គ្រួសារ​​សកម្ម​ជន​​នយោ​បាយ​​ថៃ​​ដែល​​បាត់​ខ្លួន ​ធ្វើ​ពិធី​​បន់​ស្រន់​​នៅ​​កម្ពុជា​​សុំ​​ឱ្យ​​ឆាប់​​រក​​ឃើញ​​ការ​ពិត​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
Danielle Keeton-Olsen and លោក ម៉ិច ដារ៉ា | ០៤ ធ្នូ ២០២០ |ម៉ោង ១៥:៥៧
VOD

អ្នកស្រី Sitanan Satsaksit ត្រូវជា​បងស្រី​បង្កើត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​នៅ​កម្ពុជា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) លុតជង្គង់​សំពះព្រះ​សង្ឃ ក្នុង​ពិធី​សាសនា​បំណង​បន់ស្រន់​ឱ្យ​បានដឹង​ពី​ដំណឹង​និង​ការពិត​នៃ​ការ​បាត់ខ្លួន​របស់​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ កាលពី​ថ្ងៃទី៤ ខែមិថុនា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ (Danielle Keeton​-Olsen​)

អ្នកស្រី Sitanan Satsaksit ត្រូវជា​បងស្រី​បង្កើត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​នៅ​កម្ពុជា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) លុតជង្គង់​សំពះព្រះ​សង្ឃ ក្នុង​ពិធី​សាសនា​បំណង​បន់ស្រន់​ឱ្យ​បានដឹង​ពី​ដំណឹង​និង​ការពិត​នៃ​ការ​បាត់ខ្លួន​របស់​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ កាលពី​ថ្ងៃទី៤ ខែមិថុនា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ (Danielle Keeton​-Olsen​)


បងស្រី​របស់លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) សកម្មជន​នយោបាយ​ថៃ បាន​ធ្វើពិធី​បុណ្យ​តាម​បែប​សាសនានៅ​វត្ត​មួយ​ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​បន់​ស្រង់​ឱ្យ​ឆាប់​រក​ឃើញ​យុត្តិធម៌និង​ការពិត​នៃ​ការ​បាត់ខ្លួន​ប្អូនប្រុស​របស់​គាត់។

ហេតុការណ៍​ចាប់​ពង្រាត់​សកម្មជន​បក្ស​ប្រឆាំង លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹងពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) កាលពី​ថ្ងៃទី០៥ ខែមិថុនា។

អង្គការ​នេះ​រាយការណ៍​ថា ជនប្រដាប់អាវុធ​មួយ​ក្រុម​ជិះរថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង បាន​ចាប់ខ្លួនលោក វ៉ាន់​ឆា​ឡឺម នៅពេល​ដែល​គាត់​ដើរតាម​ផ្លូវ​ទិញ​អាហារ​មុខ​អគារ​ស្នាក់នៅ នា​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ជិត៦ល្ងាច ថ្ងៃទី៤ ខែមិថុនា។

អ្នកនាង Sitanan Satsaksit បងស្រី​របស់​លោក វ៉ាន់ឆា​ឡឺម ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ស ក្នុង​ពិធី​សាសនា នា​ព្រឹក​ថ្ងៃសុក្រ​នេះ បាន​បង្ហាញ​ក្តី​សង្ឃឹមថា នាង​នឹង​ទទួលជោគជ័យ​ក្នុង​បេ​សកកម្ម​របស់​នាង ដើម្បី​បង្ហាញ​ភស្តុតាង​ដល់​តុលាការ​កម្ពុជា​ថា ប្អូន​របស់​នាង​ពិតជា​ត្រូវ​បាន​គេ​ចាប់ខ្លួន។

(ឆ្វេង​) អ្នកស្រី Sitanan Satsaksit ត្រូវជា​បងស្រី​បង្កើត​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​នៅ​កម្ពុជា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) និង​មេធាវី២នាក់​ទៀត​របស់​អ្នកស្រី លុតជង្គង់​សំពះព្រះ​សង្ឃ ក្នុង​ពិធី​សាសនា​បំណង​បន់ស្រន់​ឱ្យ​បានដឹង​ពី​ដំណឹង​និង​ការពិត​នៃ​ការ​បាត់ខ្លួន​របស់​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ កាលពី​ថ្ងៃទី៤ ខែមិថុនា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ (Danielle Keeton​-Olsen​)

អ្នកនាងបាន​និយាយ​ថា គាត់​ធ្វើពិធី​សាសនា​នេះ គឺ​ធ្វើ​ដើម្បី​បួងសួង​ឱ្យ​អាជ្ញាធរ​កម្ពុជាឆាប់​ស្វែងរក​ឃើញ​ប្អូនប្រុស​របស់​គាត់ និង​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ប្អូនប្រុស​របស់​គាត់។

អ្នកនាង​បាន​ថ្លែង​ថា៖ «យើង​មកកាន់​ប្រទេស ​[កម្ពុជា​] នេះ ដោយសារតែ​យើង​សង្ឃឹមថា នឹងដឹង​ថា​ តើលោក វ៉ាន់​ឆា​ឡឺម នៅកន្លែង​ណា ហើយនិង​ស្វែងរក​យុត្តិធម៌​ដែល​នឹង​ផ្តល់​ដោយ​តុលាការ​កម្ពុជា»។

អ្នកនាង​បាន​បន្ត​ថា៖ «យើង​មាន​ភស្ដុ​តាង​ខ្លះ ដើម្បី​បញ្ជាក់​ថា គាត់​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​គាត់​ត្រូវ​បាន​គេ​ចាប់​ពង្រាត់​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​រហូតដល់​ពេលនេះ យើង​មិន​មាន​តម្រុយ​ថា គាត់​កំពុងតែ​នៅ​ទីណា​នៅឡើយ​នោះ​ទេនៅពេល​នេះ​?»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ខៀវ សុភ័គ មានប្រសាសន៍​ថា សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​បាត់ខ្លួន​របស់លោក វ៉ាន់​ឆា​ឡឺម តែរ​ហូត​មកទល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​មាន​តម្រុ​យណាមួយ​នៅឡើយ។

លោក​បាន​បញ្ជាក់​ថា៖ «ក្រោយពី​បាន​ព័ត៌មាន​ពី​ស្ថានទូត​ថៃ​ហើយ យើង​ក៏បាន​ចាត់​ធ្វើការ ស៊ើបអង្កេត​ករណីនេះ ហើយ​យើង​រកមើល Passport ហើយ​គាត់​បាន​មក​សុំ​វី​សារ​ម្តង ហើយក៏​បាត់ខ្លួន​រហូត​ទៅ»។ 

លោក​បន្ត​ថា៖ «ហើយ​យើង​បាន​បើក​មើល​បញ្ជី​ច្រកចូល​ទាំង​ព្រំដែន​ឡាវនិង​វៀតណាម ដូចជាអត់​ឃើញ​ឈ្មោះ​ហ្នឹង​ចេញចូល។ យើង​ក៏​ចាត់​មន្ត្រី​ទៅ​មើល​សួរ​នៅកន្លែង​កើតហេតុ ជាពិសេសកន្លែង​ដែល​គាត់​ស្នាក់នៅ​ហ្នឹង មើល​បញ្ជីគឺ​គ្មាន​ឈ្មោះ​ហ្នឹង​ផង ឬក៏​គាត់​ដូរ​ឈ្មោះ​អី​យើង​មិនដឹង​ទេ ហើយ​តាំងពី​ហ្នឹង​មក ​យើង​បាត់ដាន​រហូត»។

អ្នកនាំពាក្យ​រូប​នេះបន្ថែម​ថា ក្រសួង​ក៏បាន​ប្រកាស​ស្វែងរក​ឈ្មោះ​លោក វ៉ាន់​ឆា​ឡឺម ផង​ដែរ ហើយ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិ ធ្វើការ​សហការ​និង​ផ្តល់​ព័ត៌មាន​ផ្សេង​ៗពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​នេះ ដើម្បី​ឱ្យ​សមត្ថកិច្ច​ងាយស្រួល​ក្នុង​ការស៊ើបអង្កេត។

លោក វ៉ាន់​ឆា​ឡឺម គឺជា​សកម្មជន​ប្រជាធិបតេយ្យ​ល្បីឈ្មោះ​ម្នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ ដែល​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​របស់​ថៃ។ លោក​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ រួច​បន្តសកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្តាញ​សង្គម។

កាសែត Bangkok Post រាយការណ៍​កាលពី​ថ្ងៃទី០៨ ខែមិថុនា ថាចាប់ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤មក យ៉ាង​យោ​ចណាស់ សកម្មជន​ថៃ៨នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម។

ប្រភព​ដដែល​បន្ថែម​ថា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ គឺ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​និរទេស​ខ្លួន២៩នាក់ដែល​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​៕


កម្ពុជា​​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​​ជុំវិញ​​ព័ត៌មាន​​នៃ​​ការ​​ចាប់​ខ្លួន​​សកម្ម​ជន​​នយោ​បាយ​​ថៃ​

​អាជ្ញាធរ​កម្ពុជា​ អះអាង​ថា​ នឹង​បើក​ការស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​សកម្មជនន​យោ​បាយ​ថៃ លោ​ក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ ក្នុង​រាជធានី​ភ្នំពេញ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles