អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Union Development ដែលកំពុងវិនិយោគនៅក្នុងខេត្តកោះកុង

កម្ពុជា-អាមេរិក-ចិន
16/09/2020 – 08:03
ដោយ៖ វណ្ណ សុគន្ធា
RFI

រូបភាពប្លង់គម្រោង
រូបភាពប្លង់គម្រោង © FB

ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ម្សិលមិញ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន ​Union Development Group ក្រោម​មូល​ហេតុ​បាន​រឹប​អូស​ និង​បំផ្លិចបំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដើម្បី​សាងសង់​គម្រោង​អភិវឌ្ឍ​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង​។ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​អះអាង​ថា​ ក្រុមហ៊ុន​ចិន​នេះ បាន​បំពាន​ទៅ​នឹង​ច្បាប់ ​Global Magnitsky ហើយ​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បតិ្ត​របស់​ក្រុមហ៊ុន​នេះ​នៅ​លើ​ទឹក​ដី​អាមេរិក​។

ទណ្ឌកម្មដែលក្រសួងសេដ្ឋកិច្ចអាមេរិកដាក់លើក្រុមហ៊ុនចិន Union Development Group នេះ គឺគ្រប់ទ្រព្យសម្បត្តិ និងផលចំណេញចេញពីទ្រព្យសម្បតិ្តនៃក្រុមហ៊ុននេះ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតដោយផ្ទាល់ ឫដោយប្រយោល មានភាគហ៊ុន៥០%ឫច្រើនជាងនេះ ឫគ្រប់គ្រងដោយបុគ្គល ឬជាមួយអ្នកដៃទៀតដែលស្ថិតនៅក្នុងសហអាមេរិក ឬជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយជនជាតិអាមេរិកាំង គឺត្រូវបង្កកទាំងអស់ និងត្រូវររាយការណ៍មកកាន់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេ​សនៃក្រសួងសេដ្ឋកិច្ចអាមេរិក។

អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននេះ ដោយផ្អែកទៅតាមច្បាប់ Global Magnitsky។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេ​សនៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិកបានចោទក្រុមហ៊ុនចិន Union Development Group ថា បានបំពានទៅនឹងច្បាប់នេះតាមរយៈការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានអំពើពុករលួយនៅក្នុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួននៅក្នុងខេត្តកោះកុងរបស់កម្ពុជា។

ក្រុមហ៊ុនចិន Union Development Group បានចាប់ផ្តើមការវិនិយោគនៅក្នុងខេត្តកោះកុងកាលពីឆ្នាំ២០០៨ ដោយទទួលបានកិច្ចសន្យាជួលដីទំហំ៣៦,០០០ហិកតា រយៈពេល៩៩ឆ្នាំពីរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងទំហំផ្ទៃដីនេះ ក្រុមហ៊ុនចិនបានបោះទុនប្រមាណ៣.៨ពាន់លានដុល្លារអាមេរិកលើគម្រោងអភិវឌ្ឍតារាសាគរដែលជាគម្រោងទីក្រុងទេស​ចរណ៍ដ៏បំផុតនៅក្នុងខេត្តកោះកុង។

ក្រសួងសេដ្ឋកិច្ចអាមេរិកបានអះអាងថា នៅក្នុងដំណើរការអភិវឌ្ឍនេះ ក្រុមហ៊ុនចិន Union Development Group បានទាក់ទងជាមួយនឹងលោក គន់ គីម អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ តាមក្រសួងសេដ្ឋកិច្ចអាមេរិក គឺលោក គន់ គីម នេះបានប្រើប្រាស់កងកម្លាំងយោធាបណ្តេញប្រជាពលរដ្ឋ និង បានដុតផ្ទះសម្បែងរបស់ពួកគេ ដើម្បីយកដីឱ្យក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍគម្រោង។

សូមបញ្ជាក់ថា លោក គន់ គីម រួមនឹងសមាជិកគ្រួសារ៣នាក់ និងក្រុមហ៊ុនរបស់ពួកគេផង ត្រូវបានក្រសួងសេដ្ឋកិចុ្ចអាមេរិកនេះសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិម្តងរួចមកហើយកាលពីឆ្នាំ២០១៩។ ទណ្ឌកម្មនាពេលនោះ គឺដាក់ចេញជាមួយគ្នានឹងលោក ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រី ភាពគ្រុប។ ក្រសួងសេដ្ឋកិច្ចអាមេរិកបានចោទពួកគេថា បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ​ជាច្រើន​ករណី​ដូចជា ​ការគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​អំពើ​ពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ​ឬ ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ ​ឬ ​ស៊ី​សំណូក​។

កាលពីឆ្នាំ២០១៨ មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ហ៊ុន សែន គឺលោក​ ហ៊ីង ប៊ុនហៀង ក៏បានរងទណ្ឌកម្មរបស់អាមេរិកនេះដូចគ្នាផងដែរ។ កាលណោះ អាមេរិកចោទថា លោក ហ៊ីង ប៊ុនហៀង បានបញ្ជាកងកម្លាំងអង្គរក្សឱ្យវាយប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ និងតំណាងរាស្រ្តអតីតបក្សប្រឆាំង។ ទាំងអស់នេះ គឺបំពាននឹងច្បាប់ Global Magnitsky៕

What Next?

Recent Articles