កម្មករ​ក្នុង​វិស័យ​មួយ​ចំនួន​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុង​សម័យ​កូវីដ

ដោយ​ មួង ណារ៉េត
2020-12-05
RFA

កម្មករ​ក្នុង​វិស័យ​មួយ​ចំនួន​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុង​សម័យ​កូវីដ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


កម្មករ​ក្នុង​វិស័យ​មួយ​ចំនួន​ទទូច​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់ ក្នុងពេលដែល​សកម្មភាព​សេដ្ឋកិច្ច​នានា​បាន​ធ្លាក់​ចុះ ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។ ​​​​​​​​​​រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា រដ្ឋាភិបាល កំពុង​ដោះស្រាយ​ទៅតាម​លទ្ធភាព និង​ប្រាប់​ឲ្យ​ពលរដ្ឋ​បន្ត​អត់ធ្មត់ ព្រោះ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក សុទ្ធតែ​រង​ទុក្ខ​លំបាក​ដូចគ្នា​ពី​វិបត្តិ​សកល​មួយ​នេះ។

អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកធ្វើការ​ក្នុង​វិស័យ​មួយ​ចំនួន ដូចជា សេវា​កម្សាន្ត កាស៊ីណូ សណ្ឋាគារ និង​អ្នក​រត់​ម៉ូតូ​កង​បី​ជាដើម ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក​បន្ត​ទៀត​ក្នុង​ការ​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង​ជីវភាព និង​សងបំណុល ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​នានា​ធ្លាក់ចុះ ក្រោយ​ជំងឺ​កូ​វីដ​-១៩​ឆ្លង​ចូល​ក្នុង​សហគមន៍​ជាថ្មី​ម្តង​ទៀត។

ស្ត្រី​ធ្វើការ​ក្នុង​សេវា​កម្សាន្ត​មួយ​រូប គឺ​លោកស្រី បុប្ផា រៀបរាប់​ថា លោកស្រី បាន​បាត់បង់​ការងារ​ធ្វើ​ចាប់​តាំងពី​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​កាល​ពី​ដើមឆ្នាំ​២០២០ មក​ម្ល៉េះ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​ជីវភាព​រស់នៅ ដូច​គ្មាន​លុយ​ទិញ​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​លុយ​ជួល​បន្ទប់​ស្នាក់នៅ គ្មាន​ប្រាក់​ចិញ្ចឹម​កូន និង​សង​ធនាគារ​ជាដើម​។ ស្ត្រី​មេម៉ាយ​រូប​នេះ បន្ត​ថា នាង​ខិតខំ​ស្វែងរក​ការងារ​ធ្វើ​ដែរ ប៉ុន្តែ​រក​មិន​បាន​ឡើយ​ទាំង​ការងារ​រោងចក្រ តាម​ភោជនីយដ្ឋាន និង​ការងារ​សំណង់​ជាដើម​។ លោកស្រី បុប្ផា ឲ្យ​ដឹង​ថា ស្ត្រី​សេវា​កម្សាន្ត​ជួប​ការ​លំបាក​ដូចៗ​គ្នា ហើយ​ភាគច្រើន​មិន​ធ្លាប់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឡើយ។ លោកស្រី នៅតែ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ដល់​ជីវភាព​របស់​ពួកគាត់ និង​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​ឲ្យ​ផ្អាក​ទារបំណុល​ទាំង​ការ ទាំង​ដើម​មួយ​រយៈ​ទៀត៖ «ខ្ញុំ​អត់​ការងារ​ធ្វើ​អ៊ីចឹង​ទៅ ហើយ​មាន​គេ​ហៅ​ទៅ​លាងចាន ឬ​អនាម័យ​លាង​ផ្ទះ​គេ​អ៊ីចឹង​ទៅ ហើយ​គេ​អោយ​តិច​តូចៗ គ្រាន់តែ​ឲ្យ​ថ្លៃ​ផ្ទះ​អ៊ីចឹង​ទៅ​ណា។ ខ្ញុំ​ចង់​ឲ្យ​គាត់ (រដ្ឋាភិបាលជួយ​សម្រួល​ថ្លៃ​ផ្ទះ ទឹក​ភ្លើង ហើយ​បើ​អាច​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​ឲ្យ​ពួក​ខ្ញុំ​អ៊ីចឹង​ទៅ បើ​ថា មិន​បាន​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ម្នាក់​៤០​ដុល្លារ​អី​ទេ»។

ចំណែក​ស្ត្រី​ធ្វើការ​ផ្នែក​ភោជនីយដ្ឋាន​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់​អាស៊ីសេរី​ថា អ្នកធ្វើការ​គ្រប់​ផ្នែក​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក៏​ជួប​ការ​លំបាក​ក្នុង​ជីវភាព និង​ការ​សង​បំណុល​ធនាគារ​ដែរ ដោយសារ​ក្រុមហ៊ុន បាន​ព្យួរ​ការងារ​បុគ្គលិក​អស់​មួយ​រយៈពេល និង​បន្ទាប់​មក​កាត់​បន្ថយ​ថ្ងៃ​ធ្វើការ ចាប់​តាំង​ពី​ជំងឺ​កូវីដ​ផ្ទុះឡើង​តាំងពី​ដើម​ឆ្នាំ​២០២០​មក៖ «បង់​ទឹក​បង់​ភ្លើង​បង់​សំរាម ហើយ​មួយទៀត​បង់​ធនាគារ ហើយ​នឹង​ទុក​ផ្គត់​ផ្គង​ជីវភាព​ប្រចាំថ្ងៃ អ៊ីចឹង​វា​ពិបាក​ខ្លាំង​មែនទែន​ហ្មង​។ យើង​ចង់​ឲ្យ​ធនាគារ​ជួយ​សម្រួល​ដល់​យើង ព្រោះ​ចាប់ផ្ដើម​មាន​កូវីដ​បន្ត​ទៀត​ហើយ»។

ដោយឡែក អ្នក​រត់​រឺម៉ក​ម៉ូតូ​កង់​បី លោក ចែម ពិសិដ្ឋ រៀបរាប់​ថា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​៣ វិច្ឆិកា​មក មនុស្សម្នា​នៅ​ភ្នំពេញ ហាក់​ភ័យ​ខ្លាច និង​មិនសូវ​ដើរ​ហើរ​ដូច​មុន​ឡើយ ធ្វើ​ឲ្យ​ការ​រក​ប្រាក់ចំណូល​របស់​លោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក​ថា កាល​ពី​មិន​ទាន់​មាន​ជំងឺ​កូវីដ លោក​អាច​រក​ចំណូល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​បាន​១០​ម៉ឺន​រៀល ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មួយ​ថ្ងៃ​ពេញ លោក រកលុយ​ត្រឹម ១​ម៉ឺន​រៀល​ស្ទើរ​មិនបាន​ផង​។ អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល បង្គាប់​ទៅ​ធនាគារ​ឲ្យ​ផ្អាក​យក​បំណុល​ទាំង​ដើម​ទាំង​ការ​រហូតដល់​ស្ថានភាព​សេដ្ឋកិច្ច​ដំណើរការ​ធម្មតា​ឡើង​វិញ៖ «ម្នាក់​ណា ក៏​ចង់​ដាច់ខ្យល់​គ្រប់​តែ​គ្នា​សូម្បីតែ​ភ្ញៀវ​ជិះ​ជាមួយ​យើង​។ ជូន​កាល​រត់​ទៅ​បាន​១​ម៉ឺន​ទៅ​២​ម៉ឺន​គ្រាន់តែ​ផាត់​ទៅ​អែប​(App)​ផាត់​ទៅ​ហ្គាស​អី ចង់​អស់​ទៅ​ហើយ រួច​ម្ហូប​មួយ​ពេល។ ម្សិល​ម្ងៃ​ចេញ​ទៅ​តាំងពី​ម៉ោង​១០ ដល់​ម៉ោង​៥​ល្ងាច​អត់​មានបាន​អី​១​រយ​រៀល។ បន់​ឲ្យ​តែ​គេ​ផ្អាក​ធនាគារ​មួយ​រយៈ​សិន​ទៅ មិនសូវ​ពិបាក​ចិត្ត ហើយ​យើង​ចេះតែ​ទ្រាំ​រស់​បាន»។

ការ​ត្អូញត្អែរ​និង​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ចាត់​វិធានការ​ទប់​ទល់នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហគមន៍​ឬ​ហៅថា ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ដោយ​បាន​ចាត់វិធានការ​បិទ​ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន សាលារៀន និង​ផ្អាក​ដំណើរ​ទីតាំង​មួយ​ចំនួន​ទៀត។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​អំពី​ទុក្ខ​លំបាក​របស់​អ្នកធ្វើការ​និង​អ្នក​ប្រកប​រប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ សហជីព និង​អង្គការ​សមាគម​ចំនួន​១០ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ​នៅ​លើ​អនឡាញ​(Online) ក្រោម​ប្រធានបទ ”​បញ្ចៀស​កូវីដ​-១៩ ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​”​។ អ្នកស្រី ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ ចង់​ឲ្យ​រដ្ឋាភិបាល បាន​ដឹង​និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគេ​ទៅ​តាម​គោល​នយោបាយ របស់​រដ្ឋាភិបាល ដែល​សរសេរ​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុកចោល​ឲ្យ​ស្លាប់​ដោយសារ​ដាច់​បាយ៖ «​ឆ្នាំនេះ ស្ថានភាព​ពាក់ព័ន្ធ​ជាមួយ​កូវីដ​១៩​ផង ហើយ​វា​ពាក់ព័ន្ធ​នឹង​ប្រជា​ពល រដ្ឋ​ជាច្រើន​ដែល​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដូច​សំណង់ ទេសចរណ៍ ហើយ​នឹង​សេវាកម្ម​កម្សាន្ត​អីហ្នឹង មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​ដាក់បញ្ចូល​នៅ​ក្នុង​កម្មវិធី​គាំពារ​ជំនួយ​សង្គម ឬ​ការ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល មាន​ដែរ​តែ​មិន​គ្រប់​ជ្រុងជ្រោយ»។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ជួយ​ដល់​អ្នក​ក្រីក្រ​ទូទៅ​រួចហើយ​ដូច ជា​ចែក​សាច់ប្រាក់​ដល់​ជន​ងាយ​រងគ្រោះ​និង​ក្រីក្រ និង​ដល់​កម្មករ​ក្នុង​ប្រព័ន្ធ​ផងដែរ​។ លោក បន្ត​ថា រដ្ឋាភិបាល កំពុង​បន្ត​ជួយ​ទៅតាម​លទ្ធភាព និង​ស្នើសុំ​ឲ្យ​ពលរដ្ឋ​បន្ត​អត់ធ្មត់​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នេះ​។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល មិន​អាច​ផ្តល់​ស្បៀងអាហារ ដូចជា​អង្ករ ជាដើម ដល់​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ ហើយក៏​មិន​អាច​បង្គាប់​ទៅ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ពន្យារ​ពេល​ក្នុង​ទារបំណុល​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​ពី​អតិថិជន​បាន​​ឡើយ៖ «រដ្ឋាភិបាល​មិន​អាច​ទៅ​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​សំណូមពរ​ហើយ​នឹង​ទៅ​ជួប​ធនាគារ ហើយ​ធនាគារ​ត្រូវតែ​ដោះស្រាយ​ទៅតាម​បែបផែន​ណាមួយ​ដែល​គេ​អាច​ធ្វើ​ទៅ​បាន។ ឥឡូវនេះ យើង​ឃើញ​សកម្មភាព​មន្ត្រី​ធនាគារ​ចុះ​ដល់​កន្លែង​ពួក​ជន​ណា​ដែល ពើប​នឹង​បញ្ហា​ណាមួយ​នោះ​។ នេះ​គឺជា​សំខាន់​ណាស់​ដែល​គាត់​ធ្វើ​កិច្ច​ការងារ​ផ្ទាល់ មិន​មាន​អ្នកណា ក្រៅពី​សម័យ​ខ្លួន​ផ្ទាល់​ទេ។ យោបល់​ខ្ញុំ បើសិនជា​ធនាគារ​នោះ​មិន​យកចិត្តទុកដាក់ មិន​ឆ្លើយតប​ចំពោះ​ភាព​ជាក់ស្ដែង​របស់​គាត់ គឺ​គាត់​អាច​ដាក់​បណ្ដឹង​ទៅ​តុលាការ។ នេះ​សាមញ្ញ​បំផុត​!»។

ទាក់​ទង់​នឹង​ការ​លើក​ឡើង​នេះ អ្នកស្រី អ៊ូ ទេពផល្លីន សោកស្ដាយ​និង​យល់​ថា រដ្ឋាភិបាល គួរតែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជាង​នេះ​។ អ្នកស្រី ថា រដ្ឋាភិបាល គួរតែ​ជជែក​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ឲ្យ​យល់​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​រក​វិធី​ជួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​រូប​នេះ បន្ត​ថា ទោះបីជា ពលរដ្ឋ​មានចិត្ត​អត់ធ្មត់​ក៏ដោយ ប៉ុន្តែ​ក្រពះ​របស់​ពួកគេ​មិន​អាច​ទ្រាំ​អត់​ឃ្លាត​បាន​ឡើយ៖ «ពលរដ្ឋ​កំពុងតែ​ក្រ​ហើយ​ទុក​ឲ្យ​គាត់​ទៅ​ប្តឹង​តុលាការ​ទៀត គ្នា​អត់ លុយ​ឡើង​ចុះ​ក្តី​នៅ​តុលាការ​ក៏​មិនមែន​ជា​ជម្រើស​ល្អ​ដែរ ។ ខាត​ទាំង​ពេល​ខាត​ទាំង​លុយ​ហើយ​វា​អត់ ទទួល​បាន​ដំណោះស្រាយ​ទេ។ ខ្ញុំ​ថា អ៊ីចឹង ព្រោះ​រដ្ឋាភិបាល​ឆ្លើយតប​ពី​ដំបូង​ហាក់​ដូចជា​យក​រួចខ្លួន»។

ចំពោះ​បញ្ហា​បំណុល​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ទទួល​ស្គាល់​ថា ជំងឺ​កូ​វីដ-១៩ ពិតជា​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បន្ត​ប្រឈម​នឹង​ការបាត់បង់​ការងារ និង​ធ្លាក់​ចុះ​ប្រាក់ចំណូល ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​រហូត​ដល់ ២៧​ម៉ឺន​(២៧០.០០០)​នាក់​។ លោក​បញ្ជាក់​ថា សមាគម ក៏បាន​ណែនាំ​ឲ្យ​សមាជិក​ដែល​​​​​​​​​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ទាំងអស់ បន្ត​ជួយ​សម្រួល​ដល់​អតិថិជន​តាម​គោលការណ៍ និង​នីតិវិធី​ដែល​មាន​ស្រាប់ រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​២០២១​ខាងមុខ​។ ទោះជា​យ៉ាងណា លោក​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​អាច​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​ពន្យារ​បង់​សង​ត្រឡប់​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​បាន​ឡើយ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធំ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល៖ «​តាម​លក្ខខណ្ឌ​ផ្លូវច្បាប់ គាត់​(​អតិថិជន​)​អាច​ស្នើសុំ​ពន្យារ​ពេល​ដល់​ទៅ​៣​ដង ដូច្នេះ​ខាង​គ្រឹះស្ថាន ក៏ដូចជា​ធនាគារ​សិក្សា​ជាមួយ​គាត់​ថា គាត់​នូវ​តែ​រង​ប៉ះពាល់​អត់ ហើយ​បើសិនជា​គាត់​នៅតែ​រង​ផល​ប៉ះពាល់ ហើយ​គាត់​ធ្លាប់​បាន​រៀបចំ​ឥណទាន​ឡើងវិញ​ហើយ គេ​អាច​រៀបចំ​ម្តង​ទៀត​ជូន​គាត់ ហើយ​បើ​គាត់​មិន​ធ្លាប់​ទេ ក៏​គេ​អាច​ធ្វើ​របៀប​នេះ​ជូន​គាត់​ដែរ»។

កន្លង​មក គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការ​ព្រួយបារម្ភ​ដូចៗ​គ្នា​ថា ប្រសិន​បើ​រដ្ឋាភិបាល នៅតែ​មិន​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​ជំពាក់​បំណុល​ទាំងនេះ​ទេ នឹង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​រួម​ទាំង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ហើយ​អាច​នឹង​កើតមាន​វិបត្តិ​សង្គម​ផ្សេងៗ​ដែល​កាន់តែ​ពិបាក​ដោះស្រាយ​នៅ​ពេល​ខាងមុខ។

អ្នកធ្វើការ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ សោកស្ដាយ​ដែល​រដ្ឋាភិបាល មិនបាន​គោរព​តាម​គោ​នយោបាយ​របស់​ខ្លួន​ដែល​ថា មិន​ទុក​នរណា​ម្នាក់​ចោល។ ពួកគេ​មើល​ឃើញ​ថា ពេលនេះ រដ្ឋាភិបាល​កំពុង​ទុក​មនុស្ស​ជាច្រើន​នាក់​ចោល​ដោយ​គ្មាន​ការទទួលខុសត្រូវ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles