ហេង រស្មី
2020-12-05
RFA

សមត្ថកិច្ចក្រុងភ្នំពេញ កាលពីថ្ងៃទី ៥ ធ្នូ បានឃាត់ខ្លួនមនុស្សចំនួន៦ នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៤ នាក់ និងពីរនាក់ផ្សេងទៀត ជាជនជាតិវៀតណាម និងជនជាតិថៃ ពីបទជួញដូរមនុស្ស។ រូបភាព៖ពីអគ្គស្នងការនគរបាលជាតិ
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦ នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៤ នាក់ និងពីរនាក់ផ្សេងទៀត ជាជនជាតិវៀតណាម និងជនជាតិថៃ កាលពីថ្ងៃទី ៥ ធ្នូ កន្លងទៅនេះ ក្រោយពីបានសម្រុកចូលបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង មានទីតាំងនៅក្នុងខណ្ឌសែន សុខ ក្រុងភ្នំពេញ ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយថា សមត្ថកិច្ចសង្ស័យថា ទីតាំងម៉ាស្សា នេះជាប់ពាក់ព័ន្ធនិងការជួញដូរមនុស្ស ប៉ុន្តែមិនបានបញ្ជាក់លម្អិត ថាករណីនេះជាប់ពាក់ព័ន្ធយ៉ាងណានោះទេ។
ស្នងការរងប៉ូលិសក្រុងភ្នំពេញ ទទួលផែនការជួញដូរមនុស្ស លោក ចាន់ កិត្តិខុម មានប្រសាសន៍នៅក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិថា សមត្ថកិច្ចកំពុងរកអ្នកជួយបកប្រែ ភាសាចិន ដោយសារតែមានអតិថិជនម្នាក់បានចូលមករកសេវាផ្លូវភេទ ហើយសមត្ថកិច្ចក៏បានរកឃើញស្រោមអនាម័យដែលប្រើរួចចំនួនពីរផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានស្ត្រីចំនួន ៥ នាក់ និងមនុស្សម្នាក់ មានអាយុចាប់ពី២៨ ឆ្នាំ រហូតដល់ ៤៧ ឆ្នាំ ហើយជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកឃុំឃាំងបណ្ដោះអាសន្ននៅស្នងការប៉ូលិសក្រុងភ្នំពេញដើម្បីរង់ចាំជំនុំជម្រះទោស។
ទាក់ទិននឹងរឿងបទល្មើសប្រព្រឹត្តដោយជនជាតិបរទេសនេះផងដែរ ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីថា តុលាការបានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ៣ នាក់ ពីបទមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា នៅក្នុងខេត្តព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ បានចាប់ខ្លួនជនជាតិចិនចំនួន៣ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅលើជនជាតិចិនដូចគ្នា រួចហើយយកសាកសពមកប្លុងចោលនៅក្នុងរថយន្ត។
លោក ថាជនសង្ស័យទាំង៣ នាក់ ជាសន្តិសុខ កាស៊ីណូមួយកន្លែង នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយស្ត្រីម្នាក់ក្នុងចំណោមជនសង្ស័យ អ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន នៅក្នុងកាស៊ីណូជាមួយគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។