តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ២៧ វិច្ឆិកា ២០២០ |ម៉ោង ១៤:១៤
VOD

យុវជន គា សុគុណ។ (ហ្វេសប៊ុក៖ Sokun Club)
តុលាការខេត្តសៀមរាប នឹងប្រកាសសាលក្រមលើសំណុំរឿងយុវជនពីរនាក់ដែលច្រៀងចម្រៀងរ៉េប (Rap) រិះគន់សង្គម នៅចុងខែធ្នូខាងមុខ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នេះ កាលពីថ្ងៃម្សិលមិញ។
យុវជនទាំងពីរនាក់ ដែលមានឈ្មោះ គា សុគុណ និង ឡុង ពុទ្ធារ៉ា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោយពីពួកគេច្រៀងចម្រៀងរ៉េប (Rap) បង្ហោះតាមបណ្ដាញសង្គម រៀបរាប់ពីការឈឺចាប់រឿងអយុត្តិធម៌សង្គម សេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋចំណាកស្រុក បញ្ហាព្រំដែន និងសង្គមជាតិទន់ខ្សោយ ជាដើម។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង មានប្រសាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ថាក្រោយពីបានសួរដេញដោលក្នុងសវនាការកាលពីថ្ងៃម្សិលមិញ ចៅក្រមជំនុំជម្រះគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងយុវជនទាំងពីរនាក់ ពាក់ព័ន្ធបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។
លោកបានបន្តថា៖ «ភស្តុតាងគឺអត្ថន័យនៅក្នុងបទចម្រៀងហ្នឹង ដែលនិយាយពាក់ព័ន្ធទៅនឹងការប្រើពាក្យពេចន៍ដែលធ្វើឱ្យមានការរើបម្រះ ការញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ងើបបះបោរ គេ[ប៉ូលិស]ចោទបញ្ហាហ្នឹង»។
លោក សំ ទិត្យសីហា មេធាវីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលការពារក្តីឱ្យយុវជន គា សុគុណ បានថ្លែងថា ក្នុងសវនាការ លោកចៅក្រមនិងព្រះអាជ្ញាបានពិនិត្យអត្ថន័យបទចម្រៀងមួយចំនួនរបស់យុវជនទាំងពីររូប និងបានសួរដេញដោលទៅលើខ្លឹមសារនិងអត្ថន័យបទចម្រៀងទាំងនោះ ក្នុងនោះមានពាក្យថា «ក្រោកឡើង» ដែលតុលាការចាត់ទុកថា ជាពាក្យអុចអាលឱ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងនឹងអាជ្ញាធរឬរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «គាត់ [កូនក្តីរបស់លោក] អត់មានចេតនាឬគោលបំណងណាមួយ ធ្វើឱ្យមានការញុះញង់ [ធ្វើឱ្យប៉ះពាល់ដល់សង្គម] ទេ ដោយសារពួកគាត់នៅក្មេង និងចំណេះដឹងគាត់ [នៅមានកម្រិត]។ ពួកគាត់ក៏បានសំណូមពរដែរ ដោយសារមានភាពខ្វះខាតចំណេះដឹងនិងកត្តាផ្សេងៗ សូមឱ្យតុលាការបន្ធូរបន្ថយ [ទោស] ដល់ពួកគាត់»។
លោកមេធាវី បន្ថែមថា ក្នុងសវនាការ យុវជន គា សុគុណ នៅតែអះអាងថា គាត់មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ ខណៈយុវជន ឡុង ពុទ្ធារ៉ា បានសុំទោសនិងទទួលស្គាល់នូវកំហុសរបស់ខ្លួន។
បើតាមលោកមេធាវី សំ ទិត្យសីហា បទចម្រៀងរ៉េបមួយចំនួនដែលយុវជនទាំងពីរនាក់បានច្រៀង និងនាំឱ្យឈានទៅរងការចោទប្រកាន់តាមប្រព័ន្ធតុលាការនោះ រួមមាន ចំណងជើង «សាសន៍កំសត់» និង «ដីខ្មែរ» ដែលមានអ្នកចូលមើលជាង២លានដងនៅលើបណ្តាញសង្គមយូធូប (YouTube)។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញសំណុំរឿងនេះពីលោកមេធាវី ញាន សុមុន្និន្ទ តំណាងឱ្យក្រសួងវប្បធម៌ ដែលជាដើមបណ្តឹងបានទេ។
ចំណែកលោក ផល គា ដែលជាឪពុករបស់យុវជន គា សុគុណ អាយុ២២ឆ្នាំ ម្ចាស់បទចម្រៀងរ៉េប «ដីខ្មែរ» បានឱ្យដឹងថា លោកចង់ចូលរួមស្ដាប់សវនាការលើសំណុំរឿងកូនប្រុសរបស់គាត់ដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យមានមនុស្សច្រើនចូលក្នុងបន្ទប់សវនាការ ក្រោមហេតុផលថា ទប់ស្កាត់ជំងឺកូវីដ១៩។
លោកថា៖ «ខ្ញុំចង់ចូលស្ដាប់គេចោទម៉េចខ្លះ ហើយដាក់ស្ថានទម្ងន់ទោសអីខ្លះ ខ្ញុំចង់ដឹងអ៊ីចឹង ប៉ុន្តែគេមិនឱ្យចូលស្ដាប់ មិនដឹងធ្វើម៉េច។ ខ្ញុំសោកស្ដាយមែនទែន ព្រោះមិនគួរឱ្យមានទោសទេ គ្រាន់តែច្រៀង ការបញ្ចេញមតិបែបសិល្បៈ មានអីគួរញុះញង់ដូចពាក្យគេចោទផង»។
តែយ៉ាងណា លោក ផល គា បានអំពាវនាវដល់តុលាការទម្លាក់បទចោទប្រកាន់និងដោះលែងកូនគាត់ឱ្យមានសេរីភាពវិញ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)