តុលាការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​និង​បណ្តឹង​ទាស់​របស់​សកម្មជន​សិទ្ធិ​មនុស្ស

សិទ្ធិ​មនុស្ស
20 តុលា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ភ្នំពេញ —  សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​នៃ​ក្រុម​ខ្មែរថាវរៈ​២​នាក់​ និង​ច្រាន​ចោល​ការ​ប្តឹង​ជំទាស់​របស់​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ ដែល​មិន​សុខ​ចិត្ត​នឹង​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​សាច់​ញាតិ​សកម្មជន​ទាំង​នេះ។​

សកម្មជន​២​នាក់​នៃ​ក្រុម​ខ្មែរថាវរៈ​ គឺ​លោក ​ហ៊ុន វណ្ណៈ​ និង​អ្នកនាង​ ឈឿន ដារ៉ាវី ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ តាំង​ពី​ខែ​សីហា ​ក្រោម​បទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ ចំពោះ​សកម្ម​ភាព​របស់​ពួកគេ​ ក្នុង​ទាមទារ​ឲ្យ​ដោះ​លែង​មេ​ដឹក​នាំ​សហជីព​មួយ​រូប​ គឺ​លោក​ រ៉ុង ឈុន។ ​លោក​ រ៉ុង ឈុន​ ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ក្រោយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

រូបឯកសារ៖ លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​រារាំង​ដោយ​កងសន្តិសុខ​មិន​ឲ្យ​ឈរ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេងសាំង​កាល់តិច នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

រីឯ​សកម្ម​ជន​បរិស្ថាន​៣​នាក់​ គឺ​លោក ​ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ខែ​កញ្ញា​ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ ដែល​ផ្សព្វ​ផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្នុង​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ពីរ​នាក់​នៃ​ក្រុម​ខ្មែរ​ថាវរៈតុលាការ​សាលា​ឧទ្ធរណ៍​សំអាង​លើ​ហេតុផល​នៃ​ការ​រក្សា​សណ្តាប់​សន្តិសុខ​សង្គម ហើយ​ថា​ សកម្មជន​លោក ​ហ៊ុន វណ្ណៈ​ និង​អ្នក​នាង​ ឈឿន ​ដារ៉ាវី​ អាច​បង្ក​បទ​លើ្មស​ថ្មី​ទៀត ​ទើប​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​វិញ​ទេ។​

ទាក់ទិន​នឹង​បណ្តឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​៣​នៃ​ចលនា​មាតា​ធម្មជាតិ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ មាន​ប្រសាសន៍​ថា​តុលាការ​លើក​ឡើង​ថា​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​៣​មិន​បាន​អនុវត្ត​នីតិវិធី​ជំទាស់​ការ​សម្រេច​ខ្លួន​បាន​ត្រឹមត្រូវ​ ពោល​គឺ​មេធាវី​បាន​បឹ្តង​ទាស់ ​ដែល​ហួសពេល​កំណត់​៥​ថ្ងៃ​សម្រាប់​ការ​ប្តឹង​ទាស់​នីតិវិធី​ចាប់​ខ្លួន។​ហេតុ​ដូច្នេះ​តុលាការ​មិន​សម្រេច​ទទួល​យក​បណ្តឹង​របស់​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នេះ​ទេ។​

លោក​ អំ សំអាត​ បន្ត​ថា​ ​ពួកគេ​នឹង​មិន​អាច​ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​នោះ​ទេ​ ដោយ​សារ​តែ​វិបត្តិ​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ​នេះ។​

«ការ​ចាប់​ខ្លួន​ហ្នឹង​នៅ​ក្នុង​ស្ថានភាព​នយោបាយ​ ដែល​គេ​គិត​ថា ​ វា​អាច​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​គឺ​កម្រ​…​ យើង​កម្រ​ឃើញ​មាន​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ណាស់»។​

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ទូច ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​តែ​គ្មាន​អ្នក​ទទួល។​

រូបឯកសារ៖ កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី ​ថាច់ ធីតា ​វ័យ​៦៧​ឆ្នាំ​ ម្តាយ​បង្កើត​របស់​អ្នកនាង ​ឈឿន ដារ៉ាវី​ មាន​ប្រសាសន៍​ថា​ មន្ត្រី​ពន្ធនាគារ​មិន​បាន​នាំ​កូន​របស់​អ្នកស្រី​មក​ចូលរួម​សវនាការ​នា​ព្រឹក​ថ្ងៃអង្គារ​នេះ​ទេ ​ ហើយ​មាន​តែ​លោក​ ហ៊ុន វណ្ណៈ​ ដែល​ជា​សហការី​កូន​អ្នកស្រី​ និង​លោក ​ថុន រដ្ឋា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដែល​បាន​ចូលរួម​សវនាការ​របស់​តុលាការ។​

អ្នកស្រី​ឲ្យ​ដឹង​ថា​ ពេល​នេះ​កូនស្រី​លោក​ស្រី​ កំពុង​ប្រឈម​បញ្ហា​សុខភាព​ ក្រោយ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ​PJ ​ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដែល​អ្នកស្រី​ថា​ ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​បាន​ជក់បារី​ និង​បង្ហុយ​ផ្សែង​នៅ​កន្លែង​ឃុំ​ឃាំង។​

អ្នកស្រី​ស្នើ​ឲ្យ​ដោះ​លែង​កូនស្រី​របស់​អ្នកស្រី​ ដោយ​និយាយ​ថា​ សកម្ម​ភាព​តស៊ូ​មតិ​ដែល​កូនស្រី​គាត់​បាន​ធ្វើ​កន្លង​មក​គឺ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។​

«គាត់​គិត​ថា​អា​ការណ៍​ដែល​គាត់​បញ្ចេញ​មតិ​ហ្នឹង​ វា​មិន​មែន​ខុស​នឹង​ច្បាប់​របស់​ប្រទេស​ជាតិ​អ៊ីចឹង»។​

ចំណែក​លោក ​ភួន ពុទ្ធារិទ្ធ​ វ័យ​២៨​ឆ្នាំ​ ជា​បង​ប្រុស​បង្កើត​កញ្ញា ​ភួន កែវ​រស្មី ​វ័យ​១៩​ឆ្នាំ​ សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ យល់​ថា ប្អូនស្រី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ តាម​រយៈ​សកម្ម​ភាព​ចូលរួម​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​នោះ​ទេ។ ​ លោក​ក៏​អំពាវនាវ​ឲ្យ​ដោះ​លែង​ប្អូនស្រី​លោក​ជា​បន្ទាន់​ ដើម្បី​ឲ្យ​ប្អូនស្រី​អាច​ទទួល​បាន​ឱកាស​ត្រឡប់​មក​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​លីកាដូ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​ និង​សិល្បករ​ ចំនួន​១៩​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​ខែ​កក្កដា​ ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

អង្គការ​លីកាដូ​កត់​សម្គាល់​ថា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់​នេះ ​បាន​ចាប់​ផ្ដើម ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​ ក្រោយពី​លោក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ និង​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​នាន​បន្ទាប់ពី​លោក​ចុះ​ទៅ​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម។​ អ្នក​ត្រូវ​បាន​ចាប់ខ្លួន​ ពាក់​ព័ន្ធ​ករណី​ទាមទារ​ឲ្ត​ដោះលែង​លោក ​រ៉ុង ឈុន​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​កំហុស៕

What Next?

Recent Articles