ស្ត្រី​២​នាក់​​បាន​​រង​​របួស​ពេល​​អាជ្ញាធរ​​បំបែក​​ការ​​តវ៉ា​​ទាម​ទារ​​ដោះ​លែង​​លោក​ រ៉ុង​ ឈុន​

ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |០៥ សីហា ២០២០ |ម៉ោង ១៧:០២
VOD

យុវតីម្នាក់ដែលរងរបួសនៅពេលមានការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ៧មករា ខណៈដែលក្រុមអ្នកតវ៉ាព្យាយាមហែក្បួនពីម្ដុំផ្សារអូឡាំពិកឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារទៅតុលាការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

យុវតីម្នាក់ដែលរងរបួសនៅពេលមានការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ៧មករា ខណៈដែលក្រុមអ្នកតវ៉ាព្យាយាមហែក្បួនពីម្ដុំផ្សារអូឡាំពិកឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារទៅតុលាការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


​យុវតី២នាក់បាន​រង​របួសក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ខណ្ឌ៧មករានៅ​ក្បែរ​វត្ត​មហាមន្ត្រី ខណៈ​ដែល​ពួក​គេនិង​ពលរដ្ឋ​ប្រមាណ២០នាក់​ទៀត បាន​ព្យាយាម​ដើរឆ្ពោះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យមានការ​ដោះលែងលោក រ៉ុង ឈុន។ 

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

កញ្ញា ជា គន្ធី​ន ជា​យុវតី​ម្នាក់​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កញ្ញា​រួម​នឹង​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ផ្សារ​អូ​ឡាំពិ​ក ហើយ​មានបំណង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យមានការ​ដោះលែង​លោក រ៉ុង ឈុន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ខណ្ឌ​មករា​រាំងនិង​បំបែក​ការ​ដើរ​ហែក្បួន​នោះ។ 

កញ្ញា​ថា៖ «គាត់​[អាជ្ញាធរ​ខណ្ឌ​]ទាត់​ចង់​បាក់ឆ្អឹង​ក្មេងស្រី​ម្នាក់។ សូម​អង្គការ​អន្តរជាតិ​អន្តរាគមន៍​មក​អាជ្ញាធរ​ខ្មែរ​ផង ពួក​គាត់ស៊ីប្រាក់ខែ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ​ តែ​បែរជា​គាត់​ប្រើ​សិទ្ធិ​អំណាច​ពួក​គាត់​មក​វាយ​ប្រជាពលរដ្ឋ មក​វាយ​ក្មេងស្រី។ ខ្ញុំ​ជា​ក្មេងស្រី​ទើបនឹង​ធំ​ទេ តែ​ត្រូវ​អាជ្ញាធរ​ទាត់៣ទៅ៤ជើង​ ហើយ​ចាប់​គ្រវីគ្រវាត់ ត្រូវ​ជើង ត្រូវ​ភ្លៅ ហើយ​ដៃ​ក៏​ត្រូវ​ដែរ»។

កញ្ញា សូ មេត្តា ជា​យុវតី​ម្នាក់ទៀត​ដែលចូលរួម​ការ​ប្រមូល​ផ្តុំនិង​ដើរ​ហែក្បួន​នោះ​ដែរ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខណ្ឌ​ដែល​ប្រើ​ហិង្សា រុញច្រាន និង​រារាំង​មិន​ឱ្យ​ពួក​គាត់​តវ៉ា​ដោយសន្តិវិធី​បែបនេះ។

កញ្ញា​និយាយ​ថា៖ «ពួក​យើង​ជា​ស្ត្រី ហើយ​យើង​មក​តវ៉ា​នេះ ដើម្បី​ទាមទារ​ដោះលែង​លោកគ្រូ រ៉ុង ឈុន យើង​ធ្វើ​នេះដោយ​អហិង្សា យើងមិន​មែន​មក​បង្ក​ហិង្សា​ទេ តែ​ខាង​អាជ្ញាធរ​ព្យាយាម​រុញច្រាន បំពាន​មក​លើ​ពួក​យើងជា​ស្ត្រី គាត់​មក​ចាប់​អូស មក​ចាប់​ទាត់ គាត់​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ខ្ញុំ​សុំ​ថ្កោលទោស​អាជ្ញាធរ ខ្ញុំ​មិន​អាច​ទទួលយក​បានទេ»។

អភិបាលខណ្ឌ៧មករា លោក លឹម សុភា មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ ខណៈ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​បដិសេធ​ឆ្លើយតប​ដោយ​ប្រាប់​ថា​ជាប់​ប្រជុំ។ ចំណែកសន្តិសុខ​ខណ្ឌ៧មករានិង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិលដែល​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​យ៉ាង​ខ្លី​ថា ការរារាំង​នេះធ្វើឡើង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ 

កាលពី​ថ្ងៃ​ចន្ទ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្តី​ណែនាំ​ថា រាល់​ការ​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្របតាម​ច្បាប់និង​ការណែនាំ​នានាស្តី​ពីការ​បង្ការ​-ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លង​វីរុស​កូ​វីដ១៩ ហើយ​ក្នុងករណី​គ្មាន​ការ​ជូនដំណឹង​ជាមុន ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញាធរ​មានសមត្ថកិច្ចត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាធរមាន។ 

រដ្ឋបាល​រាជធានី​ភ្នំពេញក៏បាន​ចាត់ទុក​សកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាស​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។ 

ប្រធាន​ផ្នែក​សិទ្ធិមនុស្សនិង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា ចាត់ទុក​ការរារាំង បំបែក និង​ប្រើ​ហិង្សា​របស់​អាជ្ញាធរទៅលើ​ក្រុម​យុវជន​និង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ដោយសន្តិវិធី​នោះ​ថា ជាការ​រំលោភសិទ្ធិ​មនុស្ស​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក​ថា៖ «ដូច្នេះ​ការ​ជួបជុំ​ ការ​ប្រមូលផ្ដុំ ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី គឺ​សុទ្ធតែ​ជា​សិទ្ធិ​សេរីភាព​មួយ​ដែល​មាននៅ​ក្នុង​ផ្លូវច្បាប់។ ដូច្នេះ បើសិនជា​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ហ្នឹងត្រូវ​បាន​ទទួលរង​នូវ​ការ​រឹតត្បិតនិង​រំលោភបំពាន អាហ្នឹងយើង​គិតថា​ ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​នៅ​កម្ពុជា​យើង​ហ្នឹង»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles