អាជ្ញាធរ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ៨អង្គ ទៅ​ខេត្ត​បាត់ដំបង​វិញ រីឯ ២អង្គ​ទៀត​គ្មាន​​ដំណឹង

ដោយ ខែ សុណង
2020-08-05
RFA

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ស្រប​ពេល​ដែល​ព្រះសង្ឃ ២អង្គ​ផ្សេង​ទៀត​បាន​បាត់​ដំណឹង បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ព្រះ​កាយ​ព្រះអង្គ​មួយ​យប់​នៅ​រាជធានី​ភ្នំពេញ។ ក្រុម​យុវជន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុស​ច្បាប់។

តំណាង​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែង​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ​នៅ​វត្តបទុមវតី​អស់​ជា​ច្រើន​ម៉ោង ទើប​បញ្ជូន​ព្រះអង្គ​តាម​រថយន្ត​ទៅ​ខេត្ត​បាត់ដំបង​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​បាន​ដកហូត​ទូរស័ព្ទ​របស់​ព្រះសង្ឃ​ទាំង ៨អង្គ ទុក​នៅ​វត្តបទុមវតី ហើយ​ព្យាយាម​រារាំង​ពួក​លោក​មិន​ឱ្យ​ចូល​ទៅ​មើល​ព្រះអង្គ​ក្នុង​វត្ត​នេះ​ឡើយ៖ «ហើយ​បន្ទាប់​មក​យើង​បាន​សួរ​អាជ្ញាធរ​ថា មាន​ឃើញ​ព្រះសង្ឃ​នៅ​ក្នុង​ហ្នឹង​គាត់​អត់​បាន​ឆ្លើយឆ្លង​ទេ ប៉ុន្តែ​គាត់​រុញច្រាន​គាត់​ព្យាយាម​បណ្ដេញ​ពួក​យើង​ចេញ ហើយ​មាន​ការ​ប្រតាយប្រតប់​ជាមួយ​យុវជន​យើង​ទៀត ហើយ​ក្ដិច​គាត់​ឡើង​ជាំ​ដៃ។ រដ្ឋាភិបាល​ដូច​ឥទ្ធិពល​របស់​ព្រះសង្ឃ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​សង្គម​ហ្នឹងហើយ​ក៏​ប្រើប្រាស់​គ្រប់​មធ្យោបាយ ជា​ពិសេស ក្រសួង​ធម្មការ និង​សាសនា​ហ្នឹង ដើម្បី​ដាក់​សម្ពាធ​សព្វ​បែប​យ៉ាង​កុំ​ឱ្យ​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម ជាពិសេស​ទាមទារ​ឱ្យ​ដោះលែង​លោ​ករ៉ុង ឈុន ហ្នឹង»។

លោក ហ៊ុន វណ្ណៈ ឱ្យ​ដឹង​ទៀត​ថា មាន​ព្រះសង្ឃ​ឯករាជ្យ ២ អង្គ គឺ​ព្រះ​តេជគុណ ប៊ូ បេត និង​ព្រះអង្គ សុវណ្ណឌី បាន​បាត់​ដំណឹង​តាំងពី​យប់​រហូតមកដល់​ម៉ោង ៤រសៀល​ថ្ងៃ​ទី៥ សីហា ពុំ​ដឹង​អាជ្ញាធរ​បញ្ជូន​ព្រះអង្គ​ទៅ​កន្លែងណា​នៅឡើយ​ទេ។

មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨អង្គ​នៅ​វត្ត​ប្រយូរវង្ស ក្នុង​ខណ្ឌ​ចំការ​មន នៅ​ពេល​ព្រះអង្គ​កំពុង​គង់​នៅ​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក រ៉ុង ឈុន វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ជំនួយការ​ព្រះមេ​គុណ រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សំ​អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​បាន​ដឹង​ថា បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ទាំង ២អង្គ​នោះ គង់នៅ​កន្លែងណា​នោះ​ទេ។ ចំណែក​ព្រះសង្ឃ ខ្មែរ​ថាវរៈ ទាំង ៨អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ​ដោយ​សុវត្ថិភាព​ហើយ។ ព្រះអង្គ បញ្ជាក់​ថា មូលហេតុ​ដែល​បញ្ជូន​ព្រះសង្ឃ​ទាំងនោះ​ទៅ​ខេត្ត​បាត់ដំបង​វិញ ដោយសារ​ព្រះអង្គ​បាន​ចាក​ចេញ​ពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា៖ «អាត្មា​ដឹង​តែ ៨អង្គ​នេះ​ទេ ណែនាំ​អប់រំ​ធម៌​វិន័យ​របស់​អ្នកបួស​ក្នុង​កិច្ច​ចូល​ព្រះវស្សា ដោយ​មិន​និមន្ត​ទៅ​ទី អគោចរ ដោយ​មិន​មានការ​និមន្ត ហើយ​មិន​អាច​សុំ​និមន្ត​ទៅដើរ​លែង​អី​បានទេ។ ទាល់តែ​មាន​កិច្ច​រវល់​ដូចជា​ញោម​ឈឺ ឬ​ព្រះ​ឧបជ្ឈា​ឈឺ​អី​ជា​រឿង​សំខាន់ ឬ​កិច្ច​រាជការ​និមន្ត​អី បាន​អាច​និមន្ត​បាន​ក្នុង​វស្សា លើក​សត្តាហៈ​ករណីយ​បាន»

អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួងធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បន្ថែម​ពី​ការ​បាត់​ព្រះ​កាយ​ព្រះសង្ឃ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ការ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ដោយសារ​តែ​ក្រុម​ព្រះ​សង្ឃ​ចូលរួម​តវ៉ា​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រោះ​ការ​តវ៉ា​នេះ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ដូច្នេះ ព្រះសង្ឃ​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ៖ «ការ​ដែល​លើក​ឡើង​អំពី​ថា​នេះ​ការ​ចូល​ព្រះវស្សា​ការ​អី​ហ្នឹង​ខ្ញុំ​គិត​ថា នេះ​គ្រាន់តែ​ជា លេស​ទេ​មិន​មែន​ជា​រឿង​ពិត​ទេ។ រឿង​ពិត​គឺ​ថា វា​មាន​មូលហេតុ​របស់​វា គឺ​ដោយសារ​ព្រះសង្ឃ​លោក​ចូល​ក្នុង​ការ​ទាមទារ ទើប​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​អ៊ីចឹង ខ្ញុំ​គិត​អ្វី​ដែល​ធ្វើ​នេះ ជា​ការ​មួយ​សំដៅ​ដល់​ការ​រឹតត្បិត​ទៅដល់​សេរីភាព​របស់​ព្រះសង្ឃ​ហើយ»

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង ៨អង្គ គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ទៅ​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន​ប្រមាណ ១០០នាក់​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំងពី​ថ្ងៃ​ទី២ សីហា​រហូត​មក៕

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles