សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន ៣៣នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ពី​បទ​ចាប់​ជំរិត និង​ដាក់​ថ្នាំ​សណ្ដំ

ដោយ ហេង រស្មី
2020-08-13
RFA

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ និង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៣៣​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែកៗ ​ពី​គ្នា​ពាក់​ព័ន្ធ​នឹង​ចាប់​ជំរិត​ទារ​ប្រាក់​ និង​ ដាក់​ថ្នាំ​សណ្ដំ​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​ដើម្បី​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​៦​ម៉ឺន​ដុល្លា។​

ស្នងការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​​​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ​ ក្រោយ​ពី​លោក​ បាន​ទទួល​ពាក្យ​បណ្តឹង​ថា​ មាន​រងគ្រោះ​ម្នាក់​ត្រូវ​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្ដំ​ដើម្បី​ជំរិត​ទារ​ប្រាក់។

លោក​និយាយ​ថា​ ជនសង្ស័យ​បាន​ដាក់​ថ្នាំ​សណ្តំ​ ក្នុង​ស្រាបៀ​ដើម្បី​អោយ​ជន​រង​គ្រោះ​ផឹក​ រួច​ហើយ​នៅ​ពេល​ដែល​មាន​ស្មារតី​បាត់​ការ​ចងចាំ។​ ជនសង្ស័យ​បាន​បង្ខំ​ឲ្យ​ជនរងគ្រោះ​វេរ​លុយ​ពី​គណនី​របស់​ខ្លួន​មក តាម​បណ្ដាញ​សង្គម​វីឆាត​ ទៅ​ឲ្យ​ជនសង្ស័យ​ ដែល​មាន​ទឹក​ប្រាក់​ជាង ៦ម៉ឺន​ដុល្លា៖ «យើង​បាន​ទទួល​បណ្ដឹង​ យើង​ស្រាវជ្រាវ​ទៅ​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​ ហើយ​យើង​បំពេញ​នីតិវិធី​ ហើយ​ថ្ងៃ​នេះ​យើង​បញ្ជូន​ទៅ​តុលាការ»

សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​ថា ជនរងគ្រោះ  ឈ្មោះ ឡី ហួរ ស៊ៀន( Lie Hua Sen) ភេទប្រុស អាយុ ៣៩ឆ្នាំ​ ធ្វើ​ជា​កម្មករ​សាងសង់​ បាន​មក​ស្នាក់​នៅ​ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែក​ជន​រង​គ្រោះ​ទាំង​បួន​នាក់​មាន​អាយុ​ពី ២១ រហូត​ដល់ ៤១ឆ្នាំ​ ដែល​ពួក​គេ​ជា​អ្នក​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ។​

ព្រះរាជ​អាជ្ញារង​ខេត្ត​ព្រះសីហនុ​ លោក​ ហួត វិចិត្រ​ ប្រាប់​អាស៊ី​សេរី​ថា​ ចៅ​ក្រម​ស៊ើបសួរ​បាន​សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ទាំង​៤​នាក់​ពី​បទ​«លួច»​ តាម​មាត្រា​ ៣៥៣​ និង៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ។​

លោក​និយាយ​ថា​ លោក​ចៅ​ក្រម​ស៊ើបសួរ​នៅ​ថ្ងៃ​ទី១៣ សីហា​នេះ នឹង​បន្ត​សាកសួរ​ជនសង្ស័យ​បន្ថែម​ទៀត​មិន​នឹង​សម្រេច​ចេញ​ដីកា​បង្គាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ។​

ទាក់ទិន​នឹង​បញ្ហា​ជនជាតិ​ចិន​នេះ​ដែរ​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ឯណោះ​វិញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១២​ សីហា​បាន​ឆ្មក់​ចូល​ក្នុង​សណ្ឋាគារ​មួយ​​ក្នុង​សង្កាត់​ចតុមុខ​ ហើយ​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់​ ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​មិន​បាន​សម្រេច។​

សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ជំរិត​ទារ​ប្រាក់​ប៉ុន្មាន​ពី​ជនរងគ្រោះ​នោះ​ទេ​ ដោយ​និយាយ​ថា កំពុង​សាកសួរ​នៅ​ឡើយ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង ហ៊ី តាម​ទូរស័ព្ទ​តែ​លោក​មិន​លើក​ទូរស័ព្ទ។

សមត្ថកិច្ច ក្រសួងមហាផ្ទៃ កាល​ពី​ថ្ងៃ​ទី១៧ កក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់​ក្រោយពី​ពួកគេ​បាន​ចាប់​បុរស​ជន​ជាតិ​ចិន​ដូចគ្នា​ម្នាក់ បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​មិន​បាន​សម្រេច ចំនួន​៣០ម៉ឺន​ដុល្លារ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន។

កាលពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏​បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន ១២៧នាក់​ទៅកាន់​ប្រទេស​ចិន​វិញ ក្រោយពី​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

របាយការណ៍​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនបរទេស ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ ក្នុង​ចំណោម​ជនបរទេស​ដទៃ​ទៀត ដែល​ករណី​បទល្មើស​សរុប​ចំនួន ៣២៤​ករណី នៅ​ឆ្នាំ២០១៩។ ចំនួន​នេះ បាន​កើន​ឡើង​ជិត ៥០ករណី ធៀប​ទៅ​នឹង​ឆ្នាំ២០១៨៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន ៣៣នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ពី​បទ​ចាប់​ជំរិត និង​ដាក់​ថ្នាំ​សណ្ដំ"

  1. Anonymous says:

    do not be crazy whit those KONGPHO fighter they are good at sex OK