ក្រុមហ៊ុន Union Group និងស្ថានទូតចិនទាត់ចោលការចោទប្រកាន់របស់អាមេរិក និងទទូចឱ្យដកទណ្ឌកម្មចេញវិញ

កម្ពុជា
17/09/2020 – 09:37
ដោយ៖ វណ្ណ សុគន្ធា
RFI

Darasakor preoject
Darasakor preoject © @Union Development Group

ក្រុមហ៊ុន​ចិន ​Tianjin Union Development Group និងស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញាបានចេញមកទាត់ចោលនូវការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ចអាមេរិកចំពោះដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន Union Develop​ment Group នៅកម្ពុជា។ ប្រតិកម្មនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើក្រុមហ៊ុន ​​Union Development Group ដោយចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង មានអំពើពុករលួយក្នុងដំណើការសាងសង់គម្រោងអភិវឌ្ឍតារាសាគរក្នុងខេត្តកោះកុងរបស់កម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ក្រុមហ៊ុនចិន Tianjin Union Development Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Union Development Group និងស្ថានទូតចិនប្រចាំនៅកម្ពុជាបានជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។ សម្រាប់ក្រុមហ៊ុនចិន Tianjin Union Development Group ការចោទប្រកាន់ទាំងអម្បាម៉ានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក គឺជាការមិនអើពើនឹងការពិត ហើយប្រឌិតរឿងតែមាត់។ ដូច្នេះហើយ ក្រុមហ៊ុននេះជំទាស់យ៉ាងដាច់ខាតចំពោះការចោទប្រកាន់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Union Development Group។

ចំណែក ស្ថានទូតចិនតាមរយៈអ្នកនាំពាក្យវិញបានថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។ ស្ថានទូនចិនប្រចាំនៅកម្ពុជាថែមទាំងហៅការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកថា ជាសកម្មភាពដែលប្រើអំណាចគៀបសង្កត់ជាខ្លាំង។ សម្រា​ប់ស្ថានទូតចិន ការគៀបសង្កត់របស់រដ្ឋាភិបាលអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិននៅកម្ពុជា គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់សហគ្រាសនោះទេ តែរឹតតែជាការរំលោភបំពានទាំង​ស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ទោះជាប្រតិកម្មបែបនេះ តែស្ថានទូតចិនបានទទូចឱ្យអាមេរិកកែប្រែវិធីសាស្រ្តរបស់ខ្លួនជាបន្ទាន់ និងដកទណ្ឌកម្មទាំងស្រុងចេញវិញ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុមហ៊ុន​ចិន​ Union Development Group ក្រោម​មូល​ហេតុ​បាន​រឹប​អូស​ និង​បំផ្លិចបំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដើម្បី​សាងសង់​គម្រោង​អភិវឌ្ឍ​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង​។ ក្រសួងសេដ្ឋកិច្ចអាមេរិកបានអះអាងថា ក្រុមហ៊ុន Union Development Group ជាក្រុមហ៊ុនរបស់រដ្ឋចិន ហើយបានទាក់ទងជាមួយលោកគន់ គីម  អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បីជួយប្រមូលដីឱ្យខ្លួនសម្រាប់ការធ្វើអភិវឌ្ឍគម្រោងតារាសាគរនៅក្នុងខេត្តកោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទាត់ចោលនូវការចោទប្រកាន់ទាំងអស់នេះ។ បើតា​មក្រុមហ៊ុនចិននេះ ក្រុមហ៊ុន Union Development Group មិនមែនជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនឡើយ តែជាក្រុមហ៊ុនឯកជន​។ ក្រុមហ៊ុន Tianjin Union Development Group បានអះអាងទៀតថា ខ្លួនបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលកម្ពុជា និង មិនបានបំពានច្បាប់ណាមួយឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនចិនក៏បានគូសបញ្ជាក់ដែរថា ខ្លួននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជម្នះរាល់ការលំបាក ដើម្បីកសាងគម្រោងតារាសាគរឱ្យបានល្អ និង ចូលរួមចំណែកក្នុងការលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ​និង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

What Next?

Recent Articles

One Response to "ក្រុមហ៊ុន Union Group និងស្ថានទូតចិនទាត់ចោលការចោទប្រកាន់របស់អាមេរិក និងទទូចឱ្យដកទណ្ឌកម្មចេញវិញ"

  1. Anonymous says:

    It’s good that Hun Sen and China feel the heat of sanctions from US. Hun Sen continues to ignore all the requests and negotiations initiated by US for human rights based on Hun Sen court decisions, undoubtedly, US can treat Hun Sen the same way based on US law maker decision. This is just the beginning of US strategy to deal with Hun Sen, working or not it completely depends on Hun Sen himself. For sure there will be more severe sanctions for Hun Sen to solve. Nobody in this planet can reject or cancel US sanctions.