មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​សុខ​ចិត្ត​ធ្វើ​ការ​សំណង់​ក៏​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ

ដោយ សេក បណ្ឌិត
2020-12-04
RFA

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​សុខ​ចិត្ត​ធ្វើ​ការ​សំណង់​ក៏​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ

កម្មករ​សំណង់​កំពុង​បំពេញការងារ​ទាំង​នោះ គឺ​ជា​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​ភៀសខ្លួន​ទៅប្រទេស​ថៃ ថត​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ សកម្មជន


អ្នកនយោបាយ​មួយ​ក្រុម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​ថៃ​នាំ​គ្នា​ធ្វើ​ការងារ​សំណង់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ។ ទោះ​បី​ក្លាយ​ជា​កម្មករ​សំណង់ ក៏​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ នៅ​តែ​រក្សា​ជំហរ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​ត្រៀម​ខ្លួន​វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ ដែល​កម្មករ​កំពុង​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ ដោយ​កម្លាំង និង​ជំនាញ​វាយ​កម្ទេច​អគារ ក្នុង​នោះ​ក៏​មាន​កម្មករ​មួយ​ក្រុម ទើប​ចូល​ថ្មី​នៅ​កន្លែង​នេះ។ អ្នក​ខ្លះ​ធ្វើ​បាន​បី​ខែ មួយ​ខែ ហើយ​អ្នក​ផ្សេង​ទៀត ទើប​ចូល​ធ្វើ​ពួក​គេ​មិន​ទាន់​មាន​ជំនាញ​អី​នោះ​ទេ សម្រាប់​ការងារ​ថ្មី​នេះ។ តាម​ពិត​មនុស្ស​មួយ​ក្រុម ដែល​មាន​គ្នា​ប្រមាណ ១០នាក់ នេះ​គឺ​ជា​មន្ត្រី និង​សកម្មជនគណបក្សសង្គ្រោះជាតិ ដែល​ធ្លាប់​មាន​ងារ​ជា​ឯកឧត្ដម និង​មាន​តួនាទី​ជា​សមាជិក​ប្រឹក្សា​ខេត្ត ខណ្ឌ និង​ជា​ចៅសង្កាត់​រង​ជា​ដើម ប៉ុន្តែ​ដោយ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ​ពួក​គេ​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​មក​ប្រទេស​ថៃ។

ឱន​ងើបៗ យក​ដែក​ពន្លាក​ចាក់​ទម្លុះ​ជញ្ជាំង លោក ដួង ចាន់ត្រា ដែល​ធ្លាប់​មាន​ងារ​ឯកឧត្ដម កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​រំលាយ​តែ​ពេល​នេះ​ជា​កម្មករ​សំណង់​យក​កម្លាំង​ប្ដូរ​នឹង​ប្រាក់ ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​ជីវភាព​នៅ​ទី​នេះ។ សមាជិក​ក្រុមប្រឹក្សា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​និយាយ​ថា បើ​ការងារ​នេះ​អ្នក​ផ្សេង​ធ្វើ​បាន លោក​ក៏​ធ្វើ​បាន​ដូច​គ្នា៖ «

ទោះ​យ៉ាង​ណា​លោក​ថា ពេល​ដំបូង​លោក​ក៏​ពិបាក​ធ្វើ​ចិត្ត​សម្រាប់​ការងារ​នេះ​ដែរ ព្រោះ​កន្លង​មក ធ្លាប់​តែ​កាន់​ប៊ិច ឬ​ពាក់​អាវ​ធំ​ធ្វើ​ការងារ​ក្នុង​ការិយាល័យ។ និយាយ​រៀបរាប់​មិន​ប៉ុន្មាន​ផង ទឹក​ភ្នែក​អ្នក​នយោបាយ​រូប​នេះ ក៏​ហូរ​ស្រក់​ចុះ​ដោយ​លោក​មិន​នឹក​ស្មាន​ថា លោក​ប្រែ​ពី​អ្នក​នយោបាយ​មក​ជា​កម្មករ​សំណង់​បែប​នេះ​ទេ។ ទោះ​បែប​នេះ​លោក ដួង ចានត្រា ថា ក្នុង​នាម​លោក​ជា​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​នយោបាយ​តតាំង​ជាមួយ​គណបក្ស​កាន់​អំណាច ដែល​មាន​ចរិត​ផ្ដាច់ការ គឺ​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ថា នឹង​អាច​លំបាក​គ្រប់​បែប​យ៉ាង ឬ​ក៏​ត្រូវ​ជាប់​ពន្ធនាគារ​បើ​លោក​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា៖ «

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ដៃ​កាន់​ញញួរ​យ៉ាង​ណែន លោក តោ និមល កំពុង​វាយ​កម្ទេច​ជញ្ជាំង​អគារ​ទាំង​ហូរ​ញើស​ពេញ​ខ្លួន។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ឱ្យ​អាស៊ី​សេរី​ដឹង​ថា ការ​រស់​នៅ​ប្រទេស​ថៃ ត្រូវ​ចំណាយ​ច្រើន ហើយ​ម៉្យាង​ទៀត​សម្រាប់​គ្រួសារ​លោក ត្រូវ​ចំណាយ​លុយ​លើ​ការ​ប្រើ​អ៊ីនធើណិត និង​មធ្យោបាយ​ផ្សេងៗ សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូច​នេះ​លោក និង​ភរិយា​ត្រូវ​ប្រឹង​រក​លុយ​បើ​មិន​ដូច្នេះ​ទេ អាច​នឹង​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល៖ «

មិន​ឆ្ងាយ​ពី​លោក តោ និមល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ជា​ចៅ​សង្កាត់​រង​ទី២ ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក វឿង សំណាង កំពុង​ចុះ​ចាក់​ឆ្កឹះ​ពិតាន​ពី​ខាង​លើ​ធ្លាក់​ចុះ​ក្រោម។ លោក​ថា ពេល​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​ដំបូង​ខ្លួន​មិន​ដឹង​ថា ត្រូវ​ចង​ដែក​មុន ឬ​លាយ​ស៊ីម៉ងត៍​មុន​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ព្យាយាម​អាច​ធ្វើ​ឱ្យ​លោក​អាច​បំពេញ​ការងារ​នេះ។

លោក វឿង សំណាង ប្រាប់​ថា លោក​ធ្វើ​ការងារ​នេះ​ដោយសារ​ខ្វះខាត​លុយ​បង់​ថ្លៃ​បន្ទប់ និង​ការ​ចំណាយ​ថ្លៃ​ហូប​ចុក​ប្រចាំ​ថ្ងៃ។ លោក​ប្រាប់​ថា ក្នុង​ស្ថានភាព​នេះ​ពិបាក​រក​ការងារ​ធ្វើ ព្រោះ​វិបត្តិជំងឺកូវីដ១៩ ប៉ុន្តែ​លោក​អាច​មាន​ការងារ​ធ្វើ គឺ​ជា​ភ័ព្វ​សំណាង​របស់​លោក​ទៅ​ហើយ​ទោះ​ការងារ​នេះ​ហត់​នឿយ និង​ប្រឈម​គ្រោះថ្នាក់​ក្ដី៖ «

រី​ឯ​កម្មករ​សំណង់​ម្នាក់​ទៀត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ គឺ​លោក សៅ ពលក្ខណ៍ ធ្វើ​ការងារ​លើក​ដាក់ និង​ទម្លាក់​ពិតាន​ចុះ​ក្រោម​ជាមួយ​កម្មករ​ផ្សេង​ទៀត​ក្នុង​ការដ្ឋាន​នេះ។ លោក​ឱ្យ​ដឹង​ថា លោក​អាច​ចូល​ធ្វើ​ការងារ​នៅ​ទី​នេះ បើ​ទោះ​ជា​គ្មាន​ឯកសារ​ត្រឹមត្រូវ​ដូច​ពលករ​ផ្សេង​ទៀត ព្រោះ​ទទួល​បាន​ការ​អនុគ្រោះ និង​ការ​យោគយល់​ពី​មេការ​ខ្មែរ​នៅ​ទី​នេះ។ លោក​ថា ទោះ​លោក​មិន​សូវ​ចេះ​ការងារ​ផ្នែក​នេះ តែ​លោក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ១៤ដុល្លារ​ក្នុង មួយ​ថ្ងៃ​ដូច​កម្មករ​ផ្សេង​ទៀត​ដែរ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​និយាយ​ថា ទោះ​ការងារ​ពិបាក​យ៉ាង​ណា ក៏​លោក​ពេញ​ចិត្ត​ធ្វើ និង​នៅ​តែ​មាន​ឆន្ទៈ​តស៊ូ​ដោយ​រង់ចាំ​ថ្ងៃ​វិល​ចូល​ស្រុក​វិញ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ៖«

ការដ្ឋាន​សំណង់​កន្លែង​នេះ​ភាគ​ច្រើន គឺ​ពលករ​ខ្មែរ​ជា​អ្នក​ធ្វើ ថៅកែ​ធំ​ជា​ជន​ជាតិ​ថៃ និង​មាន​មេការ​គ្រប់គ្រង​ទូទៅ​ជា​ជន​ជាតិ​ខ្មែរ។ ម្នាក់​នេះ​ហើយ ដែល​បាន​ផ្តល់​ការងារ​ដល់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ។ អ្នក​គ្របគ្រង​រូប​នេះ​សុំ​លាក់​ឈ្មោះ និង​សំឡេង ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​អ្នក​នយោបាយ​ទាំង​នេះ​ស្មើ​នឹង​កម្មករ​ផ្សេង​ទៀត​ដែរ។ លោក​យល់​ថា ការ​អនុញ្ញាត​ឱ្យ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​ធ្វើ​ការងារ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ប្រទេស​ថៃ​ក្ដី ប៉ុន្តែ​ក្នុង​នាម​លោក​ជន​ជាតិ​ខ្មែរ និង​ជា​អ្នក​ប្រជាធិបតេយ្យ លោក​ត្រូវ​តែ​ជួយ​គេ​តាម​អ្វី​ដែល​លោក​អាច​ធ្វើ​បាន។

រី​ឯ​ប្រធាន​ក្រុម​ការងារ​ជា​ជាតិ​ខ្មែរ​ម្នាក់​ទៀត លោក ងួន ស៊ីលាភ ប្រាប់​ថា មន្ត្រី និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្វើ​ការងារ​នៅ​ទី​នេះ ខំ​​ធ្វើ​ការ​​ដូច​កម្មករ​​ផ្សេង​ទៀត​ដែរ៖ «

សព្វថ្ងៃ​មាន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦៤នាក់ ដែល​បាន​រត់​ទៅ​ប្រទេស​ថៃ គេច​ចេញ​ពី​ការ​ទុក្ខ​បុក​ម្នេញ និង​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា ឆន្ទៈ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន​គឺ​សុខ​ចិត្ត​ភៀស​ខ្លួន និង​លំបាក​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​កម្លាំង​តស៊ូ​នយោបាយ​ត​ទៅ​ទៀត ដោយ​មិន​ព្រម​លក់​ឧត្ដមគតិ​នោះ​ទេ។ ពួក​គេ​នៅ​តែ​រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ចូលរួម​បោះ​ឆ្នោត៕

Workers_CNRP_Thailand_120320_1.jpg
កម្មករសំណង់ជាសកម្មជន​គណបក្ស​សង្គ្រោះជាតិ​កំពុង​ត​បំពង់​ម៉ាស៊ីន​ត្រជាក់ នៅ​ប្រទេស​ថៃ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

Workers_CNRP_Thailand_120320_5.jpg
សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិជជែក​ពិភាក្សា​គ្នា ក្រោយ​ពេល​សម្រាក​ពី​ការ​ងារ​សំណង់ ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ សកម្មជន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​សុខ​ចិត្ត​ធ្វើ​ការ​សំណង់​ក៏​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ"

  1. so socheath says:

    ​សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
    *******

    នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
    គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
    ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
    អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
    សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
    សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ ​​
    អាតិរច្ឆាន !