ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សមាជិក​កំពុង​ជាប់​ឃុំ

ដោយ សេក បណ្ឌិត
2020-09-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នគរបាល​កំពុង​ដណ្ដើម​យក​ក្រដាស​បដា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួក​គាត់​ពី​ការ​ឃុំឃាំង​វិញ។

នគរបាល​កំពុង​ដណ្ដើម​យក​ក្រដាស​បដា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួក​គាត់​ពី​ការ​ឃុំឃាំង​វិញ។

 រូប៖ ពលរដ្ឋ


ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​បង្ហាញ​អារម្មណ៍​ថា ម្នាក់ៗ ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​ឆ្នាំ​មុនៗ ឡើយ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ​​នៅ​ឆ្នាំ​នេះ​ពួក​គេ​បាត់បង់​សមាជិក​គ្រួសារ​​សំខាន់ ព្រោះត្រូវ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​គ្រួសារ​ពួក​គេ​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម។

រដូវ​បុណ្យ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​សំខាន់​មួយ​ក្នុង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែល​ពលរដ្ឋ​តែងតែ​ប្រារព្ធ​មិន​សូវ​ដែល​ខកខាន​ឡើយ។

ជារៀងរាល់​ឆ្នាំ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ទោះ​បី​នៅ​ជិត ក៏​ឆ្ងាយ​យ៉ាង​ណា​ក្តី ក៏​ស្កាត់​ជួប​គ្នា ដើម្បី​ធ្វើ​បុណ្យ​ដោយ​ក្ដី​សប្បាយ​រីករាយ​ដែរ។

ដោយឡែក ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម​​ភាគ​ច្រើន​មិន​បាន​ចូលរួម​ប្រារព្ធ​បុណ្យ ភ្ជុំ-បិណ្ឌ នៅ​ឆ្នាំ​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ដោយសារ​ខ្វល់ខ្វាយ​ខ្លាំង​នឹង​សមាជិក​កំពុង​ជាប់​ឃុំ​ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ការ​ចាប់​ចង​យក​ទៅ​ដាក់​គុក​ឲ្យ​ព្រាត់​ប្រាស់​គ្រួសារ​ទាំង​អយុត្តិធម៌​បំផុត នៅ​មុន​ពិធី​បុណ្យ​ចូល​មក​ដល់។

លោកស្រី សេង ចាន់ថន ជា​ភរិយា​របស់​លោក ស៊ុន ធន់ ជា​មន្ត្រី​ថ្នាក់​មូលដ្ឋាន នៃ​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ធំ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ពេល​ថ្មី​នេះ បាន​បង្ហាញ​អារម្មណ៍​​សោកសៅ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។

លោកស្រី​មានប្រសាសន៍ថា រូប​គាត់ និង​កូន បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ខ្លះ​ដែរ តែ​មិន​បាន​ច្រើន​វត្ត ឬ​ដង​ដូច​រាល់​ឆ្នាំ​ឡើយ ព្រោះ​រវល់​ធ្វើ​បាយ​ម្ហូប​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស ឲ្យ​បាន​មុន​ភ្ជុំបិណ្ឌ​ផង និង​ខ្វះខាត​ថវិកា​ផង តែ​រឿង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គាត់​គ្មាន​អារម្មណ៍​ហ្នឹង​ន​នៅ​ក្នុង​ខ្លួន​សោះ​ឡើយ​​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន​ឡើយ។

លោកស្រី​បន្ត​ថា បើ​ទោះ​ជា​បាន​ទៅ​ធ្វើ​បុណ្យ​ក៏​ពិត​មែន ក៏​ទៅ​ទាំង​ឈឺ​ចាប់​​ដោយសារ​ប្តី​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ មិន​បាន​មក​ចូលរួម​ធ្វើ​បុណ្យ​រួម​គ្នា​ជាមួយ​សាច់​ញាតិ បងប្អូន កូន ប្រពន្ធ ដូច​រាល់​ឆ្នាំ​នោះ​ឡើយ៖ «និយាយ​ទៅ​សោក​ស្ដាយ​បំផុត​តែ​ម្ដង… គេ​គ្រប់​គ្នា​មាន​គ្រួសារ​ទៅ​វត្ត​ជួបជុំ​គ្នា សប្បាយ​រីករាយ តែ​ចំណែក​ខ្ញុំ មាន​អារម្មណ៍​មួយ ឈឺចាប់ មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ហើយ​ពួក​យើង​ស្រណោះ​គាត់​ ចង់​ឲ្យ​គាត់​មក​ចូលរួម​ជាមួយ​ពួក​យើង​ដែរ»

លោក ស៊ុន ធន់ ជា​គ្រូ​បង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ មិថុនា ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​លោក​ពី​បទ​​​​​​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ និង​ញុះញង់​មិន​ឲ្យ​យោធា​ស្ដាប់​បង្គាប់។

ចំណែក​ភរិយា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី វិញ លោកស្រី ក៏​មាន​អារម្មណ៍​ចាប់​ខ្លាំង​ណាស់​ដែរ ដោយ​រដូវ​បុណ្យទាន​មក​ដល់ បែរ​ជា​បាត់​មុខ​ប្ដី​ជា​ទី​ស្រឡាញ់ ដោយ​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ទៅ​វិញ។ ភាព​សប្បាយ​រីករាយ​ដែល​ធ្លាប់​កើត​មាន​ពេល​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន​រួម​គ្នា ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​បង​ប្អូន​ជីដូន​ជីតា ដូច​រាល់​ដង​នោះ គឺ​ត្រូវ​រលាយ​បាត់​អស់​នៅ​ឆ្នាំ​នេះ៖ «ខ្ញុំ​អត់​ទាន់​បាន​ទៅ​វត្ត​ទេ ណា​មួយ​អារម្មណ៍​អត់​ចង់​ទៅ​ដែរ ព្រោះ​ពិបាក​ចិត្ត​ពេក ដោយ​ធ្លាប់​មាន​គាត់​ទៅ​ជាមួយ​យើង​នៅ​ក្បែរ​យើង​ពេល​បុណ្យទាន​បាន​ជួបជុំ​គ្នា។ តែ​ឆ្នាំ​នេះ​អត់ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់»។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា មកដល់ពេលនេះ រូប​គាត់​អត់​ទាន់​ដែល​បាន​ទៅ​ជួប​មុខ​ប្ដី​នៅ​ពន្ធនាគារ​ម្ដង​ណា​ឡើយ និង​មិន​បាន​ទៅ​ធ្វើ​វត្ត​ធ្វើ​បុណ្យទាន​អ្វី​នឹង​គេ​ឡើយ ព្រោះ​មាន​អារម្មណ៍​អត់​សប្បាយ​ចិត្ត ម្យ៉ាង​គាត់​នៅ​ជាប់​រវល់​មើល​កូន​តូច​អាយុ​ទើប​បាន ៧ខែ​ប៉ុណ្ណោះ៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ​មែនទែន ដែល​ប្តី​ជាប់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ពេល​នេះ​ខ្ញុំ​មាន​តែ​ការ​ឈឺចាប់ ដូច​ដឹង​ស្រាប់​ហើយ​ថា របប​នេះ​ពិត​ជា​ពិបាក​មែនទែន»

លោក ថុន រដ្ឋា ជា​សកម្មជន​នៃ​ក្រុម​យុវជន​មាតា​ធម្មជាតិ ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ដោយ​សមត្ថកិច្ច​ចោទប្រកាន់​ ពី​ការ​បង្កើត​ស្ទូឌីយ៉ូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខុស​ច្បាប់​អនុញ្ញាត​បញ្ចេញ​ព័ត៌មាន​ពី​ក្នុង​ប្រទេស​ទៅ​ក្រៅ​ប្រទេស។

ដោយឡែក លោក រ៉ុង វិជ្ជា ក្មួយ​ប្រុស​បង្កើត​របស់ លោក រ៉ុង ឈុន ក៏​មាន​ការ​សោក​ស្ដាយ​ដែរ ដែល​តុលាការ​មិន​បាន​ដោះលែង លោក រ៉ុង ឈុន ​ឲ្យបាន​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការ​ស្នើសុំ​របស់​មេធាវី និង​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​គាត់​បាន​ចូលរួម​ធ្វើ​បុណ្យ​ទាន​ជាមួយ​ក្រុម​គ្រួសារ និង​សហការ​ រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​ក្ដី​ចោទ​ប្រកាន់​រូប​លោក​នោះ «ចំពោះ​យើង​ជា​សាច់​ញាតិ​ពិត​ជា​មាន​ការ​លោក​ស្ដាយ ហើយ​ចង់​ឲ្យ​គាត់​បាន​មក​នៅ​ក្រៅ​ឃុំ​ជួប​ជុំ​គ្រួសារ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​រួម​គ្នា ដូច​ជា នៅ​ក្នុង​ពិធី​បុណ្យ ភ្ជុំបិណ្ឌ​ជា​ដើម ពីព្រោះ​អ្វីៗ ដែល​លោក​គ្រូ រ៉ុង ឈុន បាន​ធ្វើ គឺ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»

លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា។ ការ​ចាប់​ខ្លួន​នេះ ដោយសារ​តែ​លោក​​និយាយ​អំពី​បញ្ហា​កសិករ​ខ្មែរ​បាត់​ដី​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។

ចំណែក​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ក៏​បាន​បង្ហាញ​អារម្មណ៍​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។

ទោះ​បី​យ៉ាង​ណា​ក្តី លោកស្រី សេង ចាន់ថន ជា​ភរិយា​របស់​លោក ស៊ុន ធន់ អំពាវនាវ ឲ្យ​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​អស់​ខិតខំ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​ពង្រឹង​ស្មារតី​ឲ្យ​បាន​រឹងមាំ ដើម្បី​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​បន្ត​ទៀត នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់៖ «ខ្ញុំ​សូម​ផ្ដែផ្ដាំ​ទៅ​ពួក​គាត់​ទាំង​អស់​គ្នា​ឲ្យ​តស៊ូ​ឡើង សូម​អត់ធ្មត់​តស៊ូ​ទៅ​មុខ ហើយ​ទៅ​វត្ត​ធ្វើ​សូម​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​ទាំង​អស់​គ្នា»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សមាជិក​កំពុង​ជាប់​ឃុំ"

  1. Anonymous says:

    no one can be happy if their love one is in danger . this is what I call the policy of discrimination never ending. today you can hurt them but you are not so sour about tomorrow after they can not stand anymore . the expression said if there is no fire there will be no smoke either that mean the fire that made by you the smoke will coming along whit it. at the end no matter how rich you are it will be the same as 1979 after POL POT got the whole nation . there was lesson to be learn but all these top jungle leader never learn any thing. from all these reason that make Cambodian living under uncertainty future right now