វិភាគ៖ ហេតុអ្វី​​អឺរ៉ុប​​ពង្រីក​​ទំនាក់​ទំនង​​ជាមួយ​​វៀតណាម​​ជា​​ប្រទេស​​កុម្មុយ​នីស្ត​​?

បទវិភាគ
លោក ពៅ មេត្តា |១៣ សីហា ២០២០ |ម៉ោង ០៩:៥២
VOD

(ស្ដាំ) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និង(កណ្ដាល) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម នៅការិយាល័យរដ្ឋាភិបាលទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Kham)

(ស្ដាំ) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និង(កណ្ដាល) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម នៅការិយាល័យរដ្ឋាភិបាលទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Kham)


នៅក្នុង​ខែសីហា ​ឆ្នាំ២០២០នេះ អឺរ៉ុប​ចាប់ផ្តើម​អនុវត្តកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​ដែល​ឈាន​ដល់​ការ​លុប​ពន្ធ​លើ​ទំនិញ​ដល់៩៩ភាគរយ ហើយ​ក្នុង​ខែ​ដដែល​នេះ ​អឺរ៉ុប​ក៏​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ២០ភាគរយ​ពីកម្ពុជា ធ្វើ​ឱ្យ​កម្ពុជាខាតបង់​ជាង១០០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​ៗ។

នៅក្នុង​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប (EVFTA​) គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ កិច្ច​ព្រមព្រៀង​នេះ​មាន​សុពលភាព​អនុវត្តន៍​បាន​រយៈពេល១០ឆ្នាំ។

ប្រភេទ​ទំនិញ​ដែល​វៀតណាម​ចាប់ផ្តើម​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ រួមមាន ទូរសព្ទ​ដៃ គ្រឿង​អេ​ឡិច​ត្រូ​និច សម្លៀកបំពាក់ ទ្រនាប់ជើង និង​ផលិតផល​កសិកម្ម។ ផលិតផល​កសិកម្ម​ផ្តោត​ពិសេស​លើ​អង្ករ គ្រឿង​សមុទ្រ និង​កាហ្វេ។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​វៀតណាម VNA ចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែសីហា​ លើកឡើង​ថា កិច្ច​ព្រមព្រៀង​វៀតណាម​និង​អឺរ៉ុប​នេះ បាន​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ថែម​លើ​ការ​វិនិយោគ ការ​បង្កើនផលិតផល​ក្នុង​ស្រុក និង​នាំចេញ។ ការអនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​មាន​ឱកាស​ចំ​នេញ​ច្រើន​និង​បង្កើន​ការ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម ហើយក៏​អាចប​ង្កើត​ការងារ​បាន​ចំនួន​ច្រើនឡើង​ថែមទៀត។

ចំណែក​ជាមួយ​កម្ពុជា​វិញ ចាប់ពី​ថ្ងៃទី១២ ខែសីហា អឺរ៉ុប​ចាប់ផ្តើម​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចំនួន២០ភាគរយ ដែល​ប៉ះ​ទៅលើ​រោងចក្រ​កាត់ដេរ​មួយចំនួននិង​ស្ករស​ដែល​នាំទៅ​អឺរ៉ុប។ លើស​ពី​ទឹកប្រាក់​ជាង១០០០លាន​ដុល្លារ​ដែល​ត្រូវ​ខាតបង់​ក្នុង១ឆ្នាំ​ៗនោះ កម្ពុជា​ក៏​ក្លាយជា​ប្រទេស​ដែល​អឺរ៉ុប​កំណត់​ថា មិន​មាន​សិទ្ធិ​សេរីភាព​ខាងនយោបាយ ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ធ្លាក់ចុះ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជាដើម។

នៅពេល​ដែល​អឺរ៉ុប​ជា​បណ្តុំ​នៃ​ប្រទេស​លោកសេរី ដាក់​សម្ពាធ​លើ​កម្ពុជា ហើយ​ទៅ​ពង្រឹង​កិច្ចសហការ​ជាមួយ​វៀតណាម​នោះ នាំ​ឱ្យ​មានការ​ចោទសួរ​ថា តើ​អឺរ៉ុប​មាន​សួរដេញដោល​ពី​គោល​ការណ៍​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​ជាមួយ​វៀតណាម​ដែរ​ឬទេ​? ហើយ​តើ​អយុត្តិធម៌​ចំពោះ​កម្ពុជា​ជា​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ឬទេ​?

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​លោក Phil Robertson លើកឡើង​ថា ចាប់តាំងពី​ការរារាំង​មិន​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ២០១៨មក​នោះ កម្ពុជា​មិន​មាន​ប្រជាធិបតេយ្យ​ប្រសើរ​ជាង​វៀតណាម​នោះ​ទេ។

លោក Phil Robertson៖ «កម្ពុជា​បាន​រារាំង​មិន​ឱ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ២០១៨ ដូច្នេះ​ពិបាក​មើលឃើញ​ណាស់​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ជាង​វៀតណាម។ ជា​ការពិត ប្រទេស​ទាំងពីរដឹកនាំ​តាម​បែប​កុម្មុយនីស្ត​មាន​បក្ស​តែមួយនិង​មានការ​រំលោភសិទ្ធិ​មនុស្ស​ដូចគ្នា»

លោកបន្ត​ថា ក្នុង​ដំណើរការ​ចរចា ប្រមាណ១០ឆ្នាំមុន​ឈាន​ដល់​ការព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​នេះ អឺរ៉ុប​បាន​ផ្តោត​សំខាន់​លើ​ការ​ជជែក​ពី​បញ្ហា​សិទ្ធិមនុស្សនិងសិទ្ធិ​ការងារ​ជាមួយ​វៀតណាម។

លោក Phil Robertson៖ «អឺរ៉ុប​បាន​លើកឡើង​ច្រើន​ពី​បញ្ហា​សិទ្ធិ​ការងារនិង​សិទ្ធិមនុស្ស​ជាមួយ​វៀតណាម ក្នុងអំឡុងពេល​ចរចាមុន​ឈាន​ដល់​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។ ដូច្នេះ​ការ​ទំនាក់ទំនង​រវាង​អឺរ៉ុបនិង​វៀតណាម​នេះ មិន​រលូនដូច​ការ​អះអាង​មួយចំនួន​នោះ​ទេ»

ក្នុងអំឡុងពេល​នៃ​ការចរចា អឺរ៉ុប​ក៏បាន​សង្កត់ធ្ងន់​ឱ្យវៀតណាម​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវសិទ្ធិ​ការងារ​ដែល​កំណត់​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​)។

ចំណែក​អ្នក​សិក្សា​នយោបាយ​អន្តរជាតិ លោក រ៉ូ វណ្ណៈ លើកឡើង​ថា សណ្តាប់​ធ្នាប់​សេរី​ជា​គុណ​តម្លៃ​ស្នូល​របស់​បស្ចិមប្រទេស មិន​សំដៅ​តែ​លើ​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​តែ​ម្យ៉ាង​ទេ តែ​គេ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​សេរី ពង្រឹង​ស្ថាប័ន​សេរី និង​គោរព​តាមច្បាប់​អន្តរជាតិ។ លោក រ៉ូ វណ្ណៈ បន្ត​ថា វៀតណាម​កំពុង​រីកចម្រើន អាច​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ ហើយ​ប្រទេស​អឺរ៉ុបក៏​រំពឹង​ថា វៀតណាម​អាច​នឹង​ដូរ​របបនយោបាយ​ក្នុង​ថ្ងៃ​អនាគត​ដែរ។

លោក រ៉ូ វណ្ណៈ៖ «ក្នុង​ន័យ​ភូមិសាស្ត្រ​នយោបាយ ​វៀតណាម​ជា​ប្រទេស​កំពុង​រះ​ឡើង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ទីតាំង​សំខាន់​សម្រាប់​ខ្ទប់​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់។ ក្នុង​ន័យ​ការ​អភិវឌ្ឍន​យោ​បាយ​ (Political development​) វៀតណាម​អាច​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​បាន តាមរយៈ​ការ​រីកចម្រើន​សេដ្ឋកិច្ច នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ខ្លាំងក្លា តា​មទ្រឹ​ស្តី​អន្តរកាល​ផ្តាច់​ការ ​(Authoritarian transition​) របស់​អ្នកប្រាជ្ញ Samuel Huntington»

លោក រ៉ូ វណ្ណៈ បន្ត​ថា គំរូដែល​ធ្វើ​ឱ្យ​អឺរ៉ុបសង្ឃឹមថាវៀតណាម​នឹង​មានការ​ផ្លាស់​ប្តូរ​នោះ​ ដោយសារ​មើលឃើញ​ថា កូរ៉េ​ខាងត្បូងនិងតៃវ៉ាន់បាន​ផ្លាស់​ប្តូរ​ពី​របប​ផ្តាច់​ការ​មក​ប្រជាធិបតេយ្យ​វិញ​ ដោយ​ឆ្លងកាត់​ការ​រីកចម្រើន​សេដ្ឋកិច្ចនិង​ស្ថាប័ន​រឹងមាំ​នៃ​ការ​ពង្រឹង​នីតិរដ្ឋ។

ក្នុង​ដំណើរការ​ចរចា​លើ​បញ្ហា​សិទ្ធិមនុស្សនិង​សិទ្ធិ​ការងារ​កាលពី​ អំឡុងឆ្នាំ២០១៦និង២០១៧ អឺរ៉ុប​បាន​លើកឡើង​ច្រើន​ពី​បញ្ហា​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើនយោបាយ សិទ្ធិ​គោរព​ជំនឿ​សាសនា សិទ្ធិ​បញ្ចេញមតិ ការ​ធ្វើទារុណកម្ម សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​តវ៉ា​ដោយ​សន្តិ​វិធី និង​បញ្ហាការ​ជួញដូរ​មនុស្ស ជា​ដើម។ បញ្ហា​ទាំងនេះ​ អឺរ៉ុប​លើកឡើង​ដើម្បី​ជំរុញ​ឱ្យ​វៀតណាម​ដោះស្រាយ​មុន​ឈាន​ដល់​ការ​ចុះហត្ថលេខា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។

បើ​និយាយ​ពី​ទំនាក់ទំនង​អន្តរជាតិ មិនមែន​តែ​អឺរ៉ុបចង់​ចាប់​យក​វៀតណាម​នោះ​ទេ គឺ​វៀតណាម​ក៏​ខំ​រៀបចំខ្លួនដើម្បី​បាន​ទំនាក់ទំនង បាន​ប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​នេះ​ដែរ។

ដើម្បី​ទទួល​បានផល​ប្រយោជន៍​សេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះ​នៅ​លើឆាកអន្តរជាតិ​នេះ វៀតណាម​ព្យាយាម​កែសម្រួល​លក្ខខណ្ឌរបៀបរបប​ធ្វើការងារ​ជាបន្តបន្ទាប់ ​រហូត​ឈាន​ដល់​មានការ​ព្រមព្រៀង​កើតឡើង។

ចំណុច​នេះ​បង្ហាញថា អឺរ៉ុប​មិនមែន​ចេះតែ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម ដោយ​មិនបាន​ពិនិត្យ​លក្ខខណ្ឌ​អ្វី​នោះ​ទេ។ ចំណែក​វៀតណាម​ក៏​មិនមែន​ចេះតែ​ទទួលយក​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ដែល​អឺរ៉ុប​ឱ្យ​នោះ​ដែរ ​គឺ​វៀតណាម​ជ្រើសរើស​យក​ការចរចា​តាម​ក្រុមការងារ​ជំនាញ​ដើម្បី​ស្វែងរក​ចំណុច​ឯកភាព​គ្នា​៕ 


អត្ថបទទាក់ទង៖

សហភាព​អឺរ៉ុប​​ជំរុញ​​កម្ពុជា​​ឱ្យ​​ស្ដារ​​លំហ​​សេរី​ភាព​​និង​​សិទ្ធិ​​មនុស្ស​​ឡើង​​វិញ ​ក្រោយ​ដក​​ហូត​​ផ្នែក​​ខ្លះ​​នៃ​ EBA

វៀត​ណាម​សង្ឃឹម​ទ​ទួល​​បាន​​អ្នក​​វិនិ​យោគ​​កើន​ឡើង​​ចាប់​ពី​​ខែ​សីហា​​
វៀតណាមហាក់មិនបារម្ភ EU និង US ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "វិភាគ៖ ហេតុអ្វី​​អឺរ៉ុប​​ពង្រីក​​ទំនាក់​ទំនង​​ជាមួយ​​វៀតណាម​​ជា​​ប្រទេស​​កុម្មុយ​នីស្ត​​?"

  1. Anonymous says:

    after all HUN SEN boss again walking free and still bossing the dump person HUN SEN

  2. Anonymous says:

    the answer is so easy VIECONG communist policy just to take over AH CHHKOUTH nation