ព្រះសង្ឃជិត៥០អង្គនៅវត្តមួយក្នុងខេត្តបាត់ដំបងចេញរោគសញ្ញាស្រដៀងកូវីដ១៩

កម្ពុជា-សង្គម
14/09/2020 – 07:59
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រុមគ្រូពេទ្យកំពុងយកសំណាកពីព្រះសង្ឃ ទៅពិនិត្យ
ក្រុមគ្រូពេទ្យកំពុងយកសំណាកពីព្រះសង្ឃ ទៅពិនិត្យ © FB/មន្ទីរសុខាភិបាលខេត្តបាត់ដំបង

ព្រះសង្ឃ​ចំនួន​៤៦​អង្គ គង់​នៅ​វត្ត​ស្វាយដង្គំ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ បាន​ចេញ​រោគ​សញ្ញា ​ក្អក​ និង​ហៀរ​សំបោរ​ រយៈពេល​៦​ថ្ងៃ​មក​ហើយ​ ខណៈ​ដែល​កម្តៅ​ក្នុង​ខ្លួន​កើន​ដល់​៣៧,៥​អង្សាសេ​គឺ​ស្រដៀង​គ្នា​នឹង​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​អះអាង​ថា​ ការ​កំណត់​ស្ថានភាព​រួម​ជា​បឋម​គឺ ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ​ ប៉ុន្តែ​អ្នក​ជំនាញ​ត្រូវ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ត​ទៀត​

ព្រះសង្ឃទាំង៤៦អង្គនោះគឺមានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ពោលមិនមែនជាអ្នក​ដំណើរមកពីក្រៅប្រទេសនោះទេ។ នេះបើតាមហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅថ្ងៃចន្ទនេះ។

នៅម៉ោងជាង១៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរបានចុះពិនិត្យ និងយកសំណាកព្រះសង្ឃចំនួន២១អង្គ ដែលអាការៈក្តៅខ្លួនខ្លាំងដើម្បីទៅពិនិត្យរកកូវីដ១៩។ ប៉ុន្តែ​នៅមិនទាន់​ចេញ​លទ្ធផលនៅឡើយ ខណៈមន្ទីរសុខាភិបាលខេត្តបាត់ដំបងអះអាងថា ការកំណត់ស្ថានភាពរួមជាបឋមគឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែអ្នកជំនាញត្រូវតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត។

ជាមួយគ្នានោះក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ដោយពាក់ម៉ាស់ ទទួលទានទឹកក្តៅជាប្រចាំ។

គួរកត់​សំគាល់ថា ការដែលព្រះសង្ឃរាប់សិបអង្គកើតមានអាការៈក្តៅខ្លួន ក្អក និងហៀរសំបោរនេះ គឺជួនចំពេល​ដែល​ប្រជាពុទ្ធបរិស័ទ​នាំគ្នាទៅកាន់​បិណ្ឌតាមប្រពៃណីយខ្មែរនៅតាមវត្តអារ៉ាម។

កាលពីថ្ងៃទី១៨សីហា ព្រះសង្ឃ២៨អង្គនៅ​វត្តប្រាសាទនាងខ្មៅ ​ក្នុង​ខេត្តតាកែវ​ក៏ត្រូវបានគេរាយការណ៍ថា កើតមាន​អាការៈគ្រុន​ក្តៅ ក្អក និង​ហៀរ​សំបោរ​ដូចករណី​ព្រះសង្ឃនៅខេត្តបាត់​ដំបងនោះដែរ។ ប៉ុន្តែក្រសួង​សុខាភិបាលបានគូសបញ្ជាក់ថា ​ព្រះសង្ឃទាំងនោះ​កើតជំងឺ​ផ្តាសាយធំ ខណៈ​ដែល​ព្រះចៅ​អធិការវត្តក៏បានបញ្ជាក់ថា នៅ​មុនពេល​កើតអាការៈបែបនេះ ព្រះសង្ឃក្មេងៗទាំងនោះនាំគ្នាស្រង់ទឹកភ្លៀង​៕

What Next?

Recent Articles