បងស្រី​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ សកម្មជន​​នយោបាយ​ថៃ ដែល​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ គ្រោង​ចូល​បំភ្លឺ​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី៨ ធ្នូ

ដោយ ម៉ៅ សុធានី
2020-12-04
RFA

បងស្រី​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ សកម្មជន​​នយោបាយ​ថៃ ដែល​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ គ្រោង​ចូល​បំភ្លឺ​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី៨ ធ្នូ

(ឆ្វេង) អ្នកស្រី ស៊ីតាណាន់ សាតស័ក្តិសិទ្ធិ (Sitanun Satsaksit) បងស្រី​របស់​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) សកម្មជន​នយោបាយ​ថៃ ដែល​គេ​ចាប់​ពង្រត់​មុខ​អគារ​លោក​ស្នាក់​នៅ ​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រសារព័ត៌មាន Prachathai និង​ហ្វេសប៊ុក​លោក Wanchalerm Satsaksit


បងស្រី​របស់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) ដែល​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ទីក្រុង​ភ្នំពេញ គ្រោង​ចូល​ខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី៨​ខែធ្នូ សប្ដាហ៍​ក្រោយ។

ក្នុង​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា ក្នុង​គំរប់​ខួប ៦ខែ​គត់ នៃ​ការ​បាត់​ខ្លួន​ប្អូន​ប្រុស នៅ​ថ្ងៃ​ទី៤ ធ្នូ អ្នកស្រី ស៊ីតាណាន់ សាតស័ក្តិសិទ្ធិ (Sitanun Satsaksit) អំពាវនាវ​​ដល់​អាជ្ញាធរ​កម្ពុជា និង​ថៃ សុំ​ឲ្យ​​​សហការ​គ្នាស្វែងរក​ជន​ល្មើស ដែល​បាន​ចាប់​ពង្រត់​ប្អូន​ប្រុស​របស់​ខ្លួន ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​ទិញ​ម្ហូប​អាហារ​នៅ​មុខ​អគារ​លោក​ស្នាក់​នៅ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត តាម​រយៈ​មេធាវី និង​ជា​អ្នក​បក​ប្រែ​ភាសា​អង់គ្លេស អ្នកស្រី ស៊ីតាណាន់ សាត​ស័ក្ដិសិទ្ធិ អះអាង​ថា អ្នកស្រី​នឹង​ដាក់​ភស្តុតាង​ជា​ច្រើន រួម​មាន​ទាំង​រូបថត និង​វីដេអូ នៅ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី៨ ខែធ្នូ បន្ទាប់​ពី​មាន​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិសិទ្ធិ អាយុ ៣៧ឆ្នាំ ពិត​ជា​រស់​នៅ​ក្នុង​អគារ​ខនដូ (Condo) នៅ​ទីក្រុង​ភ្នំពេញ​មែន និង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​ចាប់​ពង្រត់​លោក​ដាក់​បញ្ចូល​ក្នុង​រថយន្ត ខណៈ​លោក​កំពុង​និយាយ​តាម​ទូរស័ព្ទ៖ «យើង​មាន​ភស្តុតាង​បញ្ជាក់​ថា ប្អូន​ប្រុស​ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ និង​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ។ ប៉ុន្តែ​យើង​គ្មាន​ភស្តុតាង​ថា តើ​លោក វ៉ាន់ឆាឡឺម នៅ​ទី​ណា​ទេ​ពេល​នេះ ក្រោយ​ពី​បាន​បាត់​ខ្លួន។ យើង​ក៏​បាន​ជួប​ជជែក​ជា​មួយ​មិត្តភ័ក្ដិ​ប្អូន​ប្រុស​ខ្ញុំ និង​អាច​បញ្ជាក់​បាន​ថា វ៉ាន់ឆាឡឺម ពិត​ជា​បាន​រស់នៅ​ក្នុង​អគារ​នេះ​មែន ហើយ​ត្រូវ​បាន​ចាប់​ពង្រត់​យក​ទៅ នៅ​មុខ​អគារ​នេះ។ នេះ​ជា​អ្វី​ដែល​យើង​អាច​និយាយ​បាន​នៅ​ថ្ងៃ​នេះ»

អ្នកស្រី ស៊ីតាណាន់ សាត​ស័ក្ដិសិទ្ធិ ឲ្យ​ដឹង​ដែរ​ថា ក្រុម​គ្រួសារ និង​មេធាវី​ថៃ​សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា​នឹង​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​ប្អូន​ប្រុស​ឲ្យ​បាន​ឆាប់ៗ។

អាស៊ី​សេរី​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្នង​ការ​នគរបាល​ជាតិ​ លោក ​ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ព័ត៌មាន​ចុងក្រោយ​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង គ្មាន​អ្នក​ទទួល។ ក៏​ប៉ុន្តែ​លោក ​ធ្លាប់​លើក​ឡើង​ថា ប៉ូលិស​កម្ពុជា​កំពុង​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ ប៉ុន្តែ​មក​ទល់​ពេល​នេះ​គ្មាន​តម្រុយ ឬ​ព័ត៌មាន​អ្វី​ឡើយ។

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី៤ ធ្នូ​ថា មន្ត្រី​ស្ថានទូត​កំពុង​តាម​ដាន​ករណី​នេះ ប៉ុន្តែ​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​ជាក់លាក់​នៅ​ពេល​នេះ​បាន​ទេ ដោយសារ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ច្បាប់។ ស្ថានទូត​នឹង​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ហើយ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក វ៉ាន់ឆាឡឺម (Wanchalearm)។

លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិសិទ្ធិ បាន​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ បន្ទាប់​ពី​រដ្ឋប្រហារ​យោធា ឆ្នាំ ២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​លោក។ យ៉ាង​ហោច​ណាស់​សកម្មជន​ថៃ ចំនួន ៨នាក់​ផ្សេង​ទៀត ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤ បាន​បាត់​ខ្លួន​នៅ​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ដោយ​អ្នក​ខ្លះ ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់។ អាជ្ញាធរ​ថៃ​បដិសេធ​ថា ពួក​គេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​នោះ​ទេ។

ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​កម្ពុជា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង ហើយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត ឬ​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​នោះ ដើម្បី​ធានា​ថា លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិសិទ្ធិ នៅ​កន្លែង​ណា និង​បង្ហាញ​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត និង​ស្វែង​រក​ជន​ល្មើស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles