នយោបាយ
27 វិច្ឆិកា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

ភ្នំពេញ — ចាប់តាំងពីការសម្រេចជាផ្លូវការនៃការផ្លាស់ប្តូរជំនួយលែងជួយរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ទៅឲ្យអង្គការសង្គមស៊ីវិលវិញ រដ្ឋាភិបាលស៊ុយអែតបានប្រកាសថាខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញនៅចុងឆ្នាំ២០២១។ រដ្ឋាភិបាលនេះមិនបានបញ្ជាក់មូលហេតុឲ្យចំនោះទេ។ តែមន្រ្តីសិទ្ធិមនុស្សលើកឡើងថាការសម្រេចចិត្តនេះមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រដ្ឋាភិបាលរបស់ប្រទេសស៊ុយអែត បានប្រកាសថាស្ថានទូតស៊ុយអែតប្រចាំនៅរាជធានីភ្នំពេញប្រទេសកម្ពុជា នឹងត្រូវបិទនៅចុងឆ្នាំ២០២១ គឺចុងឆ្នាំក្រោយនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស៊ុយអែត ដែលបង្ហោះនៅលើវេបសាយរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។
រដ្ឋាភិបាលស៊ុយអែត មិនបានបញ្ជាក់មូលហេតុចំៗនៃការបិទនេះទេ ប៉ុន្តែនេះត្រូវគេគិតថាជាដំណើរការមួយ ស្របពេលដែលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះយ៉ាងខ្លាំង ដែលស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា តែងតែចេញមុខមុនគេក្នុងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងប្រមូលផ្តុំ។ ចុងក្រោយនេះ ស្ថានទូតស៊ុយអែតបានថ្លែងបារម្ភអំពីការចាប់ខ្លួនមេដឹកនាំសហជីព លោក រ៉ុង ឈុន និងមនុស្សផ្សេងទៀត ដែលចេញមុខតវ៉ាទាមទាររកយុត្តិធម៌ជូនរូបលោក។
រដ្ឋាភិបាលស៊ុយអែតបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «រដ្ឋាភិបាលបានសម្រេចនៅថ្ងៃនេះថាស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ នឹងត្រូវបិទនៅចុងឆ្នាំ២០២១។ ប្រទេសស៊ុយអែតមានទំនាក់ទំនងល្អជាមួយកម្ពុជា។ ទាំងនេះនឹងបន្តតាមមធ្យោបាយថ្មីៗសម្រាប់ពេលនេះ»។ ស្ថានទូតបញ្ជាក់ថា៖ «នេះជាដំណើរការផ្លាស់ប្តូរជានិច្ច ហើយជួនកាល រដ្ឋាភិបាលស៊ុយអែតបើក ឬបិទស្ថានទូត និងអគ្គកុងស៊ុលរបស់ខ្លួន»។
សេចក្តីប្រកាសឲ្យដឹងទៀតថា ការសម្រេចបិទនេះ គឺស្របពេលដែលរដ្ឋាភិបាលស៊ុយអែត មានបំណងផ្តល់អំណាចដល់ឯកអគ្គរាជទូតរបស់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ សម្រាប់តំណាងឲ្យកម្ពុជា ហើយសកម្មភាពនៃក្រសួងការបរទេសស៊ុយអែត នឹងត្រូវផ្ទេរមកស្ថានទូតនៅទីក្រុងបាងកក។ សេចក្តីប្រកាសបន្ថែមថានឹងលែងមានបុគ្គលិកប្រចាំនៅកម្ពុជាទៀតនោះទេ។ ចំណែកកិច្ចសហការខាងផ្នែកអភិវឌ្ឍន៍ នឹងបន្តអនុវត្តដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ស៊ុយអែត Sida។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបានទេ។

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាលអ្នកស្រីមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តនេះ ហើយថាជាការបាត់បង់ដ៏ធំសម្រាប់កម្ពុជា ដោយសារមិនមានមន្រ្តីទូតប្រចាំនៅកម្ពុជា ដែលបង្កការងាយស្រួលក្នុងការទាក់ទងគ្នា។
អ្នកស្រីបញ្ជាក់ថាកន្លងទៅស្ថានទូតស៊ុយអែត បានឈរជួរមុខក្នុងការអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីយល់ថា ការប្រកាសបិទនេះពាក់ព័ន្ធនឹងការបារម្ភអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចដែលស៊ុយអែតធ្លាប់បានប្រកាសបង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយអង្គការសង្គមស៊ីវិលវិញកាលពីខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «ដោយសារបែបផែនការងារបែបនេះ គឺធ្វើឲ្យទំនាក់ទំនង ហើយនិងកិច្ចគាំពារ កិច្ចគាំទ្រជាច្រើនហ្នឹង ហាក់មិនទទួលបានពេញលេញនោះទេ។ អញ្ចឹងហើយបានជាខ្ញុំចង់បង្ហាញពីភាពខុសគ្នា នៅពេលណាដែលយើងមានវត្តមានស្ថានទូតនៅប្រទេសកម្ពុជា តើការគាំទ្រ ការសន្ទនា ទំនាក់ទំនងអីផ្សេងៗ វានឹងអាចប្រសើរជាងនៅពេលណាដែលយើងមិនមានស្ថានទូតប្រចាំនៅក្នុងប្រទេសយើង»។
អ្នកស្រី ចក់ សុភាព ឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលនឹងជួបជាមួយស្ថានទូត ហើយនឹងបន្តស្វែងយល់អំពីការប្រកាសបិទស្ថានទូតនេះ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាបើសិនការសម្រេចចិត្តនេះឈរនៅលើស្ថានភាពសិទ្ធិមនុស្ស អញ្ចឹងការផ្លាស់ប្តូរ ស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស ប្រហែលជានឹងអាចជួយធ្វើឲ្យមានការពិចារណានូវទិសដៅនេះឡើងវិញ»។
ទោះជាយ៉ាងណា អ្នកស្រីយល់ថាការប្រកាសបិទស្ថានទូតនេះ មិនប៉ះពាល់ជំនួយដែលផ្តល់មកអង្គការសង្គមស៊ីវិល ដែលពួកគេទទួលបានពីទីភ្នាក់ងារអភិវឌ្ឍន៍ដោយផ្ទាល់ គឺ Sida នោះទេ។
កាលពីខែមិថុនា ប្រទេសស៊ុយអែតបានសម្រេចបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ទៅជាជំនួយលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែខ្លាំងក្លា។ ប្រទេសស៊ុយអែតបានរៀបរាប់ថា លំហប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះមានការ «រឹតត្បិតយ៉ាងធ្ងន់ធ្ងរ»។
ចំណែកកាលពីខែសីហា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថាប្រទេសស៊ុយអែតដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប បានបង្វែរជំនួយរបស់ពួកគេជាង២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជួយដល់អង្គការសង្គមស៊ីវិលក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលលោកថានេះជាសិទ្ធិស្វ័យសម្រេចរបស់ប្រទេសនេះ។
លោកមានប្រសាសន៍កាលនោះថា៖ «អាហ្នឹងនយោបាយរបស់គេ យើងមិនចាត់ទុកស៊ុយអែតខុសទេ ពីព្រោះយើងរដ្ឋធម្មនុញ្ញយើងថា កាន់របបប្រជាធិបតេយ្យសេរីពហុបក្សដែរ។ ដូច្នេះវាអត់មានអីខុសទេ។ ប៉ុន្តែយើងដល់ពេលហ្នឹង យើងត្រូវភ្ញាក់រឭកខ្លួនឯង ត្រូវខិតខំប្រឹងប្រែងធ្វើម៉េច ដើម្បីកុំឲ្យមានកំហុសធំដុំ ដែលគេអាចយកធ្វើជាឆ្នួន»។
លោក មាស នី អ្នកវិភាគនយោបាយនៅកម្ពុជា បានថ្លែងថាប្រទេសស៊ុយអែត បានចំណាយថវិកាជាច្រើនក្នុងការជួយពង្រឹងអភិបាលកិច្ច ហើយប្រទេសស៊ុយអែតហាក់ដូចជាបង្ហាញនូវ «ភាពអស់សង្ឃឹម» នឹងការធ្លាក់ចុះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថាការដកស្ថានទូតនេះ អាចជា «ការព្រមាន» មួយដែរដល់រដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាទោះបីជាមានការភ្ញាក់ផ្អើល ក៏រដ្ឋាភិបាលមិនបញ្ចេញអីឲ្យដឹងដែរ។ ក៏ប៉ុន្តែជាទិដ្ឋភាពនយោបាយការបរទេស ការបិទស្ថានទូតរបស់ប្រទេសណាមួយនៅក្នុងប្រទេសរបស់ខ្លួន វាមិនមែនជារឿងធម្មតា»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ និងអតីតតំណាងរាស្រ្តមួយរូប ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងថានេះជាសញ្ញាបង្ហាញថាស្ថានទូតស៊ុយអែតមិនពេញចិត្តនឹង «ការសម្លាប់លទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «បើសិនជារបបលោក ហ៊ុន សែន មិនគិតគូរអំពីការស្តាប្រជាធិបតេយ្យ ស្តាសិទ្ធិមនុស្សទេ ហើយទៅចាប់ឱបប្រទេសចិន ដើម្បីឲ្យប្រទេសចិនមកប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីធ្វើជាឈ្នាន់ក្នុងការពង្រីកវាតទីនិយមហ្នឹង គឺប្រទេសកម្ពុជាច្បាស់ជាទទួលរងនូវភាពអាម៉ាស់ ហើយនិងទទួលនូវការខាតបង់ដ៏ធំធេង»។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថានេះជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងការបិទឬបើកស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ហើយការបិទនេះមិនប៉ះពាល់ទំនាក់ទំនងនៃប្រទេសទាំងពីរឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប មានប្រសាសន៍ថាការលើកឡើងអំពីការបារម្ភសិទ្ធិមនុស្ស គឺជាសិទ្ធិរបស់ស៊ុយអែត ដែលលោកថាវាផ្ទុយពីការពិត។
លោកមានប្រសាសន៍ថា៖ «ហើយស៊ុយអែតហ្នឹង មើលឃើញពីណាមក ពី[ទីក្រុង] Stockhom មកឬមួយពីណា [ពី] Copenhagen ណា [ថា] ស្រុកខ្មែរនេះ ប្រៀបដូចជាកំពុងតែហុយផ្សែងច្បាំងគ្នា។ គេកំពុងតែសម្បូរសប្បាយ ឯងនេះវាលេចឮផ្ទុយពីការពិត»។
បើតាមវេបសាយរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ទំនាក់ទំនងការទូតជាមួយកម្ពុជា ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៦១។ កាលពីខែសីហាឆ្នាំ២០១០ ប្រទេសស៊ុយអែតបានបើកឲ្យមានស្ថានទូតនៅក្នុងប្រទេសកម្ពុជា។
កាលពីខែសីហាសហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ Everything But Arms (EBA) ២០%ពីកម្ពុជា ដោយសារសហភាពអឺរ៉ុបរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ។
ការប្រកាសបិទស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញនេះ កើតឡើងចំថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានបើកសវនាការពាក់ព័ន្ធនឹងរឿង «ក្បត់» ចំនួន៤សំណុំរឿង ដែលមានមនុស្សជិត១៤០នាក់ ទាក់ទងនឹងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់កាលពីឆ្នាំមុន៕
ហាស ! ហាស
មិនបង្អាប់ទេ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)
HUN SEN start to die slowly now