ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ​ជិត ១០០នាក់ មក​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​អាជ្ញាធរ​ឈប់​ចាប់​ខ្លួន​អ្នក​ភូមិ​ពេល​វិល​ទៅ​ផ្ទះ​វិញ

ដោយ សុជីវី
2020-08-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២០។

ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ



ពលរដ្ឋ​ជិត ​១០០នាក់​ រស់នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​ បាន​មក​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ​នៅ​ក្រសួង​ដែនដី ​និង​ក្រសួង​យុត្តិធម៌ ​ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនេះ​ ចេញ​លិខិត​អន្តរាគមន៍ ​ធានា​ពី​សុវត្ថិភាព ​របស់​អ្នកភូមិ ​ដែល​ចង់​វិល​ចូល​លំនៅឋាន​វិញ ​គ្មាន​ការ​ចាប់ចង ​និង​គំរាម​កំហែង ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​នេះ​។ ​ពលរដ្ឋ​ថា ​ក្រសួង​ដែនដី​ បាន​ទទួល ញត្តិ​របស់​ពួកគេ ​ក៏ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​បដិសេធ​។

​ពលរដ្ឋ​ ៨០នាក់ ​ នាក់​តំណាង​ឱ្យ​ពលរដ្ឋ ១២៨គ្រួសារ ​រស់នៅ​ភូមិ​ ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ​ កំពុង​ស្ទាក់ស្ទើរ​ មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ ​ព្រោះ​ខ្លាច​ក្រែង​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​ចាប់ខ្លួន​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​។ ​អ្នកភូមិ​ថា​ ពួកគេ​ចង់​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ​ចេញ​លិខិត​អន្តរាគមន៍​ឱ្យ​ឆាប់​បំផុត​ ដើម្បី​ឱ្យ​អ្នកភូមិ​វិល​ទៅ​លំនៅឋាន​វិញ ​ដោយ​សុខសាន្ត​។

តំណាង​ពលរដ្ឋ​ លោក ​ថា លីដា ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣​ សីហា​ថា​  ថ្មីៗ​នេះ ​ពួក​លោក​បាន​ដាក់ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​មហាផ្ទៃ ​ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ​មិន​ទាន់​ឃើញ​ស្ថាប័ន​ទាំងនេះ ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ​។  ​លោក​បញ្ជាក់​ថា​ ក្រុម​ពលរដ្ឋ ​មិន​ហ៊ាន​វិល​ទៅ​ផ្ទះ​វិញ​ទេ ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ​ដោយសារ​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ ​បាន​ពង្រាយ​សមត្ថកិច្ច​ចម្រុះ ​និង​ប្រជា​ការពារ​ភូមិ ​៦០​នាក់​ យាមកាម​ការពារ​ក្រុមហ៊ុន​ចិន​កំពុង​ឈូសឆាយ​ដី​សហគមន៍៖ «គោលបំណង​របស់​ពលរដ្ឋ​គឺ​ គាត់​ចង់​ដាក់​លិខិត​អន្តរាគមន៍​មួយ ​ ដើម្បី​ឱ្យ​ពួកគាត់​វិល​ត្រឡប់​ទៅ ​លំ​នៅ​ឋាន​រៀងៗ​ខ្លួន​។ ​ពួក​គាត់​ប្រាកដ​ថា​ មិន​មាន​ការ​គំរាម​កំហែង ​ពី​អាជ្ញាធរ​រឿង​ការ​ចាប់ខ្លួន​។ ​ថ្ងៃ​ទី ​៣ ​ខែ​សីហា​នេះ ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ ​២១ ​រូប​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច»។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​រូបទៀត ​ លោក ​ សែម ​ចំណាន ​និយាយ​ថា​ ដី​សហគមន៍​ភូមិស្រែប្រាំង ​និង​ភូមិ​បុស្សស្នោរ​ជាង ​១ពាន់ ​២រយ​ហិកតារ​ ក្រុមហ៊ុន​ចិន​រំលោភ​យក​ទាំងស្រុង ​ហើយ​អាជ្ញាធរ​អះអាង​ថា ​ក្រុមហ៊ុន​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។ លោក​ថា​ ដីព្រៃ​សហគមន៍​នៅ​តំបន់​នោះ ​គឺ​ជា​អាយុជីវិត​ និង​ជាឆ្នាំងបាយ​របស់​អ្នកភូមិ​តាំង​ពី​ដើម​មក​ ហើយ​ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ទេ ​ពលរដ្ឋ​នឹង​លំបាក​វេទនា​មួយ​កម្រិត​ទៀត៖ «គាត់​ព្រួយបារម្ភ​មិន​ត្រឹម​បាត់បង់​ដី​ គឺគាត់​បាត់​បង់​របរ​កស៊ី​ចិញ្ចឹម​ជីវិត ​ ក៏​បាត់​បង់​ដែរ​ព្រោះ​កាល​ណា ​បាត់​បង់​ព្រៃ​ហ្នឹង​គឺ ​ ព្រៃ​មាន​ត្រពាំង ​ពលរដ្ឋ​បេះ​បន្លែ​លក់​ដើម្បី​ទិញ​អង្ក​ និង​ទិញ​បាយ​ហូប​ផ្លាស់​ប្តូរ​ជីវភាព​។ ​ពេល​ណា​ទឹក​សម្រក​គាត់​ចាប់​ផ្ដើម​បង្ក​បង្កើន​ផល​ វា​បាត់​បង់​ប្រាក់​ចំណូល​ពួកគាត់ ​ហើយ​ពួកគាត់​មិន​ដឹង​ថា ​ពឹង​អី​ទេ»។

​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ ដី ​លោក ​សេង ឡូត ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ផាត សុ​ផា​និ​ត និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ពួក​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ ​និង​មិន​លើក​ទូរសព្ទ​ នៅ​ថ្ងៃ​ទី​១៣ សីហា​។

ចំណែក​តំណាង​ក្រុមហ៊ុន​ចិន ហាមិនីវេន ​អ៊ិនវេសមេន (Hamenivent Investment) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

​ទោះ​ជា​យ៉ាង​ណា​ក្រសួងដែនដី ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី ​១៣ ​ខែ​សីហា ​បកស្រាយ​ថា ​កាល​ពី​ឆ្នាំ ​២០១១ ​និង​ ឆ្នាំ ​២០១២ ​ពលរដ្ឋ​រស់​នៅ​ភូមិបុស្សស្នោរ​ និង​ភូមិ​ស្រែប្រាំង​ជិត ២៩១គ្រួសារ​ បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ចិន ​មិនីវេន ​អ៊ិនវេសមេន​ (Hamenivent Investment) ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​មេភូមិ​ និង​មេឃុំ។ ក្រសួង​បន្ត​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា ០០១ ចុះ​បញ្ជីដី​ជូន​ពលរដ្ឋ​នៅ​ភូមិ​បុស្ស​ស្នោ ​និង​ភូមិ​ស្រែ​ប្រាំង ​ចំនួន ៤៨៣គ្រួសារ មាន​ទំហំ​ជាង ២ពាន់​ ៥រយ​ហិកតារ (២៥៦៣) ដែល​ក្នុង​នោះ​មាន​ដី​មួយ​ផ្នែក ​ពលរដ្ឋ​បាន​លក់​ឱ្យ​ក្រុមហ៊ុន​ចិន។ ក្រសួង​ចាត់​ទុក​ការ​តវ៉ា​របស់​ពលរដ្ឋ​ថា គ្មាន​មូលដ្ឋាន ​និង​មានការ​ញុះញង់​ បំផុស​បំផុល​ ប៉ះពាល់​អសន្តិសុខ​សង្គម ​និង​សណ្ដាប់ធ្នាប់។

ឆ្លើយតប​នឹង​ការ​បកស្រាយ​នេះ ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ​ លោក ​ សែម ចំណាន ​អះអាង​ថា​ ក្រសួង​ដែនដី​មិន​បាន​សិក្សា ​និង​ស្រាវជ្រាវ​ជម្លោះ​ដីធ្លី​នេះ ​ឱ្យ​ច្បាស់​លាស់​នោះ​ទេ​ គឺជឿ​តែ​សំដី​របស់​អាជ្ញាធរ​មូលដ្ឋាន​។ ​លោកថា ​ការ​បកស្រាយ​របស់​ក្រសួង​ ពុំ​មាន​ភាព​ច្បាស់លាស់​នោះទេ ​ព្រោះ​ដី​នៅ​តំបន់​នោះ ​ជា​ដី​ព្រៃ​រនាម​លិច​ទឹក​ និង​ដី​ព្រៃ​របស់ ​មាន​ទំហំ​ជាង​ ១ពាន់​ ២រយ​ហិកតារ ​ដែល​ពួកគេ​បង្ក​បង្កើន​ជា​សមូហភាព ​តាំង​ពី​ដូនតា​មក៖ «បើ​និយាយ​ទៅ​ក្រសួង​មិន​បាន​ចុះ​ពិនិត្យ ​និង​ស្រាវជ្រាវ ​ថា​ដី​ហ្នឹង​ជា​ដី​អី​ឱ្យ​ច្បាស់​លាស់​នោះ​ទេ ​ហើយ​នៅ​ឆ្នាំ ​២០០៦ ​មាន​អង្គការ​កសិករ​ថ្មី​ក៏​បាន​ បាន​ន័យ​ថា ​សុំ​ចុះ​បញ្ជី​ដី​ហ្នឹង​ជា​ដី​សហគមន៍​ ហើយ​នៅ​ឆ្នាំ ​២០១១ ​គឺ​មាន​ ការ​ញុះញង់​ពី​អាជ្ញាធរ ​និង​គំរាម​កំហែង ​ពី​អាជ្ញាធរ​ លក់​ដី​ហ្នឹង​ទៅ​ឱ្យ​ក្រុមហ៊ុន ​មិន​បាន​ព្រមព្រៀង​ថា​លក់ ​ហើយ​ក៏​យើង​ទាមទារ​តវ៉ា​វិញ»

ចំណែក នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​លោក ​អំ សំអាត ​ពន្យល់​ថា​ ជន​បរទេស​ពុំ​មែន​សញ្ជាតិ​ខ្មែរ​ គ្មាន​សិទ្ធិ​ទិញ​ដី​ជា​កម្មសិទ្ធិ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ​បាន​នោះ​ទេ​។ លោក​ថា ក្រុម​ពលរដ្ឋ​មិន​ហ៊ាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ដូច្នេះ​អាជ្ញាធរ​ថ្នាក់​ជាតិ ​គួរតែ​សម្រប​សម្រួល​ដោះស្រាយ​រឿង​នេះ៖ «ប្រសិន​បើ​ដីធ្លី ​និង​មាន​ការ​ចាប់ខ្លួន ​និង​គាត់​រត់​ចោល​ផ្ទះ​សម្បែង​ទៀត​ អាហ្នឹង ​វា​កាត់​ថា​ ធ្វើឱ្យ​ពួក​គាត់​ហ្នឹង ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដែរ​។ ​អ៊ីចឹង​គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែរ​ សម​សម្រប​ ហើយ​និង​អាច ​ទទួល​យក​បាន»។

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង និង​សហគមន៍​ភូមិ​បុស្ស​ស្នោ​រ មាន​ទំហំ​ជាង ១.២៣០ហិកតារ នៅ​ជាប់​ព្រែក​ឆ្លូង ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ព្រៃ​សហគមន៍​នេះ មាន​ទឹកជន់​លិច​ជា​រៀងរាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វស្លាប​រស់នៅ ហើយ​អ្នកភូមិ​រាប់​រយ​គ្រួសារ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែវស្សា និង​ធ្វើ​កសិកម្ម នៅ​រដូវប្រាំង ចិញ្ចឹម​ជីវិត​ច្រើន​ជំនាន់​មក​ហើយ។ ក្រុម​ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​មួយ​ចំនួន បាន​ឃុបឃិត​គ្នា លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ​ជិត ១០០នាក់ មក​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​អាជ្ញាធរ​ឈប់​ចាប់​ខ្លួន​អ្នក​ភូមិ​ពេល​វិល​ទៅ​ផ្ទះ​វិញ"

  1. Anonymous says:

    do not trust that killer regime they used to did it to our people . only Khmer kill Khmer like animal but how about Youn yes HUN SEN keep Youn as his GOD