សហភាព​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​ចាប់​ផ្តើម​គិត​ពន្ធ​លើ​ទំនិញ​កម្ពុជា​២០% តែ​នៅ​តែ​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស

ដោយ មាន ឫទ្ធិ
2020-08-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។

កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។

Photo: RFA


គណៈកម្មការ​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​អំពី​ការចូល​ជា​ធរមាន​នៃ​ការចាប់ផ្តើម​គិត​ពន្ធ​គិត​ចាប់​ពី​ថ្ងៃទី១២ សីហា តទៅ ដោយសារ​តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការដក​ជា​បណ្តោះអាសន្ន​នេះ គឺ​ដោយសារតែ​មាន​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​យ៉ាង​ជាក់ច្បាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​ថា ជំហរ​ស្នូល​របស់​កម្ពុជា​ជុំវិញ​បញ្ហា​នេះ នៅ​តែ​ដដែល​គឺ​កម្ពុជា​មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​នោះទេ។

គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា សហភាព​អឺរ៉ុប​អនុវត្ត​វិធានការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ជា​បណ្ដោះអាសន្ន​នេះ ក្នុង​ពេល​ដែល​ខ្លួន​នឹង​នៅតែ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​ចាំបាច់​នានា។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃទី១២ សីហា គណៈកម្មការ​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​ដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​មក​លើ​សេដ្ឋកិច្ច និង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា​ខ្លួន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​មួយ​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូវីដ១៩​នេះ និង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​មិន​អាច​លើកលែង​កម្ពុជា​ឲ្យ​រួចផុត​ពី​តម្រូវការ​ជា​បន្ទាន់​ដែល​ប្រទេស​មួយ​នេះ ត្រូវ​ធានា​ថា មាន​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធការងារ។


ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប លោក ហ្វីល ហូហ្គេន (Phil Hogan) ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ការចាប់ផ្តើម​ចូល​ជា​ធរមាន​នៃ​ការអនុវត្ត​ការដក EBA ២០% នេះ​ថា សហភាព​អឺរ៉ុប បាន​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​នេះ អភិវឌ្ឍន៍​ឧស្សាហកម្ម​ផ្តោត​លើ​ការនាំចេញ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់៖ «យើង​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​លំបិន​​នា​ពេល​បច្ចុប្បន្ន​នេះ​ បណ្ដាល​មកពី​ជំងឺ​រាតត្បាត​សាកល​នេះ។ ក៏ប៉ុន្តែ ការបន្ត​កិច្ចគាំទ្រ​របស់​យើង មិន​អាច​ឲ្យ​យើង​មើល​រំលង​ពី​តម្រូវការ​ជាបន្ទាន់​ដែល​កម្ពុជា​ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នោះទេ។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ​ក្នុង​ការបន្ត​កិច្ចពិគ្រោះ​យោបល់​របស់​យើង​ ដើម្បី​ផ្តល់​មកវិញ​នូវ​លទ្ធភាព​នាំចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ទាំងស្រុង​ឡើងវិញ ដល់​កម្ពុជា ប្រសិន​បើ​យើង​មើល​ឃើញ​ថា​មាន​ការកែ​លម្អ​ជា​ដុំ​កំភួន​ពាក់ព័ន្ធ​នឹង​បញ្ហានេះ»

មុខទំនិញ​នាំចេញ​របស់​កម្ពុជា ២០% ដែល​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ មាន​តម្លៃ​សរុប​ប្រមាណ​ជាង ១ប៊ីលាន ឬ​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​ ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ជាដើម។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​អាច​នាំចេញ​មុខទំនិញ​ទាំង​នោះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល ក៏​ប៉ុន្តែ​ត្រូវ​រង​ការគិតពន្ធ​តាម​អត្រា​ដូច​គ្នា​ទៅនឹង​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែរ។ ក្រៅពីនេះ មុខ​ទំនិញ ៨០% ផ្សេងទៀត​របស់​កម្ពុជា មិន​រង​ការគិតពន្ធ​នោះ​ឡើយ។

រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា

រូបត្លុកនយោបាយ៖ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ​ឬ​ EBA ​របស់​សហភាព​អឺរ៉ុប ​ពី​កម្ពុជា RFA


ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​សហភាព​អឺរ៉ុប​អំពី​ការចាប់ផ្តើម​អនុវត្ត​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% តាមរយៈ​ការគិតពន្ធ​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​អាស៊ីសេរី​ថា ជំហរ​របស់​កម្ពុជា​គឺ​នៅ​តែ​ដដែល និង​គ្មាន​អ្វី​ប្រែប្រួល​នោះទេ៖«យើង​អត់​មាន​អី​ថ្មី​ទេ ពីព្រោះ​ជំហរ​យើង​ដូច​ឆ្លើយតប​កន្លងមក យើង​បាន​លើកឡើង​រួចហើយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​នានា​ដែល​យើង​បាន​ចេញ​កន្លងមក។ ដូច្នេះ​ហើយ​ មក​ដល់​ពេល​នេះ ជំហរ​របស់​យើង​គឺ​នៅ​រក្សា​ដដែល​ដូច​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​យើង​និយាយ​កន្លង​មក​ហើយ។ … អ្វី​ដែល​សំខាន់​កន្លងមក​ យើង​មិន​អាច​យក​អធិបតេយ្យភាព​កម្ពុជា​ទៅ​ដោះដូរ​យក​ជំនួយ ឬ​ក៏​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​បាន​ទេ។ នេះ​ជា​ជំហរ​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា»

ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​សហភាព​អឺរ៉ុប​អំពី​ការចាប់ផ្តើម​អនុវត្ត​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% តាមរយៈ​ការគិតពន្ធ​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​អាស៊ីសេរី​ថា ជំហរ​របស់​កម្ពុជា​គឺ​នៅ​តែ​ដដែល និង​គ្មាន​អ្វី​ប្រែប្រួល​នោះទេ៖«យើង​អត់​មាន​អី​ថ្មី​ទេ ពីព្រោះ​ជំហរ​យើង​ដូច​ឆ្លើយតប​កន្លងមក យើង​បាន​លើកឡើង​រួចហើយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​នានា​ដែល​យើង​បាន​ចេញ​កន្លងមក។ ដូច្នេះ​ហើយ​ មក​ដល់​ពេល​នេះ ជំហរ​របស់​យើង​គឺ​នៅ​រក្សា​ដដែល​ដូច​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​យើង​និយាយ​កន្លង​មក​ហើយ។ … អ្វី​ដែល​សំខាន់​កន្លងមក​ យើង​មិន​អាច​យក​អធិបតេយ្យភាព​កម្ពុជា​ទៅ​ដោះដូរ​យក​ជំនួយ ឬ​ក៏​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​បាន​ទេ។ នេះ​ជា​ជំហរ​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា»

លោក កុយ គួង ហាក់​អល់អែក​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​កន្លង​មក​កម្ពុជា​មាន​​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ពន្យារ​ពេល​អនុវត្ត​ការដកEBA នេះ​ដោយសារតែ​វិបត្តិកូវីដ១៩ ដែរ​ឬ​អត់​នោះ។ លោក​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ តែ​លោក​ដឹង​ថា​ខាង​សមាគម​រោងចក្រ​កាត់ដេរ ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូប​នេះ​គូសបញ្ជាក់​ថា កម្ពុជា​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការកែ​លម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ៖ «ជាការពិត ទោះបីជា​មាន​ការសម្រេច​បែប​នេះ​ក៏ដោយ ក៏​កម្ពុជា​នៅ​តែ​បន្ត​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើក​ស្ទួយ ក៏​ដូចជា​កែ​លម្អ​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​សិទ្ធិការងារ​ផ្សេងៗ​ពីព្រោះ​រឿង​នេះ​ជា​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​ឯករាជ្យ»

ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​កែលម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​តាម​ស្តង់ដារ​កម្ពុជា​នេះ មិន​ត្រូវ​បាន​សហភាព​អឺរ៉ុប​ជឿ​ទុកចិត្ត​ឡើយ។ ជាក់ស្តែង គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ជាថ្មី​ថា គណៈកម្មការ​អឺរ៉ុប ជាមួយ​នឹង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​អឺរ៉ុប នឹង​បន្ត​តាមដាន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដោយ​ផ្តោត​លើ​ការរឹតត្បិត​នា​ពេល​បច្ចុប្បន្ន​នេះ​មក​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​ជម្លោះដីធ្លី និង​សិទ្ធិ​ការងារ ក្នុង​បរិបទ​ឲ្យ​មាន​កំណែទម្រង់​ជាបន្ត។


គណៈកម្មការ​អឺរ៉ុប​ថា ចាប់តាំង​ពី​ខែកុម្ភៈ​មក​ម្ល៉េះ នៅពេល​ដែល​សហភាព​អឺរ៉ុប​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ដកហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដែល​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​អាច​ចាត់​នូវ​វិធានការ​ចាំបាច់​នានា​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​នានា​ ដើម្បី​អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​ផ្តល់​មកវិញ​នៅ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង។ ក៏ប៉ុន្តែ​ កម្ពុជា​មិនបាន​ធ្វើ​ដូច្នេះ​នោះទេ។

ការមិន​ព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នេះ ត្រូវ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ពន្យល់​ថា គឺ​ដោយសារ​តែ​លោក ហ៊ុន សែន ខ្លាច​ប៉ះពាល់​ដល់​ការរក្សា​អំណាច​របស់​លោក និង​ផែនការ​យូរអង្វែង​នៃ​ការផ្ទេរ​អំណាច​ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​លោក​ ហើយ​មិនមែន​ជា​ការរក្សា​អធិបតេយ្យ​ជាតិ​នោះទេ៖ «ទោះបីជា​ EBA នេះ ត្រូវ​អឺរ៉ុប​ដក ១០០ក៏គាត់​មិនងាក​ក្រោយ​ដែរ ពីព្រោះ​មិនមែន​គាត់​ធ្វើ​ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ គាត់​ខ្លាច​ខូច​ផែន​ការ​អំណាច​របស់​គាត់ ហើយ​អ្វី​ដែល​ជា​លក្ខខណ្ឌ​របស់​អឺរ៉ុប មិនមែន​ធ្វើ​ខូច​អធិបតេយ្យ​ជាតិ​កម្ពុជា​ទេ អឺរ៉ុប​គ្រាន់តែ​ចង់​ឲ្យ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ហ្នុង មិនមែន​បញ្ជា​ឲ្យ​កម្ពុជា​ធ្វើ​តាម​នៅ​អ្វី​ដែល​ជា​ប្រយោជន៍​របស់​អឺរ៉ុប។ យើង​មើល​ EBA ប្រយោជន៍​កម្ពុជា​សុទ្ធសាធ»

សម្រាប់​អ្នកជំនាញ​វិស័យ​ការងារ និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើល​ឃើញ​ថា​ ការប្រកាស​របស់​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​អនុវត្ត​ការដក EBA ២០% នេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើងវិញ៖ «ការចូល​ជាធរមាន​នេះ សរ​បញ្ជាក់​ថា ខាង​រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិនបាន​កែតម្រូវ​ ឬ​ក៏​ធ្វើ​ឲ្យ​ប្រសើរឡើង​ទាល់តែសោះ​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិការងារ ។ល។ ដូចជា​អ្វី​ដែល EU បាន​លើកឡើង​អញ្ចឹង។ អ៊ីចឹង​ហើយ​ បានជា​គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើ​ឲ្យ EU ដក​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​កាល​ពី​ពេល​កន្លងមក​ទេ។ ទាំងអស់​គ្នា​ដឹង​ថា អ្នក​ដែល​កាន់​កូន​សោរ​ដោះ​បញ្ហា​ហ្នុង​គឺ​គណបក្ស​កាន់អំណាច​ហ្នុង​ឯង ឬ​ក៏​រដ្ឋាភិបាល​ហ្នុង​ឯង​ដែល​ជា​អ្នក​ដោះ ឬ​មិន​ដោះ​ មិនមែន​រឿង EU ទេ»

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​មិន​មាន​ចេតនា​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះទេ បើ​ប្រៀបធៀប​ជាមួយ​នឹង​ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្តិ​នា​រយៈកាល​កន្លង​មកនេះ៖ «ចំណុច​ដ៏​សំខាន់​ ខ្ញុំ​អាច​និយាយ​បាន​ថា មើល​ទៅ​សេចក្តីប្រកាស​លើកទី១ លើកទី២ លើកទី៣ របស់​សហគមន៍​អឺរ៉ុប​នេះ យើង​ឃើញ​ថា សហគមន៍​អឺរ៉ុប​ហាក់​ដូចជា​មិន​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ទេ។ ចង់​និយាយ​ថា ទោះបី​ភាគរយ​កម្រិត​ណា​ក៏ដោយ ក៏​ហាក់​ដូចជា​មិន​មាន​ចេតនា​ចង់​ដកទេ​ប្រសិន​បើ​យើង​ប្រៀបធៀប​នៅ​ទង្វើ​របស់​យើង​ជាមួយ​នឹង​ការសម្រេច​របស់​ EU ជា​ផ្លូវការ។ ទោះបីជា​ការសម្រេច​នេះ ចូល​ជា​ធរមាន​ថ្ងៃ​នេះ​ក៏ដោយ ក៏​គេ​នៅតែ​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ ស្តារ​សិទ្ធិមនុស្ស ស្តារ​សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិកម្មករ​ជាដើម។ អញ្ចឹង គេ​នៅ​តែ​បើក​ទ្វារ​ឲ្យ​កម្ពុជា​យើង បើសិនជា​យើង​ដូរ​ឥរិយាបថ ដូរ​ចរិក យើង​កែ​ចរិក​របស់​យើង គឺ​យើង​នៅ​តែ​មាន​កាស​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ១០០ឡើងវិញ»ទង់ជាតិ សហគមន៍អឹរ៉ុប។ Facebook

កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រវាង​ពី ១២០ ទៅ ២០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ ២០% ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ ទន្ទឹម​នឹង​ការប្រកាស​ចាប់ផ្តើម​អនុវត្ត​ការគិត​ពន្ធ​នេះ សហភាព​អឺរ៉ុប នៅ​តែ​គូស​បញ្ជាក់​ឡើងវិញ​ជា​ដដែល​អំពី​លក្ខខណ្ឌ​ចាំបាច់​នានា​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ ទាំងស្រុង​មកវិញ ១០០%។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា គួរ​ចាត់​វិធានការ​ក្នុងការ​ស្តារសិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ឲ្យ​មាន​នូវ​គណបក្ស​ជំទាស់ ដ៏គួរ​ឲ្យ​ទុកចិត្ត​បាន ប្រកបដោយ​ប្រជាធិបតេយ្យ និង​ផ្ដួចផ្ដើម​ឲ្យមាន​នូវ​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ចសន្ទនា​ពិតប្រាកដ​ពីសំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ។ គណៈកម្មការ​អឺរ៉ុប​ថា ខ្លួន​បាន​លើកឡើង​អំពី​លក្ខខណ្ឌ​ចាំបាច់​ទាំងនោះ នៅក្នុង​ឱកាស​ជាច្រើន​លើក​រួចមក ដែល​អាជ្ញាធរ​កម្ពុជា​គួរ​ធ្វើ ក្នុងនោះ រួមមាន​ដូចជា ការផ្តល់​នីតិសម្បទារ​សិទ្ធិ​នយោបាយ​ដល់​សមាជិក​គណបក្ស​ប្រឆាំង និង​ការលុបចោល ឬ​សើរើ​មើល​ឡើងវិញ​នូវ​ច្បាប់​មួយ​ចំនួន ពិសេស​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ គណៈកម្មការ​អឺរ៉ុប​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការវិវត្តន៍​គួរឲ្យ​កត់សម្គាល់​នៃ​ការកែ​លម្អ​ទាំងនេះ ជាពិសេស​ពាក់ព័ន្ធនឹង​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ នោះ​ខ្លួន​អាច​នឹង​ពិចារណា​លើ​សេចក្តីសម្រេច​នេះ​ឡើងវិញ ដើម្បី​ប្រគល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​មក​ឲ្យ​កម្ពុជា​វិញ​ដូចដើម​វិញបាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហភាព​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​ចាប់​ផ្តើម​គិត​ពន្ធ​លើ​ទំនិញ​កម្ពុជា​២០% តែ​នៅ​តែ​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស"

  1. Anonymous says:

    that mean EU they still filling sad to Cambodian but they have to be strong whit dictator HUN SEN . I knew they are holding it for all Cambodian after they take a revenge