អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​រដ្ឋ​ចិន UDG ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យសម្បត្តិ

ដោយ មាន ឫទ្ធិ
2020-09-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។

នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។

 Reuters


លោក មាន ឫទ្ធិ រាយការណ៍​ផ្ទាល់អំពី ទណ្ឌកម្មអាមេរិកប្រឆាំងក្រុមហ៊ុនចិន នៅប្រទេសកម្ពុជា


ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។ ការសម្រេច​ដាក់​ទណ្ឌកម្ម​ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យសម្បត្តិ​របស់​អាមេរិក​នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដីធ្លី​ពី​ប្រជាកសិករ​ខ្មែរ ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ពុករលួយ​​នៅ​កម្ពុជា។

ការប្រកាស​ដាក់​ទណ្ឌកម្ម​ជា​ផ្លូវការ​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៥ កញ្ញា​ដោយ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស (Office of Foreign Assets Control, OFAC) របស់​ក្រសួង​រតនាគារ​អាមេរិក ផ្អែក​តាម​ច្បាប់ Global Magnitsky Act ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន។ បើតាម​ក្រសួង​រតនាគារ​អាមេរិក ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG នេះ បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើពុករលួយ តាមរយៈ​មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​មួយ​រូប គឺ​នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ដាក់​ទណ្ឌកម្ម​​កាលពី​ចុងឆ្នាំ២០១៩ កន្លងទៅ។


រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក លោក ស្ទីវិន ម៉ានូជីន (Steven T. Mnuchin) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ បាន​ចុះ​បញ្ជី​ក្លែង​បន្លំ​បោកប្រាស់​ថា​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ក្រុមហ៊ុន​នេះ ក្រោយ​មក បាន​បាន​ប្ដូរ​កម្មសិទ្ធិ​ទៅ​ជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​វិញ ហើយ​កំពុង​បន្ត​ប្រតិបត្តិការ​ដោយគ្មាន​ការចាត់​វិធានការ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា។

បើតាម​ក្រសួង​រតនាគារ​អាមេរិក ក្រុមហ៊ុន​ចិន​ឈ្មោះ UDG នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដីធ្លី និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​ស្លាក​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ក្នុង​ខេត្ត​កោះកុង។ បន្ថែម​ពីលើ​នេះ​ទៀត ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ក៏​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នេះ​ពង្រីក​ការកាន់កាប់​របស់​ខ្លួន​លើ​តំបន់​ឧទ្យានជាតិ​បូទុមសាគរ ដែល​ជា​តំបន់​អភិរក្ស​ធម្មជាតិ​របស់​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ទៀតផង។

ពលរដ្ឋ​ប្រមាណ ៦០នាក់​តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នៅ​ក្នុង​ស្រុក​គីរីសាគរ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​ប្រមាណ ៦០នាក់​តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នៅ​ក្នុង​ស្រុក​គីរីសាគរ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


អ្នកវិភាគ​នយោបាយ​បណ្ឌិត មាស នី សុំ​មិន​អត្ថាធិប្បាយ​ទៅ​លើ​ការសម្រេច​របស់​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​នេះទេ។ ក៏ប៉ុន្តែ លោកថា ក្រុមហ៊ុន​ចិន​នេះ មាន​រឿង​អាស្រូវ​ច្រើន​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន៖ «យើង​ក៏​មិន​ដឹង​ថាតើ​ក្រុមហ៊ុន UDG នេះ មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល ទំហំ​ប៉ុណ្ណា​ទេ។ ប៉ុន្តែ បើ​និយាយ​រឿង​អំពើ​ហិង្សា ហើយ​នឹង​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ទឹកដី ឬ​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន UDG នេះ វា​ហាក់​ដូចជា​ភាគច្រើន​នៃ​ទំនាស់​ ច្រើន​តែ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​ប្រដាប់​អាវុធ។ យើង​អត់ដឹង​ថា​តើ​រដ្ឋាភិបាល​បាន​ផ្តល់​នូវ​កិច្ចគាំពារ​ប៉ុណ្ណា​ បាន​ជា​ការតវ៉ា​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​UDG ច្រើន​តែ​ប្រឈម​ជាមួយ​នឹង​ការប្រើ​នូវ​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការតវ៉ា​របស់​ពលរដ្ឋ»

បណ្ឌិត មាស នី បន្ត​ថា ទន្ទឹមនឹង​នេះ ក្រុមហ៊ុនUDG របស់​ចិន​នេះ ក៏​រង​នូវ​ការចោទប្រកាន់​ពីសំណាក់​សហរដ្ឋអាមេរិក ថា​កំពុង​សាងសង់​ព្រលាន​យន្តហោះ និង​កំពង់ផែ​ទឹកជ្រៅ​ដើម្បី​បម្រើ​ឲ្យ​មហិច្ឆតា​យោធា​ចិន​នា​ពេល​អនាគត​ផងដែរ៖ «យើង​ឃើញ​ថា នៅក្នុង​តំបន់​នៃ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UDG ជាពិសេស​ដូចជា​នៅ​ក្នុង​ខេត្ត​កោះកុង យើង​បាន​ឮសូរ​ថា មាន​ការចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​ថា តំបន់​អភិវឌ្ឍន៍​ហ្នុង ហាក់​ដូចជា​កំពុង​បាន​ត្រូវ​ប្រើ​សម្រាប់​យុទ្ធសាស្ត្រ​យោធា ដែល​គេ​ប្រើ​ពាក្យ​ថា ប្រើ​ជា​តំបន់​ភូមិសាស្ត្រ​នយោបាយ​ដែល​មាន​រួមទាំង​ការកសាង​នូវ​កំពង់ផែ​ទឹក​ជ្រៅ ហើយ​នឹង​វាល​យន្តហោះ​មួយ ដែល​មាន​ទំហំ​ធំ​ជាង​ផ្លូវរត់​របស់​យន្តហោះ​សម្រាប់​ស៊ីវិល​ធម្មតា»។

យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។

យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។ Photo courtesy


បណ្ឌិត មាស នី ពន្យល់​ថា ការសម្រេច​ដាក់​ទណ្ឌកម្ម​នេះ ក៏​បង្ហាញ​ឲ្យ​​ឃើញ​ថា សហរដ្ឋអាមេរិក​ ហាក់​ដូច​ជា​​មិន​ទុក​ចិត្ត​ ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចំពោះ​ការពន្យល់​របស់​កម្ពុជា និង​ក្តី​មន្ទិល​អំពី​ទំនាក់ទំនង​យោធា​ពិសេស​រវាង​ក្រុមហ៊ុន​ចិន​មួយ​នេះ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រោយ​ពី​មាន​ការធ្លាក់​យន្ត​ហោះ​ស៊ើបការណ៍​សម្ងាត់​គ្មាន​មនុស្ស​បើក​ ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មួយ​នេះ ហើយ​ត្រូវ​រដ្ឋាភិបាល​ប្រញាប់ប្រញាល់​ដឹក​យក​ទៅ​កម្ទេច​ចោល ដោយ​ពុំ​មាន​ការស៊ើបអង្កេត​ត្រឹមត្រូវ។

រីឯ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា ការសម្រេច​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ លាតត្រដាង​ឲ្យ​ឃើញ​អំពី​អំពើទុច្ចរិត​របស់​ក្រុមហ៊ុន UDG ។ លោក​ថា វា​ជារឿង​គួរឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ដែល​ក្រសួង​រតនាគារ​អាមេរិក បាន​បង្កើន​ចំណាត់ការ​របស់​ខ្លួន​យ៉ាង​ដូច្នេះ ហើយ​ក៏​មាន​ន័យ​ថា ក្រុមហ៊ុនUDG នេះ នឹង​ត្រូវ​បាន​សហរដ្ឋអាមេរិក​រឹត​បន្តឹង ដែល​លោក​ថា ចាប់ពី​ឥឡូវ​នេះ​ទៅ​ ក្រុមហ៊ុន​នេះ​នឹង​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ណាមួយ​ជាមួយ​ធនាគារ​អាមេរិក ឬ​ដោយ​ប្រើ​លុយ​ដុល្លារ​បាន​ឡើយ។ លោក​ពន្យល់​ថា ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ រឹតតែ​ពិបាក​ដោយសារ​តែ​នៅ​កម្ពុជា​ប្រើប្រាស់​​លុយ​ដុល្លារ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន UDG ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ។ អាស៊ីសេរី ក៏​មិនអាច​ទាក់ទង​លោក គន់ គីម និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ។

ក្រសួង​រតនាគារ​អាមេរិក​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រើប្រាស់​គម្រោង​របស់​ក្រុមហ៊ុន UDG នៅ​កម្ពុជា ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការពង្រីក​អំណាច​របស់​ចិន​នៅ​លើ​សាកលលោក។ បើតាម​សហរដ្ឋអាមេរិក សកម្មភាព​របស់​ក្រុមហ៊ុន​នេះ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​​ការបណ្តេញ​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ដោយ​បង្ខំ ការបំផ្លាញ​បរិស្ថាន និង​ផលប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍​មូលដ្ឋាន ក្រោម​ស្លាក​ថា កែប្រែ​តំបន់​នេះ ទៅជា​គោលដៅ​ទេសចរណ៍​ និង​ច្រក​ដឹកជញ្ជូន​ទំនិញ​ប្រចាំ​តំបន់។ មិនខុស​ពី​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់ និងផ្លូវ​របស់​ក្រុង​ប៉េកាំង​ដែរ ក្រសួង​រតនាគារ​អាមេរិក​ថា សកម្មភាព​អស់​ទាំងនេះ បាន​ផ្តល់​អត្ថប្រយោជន៍​ដោយ​មិន​សមាមាត្រ​គ្នា​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការខាតបង់​របស់​ពលរដ្ឋ​កម្ពុជា។

បន្ថែម​ពី​លើ​នេះ ក្រសួង​រតនាគារ​អាមេរិក ក៏​បាន​លើកឡើង​ពី​កង្វល់​បន្ថែម​ជុំវិញ​សេចក្តីរាយការណ៍​នានា​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ថា អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​និយាយ​ថា តំបន់​តារាសាគរ អាច​នឹង​ត្រូវ​បាន​បម្លែង​ទៅជា​កន្លែង​សម្រាប់​បម្រើ​ឲ្យ​កិច្ចការ​យោធា។ ក្រសួង​រតនាគារ​អាមេរិក ព្រមាន​ថា វត្តមាន​យោធា​ចិន​ជា​អចិន្ត្រៃយ៍​នៅ​លើ​ទឹកដី​កម្ពុជា អាច​នឹង​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើឲ្យ​ទន់ខ្សោយ​ដល់​ក្តី​រំពឹង​ចង់​ឲ្យ​មាន​ការដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​ដោយ​សន្តិវិធី ការលើក​កម្ពស់​ឲ្យ​មាន​ចរាចរណ៍​តាម​ផ្លូវ​សមុទ្រ​ដោយ​សុវត្ថិភាព និង​សន្តិសុខ ព្រមទាំង​សេរីភាព​នៃ​ការធ្វើ​ដំណើរ​តាម​នាវា និង​លើ​អាកាស​ផងដែរ។

ជាថ្មី​ម្តងទៀត ក្រសួង​រតនាគារ​អាមេរិក សង្កត់​ធ្ងន់​ថា ការសម្រេចចិត្ត​របស់​ខ្លួន​នា​ពេល​នេះ ធ្វើឡើង​បន្ថែម​ទៅលើ​វិធានការ​នានា​ដែល​សហរដ្ឋអាមេរិក បាន​ធ្វើ​​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​សហរដ្ឋអាមេរិក ឲ្យ​មាន​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​​សេរី និង​បើកចំហរ និង​ការគោរព​អធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ក្រសួង​រតនាគារ​អាមេរិក ថា សហរដ្ឋអាមេរិក កំពុង​ចាត់វិធានការ​យ៉ាង​សកម្ម ដើម្បី​បង្អាក់​ការវិនិយោគ​ប្រកបដោយ​អំពើកេងប្រវ័ញ្ច​របស់​ចិន និង​ដើម្បី​ឈរ​នៅ​ជានិច្ច​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

កាលពី​ខែ​ឧសភា ឆ្នាំ២០០៨ ក្រុមហ៊ុន UDG គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ដល់​ទៅ ៣ម៉ឺន៦ពាន់ (៣៦.០០០) ហិកតា លើស​ពី​ច្បាប់​ភូមិបាល​កំណត់ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ក្នុង​ខេត្ត​កោះកុង។ ក្រុមហ៊ុន​នេះ បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍​គម្រោង​នៅ​តំបន់​តារាសាគរ ក្រោម​ទឹកប្រាក់​វិនិយោគ​សរុប​តម្លៃ ៣ពាន់៨រយ (៣.៨០០) លានដុល្លារ​អាមេរិក ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles