អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិនទាន់​ដោះលែង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់​ដំបង​ ២រូប​នៅឡើយ​ទេ

ដោយ សុជីវី
2020-10-19
RFA

ឈ្មោះ ហង្ស សេង  (ឆ្វេង)  និង​លោក គង់ ប៊ុនហ៊ាង សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ឈ្មោះ ហង្ស សេង (ឆ្វេង) និង​លោក គង់ ប៊ុនហ៊ាង សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​ដោះលែង​អតីត​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ២នាក់ គឺ​លោក គង់ ប៊ុនហ៊ាង និង​លោក ហង្ស សេង នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ តុលា។

អ្នក​នាំ​ពាក្យ​​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បញ្ជាក់​ដោយ​ខ្លី​ថា សមត្ថកិច្ច​កំពុង​អនុវត្ត​នីតិវិធី​លើ​អតីត​សមាជិក​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២រូប នេះ និង​ចោទ​ពីបទ ប្រមាថ​ព្រះ​មហាក្សត្រ។ ទោះជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​បន្ថែម​ថា ពួកគេ​នៅ​ទី​ណា និង​ចោទ​ប្រកាន់​ដោយ​យោង​ទៅ​លើ​មូល​ហេតុអ្វី​នោះ​ទេ៖ «សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​នីតិ​វិធី រួច​អត់​ទាន់​បាន​ដោះ​លែង​ទេ ឬ​មិន​ទាន់​សម្រេច​ទៅ​ណា​ទេ។ ខ្ញុំ​មិន​អាច​រាយការណ៍​ជូន​លំអិត​ទេ ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើការ​សិន ក៏ប៉ុន្តែ​បទ​ចោទ​ប្រកាន់​ជាប់​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ។ ឥឡូវ​សមត្ថកិច្ច​គេ​កំពុង​ធ្វើការ»

ប្រពន្ធ​លោក គង់ ប៊ុនហ៊ាង សមាជិក​ប្រតិបត្តិ​ខេត្ត​បាត់ដំបង គឺ​ លោកស្រី សេន ស៊ី រៀបរាប់​ថា រហូត​មក​ដល់​ពេលនេះ លោកស្រី​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ថា អាជ្ញាធរ​ឃុំខ្លួន​ប្ដី​លោកស្រី​នៅ​ទី​ណា​នោះ​ទេ។ លោកស្រី​បន្ត​ថា លោកស្រី​បារម្ភ​ពី​សុវត្ថិ​ភាព​ប្ដី​លោកស្រី​ជា​ខ្លាំង​ដោយសារ​ប្ដី​លោកស្រី​មាន​វ័យ​ចាស់​ជរា និង​កំពុង​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន លើសឈាម និង​ងាប់​សរសៃ​ជើង​ខាង​ស្ដាំ កម្រើក​មិន​បាន។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​ប្ដី​លោកស្រី​វិញ ដោយសារ​លោក​មិន​មាន​កំហុស​នោះ​ទេ៖ «ខ្ញុំ​ថា មិន​យុត្តិ​ធម៌​ទេ មក​ចាប់​យប់​អ៊ីចឹង​ហ្នឹង មាន​ធ្វើ​អី​ខុស​ផង។ ខ្ញុំ​ដល់​ពេល​ចឹង​ខ្ញុំ​ដូច​គ្មាន​វិញ្ញាណ​បណ្ដោយ ខ្ញុំ​គិត​ពេក ខ្ញុំ​គិត​ច្រើន​ណាស់ បាន​ម្ហូប ទឹក​ក៏​មិន​ហូប​ដែរ​ហ្នឹង ចង់​ជួប​ប្តី។ ខ្ញុំ​សំណូមពរ​សូម​ឲ្យ​ជួយ​ដោះលែង​ប្តី​ខ្ញុំ​ឲ្យ​ឆាប់ៗ​មក នឹង​អាល​ទៅ​នៅ​ឯ​ផ្ទះ​វិញ ស្រណុក​ខ្ញុំ​មើល​ថែ​គាត់ ព្រោះ​អី​គាត់​ឈឺ ថ្នាំ​លេប​រហូត​ហ្នឹង​នៅ​ឯ​ផ្ទះ​ហ៎

នគរបាល​ស្រុក​សង្កែ បាន​ចាប់​ខ្លួន សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង គឺ​លោក គង់ ប៊ុនហ៊ាង កាល​ពី​ថ្ងៃទី១៧ តុលា និង​បន្ត​ចាប់ខ្លួន​សមាជិក​ប្រតិបត្តិ​ខេត្ត​ម្នាក់​ទៀត ឈ្មោះ ហង្ស សេង រួច​បញ្ជូន​​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោកស្រី សេន ស៊ី ឲ្យ​ដឹង​ថា អាជ្ញាធរ​​​មិន​​បាន​បង្ហាញ ឬ​​ អាន​ដីកា​ចាប់​ខ្លួន​ទេ។

ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០​មក មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជាង ២០នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​ទី​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ទាមទារ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ​ដោយ​ត្រូវ​ដោះ​លែង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​យុវជន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ពួកគេ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​ទាំង​នេះ គឺជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles