ប៉ូលិស​មិនទាន់​ចាប់ខ្លួន​មន្ត្រី​យោធា​ដែល​បើកឡាន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់​កាល​ពី ជិត​៤​ខែ​មុន

ដោយ អាស៊ីសេរី
2020-08-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។

រូបភាព​ពី​វីឌូអូ ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ​របស់​កម្មករ ហើយ​រូប​ជន​រងគ្រោះ​ដេក​ស្លាប់​ក្បែរ​រថយន្ត មុន​នឹង​អ្នក​បើកបរ​គេច​ខ្លួន។ រូប៖ ហ្វេសប៊ុក​ឈ្មោះ​ឧត្ដមសេនីយ៍ ទី ចំរើន​កុសល


ស្នងការ​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច នៅ​មិនទាន់​រក​ឃើញ​និង​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នេះ បាន​បើក​រថយន្ត​ទំនើប​របស់​ខ្លួន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់ ហើយ​រត់គេច កាលពី​ជិត ៤​ខែ​មុន។ មន្ត្រី​សង្គម​ស៊ីវិល​ជឿ​ថា ប្រសិនបើ​សមត្ថកិច្ច និង​តុលាការ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​លុបបំបាត់​វប្បធម៌​បុក​ហើយ​រត់ គឺ​ជន​បង្ក នឹង​មិន​អាច​គេច​ខ្លួន​បាន​ទេ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ដូច​លើក​មុន ថា សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន​មន្ត្រី​យោធា ឈ្មោះ ឈុន សារ៉េត ដដែល ទោះ​បីជា​គ្រួសារ​ជន​បង្ក​បាន​បង់​សំណង​ជូន​គ្រួសារ​ជនរងគ្រោះ​រួចហើយ​ក្តី​។ ទោះ​យ៉ាងណា លោក ឆាយ គឹមខឿន អះអាង​ថា មកទល់​ពល​នេះ សមត្ថកិច្ច នៅតែ​មិនទាន់​រក​ឃើញ​តម្រុយ ឬ​កន្លែង​លាក់ខ្លួន​របស់ លោក ឈុន សារ៉េត នៅ​ឡើយ។ «»

លោក ឆាយ គឹមខឿន តែង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​នៅ​ពេល​អាស៊ីសេរី សួរនាំ​អំពី​ករណី គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ ដោយ​លោក​ចាត់ទុក​ថា គឺជា​រឿង​តូចតាច។

កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែ​មេសា មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ លោក ឈុន សារ៉េត បាន​បើក​ថយន្ត​ម៉ាក​ហ្វត (Ford) បុក​ម៉ូតូ​របស់​បុរស​កម្មករ​រោងចក្រ​ម្នាក់​អាយុ ៣០​ឆ្នាំ បណ្ដាល​ឱ្យ​ស្លាប់​។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ វីដេអូ​ឃ្លីប​ដែល​គេ​ថត​បាន​ពី​ហេតុការណ៍​នោះ បង្ហាញ​ថា ពេល​បុក​ម៉ូតូ​ជនរងគ្រោះ​រួច​ហើយ​នោះ ម្ចាស់​រថយន្ត​ជាម​ន្ត្រី​យោធា បាន​ចុះទៅ​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ទៅ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡានពេទ្យ​ឱ្យ​ទៅ​ជួយ​សង្គ្រោះ​ឡើយ គឺ​ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង។

ក្រោយ​កើតហេតុ គ្រួសារ​ជន​បង្ក បាន​ព្យាយាម​ចរចា​ផ្ដល់​សំណង ៣​ពាន់​ដុល្លារ ដល់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ​មិន​ព្រម និង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទីបំផុត​គ្រួសារ​ជន​បង្ក សម្រេច​ផ្ដល់​សំណង​១​ម៉ឺន ៥​ពាន់​ដុល្លារ និង​ឱ្យ​គ្រួសារ​ជនរងគ្រោះ ដក​បណ្ដឹង​ចេញពី​តុលាការ​នោះ​វិញ កាល​ពី​ដើម​ខែ​មិថុនា។ ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​លោកស្រី សិន ថា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​ទទួល​យក​សំណង​នេះ គឺជា​ការបង្ខំចិត្ត ព្រោះ​លោកស្រី គ្មាន​ជំនឿ​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​សាលាដំបូង​រាជ ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រីឯ​ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ លើកឡើង​ថា ប្រសិនបើ សមត្ថកិច្ច និង​តុលាការ ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា ដោយ​មិន​យោគយល់ គ្មាន​បក្ខពួក និង​គ្មាន​រឿង​លាក់បាំង​នៅ​ពីក្រោយ​នោះ លោក ជឿជាក់​ថា ជនល្មើស មិន​អាច​រត់គេច​ទៅ​ណា​រួច​នោះ​ទេ។ «»

ច្បាប់​ចរាចរណ៍​ថ្មី មាត្រា​៨៥ ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០ លាន​រៀល​។ ករណី​ជន​បង្ក​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ។

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល កត់សម្គាល់​ថា បើ​ទោះ​បី​ជា​ច្បាប់​ចែង​ពី​ការ​ដាក់ទោស​ធ្ងន់ធ្ងរ​បែប នេះ​ក្តី ក៏​ការ​ផ្ដន្ទាទោស​កម្រ​កើត​មាន​ណាស់ ប្រសិនបើ​ជន​បង្ក គឺជា​អ្នកមាន​លុយ​និង​មានអំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ប៉ូលិស​មិនទាន់​ចាប់ខ្លួន​មន្ត្រី​យោធា​ដែល​បើកឡាន​បុក​ពលរដ្ឋ​ម្នាក់​ស្លាប់​កាល​ពី ជិត​៤​ខែ​មុន"

  1. Anonymous says:

    Believe me’ they won’t catch or jail their friends or their boss’ in this country’ if this case ask so socheat ‘

  2. Anonymous says:

    yes some article that those animal SO SOCHEATH can not say nothing about it he just skip it this animal go on another page start his animal word like his mother KADOUY so sad he never mentioning about his father KADOR because he have born without his father KADOR

Leave a Reply

Submit Comment