ហេង រស្មី
2020-12-04
RFA

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិនចំនួន ៣នាក់ កាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅលើជនជាតិចិនដូចគ្នា។ រូបភាពីអគ្គស្នងការនគរបាលជាតិ
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងខេត្តព្រះសីហនុ មួយរយះចុងក្រោយនេះ បានកើតមានឡើងនូវបទល្មើសជាច្រើនដែលបានមានឡើងរវាងជនជាតិចិន និងជនជាតិចិនដូចគ្នា។ បទល្មើសទាំងនោះរួមមាន៖ ទាក់ទងរត់ពន្ធថ្នាំញៀន ចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ចាញ់សម្លាប់ និងការបង្ករបួសស្នាមជាដើម។
លោកថា សមត្ថកិច្ចត្រូវតែពង្រឹងសន្តិសុខបន្ថែមទៀតដើម្បី ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងដោយជនជាតិចិន ដើម្បីកុំឱ្យពលរដ្ឋរស់នៅក្នុងជាប់មាត់សមុទ្រមានការបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ៖«ចឹងបញ្ហាទាំងអស់នេះ វាពឹងផ្អែកទៅលើសមត្ថកិច្ច និងជំនាញ ឬអាជ្ញាធរទាំងស្រុងក៏មិនបានដែរ គឺប្រជាពលរដ្ឋត្រូវតែនាំគ្នា ជួយទប់ស្កាត់ទាំងអស់ប្រសិនបើមាន បទល្មើសដែលកើតឡើង រវាងជនជាតិចិន ឬក៏បទល្មើសវាបម្រុងតែនឹងកើតឡើង ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការ។ ហើយបើសមត្ថកិច្ចទទួលបានព័ត៌មានហើយត្រូវតែចាត់វិធានការភ្លាមៗ ដើម្បីបង្ការ និងទប់ស្កាត់។»
សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ បានចាប់ខ្លួនជនជាតិចិនចំនួន៣ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅលើជនជាតិចិនដូចគ្នា រួចហើយយកសាកសពមកប្លុងចោលនៅក្នុងរថយន្ត។
ស្នងការប៉ូលិសខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ៤ ធ្នូ ថា ករណីឃាតកម្មនេះ បានកើតមានឡើងកាលពីថ្ងៃទី២៩ ខែ វិច្ឆិកា ហើយសមត្ថកិច្ចទើបតែចាប់ខ្លួនកាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះ។
លោក ថាជនសង្ស័យទាំង៣ នាក់ ជាសន្តិសុខ កាស៊ីណូមួយកន្លែង នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយស្ត្រីម្នាក់ក្នុងចំណោមជនសង្ស័យ អ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន នៅក្នុងកាស៊ីណូជាមួយគ្នា។
លោកបន្តថា សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីរឿងគំនុំ ហើយនៅថ្ងៃទី៥ ធ្នូ នេះនឹងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់៖«ពាក់ព័ន្ធនឹងមនុស្សឃាតដោយចេតនានេះ វាអាចពាក់ព័ន្ធនឹងគំនុំ ឬទំនាស់បុគ្គលច្រើនជាង។»
លោក ជួន ណារិន បានបន្ថែមថា នេះជាករណីឃាតកម្មលើកទីមួយហើយដែលបានកើតមានឡើងនៅក្នុងខេត្តជាប់មាត់សមុទ្រ នៅចុងឆ្នាំ២០២០នេះ។
ពាក់ព័ន្ធនឹងករណីជនជាតិចិននេះដែរ សមត្ថកិច្ចខេត្តព្រះសីហនុកាល ពីថ្ងៃទី២៧ វិច្ចិកា ក៏បានចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ផ្សេងទៀត ពីបទរៀបចំផែនធ្វើសកម្មភាពចាប់ជំរិត ដែលមានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
មូលហេតុដែលនាំទៅរកការចាប់ខ្លួននេះ គឺដោយសារតែនៅពេលដែលក្រុមសមត្ថកិច្ច ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់រថយន្តមួយគ្រឿងក៏ឃើញជនសង្ស័យ ជនជាតិចិនចំនួនបួននាក់។
ក្រោយពីឆែកឆេរក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញ មានខ្នោះដៃ ដំបងឆក់ ខ្សែលួស ១ ដុំ ស្រោមដៃ និងសម្ភារៈមួយចំនួនទៀតដែលសង្ស័យថា ជនជាតិចិនទាំងបួននាក់មានបំណងធ្វើសកម្មភាពខុសច្បាប់អ្វីមួយ ទើបឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ
សមត្ថកិច្ចឲ្យដឹងថាក្នុងរយៈពេលជាង ១១ ខែ ឆ្នាំ២០២០ មានជនជាតិចិនជិត ៣០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។