មតិ​ពលរដ្ឋ​ជុំវិញ​ការប្រកាស​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2020-12-04
RFA

មតិ​ពលរដ្ឋ​ជុំវិញ​ការប្រកាស​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។RFA/Chun Chanboth


ពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា ពួកគេ​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​។ រីឯ​ពលរដ្ឋ​ខ្លះ​ទៀត​ឱ្យ​ដឹង​ថា ពួកគេ​មិន​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ការប្រកាស​វិល​ចូល​ស្រុក​របស់​ក្រុម​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ព្រោះ​ពួកគេ​យល់ថា ជា​ល្បែង​នយោបាយ​។ ពលរដ្ឋ​បញ្ចេញមតិ​បែបនេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ជា​ថ្មី​ទៀត នៅ​ដើម​ខែ​មករា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បី​ចូល​តតាំង​ក្តី​នៅ​តុលាការ​កម្ពុជា។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប លោក សៀម វ៉ាន់ មាន​ជំនឿ​ថា ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ចូល​ស្រុក​តាម​ការសន្យា ប្រសិនបើ​រដ្ឋាភិបាល​មិន​រារាំង​នោះ​ទេ​។ លោក​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ត្រូវ​ក្លាហាន​ប្រឈម​មុខ​គ្នា ដោះស្រាយ​បញ្ហា​ជាតិ​ដើម្បី​ឱ្យ​ពលរដ្ឋ​ធូរស្បើយ​ក្នុង​ចិត្ត​ខ្លះ ៖ «សំណូមពរ​ខ្ញុំ​សូម​មកវិញ​ដាច់ខាត ឱ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រោះ​យើង​ខ្មែរ​តែមួយ​ទេ​។ បើ​ខ្មែរ​យើង​បែកបាក់​សាមគ្គី​ហើយ បរទេស​វា​ឈ្លានពាន​ហើយ មិន​ថា ចិន មិន​ថា យួន​មិន​ថា​ប្រទេស​ណា​ទេ តែ​ខ្មែរ​អត់​ចេះ​សាមគ្គី​គ្នា គឺ​ពិបាក​ណាស់​។ សំណូមពរ​ដល់​សម្ដេច​ហ៊ុន សែន ឱ្យ​ចេះ​សាមគ្គី​គ្នា ដោះស្រាយ​សន្តិវិធី​ឱ្យ​ខ្មែរ​បាន​រួច​ផុត​ពី​ឆ្មាំ​យួន ដែល​ឈ្លានពាន​ទឹកដី​នេះ​បាទ»។

រីឯ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភិរម្យ ចង់​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង វិល​ចូល​ស្រុក​ដូច​ការសន្យា ដើម្បី​តតាំង​ក្តី​នៅ​តុលាការ។ លោកស្រី​យល់​ថា ប្រសិនបើ​ក្រុម​មេ​បក្ស​ប្រឆាំង​នៅតែ​សម្ងំ​នៅ​ក្រៅ​ប្រទេស ជម្លោះ​នយោបាយ​នឹង​គ្មាន​ច្រកចេញ​នោះ​ទេ៖ «យើង​កំពុង​មាន​បញ្ហា​រឿង​ប្រទេស​ជាតិ​យើង គាត់​គួរតែ​មក​សម្រាប់​ជួយ​ប្រទេសជាតិ​ហ្នឹង ដូច​ថា រាល់ថ្ងៃ​ហ្នឹង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង យើង​ឃើញ​ថា ឈ្លោះ​គ្នា​អ៊ីចឹង បើ​យើង​និយាយ​ទៅជា​រឿង​នយោបាយ​របស់​គេ ជា​បងប្អូន តែ​ឈ្លោះ​គ្នា​ក្នុង​ន័យ ដើម្បី​ប្រទេស​ជាតិ អត់​មាន​បញ្ហា​អី​ទេ គាត់​គួរតែ​ហ៊ាន​ប្រឈម​មុខ»។

ជាមួយ​គ្នា​នេះដែរ ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះវិហារ លោក ជុំ សុភឿន ចាត់​ទុក​គម្រោង​វិលត្រឡប់​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​ជា​រឿង​ល្អ។ តែ​យ៉ាងណា លោក​ថា ក្នុង​កាលៈទេសៈ​នេះ ពលរដ្ឋ​កំពុង​លំបាក​វេទនា​ផ្នែក​សេដ្ឋកិច្ច ក្រោយពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ ដូច្នេះ​អ្នកនយោបាយ​គួរតែ​អធ្យាស្រ័យ​គ្នា និង​សាមគ្គី​គ្នា កសាង​ជាតិ​ឡើងវិញ​៖ «បើ​គាត់​ចូល​ស្រុក រដ្ឋាភិបាល​គួរតែ​ឱ្យ​គាត់​ចូល​រស់នៅ​ទឹកដី​កម្ពុជា​ផង ខ្ញុំ​ចង់​ឱ្យ​គាត់​ដឹកនាំ​នយោបាយ ដឹកនាំ​ពេញ​ប្រទេស​ហ្នឹង​ណា​។ អ្វី​ក៏ដោយ​បើ​អត់​មាន ការប្រកួតប្រជែង ដាស់តឿន​គ្នា​ទៅវិញទៅមក ការ​អភិវឌ្ឍ​អាច​លូត​លាស់​ច្រើន»។

ចំណែក​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន លោក​សាទរ ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុ​ឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះ​នយោបាយ ជាមួយ​រដ្ឋាភិបាល​មែន​នោះ៖ «ចូល​ប្រទេសជាតិ​ដើម្បី​ទម្លាក់ ហ៊ុន សែន ចោល អាហ្នឹង​ហើយ​គេ​ហៅ​ខុស យើង​មិន​នឹង​និយាយ​អី យើង​វិភាគ​មើល​។ បើ​សិន​គាត់​ប្រើ​គោលបំណង​គាត់ យើង​ទៅ​ដោះស្រាយ​បញ្ហា​ដែល​មាន​កិច្ច​ការដែល​គាំង​ក្នុង​ប្រទេស​ហ្នឹង ចូលរួម​ដោះស្រាយ ដើម្បី​លើកស្ទួយ លទ្ធិប្រជាធិបតេយ្យ អាហ្នឹង​សម្រេច​ហ៊ុន សែន គាត់​មិន​ខឹង​ប៉ុន្មាន​ទេ»។

​ដោយឡែក ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក ស៊ឺន ពិសិដ្ឋ ឱ្យ​ដឹង​ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​នេះ​នោះ​ទេ ព្រោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ៖ «ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ចេញ​សេចក្ដី​ថ្លែងការណ៍ ខ្ញុំ​គិត​ថា ដូចជា​គ្មាន​អី​ប្រែប្រួល​ទេ​បង​។ វា​ដូចជា​ធម្មតា»។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ថ្នាក់ដឹកនាំ និង​សកម្មជន​ទាំងអស់​ដែល​មាន​ឈ្មោះ​ក្នុង​ដីកាកោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ខាងមុខ​។ គម្រោង​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​នេះ ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដើម្បី​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​ចោទប្រកាន់​ក្រុម​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់ ពី​បទ “​ឧបឃាត​” បទ “​រួមគំនិត​ក្បត់​” និង​បទ “​ញុះញង់​”​។ សំណុំរឿង​ខ្លះ តុលាការ​គ្រោង​បើកសវនាការ​នៅ​អំឡុង​ខែ​ធ្នូ នេះ ចំណែក​សំណុំរឿង​ខ្លះ​ទៀត តុលាការ​គ្រោង​ជំនុំជម្រះ​នៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​២០២១ ខាងមុខ។

ជុំវិញ​គម្រោង​វិល​ចូល​ស្រុក​វិញ​ជា​ថ្មី​ទៀត​របស់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​រួចហើយ ដើម្បី​ចាប់ខ្លួន​អ្នក​ដែល​មាន​ក្នុង​ដីកាចាប់ខ្លួន​របស់​តុលាការ​។ ចំណែក​អ្នក​ដែល​គ្មាន​ក្នុង​ដីកា​ចាប់ខ្លួន លោក​ថា ពួកគេ​នឹង​ត្រូវ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​ជាមុន​សិន​៖ «មាន​ពិបាក​អី ព្រោះ​មនុស្ស​មាន​សំណុំរឿង​រួចហើយ អ៊ីចឹង​មក​គេ​អនុវត្ត​តែ​ច្បាប់​ទៅ ចប់​បាត់​ហើយ មាន​បញ្ហា​អី​រារាំង​អី មក​ដល់​ឃើញ​មុខ​គឺ គ្រឹប​ហ្មង»។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដាក់​ផែនការ​វិល​ចូល​កម្ពុជា​វិញ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បរាជ័យ ដោយសារ​របប​លោក ហ៊ុន សែន បិទ​គ្រប់​ល្ហក​មិន​ឱ្យ​ពួកគេ​អាច​វិល​ចូល​មាតុប្រទេស​វិញ​បាន​ឡើយ​។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ បាន​ចាប់ខ្លួន​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក យ៉ាងហោចណាស់ ជាង​៨០​នាក់ ក្នុង​រយៈពេល​ជាង ១១​ខែ នៃ​ឆ្នាំ​២០១៩ នេះ​។ ចំណែក​សកម្មជន​ជិត​២០០ នាក់​ផ្សេង​ទៀត មាន​ដីកា​ចាប់ខ្លួន និង​ការ​កោះហៅ ពី​តុលាការ និង​ពី​ប៉ូលិស​មូលដ្ឋាន​ជាដើម។

ទោះជា​យ៉ាងណា ក្នុង​គម្រោង​វិល​ចូល​ស្រុក​វិញ​លើក​នេះ ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពួកគេ​មិន​ខ្លាច​នឹង​ជាប់​ពន្ធនាគារ​នោះ​ទេ តែ​សំខាន់​របប​លោក ហ៊ុន សែន ត្រូវ​បើកផ្លូវ​ឱ្យ​ពួកគេ​ចូល​ស្រុក​ជា​មុន​សិន ដើម្បី​ពួកគេ​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ស្របតាម​ការ​កោះហៅ​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មតិ​ពលរដ្ឋ​ជុំវិញ​ការប្រកាស​វិល​ចូល​ស្រុក​ជា​ថ្មី​ទៀត​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង"

  1. so socheath says:

    ​សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
    *******

    នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
    គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
    ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
    អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
    សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
    សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ ​​
    អាតិរច្ឆាន !