លោ​ក ស ខេង៖ កម្ពុជា​​នៅ​​រក្សា​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​ EU ​ទោះ​​មាន​ការ​​ផ្តាច់​ EBA ​២០​ភាគ​រយ​​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ | សេដ្ឋកិច្ច
ពេជ្រ សុធារី | ១៣ សីហា ២០២០ |ម៉ោង ១៣:៤៥
VOD

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងនិងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងនិងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)


មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា កម្ពុជានៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​សហគមន៍​អឺរ៉ុប ​(EU​) បើ​ទោះជា​សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ» (EBA​) ចំនួន២០ភាគរយពី​កម្ពុជា​ជា​ផ្លូវការ​ក៏ដោយ។ 

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំងនិង​សមិទ្ធផល​នានា​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ​ថា បើទោះជា​មានការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប ប៉ុន្តែ​កម្ពុជា​នៅតែ​រក្សា​ជំហរ​ដដែលនិង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​សហគមន៍​អឺរ៉ុប ព្រោះ​ទំនិញ​របស់​កម្ពុជានៅតែ​អាច​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល។

លោក​បាន​គូសបញ្ជាក់​ថា៖ «EBA ក៏បាន​ចូលជាធរមាន យើង​ដឹង​ហើយពី​ថ្ងៃទី១២​ [ខែសីហា​] ប៉ុន្ដែ​យើង​ក៏​មិន​មាន​ជំហរ​អ្វី​ប្លែក​ពីមុន​ទេ គឺ​នៅ​ដដែល​ទេ បានន័យ​ថា យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជម្នះ​នូវ​ឧបសគ្គ បញ្ហា​ប្រឈម​ទាំងឡាយ អាហ្នឹង​គឺ​វា​អត់មាន​ជម្រើស​ក្រៅពីហ្នឹង​ទេ។ ប៉ុន្ដែមិនមែន​បាន​សេចក្តី​ថា យើង​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ទេ។ ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុបនៅតែ​មាន​សារសំខាន់ ហើយ​យើង​ខិតខំ​បង្កើន​[ទំនាក់ទំនង​]ថែមទៀត»

ពាក់ព័ន្ធ​នឹង​បញ្ហា EBA នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយនិង​ជម្នះ​រាល់​ការ​លំបាក​ទាំងនេះ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចនិង​ស្ថិរ​ភាព​នយោបាយ។

កាលពី​ថ្ងៃម្សិលមិញ សហភាព​អឺរ៉ុបបាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ចាប់ពី​ថ្ងៃទី១២ ខែសីហា​នេះ​ទៅ ផលិតផល​មួយចំនួន​របស់​កម្ពុជា ដូចជា សម្លៀកបំពាក់ ផលិតផល​ស្បែកជើង និង​ផលិតផល​សម្រាប់​ការ​ធ្វើដំណើរ នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​សម្រាប់​ការនាំចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។ 

ការអនុវត្ត​លើ​ការ​ផ្អាក EBA ចំនួន២០ភាគរយ​នេះ ធ្វើឱ្យទំនិញ​ចំនួន៤០មុខ​មានតម្លៃ​សរុប​ប្រមាណ១ពាន់​លាន​អឺ​រ៉ូ ត្រូវ​បង់ពន្ធ​ពេល​នាំចូល​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​មាន២៧ ប្រទេស។

សហភាព​អឺរ៉ុបបាន​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជាបង្ហាញ​នូវ​ការ​វិវត្ត​ដ៏​គួរ​ឱ្យ​កត់សម្គាល់ ជាពិសេស​ជុំវិញ​បញ្ហា​សិទ្ធិ​នយោបាយ​និង​សិទ្ធិស៊ីវិល នោះ​គណៈកម្មការ​អឺរ៉ុបអាច​នឹង​ពិនិត្យមើល​ការសម្រេច​ចិត្ត​របស់​ខ្លួន​ឡើងវិញ និង​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ច​ព្រមព្រៀង​ដោយ​ស្រប​ទៅតាម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប។

ជុំវិញ​បញ្ហា​ទាំងនេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជានៅតែ​រក្សា​ជំហរ​ដដែល ​ឥត​កែប្រែ គឺ​ត្រូវការ​ពារ​រដ្ឋធម្មនុញ្ញ ដោយ​មិន​យក​អធិបតេយ្យ​ភាពនិង​ឯករាជ្យ​កម្ពុជា ទៅ​ដោះដូរ​ជាមួយ​ជំនួយឬប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោ​ក ស ខេង៖ កម្ពុជា​​នៅ​​រក្សា​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​ EU ​ទោះ​​មាន​ការ​​ផ្តាច់​ EBA ​២០​ភាគ​រយ​​"

  1. Anonymous says:

    WELL .. they still at Cambodian side but not at HUN SEN side that I knew 100% please do not trying to flip the situation around.