបែក​គ្នា បញ្ឈប់​សកម្មភាព​តវ៉ា តែ​ពលរដ្ឋ មិន​ព្រម និង​នៅតែ​បន្ត​ស្រែក​កាន់តែ​ខ្លាំង ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន។ «»

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក លោក នី សុខា ដែល​ចូលរួម​ឃ្លាំមើល​ការ​តវ៉ា​នៅមុខ​តុលាការ ឲ្យ​ដឹង​ថា មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ដោយសារ អាជ្ញាធរ​ព្យាយាម​កញ្ឆក់​បដា និង​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​អ្នក​តវ៉ា​រំសាយ តែ​មិន​បង្ក​ឲ្យ​មាន​ហិង្សា​ទេ​។ លោក ថា អាជ្ញាធរ​ប្រុង​ជើង​ការ​ធ្វើ​សកម្មភាព​បំបែក​ក្រុម​​អ្នក​តវ៉ា នៅមុខ​តុលាការ​គ្រប់​ពេល។

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ អះអាង​ថា ការ​តវ៉ា​ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជា​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ពលរដ្ឋ​។ លោក ចង់​ឲ្យ​អាជ្ញាធរ បញ្ឈប់​សកម្មភាព គំរាមកំហែង​ក្នុង​រូបភាព ត្រៀមខ្លួន​បង្ក្រាប ហើយ​ត្រូវ​ជួយ​សម្រួល​ការពារ ដល់​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់៖ «ខ្ញុំ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ (​អាជ្ញាធរ​គួរតែ​កុំ​ត្រៀមខ្លួន​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​តវ៉ា គួរតែ​ត្រៀមខ្លួន​ការពារ​ទៅដល់​សុវត្ថិភាព ទៅដល់​សន្តិសុខ​អ្នក​តវ៉ា អាហ្នឹង វា​ជា​រឿង​មួយ​ប្រសើរ ដើម្បី​ធានា​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​លោក​អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន»

ចំណែក​ក្រុម​អង្គការ សមាគម និង​គណបក្ស​នយោបាយ ក៏​នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​ថ្កោលទោស​ការ​ចាប់ខ្លួន និង​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន ជាបន្ទាន់ នៅ​ថ្ងៃ​ទី​០១ សីហា​។ ក្រុម​អង្គការ​សមាគម និង​គណបក្ស​នយោបាយ​ទាំងនោះ មាន​ដូចជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា សមាគម​អ្នក​ស្រលាញ់​បរិស្ថាន និង​សង្គម ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម។ក្រុម​អ្នកឃ្លាំមើល​ទាំងនោះ ខ្លះ​បាន​ចោទ​ថា របប​ក្រុងភ្នំពេញ​រំលោភ​ច្បាប់ ហើយ​សម្រុក​ចាប់ខ្លួន លោក រ៉ុង ឈុន ទាំង​កម្រោល ដើម្បី​បំបាក់​ស្មារតី គំរាមកំហែង កុំ​ឲ្យ​ហ៊ាន​ងើប​តវ៉ា និង​រិះគន់​បញ្ហា​ព្រំដែន​។ ជុំវិញ​ការ​ចាប់​ខ្លួន លោក រ៉ុង ឈុន នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១ សីហា ដោយសារ ទូរស័ព្ទ​ច្រើនដង លោក​មិន​ទទួល។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បញ្ជាក់ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ លោក សេង ហៀង បាន​ចោទប្រកាន់ លោក រ៉ុង ឈុន ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ នៅ​រសៀល​ថ្ងៃ​ទី​០១ សីហា​។ ប៉ុន្តែ លោក គុជ គឹម​ឡុង មិន​បញ្ជាក់​ថា នរណា​ជាដើម​បណ្ដឹង​ទេ។

របប​ក្រុងភ្នំពេញ បាន​សម្រុក​ចូល ចាប់ខ្លួន លោក រ៉ុង ឈុន នៅ​យប់​ថ្ងៃទី​៣១ កក្កដា ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​ចោទ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ដោយ​ញុះញង់ ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​។​

មុន​ពេល​ឃាត់ខ្លួន លោក រ៉ុង ឈុន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា វៀតណាម នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ពី​លទ្ធផល​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​២១ កក្កដា​។ នៅ​ថ្ងៃ​ទី ៣១ កក្កដា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចោទ​ថា លោក រ៉ុង ឈុន ញុះញង់​ពី​ការ​បោះបង្គោល​ព្រំដែន​ថ្មី​រវាង កម្ពុជា វៀតណាម ចូល​មក​ដី​កម្ពុជា ប្រហែល​ប្រាំ​រយ (៥០០)​ម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នកឃ្លាំមើល​ថា អាជ្ញាធរ​រារាំង និង​គំរាម​បង្ក្រាប​អ្នក​តវ៉ា​ឲ្យ​ដោះលែង លោក រ៉ុង ឈុន"

  1. so socheath says:

    ឃើញមេធាវីការពារក្តី ឲ្យ រ៉ុងឈុន និយាយដូចធូរខ្សុយពេក
    ថាឲ្យខ្លះទៅ !
    *******
    ខំប្រឹង ជួយដោះបន្ទុកទៅ សំ សុខគង់ !
    ឈរស្រែកវាអត់បានការស្អីទេ !
    មិនខុស គេមិនចាប់ខ្លួន រ៉ុង ឈុនទេ ។ វាជារឿង បូរណ ភាពដែនដី
    ទាក់ទងនឹងអធិបតេយ្យភាពជាតិ កុំគឹតស្រាល ឲ្យសោះ សំ សុខគង់ !
    ស្អី ! រាជរដ្ឋាភិបាល កម្ពុជា ជា អ្នក បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន
    របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺ និងប្រាប់ការពិត កុំឱ្យ ប្រជាពលរដ្ឋយល់ច្រលំ
    ករណីព្រំដែននេះគឺគ្រប់ហើយ មិនចាំបាច់ ចាប់ចងនិង ចោទប្រកាន់ ដូច្នេះ ទេ ?
    អីដូចងាយម្លេះ សំ សុគង់ ?
    គំនឹតរាក់កំផែល និយាយឲ្យតែរួចពីមាត់អញ្ចឹងតើ បានដោះក្តីមួយណា
    ឃើញតែបរាជ័យរហូត ?

  2. so socheath says:

    អា អ៊ុំ សំអាន វាកំពុងរុញអារ៉ុង ឈុន ឲ្យជាប់គុក កាន់តែយូរ ព្រោះថា
    វាចូលក្នុងបទឧក្រិដ្ឋ សម្រាប់ទោសក្បត់ជាតិ ហើយ ។
    វាស្របគ្នាណាស់ជាមួយសម្លេងស្រែលកញ្ជ្រាវរបស់អារ៉ុង ឈុនផ្ទាល់
    ទាក់ទងនឹងពាក្យថា ឱ្យ​ពលរដ្ឋ​ងើប​ឡើង​តស៊ូ របស់អារ៉ុងឈុន
    ក្រោយចេញពីអង្គសវនាការបស់តុលាការដែរ ។
    អញ្ចឹងទេ ឃើញមេធាវីការពារក្តី ឲ្យ រ៉ុងឈុន និយាយដូចធូរខ្សុយពេក
    ខ្ញុំក៏ថាឲ្យខ្លះទៅ !
    ខំប្រឹង ជួយដោះបន្ទុកទៅ សំ សុខគង់ !
    ឈរស្រែកវាអត់បានការស្អីទេ !
    មិនខុស គេមិនចាប់ខ្លួន អារ៉ុង ឈុនទេ ។ វាជារឿង បូរណ ភាពដែនដី
    ទាក់ទងនឹងអធិបតេយ្យភាពជាតិ កុំគឹតស្រាល ឲ្យសោះ សំ សុខគង់ !
    ស្អី ! រាជរដ្ឋាភិបាល កម្ពុជា ជា អ្នក បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន
    របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺ និងប្រាប់ការពិត កុំឱ្យ ប្រជាពលរដ្ឋយល់ច្រលំ ករណីព្រំដែននេះ
    គឺគ្រប់ហើយ មិនចាំបាច់ ចាប់ចងនិង ចោទប្រកាន់ ដូច្នេះ ទេ ?
    អីដូចងាយម្លេះ សំ សុគង់ ?
    គំនឹតរាក់កំផែល និយាយឲ្យតែរួចពីមាត់អញ្ចឹងតើ បានដោះក្តីមួយណា
    ឃើញតែបរាជ័យរហូត ?

Leave a Reply

Submit Comment