ប៉ូលិស ចាប់​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង ២នាក់ បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ

ដោយ វ៉ែន សុមេធ
2020-10-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង

តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង

 រូប៖ ហ្វេសប៊ុក


នគរបាល​ចាប់​ខ្លួន សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​​​​ខេត្ត​បាត់ដំបង ចំនួន ២នាក់ ដោយ​​មិន​បាន​បង្ហាញ​ដីកា និង​បញ្ជូន​​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​នាំ​ ករណី​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ ជាមួយ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សាច់​ញាតិ និង​​អង្គការ​សិទ្ធិ​មនុស្ស ហៅ​ការ​ចាប់​ខ្លួន​នេះ ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​នគរ​បាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​សកម្ម​បក្ស​ប្រឆាំង។

សមាជិក​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ២នាក់ ដែល​រង​ការ​ចាប់​ខ្លួន គឺ​លោក គង់ ប៊ុនហ៊ាង ​និង​លោក ហង្ស សេង។ ប្រពន្ធ​របស់ លោក គង់ ប៊ុនហ៊ាង គឺ​លោកស្រី សេន ស៊ី ប្រាប់​ថា នគរបាល​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ បាន​ឡើង​ចាប់​ក្រៀក​ លោក គង់ ប៊ុនហ៊ាង ទាំង​យប់​ដល់​លើ​ផ្ទះ គឺ​នៅ​ម៉ោង​ប្រហែល ៨យប់ ថ្ងៃ​ទី១៧ តុលា​ និង​មិន​បាន​បង្ហាញ ឬ​អាន​ដីកា​ចាប់​ខ្លួន​ទេ។

នៅ​ពេល​ចាប់​ខ្លួន​នោះ នគរបាល​ គ្រាន់​តែ​ប្រាប់​ លោកស្រី​ថា ថ្នាក់​លើ​ឲ្យ​ហៅ​លោក គង់ ប៊ុនហ៊ាង​ យក​ទៅ​សួរ​នាំ​ ករណី​ លោក ​ទៅ​វត្ត​ ធ្វើ​បុណ្យ​​ ជាមួយ លោក កឹម សុខា ​កាល​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ។

លោកស្រី សេន ស៊ី បាន​​ទៅ​សួរ​រក​ប្ដី នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ព្រះ នៅ​ព្រឹក​ថ្ងៃ​ទី១៨ តុលា តែ​ប៉ូលិស​ប្រាប់​ថា បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សង្កែ​។ នៅ​ពេល​ តាម​ទៅ​រក​ប្ដី​បន្ត​ទៀត ប៉ូលិស​ស្រុក​សង្កែ ប្រាប់​ថា ប្ដី​លោកស្រី ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន និង​ត្រូវ​បញ្ជូន​បន្ត​ ទៅ​ដល់​​តុលាការ​នៅ​ក្រុង​ភ្នំពេញ​ហើយ តែ​ប៉ូលិស​មិន​ប្រាប់​ថា ចោទ​ប្រកាន់​ពី​បទ​អ្វី​ទេ។

លោកស្រី សេន ស៊ី ប្រាប់​ថា លោកស្រី​គ្មាន​លទ្ធភាព​តាម​ទៅ​រក​ប្ដី​ដល់​ក្រុង​ភ្នំពេញ​ទេ ព្រោះ​គ្មាន​កូន​ចៅ​ជួយ​នាំ​ទៅ​ក្រុង​ភ្នំពេញ ដោយសារ​កូន​ប្រុស​ស្រី​ទាំង​អស់​ ចំនួន ៦នាក់ សុទ្ធ​តែ​​ជា​ពលករ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោកស្រី ទាមទារ​ឲ្យ​ប៉ូលិស ដោះលែង​ប្ដី ​វិញ ព្រោះ ​លោក ​មាន​វ័យ​ចាស់​​​ទៅ​ហើយ​ដោយ​បញ្ជាក់​ថា លោក គង់ ប៊ុនហ៊ាង មាន​អាយុ ៦៦ឆ្នាំ កំពុង​មាន​ជំងឺ​​​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ងាប់​សរសៃ​ជើង​ខាង​ស្ដាំ កម្រើក​មិន​បាន៖ «ឥឡូវ ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​ជួយ​ប្ដី​ខ្ញុំ​ឲ្យ​បាន​ចេញ​វិញ​មក។ ប្ដី​ខ្ញុំ​ឈឺ ខ្ញុំ​ចេះ​តែ​ចង់​ឲ្យ​ជួយ​ហើយ។ ជួយ​ឲ្យ​ឆាប់​ចេញ​មក​ផង ព្រោះ​អ្វី​​គាត់​កំពុង​ឈឺ។ បើ​អ្នក​​អត់​ឈឺ ខ្ញុំ​មិន​សូវ​គិត​ទេ។ ដើរ​ដួល ជម្រុល​ជម្រូក​ៗ ហើយ​ដាក់​ខ្នោះ​ប្ដី​ខ្ញុំ​ទៅ​ទៀត​នោះ។ ប្ដី​ខ្ញុំ​​ទៅ​ជា​យ៉ាង​ម្ដេច​ទៅគ្រាន់​តែ​លឺ​ចាប់​ខ្លួន ម្នាក់ៗ ខ្សឹប​សួរ ថា ធ្វើ​បាប​អ្វី តា​ហ៊ាង​នោះ»

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​​ខេត្ត​បាត់ដំបង លោក ឌឹម សារឿន ឲ្យ​ដឹង​ថា ក្រោយ​ការ​ចាប់​ខ្លួន​លោក គង់ ប៊ុនហ៊ាង រួច នៅ​ព្រឹក​បន្ទាប់ គឺ​ថ្ងៃ​ទី១៨ តុលា នគរបាល​បាន​បន្ត​ចាប់​ខ្លួន សមាជិក​ប្រតិបត្តិ​​ខេត្ត​ម្នាក់​ទៀត ឈ្មោះ ហង្ស សេង។

លោក ឌឹម សារឿន​ បន្ត​ថា សមាជិក​ប្រតិបត្តិ​ខេត្ត​ទាំង ២នាក់ សុទ្ធ​តែ​ធ្លាប់​ ទៅ​​ធ្វើ​បុណ្យ​​ភ្ជុំ​បិណ្ឌ​ ជាមួយ​លោក កឹម សុខា។ លោក​ហៅ​ការ​ចាប់​ខ្លួន​នេះ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ប៉ូលិស ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង ទាំង​ពីរ​នាក់​វិញ៖ «យល់​រឿង​ហ្នឹង ជា​រឿង​នយោបាយ។ នយោបាយ​ទាំង​ស្រុង​តែ​ម្ដង​ណា អត់​មាន​រឿង​អ្វី​ផ្សេង​ទេ ដោយសារ​ពី​ដើម​មក គាត់​ជា​សមាជិក​ប្រតិបត្តិ​សកម្ម​ហើយ ​គាត់​ជា​​មនុស្ស​ចាស់​ទុំ មាន​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​ភូមិ​នីមួយៗ នៅ​ក្នុង​ឃុំ​នី​មួយៗ។ តាម​ទង្វើ​សកម្មភាព​របស់​ពួកគាត់ មិន​ដែល​ធ្វើ​អាក្រក់​ជាមួយ​អ្នក​ណា​ផង ការ​រស់​នៅ​ក្នុង​សង្គម។ ចំពោះ​​អ្នក​ស្រុក គាត់​ជា​ព្រឹទ្ធាចារ្យ ជា​មនុស្ស​ល្អ មាន​សក្ដានុពល មាន​គេ​គោរព​ច្រើន អ៊ីចឹង​ណា»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​ជុំវិញ​រឿង​នេះ ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក ជា គឹមសាន បាន​ទេ នៅ​ថ្ងៃ​ទី១៨ តុលា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​ថា នគរបាល​ខេត្ត​បាត់ដំបង​ពិត​ជា​បាន​ចាប់​ខ្លួន មនុស្ស​ទាំង​ពីរ​នាក់​នេះ​មែន ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​សារ​​ប្រមាថ​ព្រះ​មហាក្សត្រ។ លោក អះអាង​ថា នគរ​បាល​ បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ត្រឹមត្រូវ មិន​ពិត​ដូច​ការ​អះអាង​របស់​សាច់​ញាតិ​អ្នក​រង​ការ​ចាប់​ខ្លួន​ឡើយ៖ «អើករណី​គេ​សួរ​ហ្នឹង គឺ​វា​មាន​មែន។ គេ​បាន​ឃុំ​ខ្លួន តែ​មិន​មែន​ទេ​គេ​មាន​ដីកា​ត្រឹមត្រូវ ទី១។ ទី២ គាត់​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ។ តែ​ប៉ិន​ហ្នឹង​អូន។ រឿង​គេ​ចោទ​គាត់​ប្រមាថ ព្រះ​មហាក្សត្រ ពូ​អត់​អាច​យក repeat (និយាយ​ឡើងវិញដែល​គាត់​និយាយ​ថា​ម្ដេច​បាន​ទេ។ តែ​គ្រាន់​តែ​គេ​ចោទ​ប្រកាន់​អំពី​​បទ​ប្រមាថ​ព្រះ​មហាក្សត្រ តែ​ពូ​អត់​អាច repeat ថា គាត់​និយាយ​ថា​ម្ដេច​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា​ យល់​ថា ​ចាប់​ខ្លួន ​សកម្មជន​បក្ស​ប្រឆាំង ជា​បន្ត​បន្ទាប់​ និង​​​ចំណាត់​ការ​របស់​តុលាការ កាត់​ក្ដី​ ឲ្យ​មាន​ទោស​ឡើងវិញ​ ជា​រឿង​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។ លោក ព្រួយ​បារម្ភ​ថា ចំណាត់​ការ​របស់​នគរបាល​ និង​ តុលាការ ជា​បន្តបន្ទាប់​​នេះ នឹង​ធ្វើ​ឲ្យ​​សហគមន៍​អន្តរជាតិ មើល​មក​កម្ពុជា កាន់​តែ​រំលោភ​សិទ្ធិ​មនុស្ស។ សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​ ​អាជ្ញាធរ បើក​ចំហ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ សម្រាប់​ពលរដ្ឋ​ឡើងវិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​នានា​ របស់​សហគមន៍​អន្តរជាតិ។

​​​​​​​ស្រប​ពេល​​ នគរបាល​ បង្កើន​ការ​ចាប់​ខ្លួន​នេះ តុលាការ​នៅ​តាម​ខេត្ត​មួយ​ចំនួន ក៏​កំពុង​បង្កើន​ការ​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង យក​មក​កាត់​ទោស​ឡើងវិញ​ដែរ។ ព្រះ​រាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​​ខេត្ត​ប៉ៃលិន លោក គង់ ច័ន្ទ​ខេមរិទ្ធ បាន​ចេញ​ដីកា​​កោះ​ហៅ សកម្មជន​បក្ស​ប្រឆាំង លោក ច័ន្ទ​ ស៊ីថាត ឲ្យ​ចូល​សវនាការ​​​ ថ្ងៃ​ទី​២៣ តុលា ខាង​មុខ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ កាល​ពី ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ករណី​​ប្ដឹង​​​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​លុប​ឈ្មោះ ជន​ជាតិ​វៀតណាម ចេញ​ពី​បញ្ជី​ឈ្មោះ បោះឆ្នោត។

ចំណែក​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ឈូក ខេត្ត​កំពត លោក នុត ពេជ ក៏​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ឡើងវិញ​ជា​ថ្មី​ដែរ ក្នុង​បទ​ចោទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មាតុភូមិ​និវត្ត​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។

ថ្វី​ត្បិត​តុលាការ​ខេត្ត​កំពត មិន​ទាន់​កំណត់​ថ្ងៃ​សវនាការ​លោក នុត ពេជ ឡើងវិញ តែ​លោក​នៅ​តែ​បន្ត​បង្ហាញ​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​​ឃុំ​បឹង​និមល ស្រុក​ឈូក រៀង​រាល់​ខែ តាម​ការ​កំហិត​របស់​តុលាការ។ លោក នុត ពេជ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Cambojanews.com) ថា លោក​ពិបាក​ចិត្ត​ណាស់ និង​ខ្លាច​តែ ​ត្រូវ​អាជ្ញាធរ​​ចាប់​ខ្លួន​ម្ដង​ទៀត​ទេ។

ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ ​រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ​ដោយ​ត្រូវ​ដោះ​លែង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​យុវជន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles