កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព | ០៥ ធ្នូ ២០២០ |ម៉ោង ១០:៥៧
VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណទាំងអស់របស់អ្នកឆ្លងកូវីដ១៩ជាសាធារណៈ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារជាសំឡេងបង្ហោះលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសនៅក្នុងសហគមន៍ ពិបាកនឹងរកប្រភពកើតចេញមកពីណា។
ករណីនេះ លោកបញ្ជាទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដែលរកឃើញអ្នកឆ្លងជំងឺនេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដូចជា រូបថត ឈ្មោះ ទីកន្លែងស្នាក់នៅ អាសយដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោកថ្លែងថា៖ «យើងត្រូវផ្សព្វផ្សាយ រូបថត ឈ្មោះ ទីកន្លែងស្នាក់នៅ អាសយដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់ឈ្មោះ ហើយប្រសិនបើជាមានទំនាក់ទំនងជាមួយនឹងឈ្មោះនោះគឺមកបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័ក្តិបានទាន់ពេលវេលា បើពុំដូច្នេះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅតែមានបុគ្គលមួយចំនួនតូចរិះគន់ពីការផ្សព្វផ្សាយអត្តសញ្ញាណអ្នកឆ្លងកូវីដថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។ ករណីនេះលោកស្នើសុំការយោគយល់ពីអ្នកឆ្លងជំងឺនេះ និងប្រជាពលរដ្ឋទាំងអស់ជុំវិញបញ្ហានេះ ពីព្រោះបច្ចុប្បន្ន រដ្ឋាភិបាលត្រូវគិតគូសិទ្ធិរស់រានមានជីវិតទាក់ទិននឹងសុខភាពសាធារណៈរបស់សង្គមទាំងមូលជាមុនសិន។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ក្រសួងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ ចំនួន៩ ៧៩៣នាក់ ក្នុងនោះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៤៥នាក់ ក្នុងនោះព្យាបាលសះស្បើយ ចំនួន៣០៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៣៤នាក់ និងអ្នកសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៦នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។