មនុស្ស​១១​នាក់​​ជា​​សាច់​ញាតិ​​អ្នក​​រត់​ចេញ​​ពី​​មណ្ឌល​​ចត្តា​ឡី​ស័​ក​ខេត្ត​ព្រៃ​វែង​ ត្រូវ​​បាន​​ដាក់​ឱ្យ​នៅ​​ក្រោម​​ការ​​តាម​ដាន​​សុខភាព

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
ពេជ្រ សុធារី | ០៥ សីហា ២០២០ |ម៉ោង ១៤:៣៤
VOD

បុរសទាំងពីរនាក់ដែលរត់គេចចេញពីមណ្ឌលចត្តាឡីស័កខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចរកឃើញនៅគេហដ្ឋានរបស់ពួកគេផ្ទាល់កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង/CGNP)

បុរសទាំងពីរនាក់ដែលរត់គេចចេញពីមណ្ឌលចត្តាឡីស័កខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចរកឃើញនៅគេហដ្ឋានរបស់ពួកគេផ្ទាល់កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង/CGNP)


​មន្ត្រី​សុខាភិបាលនិង​អាជ្ញាធរ​ខេត្តព្រៃវែង បានសម្រេច​ឱ្យមនុស្ស​ចំនួន១១នាក់ជា​សាច់ញាតិ​របស់​បុរស​ពីរ​នាក់​ដែល​រត់គេច​ចេញពី​មណ្ឌល​ចត្តាឡីស័​កនោះ ត្រូវ​ធ្វើ​ចត្តាឡីស័​កនៅ​មូលដ្ឋាន​របស់​ពួក​គេ ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូ​វីដ១៩។

កាលពី​ថ្ងៃទី៣ ខែសីហា មាន​បុរស​ខ្មែរ​ពីរ​នាក់ដែល​បន្ត​ជើងហោះហើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្តព្រៃវែង ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រក​ឃើញ​នៅផ្ទះ​របស់​ពួក​គេនៅ​យប់​ថ្ងៃ​ដដែល​នោះ។ ពួក​គេ​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែកក្កដា និង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័​កនៅ​ខេត្តព្រៃវែង ជាទី​ដែល​ពួក​គេ​រស់នៅ។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង លោក ហ៊ន់ រិទ្ធ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី៤ ខែសីហា​ថា ក្រោយពី​បាន​នាំ​ខ្លួន​បុរស​ទាំងពីរ​នាក់​នេះមក​កន្លែង​ចត្តាឡីស័​កវិញនិង​ធ្វើការ​សាកសួរ​រួចមក ក្រុម​ការ​ងារ​ចត្តាឡីស័​កបានសម្រេច​មិន​ផាកពិន័យ​ពួក​គេ​ទេ ដោយសារតែ​ពួក​គេ​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ​ឡើងវិញ។ 

លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​ដែល​បុរស​ទាំងពីរ​បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​ក ពួក​គេបាន​ជួបនិង​ប៉ះពាល់​ជាមួយ​សាច់ញាតិ​របស់​ពួក​គេ​ចំនួន១១នាក់ រួមមាន ម្តាយ អ៊ុំ​ស្រី ភរិយា កូន និង​បងប្អូន​ជាដើម ដែល​ករណីនេះ ក្រុមការងារ​បានសម្រេច​ឱ្យ​អ្នក​ទាំងនោះ​ស្ថិតនៅ​ក្រោម​ការ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​ថ្នាក់​ស្រុក។

លោក ហ៊ន់ រិទ្ធ បាន​បញ្ជាក់​ថា៖ «មន្ត្រី​សុខាភិបាល​យើង​នឹង​ធ្វើការ​តាមដាន​សុខភាព​ពួក​គេ​[អ្នក​ទាំង១១នាក់​]ជាប្រចាំនិង​តម្រូវឱ្យធ្វើ​ចត្តាឡីស័​កនៅ​ថ្នាក់​ស្រុក ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​នេះ»។

អភិបាលរងខេត្ត​ព្រៃវែង លោក ចាន់ ថា មានប្រសាសន៍​ថា បើ​តាម​ចម្លើយ​របស់​បុរស​ទាំងពីរ​នាក់​នោះ គឺ​កាលដែល​ពួក​គេ​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនោះ ដោយសារតែ​ពួក​គេ​បាន​ធ្វើតេស្ត​បីដង​មក​ហើយ ហើយ​លទ្ធផល​អវិជ្ជមាន។ 

តែ​យ៉ាងណា លោក​ថា៖ «ពួក​គាត់​មិន​យល់​អំពី​កាតព្វកិច្ច​របស់​ខ្លួន ពួក​គាត់​មាន​កាតព្វកិច្ច​នៅ​ធ្វើ​ចត្តាឡីស័​កឱ្យ​គ្រប់​ចំនួន​ថ្ងៃ​[១៤ថ្ងៃ​]តាម​ការណែនាំ​របស់ក្រ​សួង ប៉ុន្តែ​ពួក​គាត់​ធ្វេសប្រហែស ហើយនិង​ព្រហើន​[…] គាត់​អាង​ថា​យក​សំណាក៣ដង​ហើយ ឃើញ​អវជ្ជិ​មាន​រហូត ដូច្នេះ​គាត់​យល់ថា​គាត់​អត់មាន​ជំងឺ​នេះ ហើយ​គាត់​រត់ចេញ»។

លោកស្រី ឱ វណ្ណ​ឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ធ្វើ​ចត្តាឡីស័​ក ត្រូវ​មានការ​អត់ធ្មត់និង​អនុវត្ត​តាម​គោលការណ៍​វិធាន​សុខាភិបាល ដើម្បី​សុខភាព​ផ្ទាល់ខ្លួននិង​ឱ្យ​ប្រាកដ​ថា ខ្លួន​មិន​ពាំនាំ​នូវ​វីរុស​កូ​វីដ១៩ទៅ​ចម្លង​ដល់​ក្រុម​គ្រួសារនិង​សហគមន៍។

លោកស្រី​ថ្លែង​ថា៖ «ដូច្នេះ​បើសិនជា​បងប្អូន​ព្យាយាម​រត់គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​កនេះ គឺជា​កំហុសឆ្គង ហើយ​អាជ្ញាធរនិង​មន្ទីរ​សុខាភិបាល នឹង​ធ្វើការ​សួរនាំនិង​វាយតម្លៃ​ទៅតាម​កម្រិតនិង​ទំហំ​នៃ​ទង្វើ​របស់​បងប្អូន»។

អ្នកនាំពាក្យ​រូប​នេះ បាន​ឱ្យដឹង​ដែរ​ថា បើ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដែល​មាន​ចែង​ពីវិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងនិង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ​តាម​ច្រកចេញ​ចូល គឺ​អ្នក​ដែល​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​អន្តរការណ៍​នូវ​ទឹកប្រាក់​ពី២សែន​រៀលទៅ១លាន​រៀលទៅតាម​ទំហំ​នៃ​បទល្មើស ហើយ​ក្នុងករណី​អ្នក​ដែល​រត់​ពី​មណ្ឌល​ចត្តាឡីស័​កមាន​ផ្ទុក​វីរុស​កូ​វីដ១៩ដែល​អាច​មានលទ្ធភាព​ចម្លង​ទៅ​អ្នកដទៃ​ក្នុង​សហគមន៍ នឹង​ត្រូវ​ចាត់​ចូលក្នុង​បទល្មើស​ព្រហ្មទណ្ឌ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles