ស្ត្រី​​២​​នាក់​​ស្លាប់​ និង​​អ្នក​​ភូមិ​​១២​​នាក់​​ទៀត​​នៅ​​កំពង់ឆ្នាំង​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​សង្គ្រោះ​​ក្រោយ​​ផឹក​​ទឹក​​អណ្ដូង​​នៅ​​ចម្ការ​​

ព័ត៌មានជាតិ | សុខភាព
លោក សូរ្យ ជ័យឧត្ដម | ២៧ វិច្ឆិកា ២០២០ |ម៉ោង ១៤:៤៩
VOD

ពលរដ្ឋធ្វើដំណើរទៅមកពីមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ រូបភាព៖ ជន ចាន់រ៉ែន

ពលរដ្ឋធ្វើដំណើរទៅមកពីមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ រូបភាព៖ ជន ចាន់រ៉ែន


នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យដឹង​ថា ស្ត្រី​២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ភូមិ១២​នាក់​ទៀត​នៅ​ស្រុក​ទឹកផុស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ពួក​គេ​ផឹក​ទឹក​អណ្ដូង​នៅ​ក្នុង​ចម្ការ​ឪឡឹក​មួយ​នៅ​ឯ​វាល​ស្រែ​។

អធិការ​រង​នគរបាល​ស្រុក​ទឹក​ផុស លោក បួរ វន្នី បាន​ប្រាប់​ថា ស្ត្រី​ម្នាក់​អាយុ៤៣​ឆ្នាំ បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​​ស្ត្រី​ម្នាក់​ទៀត​អាយុ៤៧​ឆ្នាំ បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផងដែរ នៅ​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស១២​នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែលោក​ថា លោក​មិន​ទាន់​ដឹង​អំពី​ស្ថានភាព​សុខភាព​របស់​ពួកគេ​នៅ​ឡើយ​ទេ។

លោក បួរ វន្នី បាន​ឱ្យដឹង​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ​ដែល​រស់​នៅ​ភូមិ​ជីប៉្រង ឃុំ​ជៀប បាន​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាព​បែប​នោះ បន្ទាប់​ពី​ពួកគេ​ផឹក​ទឹក​អណ្ដូង​នៅ​ក្នុង​ចម្ការ​ឪឡឹក​មួយ​ស្ថិត​នៅ​វាលស្រែ​ ជា​ទី​ដែល​ពួកគេ​ទៅ​ច្រូត​ស្រូវ។

ប៉ុន្តែមន្ត្រី​នគរបាល​រូប​នេះ ប្រាប់​ថា សមត្ថកិច្ច​មិន​អាច​បញ្ជាក់​ពី​មូល​ហេតុ​ពិត​ប្រាកដ​បាន​ទេ ហើយ​លោក​អះ​អាង​ថា គ្មាន​មន្ត្រី​សុខាភិបាល​ណា​ទៅ​យក​សំណាក​ទឹក​អណ្ដូង​យកទៅ​​​ត្រួត​ពិនិត្យ​នោះ​ឡើយ។

លោក បួរ វន្នី ប្រាប់​ថា​៖ «ពួក​ខ្ញុំ​អត់​ហ៊ាន​សន្និដ្ឋាន​ទេ ប៉ុន្តែសំខាន់​ទាល់​តែ​ខាង​ពេទ្យ​សន្និដ្ឋាន​មក​វិញ។ ពួក​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ជាមួយ​លោក​អធិការ​ហើយ​ថា ពួក​យើង​អត់​ហ៊ាន​សន្និដ្ឋាន​ទេ​។​ទាល់​តែ​ខាង​ពេទ្យ​វាយ​តម្លៃ​ថា ស្លាប់​ដោយសារ​ទឹក​អណ្ដូងឬ​ដោយសារ​ជំងឺ​លើស​ឈាម​យ៉ាង​ម៉េច អាហ្នឹង​ទាល់​តែ​ខាង​ហ្នឹង​វាយ​តម្លៃ​មក បាន​ខ្ញុំ​ហ៊ាន​ធ្វើ​ការ​បន្ត​ទៀត»

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ហើយ​លោក​ថា ពួកគេ​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក​ចេញ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត។

បើ​តាម​មន្ត្រី​សុខាភិបាល​រូប​នេះ ក្រៅ​ពី​មនុស្ស​ពេញ​វ័យ ក៏​មាន​​កុមារ​២​នាក់​ផងដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

លោក ប្រាក់ វ៉ុន ប្រាប់​ថា​៖ «មូល​ហេតុ​ គឺ​គាត់​ពុល​ បរិភោគ​ទឹក​មាន​សារធាតុ​គីមី។ ហ្នឹង​ជា​ជំហាន​ដំបូង​នៃ​ការ​សន្និដ្ឋាន។ មាន​អ្នក​​ចម្ការ​ឪឡឹក គាត់​បាញ់​ថ្នាំ​ឪឡឹក​ ហើយ​គាត់​លាង​ធុង​ថ្នាំ​នៅ​ក្បែរ​អណ្ដូង។ យើង​សន្និដ្ឋាន​ជា​ដំបូង»

លោក ប្រាក់ វ៉ុន បាន​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​បិទ​អណ្ដូង​ទឹក​នោះ​ហើយ ដោយ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​ប្រើ​ប្រាស់​ទៀត​នោះ​ឡើយ។

នៅ​ពេល​សួរ​ថា តើ​មន្ត្រី​សុខាភិបាល​បាន​យក​ទឹក​អណ្ដូង​ទៅ​ពិនិត្យឬ​យ៉ាងណា​នោះ មន្ត្រី​សុខាភិបាល​រូប​នេះ ប្រាប់​ថា មិនបាន​យក​ទឹក​អណ្ដូង​នោះ​ទៅ​ពិសោធន៍​នោះ​ឡើយ ប៉ុន្តែមន្ត្រី​សន្និដ្ឋាន​បែប​នេះ បន្ទាប់​ពី​សាក​សួរ​ពលរដ្ឋ​ដែល​ប្រាប់​ថា មាន​អ្នក​ភូមិ​បាន​យក​ធុង​ថ្នាំ​ទៅ​លាង​សម្អាត​នៅ​ជិត​អណ្ដូង​ទឹក​នោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles