ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ២នាក់​ជា​ប្ដី​ប្រពន្ធ​ខ្មែរ​ទើប​មក​ពី​អ៊ីរ៉ាក់

2020-10-20
RFA

មេរោគ​វីរុស កូរ៉ូណា

មេរោគ​វីរុស កូរ៉ូណា

 ក្រសួងសុខាភិបាល


ក្រសួងសុខាភិបាល​ ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ពីរ​នាក់​ថ្មី​ទៀត ​ដែល​ជា​ប្ដី​ប្រពន្ធ​ខ្មែរ ​ទើប​មកពី ប្រទេស​អ៊ីរ៉ាក់ (Iraq) ឆ្លង​កាត់​ទីក្រុង​ដូហា (Doha) បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​បាន​មក ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា។

ក្រសួង​ បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី២០​ ខែតុលា​ថា ​បុរស​ជា​ប្ដី​អាយុ ៣៣ឆ្នាំ និង​ប្រពន្ធ អាយុ ៣២ឆ្នាំ ​និង​មាន​កូន​ប្រុស​អាយុ ៣ឆ្នាំ​ម្នាក់​ទៀត។ ពួក​គេ រស់នៅ​ភូមិ​អាចារ្យលាក់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹងសែន ​ខេត្ត​កំពង់ធំ ​ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង​ពីរ​នាក់ ​កំពុង​ដាក់ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំណែក​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ជាមួយ​អ្នក​ជំងឺ​ទាំង​ពីរ នាក់​ដែល​សរុប​ចំនួន ​១០៦នាក់​ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន ប៉ុន្តែ​ក្រសួង​ តម្រូវ​ឲ្យ​ពួក​គេ​ បន្ត​ធ្វើ​រស់​នៅ​ដាច់​ដោយ​ឡែកចំនួន១៤ថ្ងៃនៅតាម​សណ្ឋាគារ និង​មណ្ឌល​ចត្តាឡីស័ក​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​បន្ត​តាម​ដាន​សុខភាព។

គិត​ត្រឹម​ថ្ងៃ​ទី២០ ​ខែតុលា កម្ពុជា​ មាន​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​២៨៥នាក់​ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ២៨០នាក់ និង​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ចំនួន ៥នាក់​ ហើយ​គ្មាន​ករ​ណី​ស្លាប់​នៅ​ឡើយ​ទេ។

ក្រសួង​ជំនាញ ​អះអាង​ថា ​ជំងឺ​កូវីដ-១៩​ នៅតែ​បន្ត​គំរាម​កំហែង​ជាប់​ជានិច្ច​ដោយសារ​ប្រទេស​ជិត​ខាង និង​ពិភព​លោក​កំពុង​បន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏​ខ្លាំងក្លា​នៅ​ឡើយ។ ក្រសួង អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​បន្ត​ប្រយ័ត្ន​ជា​ប្រចាំ ​ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា ពន្យារ​ពេល​រៀបការ ​ការ​ជប់លៀង និង​មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles