អាជ្ញាធរ​ថៃ​​ដាក់​កម្លាំង​ពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន​ជាប់​កម្ពុជា​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩

ដោយ វែន សុមេធ
2020-12-03
RFA

អាជ្ញាធរ​ថៃ​​ដាក់​កម្លាំង​ពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន​ជាប់​កម្ពុជា​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩

ពលករខ្មែរ ៩នាក់​ដែលទាហាន​ថៃ​ នៅខេត្ត​ស្រះកែវ ចាប់​បាន​ពេល​ឆ្លងដែនទៅ​រក​ការងារ​ធ្វើ​ដោយ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកលោក ឃិន ជំរឿន


អាជ្ញាធរ​ថៃ​ខេត្ត​ស្រះ​កែវ (Sra Keao) បាន​បន្ថែម​កម្លាំង​ត្រួតពិនិត្យ​នៅ​តំបន់​ព្រំដែន​ជាប់​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្រោយ​កម្ពុជា​មាន​ជំងឺ​កូវីដ​ឆ្លង​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ដោយសារ​បាត់បង់​មុខ​របរ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព។

អាជីវករ​ខ្មែរ​មាន​តូប​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ថ្លែង​​នៅ​រសៀល​ថ្ងៃ​ទី៣ ធ្នូ​ថា ចាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដល់​ផ្សារ​រ៉ុងក្លឿ អាជ្ញាធរ​ថៃ​បាន​ដាក់​ប៉ុស្តិ៍​យាម​យ៉ាង​តឹងតែង ៣កន្លែង ដើម្បី​ត្រួតពិនិត្យ​ពលរដ្ឋ​ខ្មែរ ដែល​ថៃ​អនុញ្ញាត​ឱ្យ​បើក​រថយន្ត​ចូល​ទៅ​មើល​ទំនិញ​ក្នុង​ផ្សារ​ថៃ​មួយ​ថ្ងៃ ៥០គ្រឿង។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា នៅ​គ្រប់​កន្លែង​ត្រួត​ពិនិត្យ​នោះ មាន​គ្រូពេទ្យ​ថៃ​យក​ឧបករណ៍​វាស់​កម្ដៅ ដល់​អ្នក​ធ្វើ​ដំណើរ​និង​បាញ់​ថ្នាំ​នៅ​លើ​កង់​ឡាន​សម្លាប់​មេរោគ​ជា​ដើម៖ «និយាយ​វា​មិន​ឱ្យ​យើង​ដើរ​រហេតរហូត​ទេ ហើយ​បើ​ពី​ណា​អត់​ពាក់​ម៉ាស់​អី ផាក​លុយ​ម្នាក់ ៥ពាន់​បាត (.០០០)។ ដល់​អីចឹង អ្នក​ណា​ក៏​ពាក់​ម៉ាស់​ដែរ។ បាន​គេ​បើក​ឱ្យ​ឡាន​ខ្មែរ​ចូល ៥០គ្រឿង ពួក​ខ្ញុំ​ចូល​ទៅ​រក​លុយ​បាន​តក់ៗ ខ្លះ បាន​អ្នក​ស្គាល់​គ្នា​គេ​ផ្ញើ​អីវ៉ាន់​គ្រាន់​បាន​លុយ​ទិញ​ម្ហូប​ខ្លះ ហើយ​ឥឡូវ​នៅ​ក្នុង​គេ​ធ្វើ​បាប​យើង មិន​ឱ្យ​យើង​ដឹក​អីវ៉ាន់​រញ៉េរញ៉ៃ​ទៀត»

លោក​ស្រី​​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​ថៃ​ព្រមាន​នឹង​បិទ​មិន​ឱ្យ​រថយន្ត​របស់​ខ្មែរ​ចូល​ទៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ​នោះ​ទេ​ ប្រសិន​បើ​ថៃ​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩។

ទូរទស្សន៍​ថៃ ភីប៊ីអែស (Thai PBS) បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣០ វិច្ឆិកា​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​បន្ថែម​កម្លាំង​ទាហាន​ជា​ច្រើន​នាក់​យាម​ការពារ​យ៉ាង​តឹង​តែង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទប់​ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ ប្រភព​ដដែល​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​ជំងឺ​នេះ​បាន​ឆ្លង​ចូល​នៅ​ក្នុង​សហគមន៍​នៅ​កម្ពុជា។

ទាក់​ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែន លោក ​អ៊ុំ សុផល ប្រាប់​អាស៊ី​សេរី​ថា ការ​រឹត​បន្តឹង​នេះ​អាជ្ញាធរ​ថៃ​បាន​សហការ​គ្នា​ជា​មួយ​សមត្ថកិច្ច​របស់​កម្ពុជា​បាន​អនុវត្ត​ជា​ច្រើន​ខែ​មក​ហើយ គឺ​ពុំ​មែន​ទើប​តែ​អនុវត្ត​ពេល​មាន​ឆ្លង​ជំងឺ​កូវីដ​នៅ​ក្នុង​សហគមន៍​នោះ​ទេ។ លោក​បន្ថែម​ថា អំឡុង​ពេល​នេះ​ថៃ​ក៏​នៅ​តែ​បន្ត​ចាប់​ពលករ​ខ្មែរ​​​ប្រគល់​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផង​ដែរ។ លោក​ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី២ ធ្នូ សមត្ថកិច្ច​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ជាង ១០០​នាក់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ៖ «តឹងរ៉ឹង​ទាំង​ខ្មែរ​ទាំង​ថៃ​អី​តឺង​ទាំង​អស់​គ្នា។ បាទ​គេ​តឹងរ៉ឹង​ទាំង​អស់ គេ​ខ្លាច​ខ្មែរ​យើង​លួច​ចូល​ទៅ។ វា​គ្រប់សព្វ​ហ្នឹង​ឯង តាំង​ពី​យើង​ផ្ទុះ​ជំងឺ​កូវីដ​មក»

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាប់​កម្ពុជា​មក​បាន​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន។ លោក​បន្ត​ថា ការ​រឹត​បន្តឹង​ព្រំដែន​នៅ​ពេល​ថ្មីៗ នេះ​នឹង​ប៉ះពាល់​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ជា​ពិសេស​អ្នក​ដែល​មាន​តូប​លក់​ដូរ​នៅ​ក្នុង​ប្រទេស​ថៃ និង​ពលរដ្ឋ​ដែល​ស៊ីឈ្នួល​លីសែង​ទំនិញ​ឱ្យ​ថៃ​ធ្វើ​ឱ្យ​បាត់បង់​​ប្រាក់​ចំណូល៖ «ចង់​និយាយ​ថា​ការ​បិទ​ច្រក​នេះ​ការ​ប៉ះពាល់​មាន​វិសាលភាព​ធំធេង​ណាស់​សម្រាប់​កម្មករ​នៅ​ក្នុង​ប៉ោយប៉ែត​នេះ គឺ​ប៉ះពាល់​ធ្ងន់​មែន​ទែន។ ជីវភាព​ហ្នឹង​គឺ​កាន់​តែ​យ៉ាប់​ទៅ ឥឡូវ​វា​មហាសែន​វេទនា​ដូច​មមាច​ត្រូវ​ភ្លើង​អីចឹង។ ដូច​ខ្ញុំ​អី​ឥឡូវ​ខ្ចី​លុយ​គេ​ចាយ ឥឡូវ​និយាយ​អត់​កើត​ទេ និយាយ​ពី​ទុក្ខ លំបាក​របស់​ប្រជាពលរដ្ឋ​ហ្នឹង វា​វេទនា​មែនទែន មិន​ដឹង​ថា​និយាយ​យ៉ាង​ម៉េច​កើត​ បើ​និយាយ​ទៅ​គឺ​នៅ​ដដែល​អីចឹង»

អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ព្រំដែន​ជាប់​កម្ពុជា​ចាប់​តាំង​ពី​ចុង​ខែ​មីនា ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​មក​ទល់​ថ្ងៃ​ទី៣ ធ្នូ មិន​ទាន់​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​អនុញ្ញាត​ឱ្យ​ចំពោះ​តែ​រថយន្ត​ដឹក​ទំនិញ និង​អ្នក​បើកបរ ២នាក់​ក្នុង​រថយន្ត​មួយ​គ្រឿង​អាច​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​ជា​ធម្មតា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles