សហរដ្ឋ​អាមេរិក​ជំរុញ​​ប្រទេស​ចិន ឲ្យ​បែង​ចែក​ទឹក​ទន្លេ​មេគង្គ​ប្រកប​ដោយ​តម្លាភាព

ដោយ ហេង រស្មី
2020-09-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក (ខាង​ក្រោម) កូន​ផ្សោត​នៅ​ក្នុង​ទន្លេ​មេគង្គ​លើ​របស់​កម្ពុជា និង​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ចិន។ រូប៖ ហ្វេសប៊ុក

លោក ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក (ខាង​ក្រោម) កូន​ផ្សោត​នៅ​ក្នុង​ទន្លេ​មេគង្គ​លើ​របស់​កម្ពុជា និង​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ចិន។ រូប៖ ហ្វេសប៊ុក

 រូប៖ ហ្វេសប៊ុក MRC


សហរដ្ឋ​អាមេរិក​ជំរុញ​ដល់​រដ្ឋាភិបាល​ចិន​ ឲ្យ​បែង​ចែក​ទិន្នន័យ​ព័ត៌មាន​ពី​ទឹក​ទន្លេ​មេគង្គ ប្រកប​ដោយ​តម្លាភាព ដើម្បី​ចៀស​វាង​ដល់​ការ​គំរាម​កំហែង កាន់​តែ​ខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​ទន្លេ​មេគង្គ។ អ្នក​ជំនាញ​អភិបាល​កិច្ច​ទឹក​លើក​ឡើង​ថា ដោយ​សារ​តែ​ប្រទេស​ចិន សាង​សង់​ទំនប់​នៅ​ផ្នែក​ខាង​លើ​នៃ​ទឹក​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​ទឹក​នៅ​តំបន់​ទន្លេ​មេគង្គ​ ដែល​រួម​មាន​កម្ពុជា ប្រែ​ប្រួល​ខុស​ប្រក្រតី និង​ធ្វើ​ឱ្យ​បាត់​បង់​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន។

ក្រសួង​ការ​ប្រទេស​សហរដ្ឋ​អាមេរិក​ លើក​ទឹកចិត្ត​ដល់​បណ្ដា​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ​ ជំរុញ​ដល់​គណបក្ស​កុម្មុយនិស្ត​ចិន​ ឲ្យ​​ទទួលខុស ត្រូវ​ ចំពោះ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រសួង​ថា ទិន្នន័យ​ទាំង​អស់​នោះ ត្រូវ​តែ​បើក​ចំហ​ជា​សារធារណៈ ហើយ​ត្រូវ​ផ្សព្វផ្សាយ​គ្រប់​ពេល​ពេញ​មួយ​ឆ្នាំ។

សេចក្ដី​ថ្លែង​ការណ៍​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ កញ្ញា​ថា ការសម្រេច​ចិត្ត​​ជា​ឯកតោភាគី​របស់​ គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​ឃាត់​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេ​មេគង្គ​​បាន​ធ្វើ​ឱ្យ​ភាព​រាំង​ស្ងួត​ជា​​ប្រវត្តិសាស្ត្រ​ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​ថែម​ទៀត​។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​នេះ ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ដៃគូ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ក្រោម​ចំណង​ជើង​ថា ប្រទេស​តំបន់​ទន្លេ​មេគង្គ សមនឹង​ទទួល​បាន​ដៃគូ​ល្អ កាល​ពី​ថ្ងៃ​ទី១៤ កញ្ញា។ លោក​ ម៉ៃ ឃើល ផូមភីអូ លើក​ឡើង​ថា ការ​បង្កើត​គម្រោង​ដៃគូ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ សហរដ្ឋ​អាមេរិក​ត្រៀម​ថវិកា​ច្រើន​ជាង ១៥០លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​នេះ។​ សហរដ្ឋ​អាមេរិក​ថា ក្នុងរយៈពេល ១១ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ចំណាយ​ថវិកា ប្រមាណ ៣ពាន់ ៥រយ​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ។​

ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែង​មន្ត្រី​ការ​ទូត​កំពូល​របស់​អាមេរិក​នេះ អ្នក​ជំនាញ​អភិបាល​កិច្ច​ទឹក​ លោក ហែម ឧត្ដម បាន​លើក​ឡើង​ថា​ ចាប់​តាំង​ពី​ប្រទេស​ចិន​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ខាង​លើ​អាង​ទន្លេ​មេគង្គ​មក​។​ប្រទេស​ចិន​ បាន​បែក​ចែក​ព័ត៌មាន​ខ្លះ​ដែរ​ ប៉ុន្តែ​ការ​ចែក​រំលែក​ព័ត៌មាន​នោះ នៅ​ពេល​ដែល​ចិន​ មាន​បំណង​បើក​ទ្វារ​ទឹក នៅ​ផ្នែក​លើ​ទំនប់​របស់​ខ្លួន​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​ប្រទេស​នៅ​ខាង​ក្រោម​ខ្សែ​ទឹក​ ត្រៀម​ការពារ​​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ទឹក​ជន់ លិច ផ្នែក​ខាង​ក្រោម។

លោក​ថ្លែង​បន្ត​ថា ពាក់​ព័ន្ធ​នឹង​ពេល​វេលា​នៃ​ការ​បញ្ជូន​ព័ត៌មាន​ហាក់​បីដូច​ជា​មិន​បាន​ច្រើន​គ្រប់​គ្រាន់​ ដើម្បី​ឲ្យ​តំណាង​ប្រទេស​នីមួយ​ៗ​ បាន​ជូន​ដំណឹង​ជា​សាធារណៈ ជាពិសេស ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​ឲ្យ​ពួក​គាត់​ត្រៀម​ខ្លួន​ទប់ស្កាត់​ជាមុន​នោះ​ទេ៖ «កន្លង​មក​ដូច​ជា​មិន​ទាន់​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ដិតដល់​ ឲ្យ​បាន​ជាក់​លាក់​ អំពី​ឫសគល់​ នៃ​បញ្ហា​ ដោយ​សារ​ចិន​ហ្នឹង​គាត់​អត់​បាន​បែង​ចែង​រំលែក​ព័ត៌មាន​ ឲ្យ​បាន​ដិត​ដល់​ថា តើ​ទំនប់​របស់​គាត់​ហ្នឹង​រក្សា​ទុក​ទឹក​អោយ​បាន​ប៉ុណ្ណា?​ តើ​មាន​អ្វី​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​ទំនប់ របស់​ខ្លួន។​អញ្ចឹង​យើង​អត់​មាន​អ្វី​បង្អែក​ ដើម្បី​ធ្វើ​ការ​ ជាក់​លាក​អ៊ីចឹង។ យើង​ហាក់​ដូច​ជា​បង្ការ​ តាម​លក្ខណៈ​ គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ អីចឹង។ តើ​វា​មាន​ហួស​ពី​ហ្នឹង​ទៀត ហួស​ពី​សមត្ថភាព​ដែល​យើង​នៅ​ក្នុង​ការ​បង្ការ»

ក្រុម​មេដឹកនាំ​មកពី​ប្រទេស​៥​ផ្សេងទៀត​ក្នុង​តំបន់​ទន្លេ​មេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ឬ​ភូមា ថៃ ឡាវ និង​វៀតណាម បាន​បរាជ័យ​ ដោយ​មិន​ហ៊ាន​លើកឡើង​ពី​រឿង​បញ្ហា​វិបត្តិ​ទឹក​កាន់តែ​ធ្ងន់ធ្ងរ​នេះ ប្រាប់​ទៅ​ក្រុម​មេដឹកនាំ​ទាំងនោះ​ឲ្យ​រួមគ្នា​ដោះស្រាយ​ឡើយ។

ការ​មិន​ហ៊ាន​លើក​ឡើង​អំពី​វិបត្តិ​ទឹក​ នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ឡាន ឆាង​លើក​ទី​បី តាម​ប្រព័ន្ធ​វីដេអូ​ កាល​ពី​ថ្ងៃទី​​២៤​ ខែ​ សីហា។

វិបត្តិ​ទឹកទន្លេ​មេគង្គ​នេះ​ បាន​​បង្ក​ឲ្យ​មាន​គ្រោះ​រីង​ស្ងួត ​ហួត​ហែង​ និង​ការ​បន្ត​អូស​បន្លាយ​រដូវប្រាំង​អស់​ជាង​ពីរ​ឆ្នាំ​ជាប់ៗ គ្នា ហើយ​ដែល​ត្រូវ​ប្រជានេសាទ​​ ត្អូញត្អែរ​ ស្ទើរ​គ្រប់គ្នា​អំពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ មិន​ត្រូវ​បាន​ លោក ហ៊ុន សែន លើក​យក​មក​និយាយ​ឡើយ ខណៈ​ទិន្នន័យ​វិទ្យាសាស្ត្រ​បង្ហាញ​ថា ប្រទេស​ចិន​បាន​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​តែឯង។

អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លោក​ស្រី​​ លី ទីវ៉ាន់​ និយាយ​ថា​ ចាប់​តាំង​ពី​ប្រទេស​ចិន​សាង​សង់​ទំនប់​ផ្នែក​​ខាង​លើ​អាង​ទន្លេ​ មេគង្គ​ មក​ បាន​ធ្វើ​អោយ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ប្រែប្រួល​ខុស​ពី​ធម្មតា។​ លោក​ស្រី​បន្ថែម​ថា​ ពី​មុន​លោក​ស្រី​រក​ត្រី​បាន​ពី ១០ម៉ឺន​រៀល​គឺ​ប្រមាណ ២៥ដុល្លារ ក្នុង​មួយ​ថ្ងៃ​ តែ​ឥឡូវ​នេះ​រក​បាន ២ម៉ឺន​រៀល​ គឺ​ប្រមាណ​តែ ៥ដុល្លារ​ប៉ុណ្ណោះ​​ ក្នុង​មួយ​ថ្ងៃ។

លោក​ស្រី​ថា ដោយ​សារ​តែ​ប្រទេស​ចិន​សាង​សង់​ទំនប់​នៅ​លើ​អាង​ទន្លេ​មេគង្គ​នេះ​ បាន​ធ្វើ​អោយ​ទិន្នផល​ត្រី​ធ្លាក់​ចុះ៖ «អ្នក​ដែល​ធ្វើ​ស្រែ ធ្វើ​ចម្ការ​ គ្នា​បាន​ទឹក​យោង។កាល​ណា បាន​ទឹក​ឡើង​គ្នា​ បាន​ទឹក​ហ្នឹង​ធ្វើ​ស្រែ​​ ចុះ​អ្នក​រក​ត្រី​ នៅ​ពេល​មាន​ទឹក​ធំ​ទៅ​ ក៏​បាន​ត្រី​ពង​កូន ត្រី​សំបូរ គ្រាន់​តែ​បាន​រក​ស៊ី​ចិញ្ចឹម​ជីវិត​តៗ​គ្នា​អ៊ីចឹង​ទៅ។​អ្នក​ធ្វើ​ស្រែ​ ក៏​អ៊ីចឹង អ្នក​រក​ត្រី​ក៏​អ៊ីចឹង។ ចុះ​កាល​ណា​បិទ​ ដូច​បិទ​ឆ្នាំង​បាយ​គាត់​អ៊ីចឹង»

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​លោក​ អ៊ូ ផាន់ណារ៉ា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​សារ​លោក​កំពុង​ជាប់​រវល់៖ «ខ្ញុំ​នៅ​ឆ្ងាយ​អត់​ ឮ​ច្បាស់​បង។ ខ្ញុំ​នៅ​កោះកុង​ អត់​សូវ​ឮច្បាស់​។​នៅ​តាម​ផ្លូវ​អធ្យាស្រ័យ​បង​ អត់​ឮ​ច្បាស់»។

កាល​ពី​ខែ​មករា ដល់​ខែ​ កក្កដា ឆ្នាំ​២០២០​ គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា អាង​ទន្លេ​មេគង្គ​ក្រោម ប្រឈម​នឹង​រំហូរ​ទឹក​ទាប​បំផុត​ក្នុង​រយៈពេល ២ឆ្នាំ​ជាប់ៗ គ្នា បង្ក​ឲ្យ​បឹងទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ​នូវ​ស្ថានភាព​រាំងស្ងួត​ខ្លាំង​បំផុត​មិនធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ១៩៩៧ មក។

របាយការណ៍​បាន​កំណត់​នូវ​មូលហេតុ​ជាច្រើន ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នេះ ក្នុងនោះ​រួមមាន បរិមាណ​ទឹកភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី​បង្ក​ដោយ​បាតុភូត​អាកាសធាតុ អែលនីញ៉ូ (El Nino) ក៏​ប៉ុន្តែ មិន​បាន​លើកឡើង​ឲ្យ​បាន​ជាក់លាក់​ថា បញ្ហា​នេះ​ក៏​បង្ក​ឡើង​ដោយសារ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ច្រើន​ហួសហេតុ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងលើ​ដទៃ​ទៀត​នោះ​ទេ។ យ៉ាងណា របាយការណ៍​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក គួរ​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ទំនប់​វារីអគ្គិសនី និង​ប្រតិបត្តិ​ករ​ធារាសាស្ត្រ ឲ្យ​កែសម្រួល​ប្រតិបត្តិការ​រយៈពេល​ខ្លី​របស់​ពួកគេ។

អ្នក​សម្រប​សម្រួល​អង្គការ​ទន្លេ​បី​ លោក​ លាង ប៊ុនលាភ​ មាន​ប្រសាសន៍​ថា​ ធនធាន​ទឹក​គឺ​ជា​ធនធាន​រួម​​ ទាំង​ប្រទេស​ចិន​ និង​ប្រទេស​នៅ​តាម​បណ្ដោយ​ខ្សែទឹក​ទន្លេ​មេគង្គ។​លោក​បន្ថែម​ថា ប្រសិន​បើ​ប្រទេស​ណា​មួយ​នៅ​ផ្នែក​ខាង​លើ​នៃ​អាង​ទន្លេ​មេគង្គ ប្រើ​ប្រាស់​ទឹក​ ដោយ​មិន​យុត្តិធម៌​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន សម្រាប់​ប្រទេស​របស់​ខ្លួន​ ដោយ​មិន​បាន​គិត​គូរ​ដល់​ប្រទេស​នៅ​ខ្សែទឹក​ខាង​ក្រោម​គឺ​ជា​រឿង​អយុត្តិធម៌៖ «ពី​ព្រោះ​កន្លង​មក​យើង​ឃើញ​ថា​ ទឹក​ទន្លេ​មេគង្គ​​ ឡើង​ចុះ​ខុស​ប្រក្រតី​។វា​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទាំង​ជីវចម្រុះ​ ទាំង​ការ​ប្រែប្រួល​មុខ​របរ​ របស់​មនុស្ស​នៅ​តាម​ដង​ទន្លេ​ហ្នឹង​ឯង​។​ជា​ពិសេស​ប្រជាជន​កម្ពុជា​ ប្រមាណ​ពី ៧០ ទៅ​ ៨០ដែល​ជា​កសិករ​ អាស្រ័យ​ផល​ដោយ​សារ​ទឹក​ទន្លេ​មេគង្គ​ គាត់​មាន​បញ្ហា។​ហើយ​មួយ​ទៀត​រដូវ​រាំង​ស្ងួត​ក៏​ពាក់ព័ន្ធ​ ដោយសារ​រឿង​មេគង្គ​ប៉ុន្មាន​ទេ​។តែ​វា​ជា​ការ​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ ខណៈ​ពេល​ដែល​ទឹក​ជំនន់​ទន្លេ​មេគង្គ​ ឡើង​ចុះ​មិន​ប្រក្រតី»

អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា បាន​ព្យាយាម​ទាក់​ទង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​តែ​មិន​អាច​ទាក់​ទង​បាន។

ក្រៅតែ​ពី​ការ​បំផ្លាញ​បរិស្ថាន​ទន្លេ​មេគង្គ​បង្ក​ឡើង​ចិន លោក ម៉ៃ ឃើល ផូមភីអូ ក៏​សំដែង​ក្ដី​បារម្ភ​ពី ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើន​បំណុល​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​ជា​ទម្លាប់​របស់​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន។ ក្រៅ​ពី​នេះ ក៏​មាន​ការ​រត់​ពន្ធ​មនុស្ស គ្រឿងញៀន សត្វ​ព្រៃ​កម្រ បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​ចិន។ លោក​បន្ត​ថា ប្រទេស​ក្នុង​ទន្លេ​មេគង្គ​សម​គួរ​ទទួល​បាន​ដៃគូ​ដ៏​ល្អ​មួយ។ លោក​ថា កិច្ច​សហការ​ជា​ដៃគូ​វាង​អាមេរិក និង ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ នឹង​ធ្វើ​ឲ្យ​មាន​សុខ​សន្តិភាព រុងរឿង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហរដ្ឋ​អាមេរិក​ជំរុញ​​ប្រទេស​ចិន ឲ្យ​បែង​ចែក​ទឹក​ទន្លេ​មេគង្គ​ប្រកប​ដោយ​តម្លាភាព"

  1. Anonymous says:

    soon CHINA will use all mean if ASIAN nation will not give what CHINA want . we already knew what is CHINA wanted the great treasury in south CHINA sea. oil ,gas, and shipping route if CHINA have what they want the communist CHINA will be No 1 supper powers in the world. I do not think the US , EU and all Democracy will let CHINA to be No1 supper powers. unless CHINA can pass world war 3