ពលរដ្ឋ​ខ្មែរ​ សមាជិក​នយោបាយ​និង​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រុង​ឡូវែល ​ប្រារព្ធ​ខួប​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

នយោបាយ
24 តុលា 2020
ពិន ស៊ីសុវណ្ណ
សុខ ខេមរា
ទែន សុខស្រីនិត
វីអូអេខ្មែរ

លោក សឿ ហ៊ូ ពលរដ្ឋខ្មែរម្នាក់ បានចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធ​ខួប ២៩ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឈប់​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ និង​កុំប្រែក្ល
លោក សឿ ហ៊ូ ពលរដ្ឋខ្មែរម្នាក់ បានចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធ​ខួប ២៩ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឈប់​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ និង​កុំប្រែក្ល

ទីក្រុងឡូវែល/រដ្ឋធានីវ៉ាស៊ីនតោន —  តំណាង​ពលរដ្ឋខ្មែរ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​តំបន់​ឡូវែល​ (Lowell) រដ្ឋ​ម៉ាស្សាជូសេដ្ឋន៍​ (Massachusetts) បាន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ខួប ​២៩ ​ឆ្នាំ​នៃ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ នៅថ្ងៃ​ទី ២៣ ​ខែតុលា ​ដោយទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ឈប់​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​កុំ​ប្រែ​ក្លាយ​កម្ពុជា​ទៅជា​មូលដ្ឋាន​យោធា​ចិន។

កម្មវិធី​នេះ​បាន​ផ្តើម​ធ្វើ​នៅ​មុខ​សាលា​ក្រុង​ឡូវែល ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រមាណ ​៣ ​សែន​នាក់​ មាន​ការ​ចូលរួម​ពី​តំណាង​ពលរដ្ឋ​ជាច្រើន​នាក់​ មក​ពី​សហគមន៍​និង​រដ្ឋ​នានា ​ដូចជា​រដ្ឋ Rhode Island ​រដ្ឋ​ Connecticut​ រដ្ឋ​ Florida​ ជាដើម ​ដែល​មាន​ពាក់​ម៉ាស់​ការពារ​ និង​ឈរ​ឃ្លាត​ពី​គ្នា​តាម​បម្រាមការពារកុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។​

ក្នុង​នោះ​ ក៏​មាន​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​លោក ​Rodney Elliot ​លោក ​នួន ​វាសនា ​និង​លោក John Drinkwater​ លោក​ស្រី ​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ ​និង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​មួយ​ចំនួន​ទៀត ហើយនិង​វាគ្មិន​ជាច្រើន​ទៀត​ ដែល​មក​ពី​ទីក្រុង​ឡូវែល។​

កម្មវិធី​ប្រារព្ធ​ខួប​នេះ​ ចាប់​ផ្តើម​ពី​ពិធី​គោរព​ទង់ជាតិ​អាមេរិកាំង​និង​ខ្មែរ​ ការ​គោរព​វិញ្ញាណ​ក្ខន្ធ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ​តាមប្រពៃណី​បែប​ពុទ្ធសាសនា​ដឹកនាំ​ដោយ​ព្រះតេជ​គុណ​ប៊ុត ប៊ុនតិញ។​


កាល​ពីថ្ងៃ​ទី​ ២៣ ​ខែ​តុលា ​ឆ្នាំ​ ១៩៩១ ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ដ៏​សំខាន់​នេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​ ដើម្បីបញ្ចប់​ជម្លោះ​រវាង​ភាគី​ខ្មែរ​បួន​ក្រុម។​

ភាគីខ្មែរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ក្រោម​ការ​ផ្តួចផ្តើម​ និង​គាំទ្រ​ដោយ​ប្រទេស​មហា​អំណាច ​រួម​ទាំង​សហរដ្ឋ​អាមរិក ​និង​ប្រទេស​ជាមិត្ត​របស់​កម្ពុជា​ចំនួន ​១៨ ​រួមទាំង​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប.)​ ផង​ដែរ។ ​កិច្ចព្រម​ព្រៀង​នេះ​នាំ​ឲ្យ​កម្ពុជា​មាន​ការ​បោះឆ្នោត​លើក​ដំបូង​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ឆ្នាំ​ ១៩៩៣ ​ហើយ​ប្រទេស​នានា​និង​មេ​ដឹកនាំ​នយោបាយ​ខ្មែរ​ បាន​ធានា​ចំពោះ​កម្ពុជា​ថា​ នឹង​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។​

ក្រុម​ពលរដ្ឋ​ខ្មែរ​និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៨​ នោះ​ បាន​លើក​ឡើង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​រំលោភ​កិច្ច​ព្រមព្រៀង​នេះ​ ហើយ​បាន​ធ្វើឲ្យ​កម្ពុជា​រងគ្រោះ​ ដោយ​បាត់​អធិប​តេយ្យ​បូរណភាព​ដែនដី​ មាន​អំពើ​អយុត្តិធម៌​សង្គម​ បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ ​រំលោភ​សិទ្ធិ​មនុស្ស ​ដីធ្លី​បំផ្លាញ​ធនធាន​ធម្មជាតិ ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ជាដើម។​

លោក​ស្រី មូរ សុខហួរ​ អនុ​ប្រធាន​ម្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ថា៖​ «ឥឡូវ​យើង​ឃើញ​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។​ អត់​មាន​ទេ ​ការ​បោះឆ្នោត​ដោយ​សេរី ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌។ ​អត់​មាន​ទេ ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស។​ អត់​មាន​ទេ​ ពលរដ្ឋ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី»។​

លោក​ស្រី​បន្ថែម​ថា៖​ «យើង​ឃើញ​ថា អ្វី​ដែល​ជា​ការ​សំខាន់ ​គឺ​កិច្ច​ព្រមព្រៀង​ក្រៅ​ច្បាប់​ ដែល​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ កិច្ច​ព្រមព្រៀង​រវាង​លោក​ហ៊ុន សែន ​និង​រដ្ឋាភិបាល​ចិន។​ កន្លែង​នេះ​ គឺ​កន្លែង​ដ៏​សំខាន់​ណាស់​ ហើយ​យើង​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ ដែល​លោក ​ហ៊ុន សែន​ ចង់​បំបាត់​ចោល​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ពីព្រោះ​គាត់​យក​ទឹក​ដី​ខ្មែរ​យើង​ គាត់​យក​ធនធាន​ធម្មជាតិ​យើង ​យក​ទៅ​ឲ្យ​ចិន»។​

លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិ ចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធ​ខួប ២៩ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស នៅទីក្រុងឡូវែល រដ្ឋ Massachusetts ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិ ចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធ​ខួប ២៩ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស នៅទីក្រុងឡូវែល រដ្ឋ Massachusetts ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក ​អ៊ុង រិទ្ធី​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​នៅក្នុង​ពេល​ប្រារព្ធ​ពិធី​រលឹក​ខួប​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ថា ​ពលរដ្ឋ​កម្ពុជា​ត្រូវ​ក្រោក​ឈរ​ឡើង​ និង​ពួតដៃគ្នា​ ទាមទារ​នូវអ្វី​ដែល​បង​ប្អូន​បាត់បង់ ​បើមិន​អ៊ីចឹងទេ​ សន្តិភាព​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏​មិន​បាន​មក​វិញ​ដែរ។​

«អីចឹង​ សំណូមពរ​ឲ្យ​លោក​ហ៊ុន សែន​ សុំយក​លទ្ធិ​ប្រជា​ធិបតេយ្យ​មក​ឲ្យ​បងប្អូន​ខ្មែរ​យើង​ តាម​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ​ឆ្នាំ​ ១៩៩១។​ សូម​ឲ្យ​ចិន​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស»។​

លោកថា ចិនជា​ប្រទេស​ហត្ថលេខី​មួយដែរ​ ដែលត្រូវ​ធានា​ចំពោះកម្ពុជា​ ដូច​សហគមន៍​អន្តរជាតិ​ដែរ។

លោក​បាន​បន្ត​លើកឡើងពីការ​ឈឺចាប់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ហើយ​បន្ថែម​ថា​ កម្ពុជា​មិន​ត្រូវមាន​វត្តមាន​យោធាចិន​ ដែល​នាំ​ឲ្យមាន​វិនាសកម្ម​ស្លាប់បាត់​បង់ជីវិត​ ដូចពី​អតីត​កាល​សម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ ១៩៧០​ នោះ​ទេ។​

ព្រះអង្គ​ ប៊ុត ប៊ុនតិញ​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ​ មាន​សង្ឃដីកា​បង្ហាញ​ក្តី​បារម្ភ​អំពី​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ចិន​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«បើ​សិន​ជា​វត្តមាន​ចិន​និង​វត្តមាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០២០ ​និង​ឆ្នាំ​ខាង​មុខ​នេះ​វាសនា​កម្ពុជា​អាច​នៅ​សល់​តែ​លលាដ៍​ក្បាល ​ដូច​ឆ្នាំ​ ១៩៧៥​ ដល់​ ១៩៧៩។​ ដោយ​យោង​លើ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ ដែល​កម្ពុជា​ជួប​និង​បាត់បង់​ពូជសាសន៍​ជាង ​១ ​លាន​នាក់ ​ថ្ងៃ​នេះ​យើង​អត់​ចង់​ឲ្យ​ប្រវត្តិ​កម្ពុជា​ ដើរ​ជាន់​ដាន​លលាដ៍​ក្បាល​ ដូច​អតីត​កាល​ទេ»។​

ព្រះ​តេជ​គុណ​បាន​បញ្ជាក់​ថា​ ការ​ចូលរួម​សិក្សា​ពី​វិសាល​ភាព​និង​សុពលភាព​ជា​រឿង​សំខាន់​ សម្រាប់​កូនខ្មែរ​ ក្រៅពី​ការ​ពឹង​ផ្អែកលើ​សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋអាមេរិក ​អឺរ៉ុប​ និង​អ.ស.ប.​ ដើម្បី​រក្សា​អធិប​តេយ្យភាព ​និង​សេរីភាព​កម្ពុជា។

«ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក ​ហ៊ុន សែន​ ផ្តេកផ្តួល​ចុះហត្ថ​លេខា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ចិន​ កម្ពុជា​បាត់បង់​ទី ១ ​គឺ​អធិប​តេយ្យភាព​ និង​បាត់បង់​ទី​ ២ ​គឺ​សេដ្ឋកិច្ច​គឺ​បាត់​បង់​នៅ​បញ្ហា​ពីរ​នេះ​ឯង។​ ទាំងអស់​នោះ​ ដែល​គេ​មើល​ឃើញ​ថា ​ចិន​ជាដើម​ហេតុ​នៃ​បញ្ហា​សម្រាប់​ប្រវត្តិសាស្ត្រ​ជូរ​ចត់​ទី​ ២​ នៅ​កម្ពុជា»។​

លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​ ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែ​ការ​រឹបអូស​ដីធ្លី​ និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពីផ្ទះ​សម្បែង​ ដើម្បី​អភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត​ និង​កន្លែង​លេង​ល្បែង​ដ៏​ប្រណីត​ ក្នុង​ទឹក​ប្រាក់​ ៣,៨​ ពាន់​លាន​ដុល្លារ។​

មណ្ឌល​កម្សាន្ត​ទេសចរណ៍​តារា​សាគរ​ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ យូញៀន ឌីវេឡុបមេន គ្រុប​ (Union Development Group) របស់​ចិន​នៅក្នុង​ខេត្ត​កោះកុង ​រួមមាន​អាកាស​យានដ្ឋាន​អន្តរជាតិ ​និង​ផែ​កប៉ាល់​ទេសចេណ៍​ ដែល​របាយ​ការណ៍​គួរឲ្យ​ទុកចិត្ត​បាន​មួយ​ បាន​លើក​ឡើង​ថា ​អាច​ជា​ទីតាំង​ប្រើប្រាស់​ដោយ​យោធា​ចិន។ ​តែ​ការ​លើក​ឡើង​នេះ ​ត្រូវ​បានបដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន ​Union Development Group​ ផង​ដែរ។​

គណៈកម្មាការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​ ដែល​មាន​ការ​ប្រាព្ធ​ខួប​ពី​ពលរដ្ឋខ្មែរ​នៅទីនោះ​ផង​ដែរ​នោះ​ បាន​ចាត់​ទុក​ថា ​មេដឹកនាំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា ​និង​វៀតណាម​ដែល​ជា​ហត្ថលេខី​កិច្ចព្រមព្រៀងក្រុងប៉ារីស​មួយ​ដែរ​ មិន​ដែល​បាន​គោរព​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃសុក្រ គណៈកម្មាការ​បាន​បញ្ជាក់​ថា៖​ «វៀតណាម​ដែល​ជា​ប្រទេស​ហត្ថលខី​មួយ​នៃ​កិច្ចព្រម​ព្រៀង​ បាន​បន្ត​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ​និង​រក្សា​កម្លាំង​របស់​ខ្លួន​ នៅក្នុង​ប្រទេស​កម្ពុជា​ជានិច្ច។​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​បន្ត​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ និង​លទ្ធិ​ប្រជា​ធិតេយ្យ​ពហុបក្ស​ ដែល​បង្កើត​ឡើង​ដោយ​កិច្ច​ព្រមព្រៀង​នោះ ​ដោយ​គ្មាន​ទោស​ពៃរ៍​អ្វី​ទាំងអស់»។​

ក្រៅពី​រៀបរាប់​លម្អិត​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដោយ​លោក​ប្រធាន​ ឌី ការ៉េត​ នោះ​ គណៈ​កម្មការ​នេះ​បាន​ចាត់​ទុក​ថា​ ក្រោយ​រយៈ​ពេល ​២៩ ​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​ដូចគ្នា​នឹង​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ឆ្នាំ​ ១៩៧០​ ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​កម្ពុជា។​

ទោះជា​យ៉ាងណា​ នៅ​ប្រទេស​កម្ពុជា​វិញ​ សារ​អបអរសាទរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​រៀបរាប់​ពី​ការ​ចាប់​ផ្តើម​ចរចា​រក​សន្តិភាព​នៅ​ FER-EN-TRDENOIS ​ប្រទេស​បារាំង​ ហើយ​បាន​ឈាន​ដល់​កិច្ចព្រម​ព្រៀង​មួយ​ក៏ពិត​មែន​ តែ​កម្ពុជា​មិនទាន់​បាន​បញ្ចប់​សង្គ្រាម​ទេ ​គឺ​នយោបាយ​ឈ្នះឈ្នះ​របស់​លោក​ទៅវិញ​ទេ​ ដែល​បាន​បញ្ចប់​សង្គ្រាម​កាលពី​ឆ្នាំ​ ១៩៩៨​ នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ​ និង​មាន​ការ​អភិវឌ្ឍ។​ បន្ថែមលើនេះ ​លោក​ ហ៊ុន សែន បាន​ថ្លែងជាច្រើនលើកអំពីដំណើរការនៃកិច្ចព្រមព្រៀងនេះ នៅ​ក្នុង​សារ​ជា​សាធារណ:​ក្នុងកម្ម​វិធី​មួយ​ចំនួន​ប៉ុន្មាន​ថ្ងៃ​នេះ។​


សមាជិក​ថ្នាក់​ដឹកនាំ​ក្នុង​ក្រុង​និង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ទីក្រុង​ឡូវែល និង​ក្នុង​ទីក្រុង​ផ្សេង​ទៀត​ នៅ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​ទៀត មិន​បាន​យល់​ស្រប​តាម​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។​ ពួកគេ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ និង​អយុត្តិធម៌​សង្គម​ ការ​បំបាត់​របប​សេរី​ពហុបក្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​បញ្ចេញ​មតិ​ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​និង​តាម​គោល​ការណ៍​និង​ស្មារតី​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។​

លោក​ Rodney Elliot ​អតីត​អភិបាល​ក្រុម​ឡូវែល និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ បាន​លើក​ឡើង​ថា ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​បរាជ័យ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ លើ​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

«ខ្ញុំ​បាន​អាន​[កិច្ច​ព្រមព្រៀង​នោះ]​ទាំងអស់​ ដែល​មាន​មាត្រា ​៣២ ​ដែល​និយាយ​អំពី​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​និង​សេរីភាព​នៃ​ការ​បោះឆ្នោត។​ ហើយ​ដូច​ដែល​ខ្ញុំ​បាន​ស្តាប់​មនុស្ស​ជាច្រើន ​នៅក្នុង​ការ​ប្រជុំ​គ្នា​ថ្ងៃ​នេះ​ ខ្ញុំ​សូម​សន្និដ្ឋាន​ថា​ ប្រទេស​[ហត្ថលេខី]​ទាំង​នោះ​នៅ​ឆ្នាំ​ ១៩៩១ ​គឺ​កាលពី​ ២៩​ ឆ្នាំ​មុន​ ពិភពលោក​បាន​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​បរាជ័យ​ ពី​ព្រោះ​យើង​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ»។​

លោក​ John Drinkwater ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​មួយ​រូប​ទៀត​ដែល​បាន​ចូលរួម​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ខួប​ទី ២៩ ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

«ហើយ​យើង​មិន​អាច​បំភ្លេច​បាន​នូវ​ការ​តស៊ូ​នានា​នៅ​កន្លែង​ជា​ច្រើន​ នៅ​ជុំវិញ​ពិភពលោក ​ជាពិសេស​នៅ​ប្រទេស​កម្ពុជា ​ដែល​កំពុង​កើត​ឡើង​ ដើម្បី​សិទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដើម្បី​ស្តង់ដារ​ជីវិត​ដ៏​សមរម្យ​និង​មាន​គុណភាព​សម្រាប់​អ្នក​រាល់គ្នា។ ​ដូច្នេះ​ នៅពេល​ខ្ញុំ​ឈរ​នៅ​ទីនេះ ​ខ្ញុំ​សូម​សន្យា​ជាមួយ​អ្នក​ថា​ អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដូចគ្នា​នឹង​មន្ត្រី​ដទៃ​ទៀត​ដែរ​ គឺ​យើង​ឈរ​ជាមួយ​អ្នក​ ហើយ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។​ យើង​នៅ​ទីនេះ​ជាមួយ​អ្នក»។​


បន្ថែម​លើ​នេះ​ លោក​ នួន វាសនា​ សមាជិក​ក្រុម​ប្រឹក្សា​ក្រុងឡូវែល​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ចាប់​ឃុំ​ខ្លួន​សកម្មជន​នយោបាយ ​និង​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់​ ដោយ​អាជ្ញាធរ​កម្ពុជា។​

«ហើយ​មក​ដល់​សព្វថ្ងៃ​នេះ ខ្ញុំ​ក៏​មិន​ខុសពី​បងប្អូន​ដែរ​ គឺ​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។​ បងប្អូន​នៅ​ស្រុក​ខ្មែរ​បើ​ចេញ​ រដ្ឋាភិបាលខ្មែរ​ហាម​ហើយ​បើ​ចេញ​គឺ​ចាប់​ដាក់​គុក។​ បើ​អ៊ីចឹង​យើង​ចេញ​ជំនួស​បង​ប្អូន​នៅ​ស្រុក​ខ្មែរ»។​

នៅក្នុង​កម្មវិធី​ដដែល​បាន​បង្ហាញ​ពីការ​ដើរ​ក្បួន ​និង​ស្រែក​ប្រឆាំង​ជាមួយ​នឹង​វត្តមាន​ចិន​នៅ​កម្ពុជា​ផង​ដែរ​ ដោយ​ពោល​ពាក្យ​ថា​ «ចិន​ត្រូវ​តែ​ចេញ​ពីកម្ពុជា»​ «ពលរដ្ឋ​ខ្មែរ​បដិសេធ​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា»​ «ជយោ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣​ តុលា ​ឆ្នាំ ១៩៩១​ មាន​ជីវិត​អមតៈ»។​

ដោយ​ឡែក​ ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ទីក្រុង​ឡូវែល​ដែល​បាន​ចូលរួម​ការ​ប្រារព្ធ​ខួប​ទី ២៩ ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​កម្ពុជា​ ក៏​បាន​បង្ហាញ​ការ​ខក​ចិត្ត​និង​ភាព​អាម៉ាស់​ដែល​រដ្ឋាភិបាល​អាមេរិក​ មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ។​

កម្រងរូបភាព៖ ពលរដ្ឋខ្មែរនិងមន្ត្រីដឹកនាំក្រុងឡូវែលប្រារព្ធខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
កម្រង​រូបភាពកម្រងរូបភាព៖ ពលរដ្ឋខ្មែរនិងមន្ត្រីដឹកនាំក្រុងឡូវែលប្រារព្ធខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

លោក​ Joseph Eoyle ​នៃ​អង្គការ​ Solidarity Lowell ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​លោក​គឺ​ជា​អ្នក​គាំទ្រ​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហើយ​ថាលោក​ខក​ចិត្ត​នឹង​សហគមន៍​អន្តរជាតិ​ ដែល​មិន​បាន​បំពេញ​កិច្ចការ​ឲ្យ​ច្រើន​ជាង​នេះ​ ដើម្បី​ធានា​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា។​

«ខ្ញុំ​មាន​ការ​ខក​ចិត្ត​លើ​សហគមន៍​អន្តរជាតិ​និង​រដ្ឋាភិបាល​របស់​ខ្ញុំ​ ដែល​មិន​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​ ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ធានា​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ ហើយធានា​សិទ្ធិ​របស់​ពួកគេ​ដោយ​រដ្ឋាភិបាល»។​

លោក ​Eoyle​ ក៏​បាន​អះអាង​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ព្រងើយ​កន្តើយ​និង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដោយ​ «បាន​បដិសេធ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​បន្ថែម​ថា៖ ​«ហើយ​ពិភពលោក​មិន​បាន​ធ្វើអ្វី​ទាល់តែ​សោះ​ចំពោះ​រឿង​នេះ។ សូម្បីតែ​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​របស់​ពួកគេ​លើ​កិច្ច​ព្រមព្រៀង​នេះ។​ យើង​នឹង​បាត់បង់​ភាព​ជឿជាក់​របស់​យើង​ ភាព​ជឿ​ជាក់​របស់​សហ​រដ្ឋ​អាមេរិក ​គឺ​ស្ថិត​ក្នុង​ភាព​ផុយស្រួយ។ ហើយ​យើង​មិន​បាន​ធ្វើអ្វី​សោះ ​អំពី​បញ្ហា​នៅ​កម្ពុជា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ»។​

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​ ២៩ ​ឆ្នាំ​នេះ ​ពលរដ្ឋ​ខ្មែរ​ដែល​បង្ហាញ​សាមាន្យ​ចិត្ត​ស្នេហាជាតិ​ និង​ស្រឡាញ់​ប្រទេស​កំណើត​នៅ​ប្រទេស​នានា​ និង​សហគមន៍​ក្នុង​រដ្ឋ​នានា​ជាច្រើន​ទៀត ​ក៏​បាន​ប្រារព្ធ​ខួប​លើក​ទី​ ២៩ ​ឆ្នាំ​នេះ​ផង​ដែរ​ ដើម្បី​បញ្ចេញ​មតិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង​ឮ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ និង​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​កំពុង​ប្រឈម​មុខ​ជា​ច្រើន​ ដោយ​សារ​តែរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ដែល​ក្រុម​ពលរដ្ឋ​និង​ក្រុម​គណបក្ស​ជំទាស់​ចាត់​ទុក​ថា ​មិន​បាន​គោរពកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ហើយ​កំពុង​ត្រូវការ​ដំណោះ​ស្រាយ៕

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខ្មែរ​ សមាជិក​នយោបាយ​និង​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រុង​ឡូវែល ​ប្រារព្ធ​ខួប​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស"

  1. Anonymous says:

    The world and khmer people should know ‘ Hun Sen and his groups did the coup 1997 killing a lot khmer and never respected international and Parish Accord because they are the ha noi dogs ‘ and serve Youn hanoi only’ Remember Tral island is belong to cambodia ‘