អ្នក​ស្រាវជ្រាវ​សង្គម ស្នើ​ឲ្យ​មាន​ការ​​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ឃាតកម្ម​ដែល​បន្ត​កើត​មាន​នៅ​កម្ពុជា

កម្ពុជា-សង្គម
30/08/2020 – 08:23
ដោយ៖ អេង គីមហុង
RFI

ព័ត៌មាន​លើ​ទំព័រ​កាសែត​ស្ដី​ពី​ករណី​ឃាតកម្ម​កើត​ឡើង​នៅ​កម្ពុជា​។
ព័ត៌មាន​លើ​ទំព័រ​កាសែត​ស្ដី​ពី​ករណី​ឃាតកម្ម​កើត​ឡើង​នៅ​កម្ពុជា​។ © RFI

​អ្នក​ស្រាវជ្រាវ​ផ្នែក​សីលធម៌​សង្គម​មួយ​ចំនួន​ស្នើ​ជាសាធារណៈ​ឲ្យ​ស្ថាប័ន​រដ្ឋ​រួម​គ្នា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ រក​មូល​ហេតុ​នៅ​ពី​ក្រោយ​ឃាតកម្ម​សម្លាប់សាច់​ឈាម​ខ្លួន​ឯង​និយាយ​ដោយឡែក​ និង​សំណុំរឿង​ឃាតកម្ម​ជា​ទូទៅ បន្ទាប់​ពី​កើត​មាន​អំពើ​​ឃាតកម្ម​ផ្ទួន​ៗ​​ចំនួន​​៣ករណី ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​បឋម ឃាតកម្ម​យ៉ាង​ព្រៃ​ផ្សៃ​នេះ អាច​បណ្ដាល​មក​ពី​កត្តា​សេដ្ឋកិច្ច និងផ្លូវចិត្ត។ នេះ​តាម​អ្នកស្រាវជ្រាវ​ផ្នែក​សីលធម៌​សង្គម។

លោក ​ឈត ប៊ុនថង ​មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បង្ហាញ​ទស្សន​ផ្ទាល់​ខ្លួន​ថា មួយ​ផ្នែក​ដែល​បណ្ដាល​ឲ្យ​សង្គម​ខ្មែរ​បន្ត​កើត​មាន អំពើ​ឃាតកម្មដោយ​សារ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម ​និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​ គឺ​បណ្ដាល​មក​ពី​ការ​ប្រេះ​ឆាក្នុង​សង្គម​គ្រួសារ។ ​

នៅ​ចំពោះ​មុខ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​ដែល​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​បែប​នេះ លោក ឈត ប៊ុនថង យល់​ថា គេ​ពិបាក​រក​ដំណោះ​ស្រាយ​ណាស់​ ព្រោះ​ជា​អំពើ​កើត​ឡើង​ពី​ក្នុង​ចិត្ត​ដែល​គ្មាន​នរណា​ស្មាន​ដឹងជា​មុន​ឡើយ។  បើ​តាម​លោក ឈត ប៊ុនថង ការ​អប់រំ​ផ្លូវ​ចិត្ត​ជា​ផ្នែក​មួយ​សំខាន់​ដែរ ដែល​ផ្ដើម​ចេញ​ពីគ្រួសារ សាលារៀន និងសហគមន៍ជាដើម ដើម្បី​ឲ្យ​ពន្យល់​មនុស្ស​គ្រប់​រូប​ថា ការ​សម្លាប់​មនុស្សដោយ​សារ​បញ្ហា​អ្វី​មួយ​មិនមែន​ជា​ដំណោះ​ស្រាយ​ឡើយ។

សម្រាប់​ដំណោះ​ស្រាយ​យូរ​អង្វែង​ លោក​ ឈត ប៊ុនថង​ លើក​ទឹក​ចិត្ត​ឲ្យ​រាជបណ្ឌិត​សភា​កម្ពុជា សាកលវិទ្យាល័យ ស្ថាប័នពាក់ព័ន្ធ អ្នក​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​ជា​ដើម គួរ​តែ​ផ្ដើម​ការងារ​ស្រាវជ្រាវ​រៀងៗ​ខ្លួន ​រក​មូលហេតុ​នៅ​ពី​ក្រោយ​ឃាតកម្ម​នានា ដែល​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ។ បើ​គ្មាន​ការ​ស្រាវ​ជ្រាវតាម​បែបវិទ្យាសាស្ត្រដើម្បី​​រក​មូល​ហេតុ​ពិតទេនោះ បញ្ហា​ដដែល​នេះ​នឹង​បន្ត​កើត​មានទៀត​ចៀស​មិន​រួច​។ បើតាម​លោក ឈត ប៊ុនថង ការ​​រក​ឃើញតាម​រយៈ​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ នឹង​អនុញ្ញាត​ឲ្យ​​គ្រប់​គ្នា​ងាក​មក​ស្វែង​រកដំណោះ​ស្រាយ​ ដើម្បី​កាត់​បន្ថយ​និង​ឈាន​ទៅ​លុប​បំបាត់​ឃាតកម្ម​ក្នុង​សង្គម​ទាំង​មូល។

លោក ប៉ា ចន្ទរឿន អ្នក​ជំនាញ​ផ្នែក​ទស្សន​វិជ្ជា និង ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ឯកភាព​ជាមួយ​នឹង​ការ​ផ្ដួច​ផ្ដើម​គំនិត ក្នុង​ការ​ស្រាវជ្រាវ​រក​មូល​ហេតុ​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្មនានា​នៅ​កម្ពុជា។ តែយ៉ាងណាក៏ដោយ​សម្រាប់ លោក ប៉ា ចន្ទរឿន អាជ្ញាធរ​គួរ​ចុះ​ស្រាវជ្រាវ​លើ​ករណីនេះ​មុន​គេ ហើយ​ចង់​ក្រង​ជា​ផែនការ​អប់រំ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​ឃាតកម្ម​បែបនេះ​កើត​មាន​ទៀត។ បើ​តាម​អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​រូបនេះ មួយ​ចំណែក​នៃ​បញ្ហា​ផ្លូវ​ចិត្ត​បណ្ដាល​មក​ពី​គ្រឿង​ញៀននិង​គ្រឿង​ស្រវឹង ទើប​រុញ​ច្រាន​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ។

សូមជម្រាបជូនថា សំណុំ​រឿង​ឃាតកម្ម​សាហាវ​ព្រៃផ្សៃ​បី​ករណី​ដែល​កើត​ឡើង​នៅ​ចុង​ខែ​សីហា​នេះ គីករណី​ទី១ ឪពុក​សម្លាប់​កូន​ស្រី​បីនាក់​ដោយ​ច្របាច់​ក ទើប​ចង​ក​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ បន្ទាប់​មកករណី​ទី២ ​កូន​បង្កើត​សម្លាប់​ម្ដាយ​ខ្លួនឯង​ដោយ​ការ​អារក និង​ករណី​ចុង​ក្រោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៩​សីហា បុរស​ម្នាក់​សម្លាប់​ស្ត្រី​ម្នាក់​ដោយ​ការ​ចាក់​នឹង​កាំបិត ទើប​ចង​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ៕

What Next?

Recent Articles

One Response to "អ្នក​ស្រាវជ្រាវ​សង្គម ស្នើ​ឲ្យ​មាន​ការ​​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ឃាតកម្ម​ដែល​បន្ត​កើត​មាន​នៅ​កម្ពុជា"

  1. Anonymous says:

    do not have to wonder the killer I already knew as I said long time ago HUN NAL call HUN SEN was a genocide leader this evil took so many Cambodian life at lease in ten of thousand . HUN SEN should be hang in front of public right now we can not wait till this evil killer murder more Cambodian