សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ពួកគេ​​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ

ដោយ ហេង រស្មី
2020-11-28
RFA

ការ​តវ៉ា​របស់​សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ 072420

សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​សាច់​ញាតិ ១៧នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ រូប៖ ពលរដ្ឋ

សង្គម​ស៊ីវិល និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា សង្គម​ស៊ីវិល​ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា។ ពួកគេ​យល់ថា ការ​លើក​ឡើង​នេះ គឺជា​ការ​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​ដែល​កើត​ឡើង​លើ​ប្រជា​ពលរដ្ឋ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​មួយ​ចំនួន​មាន​ក្រមសីលធម៌​ត្រឹមត្រូវ ហើយ​ពាក្យពេចន៍​ដែល​ពួកគេ​និយាយ​ប្រាប់​ពលរដ្ឋ គឺជា​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ​។ លោក​ថា ការ​ថ្លែង​សារ​បែបនេះ គឺជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ការងារ ព្រោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើ​មន្ត្រី​មូលដ្ឋាន ដោយ​ពួកគេ​អាច​បន្ត​រឹត​បន្តឹង និង​តាមដាន​សកម្មភាព​របស់​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម៖ «​ក្នុង​ក្រមព្រហ្មទណ្ឌ គឺ​បទ​ញុះញង់ គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ មានន័យថា យើង​ទៅ​ញុះញង់​ក្រុម​ណាមួយ​ឲ្យ​ទៅ​ធ្វើ​ខុសច្បាប់ ប៉ុន្តែ​បើសិនជា​យើង​ទៅ​អប់រំ​គាត់ ឲ្យ​គាត់​ចេះ​គោរព​ច្បាប់ ឲ្យ​គាត់​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ខ្ញុំ​ថា អាហ្នឹង​មិនមែន​ជា​អំពើ​ញុះញង់​ទេ។ អាហ្នឹង​យល់ៗ​ច្រឡំ​គ្នា​កន្លែង​ហ្នឹងហើយ​ត្រង់​ហ្នឹង​ហើយ​បាទ​ប្រហែល​ជា​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់​ផង​ហ្នឹង»។

ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​ពេល​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់​អង្គការ​ក្រៅរដ្ឋាភិបាល និង​មេធាវី​មួយ​ចំនួន​ថា បាន​ធ្វើ​សកម្មភាព​ញុះញង់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។ លោក​បន្ត​ថា លោក​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ផ្ដល់​ជំនួយ​ផ្លូវច្បាប់ ឬ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ជា​ជាង​ការ​ញុះញង់​ប្រជា​ពលរដ្ឋ៖ «មាន​អង្គការ​មួយ​ចំនួន និង​មេធាវី​ខ្លះ​ក៏​ឆ្លៀតឱកាស​រុញ​ឲ្យ​មាន​បាតុកម្ម​ផ្ទុះឡើង​។ យើង​លើកទឹកចិត្ត​ឲ្យ​ផ្តល់​ជំនួយ​ផ្លូវច្បាប់ ឬ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ តែ​យើង​មិន​លើកទឹកចិត្ត​ឲ្យ​អ្នកធ្វើ​សកម្មភាព​ញុះញង់ ដើម្បី​រុញ​ឲ្យ​ធ្វើបាតុកម្ម​នោះ​ទេ អ្នក​អាច​យល់​។ រឿង​ខ្លះ​រុញ​ពី​កំពង់សោម រុញ​ពី​កោះកុង រុញ​ពី​ក្រចេះ មិនមែន​យើង​មិន​ដឹង​ទេ»។

ក្រៅពី​លោក ហ៊ុន សែន អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​តែងតែ​រារាំង រុញច្រាន និង​គំរាមកំហែង​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ ក៏បាន​ចោទ​ចំៗ​ទៅ​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​សហប្រជាជាតិ​ខាង​ផ្នែក​សិទ្ធិមនុស្ស (UN) ដែល​ទៅ​ឃ្លាំមើល​ការ​តវ៉ា​នោះ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​សម្របសម្រួល ឲ្យ​ក្រុម​ស្ត្រី​ឡើង​មក​តវ៉ា​ផង​ដែរ។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ គឺ​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផ្ទាល់​ដោយ​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព និង​រឿង​អយុត្តិធម៌​ផ្សេងៗ​លើ​គ្រួសារ​របស់​ពួកគេ ដោយ​មិន​ពាក់ព័ន្ធ​នឹង​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទេ​។ លោកស្រី​បន្ត​ថា ក្រុម​សង្គម​ស៊ីវិល​គ្រាន់តែ​ជា​អ្នកឃ្លាំមើល​ការ​តវ៉ា​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​។ លោកស្រី​ស្នើ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​ទម្លាក់​កំហុស​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌​វិញ​ប្រសើរ​ជាង៖ «ចោទប្រកាន់​លើ​សង្គម​ស៊ីវិល​ម៉េច​កើត រាល់ថ្ងៃ​ខ្ញុំ​បាន​ពួកគាត់​ហ្នឹង​តើ គាត់​គ្មាន​នៅ​ពីក្រោយ​ខ្នង​ពួក​ខ្ញុំ​ទេ និយាយ​រួម​អត់​ទាំងអស់​ហ្មង ហើយ​ចោទប្រកាន់​លើ​ពួកគាត់​​អ៊ីចឹង​ខុស​ហើយ ខ្ញុំ​អត់​ទទួលស្គាល់​ទេ ព្រោះ​ពួកគាត់​ដែល​បាន​ឃ្លាំមើល​ពួក​ខ្ញុំ តាមដាន​ពួក​ខ្ញុំ​នេះ គាត់​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង ខ្ញុំ​គ្មាន​ទៅ​សុំ​ជំនួយ​ពី​គាត់ ហើយក៏​មិនដែល​ផ្ដល់​ប្រឹក្សា​អី​មក​ឲ្យ​ពួក​ខ្ញុំ​ដែរ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង​។ គឺ​ខ្ញុំ​ធ្វើ​សុទ្ធចិត្ត គឺ​ដូចៗ​ថា ខ្ញុំ​ធ្វើ​គឺ​ឆន្ទៈ​ពួក​ខ្ញុំ ព្រោះ​ធម្មតា​អូន បាត់​ប្តី រង​អំពើ​អយុត្តិធម៌​។ រាល់ថ្ងៃ​មាន​ហ្នឹង​ស្អី ឥឡូវនេះ បើ​យើង​មិន​ទៅ​ស្រែក មិន​ទៅ​ទាមទារ​សួរថា បាន​អី​មកវិញ​។ ខ្ញុំ​ត្រូវតែ​ធ្វើ​ព្រោះ​រាល់ថ្ងៃ​ឆ្នាំងបាយ​របស់ខ្ញុំ​បោក​ហើយ បែក​អស់ហើយ អ៊ីចឹង​បើ​ខ្ញុំ​មិន​ធ្វើ ខ្ញុំ​នៅផ្ទះ​ម៉េច​កើត​?»។

កន្លង​មក ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) សមាគម​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) ធ្លាប់​បាន​ចេញផ្សាយ​របាយការណ៍​ឃ្លាំមើល​សិទ្ធិមនុស្ស រួមគ្នា ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅតែ​គាបសង្កត់ រឹតត្បិត បំភិតបំភ័យ​ធ្ងន់ធ្ងរ លើ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ​ទូទៅ​។ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ទង្វើ​រំលោភបំពាន​ទាំងនេះ និង​គោរព​សិទ្ធិ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ពួកគេ​​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ"

  1. so socheath says:

    នាវាលាផែ !
    *******
    សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្ញុំនៅតែទៅធ្វេីការ ព្រោះខ្ញុំជា
    អ្នកគ្រប់គ្រងការផ្សាយ ទាំងវិទ្យុរដ្ឋនិងឯកជនច្រេីនស្ថានីយ៍ ។
    ការងារថ្ងៃនេះ មិនច្រេីនទេ ។ ការទៅកាន់ស្ថានីយវិទ្យុរបស់ខ្ញុំ
    ទាំងព្រឹក ល្ងាច គឺដេីម្បីអង្កេតការផ្សាយ របស់មន្ត្រីចាក់ផ្សាយ
    និង ប្រធានស្ទូឌីយោ ដែលជាអ្នករៀបការផ្សាយ តាមកម្មវិធី
    ដែលត្រូវផ្សាយបានកំណត់ ។
    សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទៀតសោត ខ្ញុំមិនអង្គុយនិយាយ
    ផ្ទាល់តាមវិទ្យុបណ្តាញ(ផ្សាយព័ត៍មានតាមមេក្រូ)ទេ។
    តែថាខ្ញុំក៏មិនមានការលះបង់ពេលវេលា ក្នុងការដេីរកំសាន្ត
    នោះដែរ ។
    ដេីម្បីក្តីសុខសាន្តរបស់ជាតិនិងប្រជាជន ធានាថែរក្សាសន្តិភាពជាតិ
    ដែលសម្តេចតេជោសែន ហ៊ានលះបង់ជីវិត ក្នុង
    ការចូលជំរុំសត្រូវប្តូរយកសន្តិភាពជូនជាតិ ការសង្កេតតាមដាន
    សភាពការណ៍នយោបាយជាតិ នឹងអន្តរជាតិ សម្រាប់កម្ពុជា
    ចំពោះខ្ញុំ គឺមានជាប្រចាំ ។
    ការឆ្លេីយតបរបស់ខ្ញុំទៅកាន់គេហទំព័រជាតិ និងអន្តរជាតិ
    គឺកេីតមានរាល់ថ្ងៃ រហូតពួកគេ ហៅខ្ញុំថាជាបណ្ឌិត
    ជាអ្នកវិភាគ ក្នុងពេលដែលខ្ញុំមិនមែនជាអ្វីដូចគេគឹត
    ទាំងអស់ ដោយខ្ញុំគ្រាន់តែជានិវត្តន៍ជនម្នាក់ និងជាមន្ត្រីកិច្ចសន្យា
    ដែលអញ្ជេីញឲ្យជួយការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
    ដោយហេតុខ្ញុំជាមន្ត្រីចាស់ក្នុងអង្គភាព មានជំនាញវិជ្ជាជីវះ
    ត្រឹមត្រូវគ្រប់ផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។
    ខ្ញុំមិនត្រូវការបុណ្យសក្តិ៍ស្អីពីសម្តេចតេជោ ដូចអ្នកគឹត អ្នកស្មានទេ ព្រោះខ្ញុំចាស់ហេីយ ។
    សម្តេចចូលនិវត្តន៍ពីនយោបាយ ប្រហែលខ្ញុំក៍ចូលនិវត្តន៍
    ជាលេីកទី២ ក្នុងការងារតាមសម្តេចផងមិនដឹង ។
    តែថាសម្រេាប់កិច្ចការនយោបាយនាំសុខដល់ជាតិ បេីសតិ
    នៃការគឹតរបស់ខ្ញុំនៅល្អ ខ្ញុំនឹងបន្តជួយអ្នកដឹកនាំកម្ពុជា
    ជំនាន់ក្រោយទៀត ក្នុងការងារថែរក្សាសន្តិភាពជាតិឲ្យបានគង់វង្ស
    ជានិរន្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
    ឥឡូវនេះ ចូលដល់រឿង សមរង្សុីដែលប៉ុន្មានថ្ងៃនេះ
    បាត់មុខលែងព្រុសដូចឆ្កែវិញម្តង ។
    ជាទម្លាប់ សមរង្ស៊ី វាតែងសរសេរ ឆ្លេីយតបមកកាន់ខ្ញុំ
    រាល់គ្រប់commentដែលខ្ញុំផុសឡេីងក្នុងcamnews​.0rg ។
    តែប៉ុន្មានថ្ងៃនេះមានអ្នកចូលមកជំនួសក្នុងការសរសេរតប
    របស់សមរង្ស៊ីមកកាន់ខ្ញុំ តែវាមិនមែនជាគំនឹតដែលចេញពីសមរង្ស៊ីទេ ។
    សមរង្ស៊ី និងប្រពន្ធជូឡុង សូ មូរ៉ា នៅស្រុកបារាំង មិនមាន
    តម្លៃក្នុងជីវភាពរស់នៅក្នុងសង្គមសុីវិល័័យរបស់បារាំងទេ។ ពួកគេគ្រាន់
    តែជាគ្រួសារក្រីក្រ រស់នៅក្នុងប្រទេសបារាំង
    តាមចំហាយកេរ្តិ៍ដំណែលផ្ទះជ្រកនៅ ពីឪពុកម្តាយ
    របស់ពួកគេពីជំនាន់មុនប៉ុណ្ណោះ ។
    (តបញ្ចប់នៅថ្ងៃអាទិត្យ នេះ)