អាជ្ញាធរ​​បំបែក​​ការ​​ប្រមូល​​ផ្តុំ​​និង​​ឃាត់​ខ្លួន​​មនុស្ស​៣​នាក់​ ចំ​​ថ្ងៃ​ខួប​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |២៣ តុលា ២០២០ |ម៉ោង ១៧:១១
VOD

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)


អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ​នេះ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ ក្នុង​នោះ​បាន​ឃាត់ខ្លួន​ពលរដ្ឋ៣នាក់ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចំ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្រុម​ពលរដ្ឋ​ទាំងនោះបាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅមុខ​ស្ថានទូត​ចិន ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​មួយចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​សំ​ខាន់​ៗក្នុង​កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

លោក ស៊ុម សារិ​ទ្ធ អាយុ៥៨ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នោះ មានប្រសាសន៍​ថា ពួក​គាត់​មានបំណង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជានិង​ស្ថានទូត​មួយចំនួន​ទៀត ដើម្បី​ស្នើ​កុំឱ្យ​មានការ​ដាក់​កងទ័ព​ចិន​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យស្របតាម​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​ថា៖ «ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ និង​ប្រឆាំង​ចិន ដែល​មក​ដាក់​ទ័ព​នៅ​កម្ពុជា កាលណា​ដាក់​ទ័ព​ទៅ វា​អាច​មានការ​ប្រទូស្ត​រាយ​គ្នា​ទៅ វា​ពិបាក​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជា​ខ្ញុំ​ចង់​មក​ហ្នឹង​ណា […] ប្រជាពលរដ្ឋ​មកនេះ មិនមែន​មក​ចង់​ប្រឆាំង​អី​ទេ គ្រាន់តែ​ចង់​មក​ដាក់​ញត្តិ»។

បើ​តាម​ក្រុម​ពលរដ្ឋ​ទាំងនោះ ក្នុង​អំឡុង​ពេល​ប្រមូល​ផ្តុំ​នោះ អាជ្ញាធរបាន​ឃាត់ខ្លួន​ពលរដ្ឋ៣នាក់ រួមមាន អ្នកស្រី លឹម សាន​, លោក សុន និមល និង​អ្នកស្រី យ៉យ ស្រីមុំ ដោយ​យក​ទៅ​សួរនាំ។

ពលរដ្ឋ​ម្នាក់ទៀត​ដែល​ចូលរួម​ការ​ប្រមូល​ផ្តុំ អ្នកស្រី ម៉ារី ចាត់ទុក​ការ​ឃាត់ខ្លួននិង​បំបែក​ពលរដ្ឋ​មិន​ឱ្យ​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ស្ថានទូត​ចិន​នោះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​បញ្ចេញមតិ។

អ្នកស្រី​ថា៖ «ហេតុអ្វី​មិន​ឱ្យ​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​ [មតិ​] តើ​ពួក​ខ្ញុំ​ខុស​អី? ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ចង់​មាន​សេរីភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ ហេតុអ្វី​ក៏​មិនបាន?»

ទោះ​យ៉ាងណា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកា​សតាមឧ​គ្ឃោសន​ាសព្ទ ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​រំសាយ​ការ​តវ៉ា មុននឹង​អាជ្ញាធរ​មាន​វិធានការ​រដ្ឋបាល​ទៅលើ​ពួក​គាត់។

អាជ្ញាធរ​បាន​និយាយ​ថា៖ «មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រមូល​ផ្តុំ​លើក​បដា​នៅ​ទីនេះ​ទេ សូម​រំសាយ​រយៈពេល៥នាទី បើ​បងប្អូន​មិន​រំសាយ​ទេ ខ្ញុំ​នឹង​មាន​នីតិវិធី​តាម​រដ្ឋបាល […] កម្លាំង​អាជ្ញាធរ​នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់»។

នៅ​ព្រឹកមិញ​នេះ​ដែរ ក្រុម​ស្ត្រីជា​ភរិយា​អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ ក៏បាន​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការនិង​រដ្ឋាភិបាលដោះលែង​ស្វាមី​របស់​ពួក​គេ និង​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។

អ្នកស្រី ព្រំ ចន្ថា ជា​ភរិយាលោក កាក់ កុម្ភា​រ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា ការ​ចាប់ខ្លួន​ប្ដី​របស់​ពួក​គាត់​ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ» នោះ​ជា​រឿង​អយុត្តិធម៌ដែល​ពួក​គាត់​ពុំ​អាច​ទទួលយក​បានទេ។ 

អ្នកស្រី​បន្ត​ថា៖ «បិទ​សិទ្ធិ​សេរីភាព មិន​គោរព​សិទ្ធិមនុស្ស​ទេ រាល់ថ្ងៃ​ហ្នឹង! ឥលូវហ្នឹង​ចង់​លុបបំបាត់អា ២៣តុលា ទៀត»។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ថា ការដែល​អាជ្ញាធរ​បំបែកនិង​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ដោយសារតែ​ពួក​គេ​មិន​សុំច្បាប់​អនុញ្ញាតនិង​ជូនដំណឹង​ទៅ​អាជ្ញាធរ។ លោក​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់​សម្ដែង​មតិ​នោះ អាច​ដាក់​លិខិត​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន ជាជាង​​ទៅ​ប្រមូលផ្ដុំ​បែបនេះ។ 

លោក​ថា៖ «អាជ្ញាធរ​ពួក​យើង​ហៅ​គាត់​ទៅ​សួរនាំ ព្រោះ​យើង​អត់​ដឹង​ពួក​គាត់​យ៉ាងម៉េច។ អ៊ីចឹង​បាន​យើង​ឱ្យ​ពួក​គាត់​មានទម្លាប់ មានការ​ស្នើសុំ ឬជូនដំណឹង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដើម្បី​យើង​បានដឹង បាន​គិត​គូរ ចូលរួម​ធ្វើ​កិច្ចការ​ងារ​ហ្នឹង»។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ សាន សុខ​សីហា មានប្រសាសន៍​ថា គិត​មកដល់​ម៉ោង​ជិត៥រសៀល​នេះ មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ពលរដ្ឋ​ទាំង៣នាក់​នោះ​នៅឡើយ ជុំវិញ​សកម្មភាព​និង​គោលបំណង​នៃ​ការ​ប្រមូល​ផ្តុំ​របស់​ពួក​គេ។ 

ចំណែកអ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Chad Roedemeier បាន​លើកឡើង​តាមរយៈ​សារ​អេឡិចត្រូនិច​ថា ស្ថា​នទូត​មួយ​នេះ​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ហើយ។

លោក​បន្ត​ថា ស្ថានទូត​តែងតែ​លើកឡើង​នូវ​កង្វល់​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ជំរុញ​ឱ្យ​មានការ​ដើរឆ្ពោះ​ទៅមុខ​ដើម្បី​បើក​ចំហឡើងវិញ​នូវ​សិទ្ធិ​នយោបាយនិង​សង្គម​ស៊ីវិល។

លោក​គូសបញ្ជាក់​ថា៖ «យើង​មិន​គាំទ្រ​នយោបាយ​ខាងណាឬបុគ្គល​ណាមួយ​ឡើយ។ យើង​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជានិង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គេ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា»។

កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ ព្រមាន​ចាត់វិធានការ ចំពោះ​ក្រុម​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃខួប២៩ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់និង​បញ្ហា​ជំងឺ​កូ​វីដ១៩។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ ប្រយ័ត្ន​ប្រយែង គេ​កំពុង​ទឹក​លិច​ណា កុំមក​រញ៉េរញ៉ៃ​វើយ ប្រាប់​ឱ្យ​ហើយ »។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ជាជាង​ការប្រើ​វិធានការ​បំបែកឬឃាត់ខ្លួន ព្រោះ​ការ​ជួបជុំ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ធ្វើឡើងដោយ​សន្តិវិធី។

លោក​បន្ត​ថា បើ​អាជ្ញាធរ​នៅតែ​ប្រើប្រាស់​ហិង្សា​លើ​ប្រជាពលរដ្ឋ​ដែល​សម្ដែង​មតិនិង​តវ៉ាដោយសន្តិវិធី​នោះ លោក​ថា រដ្ឋាភិបាល​នឹង​រង​ការរិះគន់​ពី​ការរំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

លោក​ថា៖ «កាល​ណា​អាជ្ញាធរ​គាត់​ប្រព្រឹត្ត​អំពើ​ណា​ដែល​មិន​គប្បី រំលោភបំពាន​ទៅលើ​សេរីភាពឬក៏​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ វា​នាំ​ឱ្យ​មានការ​រិះគន់ ហើយ​គេ​រិះគន់​មិនមែន​គេ​រិះគន់​អ្នក​ប្រព្រឹត្តនិង​ទង្វើ​អ្នក​ដែល​ធ្វើ​នោះ​ទេ គឺ​គេ​រិះគន់​ទៅ​រដ្ឋាភិបាលដែល​កើត​ចេញពី​ទង្វើ​បុគ្គល​មួយចំនួន»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​​បំបែក​​ការ​​ប្រមូល​​ផ្តុំ​​និង​​ឃាត់​ខ្លួន​​មនុស្ស​៣​នាក់​ ចំ​​ថ្ងៃ​ខួប​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​​"

  1. Anonymous says:

    Veitcong mafia dictator and his groups are the dogs of Youn-hanoi and communist china so theses groups never respected human right or democracy ‘